មេឃុំស្តៅ ស្រុកសេសាន ខែត្រស្ទឹងត្រែង មកពីបក្សកាន់អំណាច ចោទសហគមន៍ ៤០នាក់ ដែលប្រមូលផ្គុំគ្នា ឃាត់រថយន្តដឹកឈើរបស់ឈ្មួញថា ជាក្រុមបដិវត្តន៍ពណ៌ផ្ដួលរំលំរដ្ឋាភិបាល។ ការចោទប្រកាន់នេះធ្វើឡើង ក្រោយពីសហគមន៍ ៤០នាក់ បាននាំគ្នាឃាត់រថយន្តដឹកឈើខុសច្បាប់ ៣គ្រឿង និងបញ្ជូនទៅសមត្ថកិច្ចអនុវត្តច្បាប់កាលពីចុងខែវិច្ឆិកា ក៏ប៉ុន្តែត្រូវបានអាជ្ញាធរដោះលែងវិញ។
មេឃុំស្តៅ ស្រុកសេសាន ខែត្រស្ទឹងត្រែង លោក សួយ ប៊ុនធួយ មកពីបក្សប្រជាជនកម្ពុជា ដែលកាន់តំណែង ប្រមាណ ៣០ឆ្នាំមកហើយនោះ បានប្រតិកម្មចំពោះការប្រមូលផ្ដុំគ្នារបស់ពលរដ្ឋប្រមាណ ៤០នាក់ ទៅទប់ស្កាត់បទល្មើសព្រៃឈើដោយមិនផ្ដល់កិច្ចសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ។ លោកចាត់ទុកការប្រមូលផ្ដុំគ្នាបែបនេះថា គឺជាក្រុមបដិវត្តន៍ពណ៌ចង់ផ្ដួលរំលំរដ្ឋាភិបាល ដោយមានអ្នកនៅពីក្រោយខ្នងអាចជាអតីតក្រុមបក្សប្រឆាំង។ លោកថា ពលរដ្ឋគ្មានសិទ្ធិទៅឃាត់បទល្មើសព្រៃឈើ និងជំរិតទារប្រាក់គេនោះទេ ហើយតួនាទីបង្ក្រាបបទល្មើសព្រៃឈើ គឺជាកាតព្វកិច្ចរបស់សមត្ថកិច្ច និងមន្ត្រីជំនាញ៖ «ចាប់យកឡាន ២ ទៅ ៣គ្រឿងទារយកប្រាក់។ នេះជាបញ្ហាមួយប្លែក។ នេះជាហៅថា អំណាចពីរ។ ខ្ញុំមិនទាន់និយាយទេ បើលោកចង់ដឹង គឺមានអ្នកនៅពីក្រោយខ្នង។ នេះគេហៅថា បដិវត្តពណ៌ មិនខុសទេ»។
កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៧ សហគមន៍ឃុំស្ដៅ ស្រុកសេសាន ប្រមាណ ៤០នាក់ បាននាំគ្នាឃាត់រថយន្តដឹកឈើ ៣គ្រឿង បំណងឲ្យសមត្ថកិច្ចអនុវត្តច្បាប់ ក៏ប៉ុន្តែអាជ្ញាធរបែរជារំដោះរថយន្តទាំងនោះឲ្យឈ្មួញទៅវិញ។ ក៏ប៉ុន្តែមេឃុំស្តៅបដិសេធថា អាជ្ញាធរមិនបានដោះលែងរថយន្តដឹកឈើទាំងនោះទេ គឺមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ សហការជាមួយអាជ្ញាធរស្រុក ចុះពិនិត្យករណីនេះ និងបញ្ជូនវត្ថុតាងអនុវត្តច្បាប់នៅខណ្ឌរដ្ឋបាលព្រៃឈើ ខែត្រស្ទឹងត្រែង។
ពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋច្រើនទៀត ដែលចូលរួមតវ៉ានោះ ថ្លែងសុំមិនបញ្ចេញឈ្មោះ ឲ្យដឹងនៅថ្ងៃទី១៣ ធ្នូ ថា ពលរដ្ឋបង្ខំចិត្តទប់ស្កាត់បទល្មើសព្រៃឈើ ដោយសារអាជ្ញាធរមិនអើពើបង្ក្រាបបទល្មើសព្រៃឈើ ពុំមែនប្រមូលផ្គុំចង់ផ្ដួលរំលំរដ្ឋាភិបាលនោះទេ។ លោកកត់សម្គាល់ថា បើពលរដ្ឋប្រទះឃើញបទល្មើសព្រៃឈើ រួចជូនដំណឹងទៅអាជ្ញាធរអនុវត្តច្បាប់ ក៏ប៉ុន្តែបែរជាសម្របសម្រួល ដើម្បីទទួលផលប្រយោជន៍ពីជនល្មើស គឺជាទង្វើនាំឲ្យពលរដ្ឋបាត់ទំនុកចិត្ត៖ «អាជ្ញាធរឃុំគាត់ចោទប្រកាន់មកពួកយើងនេះ គឺមិនត្រឹមត្រូវទេ ព្រោះយើងធ្វើនេះក្នុងនាមជាសិទ្ធិប្រជាពលរដ្ឋ ក្នុងនាមការពារធនធានធម្មជាតិ។ តែបែរជាអាជ្ញាធរចោទថា តវ៉ានេះជាការខុសទាំងស្រុង»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខែត្រស្ទឹងត្រែង លោក ហូ សំអុល ឲ្យដឹងថា សហគមន៍ប្រមូលផ្ដុំគ្នាទប់ស្កាត់បទល្មើសព្រៃឈើ ពុំមែនជារឿងខុសច្បាប់ទេ ផ្ទុយទៅវិញអាជ្ញាធរជំនាញត្រូវផ្ដល់កិច្ចសហការបង្ក្រាបបទល្មើសព្រៃឈើឲ្យបានត្រឹមត្រូវ ដោយមិនត្រូវលើករឿងនយោបាយ ជាលេសមកដោះស្រាយបញ្ហានោះទេ។ លោកយល់ថា ការចោទប្រកាន់ពលរដ្ឋប្រមូលផ្ដុំគ្នា បដិវត្តពណ៌ផ្ដួលរំលំរដ្ឋាភិបាល ដោយគ្មានមូលដ្ឋានត្រឹមត្រូវ ហាក់ជាលេសរបស់អាជ្ញាធរ ដាក់សម្ពាធទៅពលរដ្ឋមិនឲ្យប្រមូលផ្ដុំគ្នាតវ៉ាស្វែងរកដំណោះស្រាយរឿងបទល្មើសព្រៃឈើ៖ «លោកមេឃុំចោទថា បដិវត្តពណ៌។ អ៊ីចឹងយើងត្រូវឲ្យនិយមន័យបដិវត្តពណ៌ឲ្យបានត្រឹមត្រូវ វាមានន័យថាម៉េចខ្លះ។ មិនមែនចេះតែចោទប្រជាពលរដ្ឋ ៤០នាក់ដោយមិនមានអាវុធ ចេះតែថា បដិវត្តពណ៌ដែរទេ គឺមិនត្រឹមត្រូវទេ»។
កាលពីថ្ងៃទី២៧ វិច្ឆិកា អភិបាលរងស្រុកសេសានមួយរួប និងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ អមដោយកងកម្លាំងប្រដាប់អាវុធចម្រុះ បានរំដោះរថយន្តដឹកឈើ ៣គ្រឿង ជាប្រភេទរថយន្តប៉ាកុងដែលឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ចេញពីតំបន់ព្រៃក្បែរសហគមន៍រស់នៅ។ អ្នកភូមិថា ការកាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំ ឋិតក្នុងឃុំស្តៅ កើតមានច្រើនឆ្នាំមកហើយ រហូតមកទល់ពេលនេះ បង្កប៉ះពាល់ ជីវភាព និងជីវិតរស់នៅរបស់សហគមន៍នៅតំបន់នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។