ភរិយាជនជាប់ឃុំនៅស្រុកសំឡូតខេត្តបាត់ដំបងចោទប្រកាន់ប៉ូលិសខេត្តបាត់ដំបងថាចាប់ស្វាមីរបស់ខ្លួនដោយអយុត្តិធម៌ និងទាមទារសមត្ថកិច្ចឱ្យដោះលែងស្វាមីឱ្យមានសេរីភាពឡើងវិញ។ ការទាមទារនេះ បន្ទាប់ពីតុលាការចាប់មន្ត្រីទាហានម្នាក់ និងពលរដ្ឋម្នាក់នៅស្រុកសំឡូតបញ្ជូនទៅឃុំខ្លួនក្នុងគុកនៅខេត្តបាត់ដំបង កាលពីថ្ងៃទី១៧ សីហា ក្រោមបទចោទប្រកាន់បំផុសឱ្យពលរដ្ឋទន្ទ្រានដីព្រៃតាមព្រំដែនធ្វើជាកម្មសិទ្ធិដោយខុសច្បាប់។ មន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា សមត្ថកិច្ចចាប់ពលរដ្ឋដោយមិនបានស៊ើបអង្កេតលើរឿងនេះឱ្យបានល្អិតល្អន់នៅឡើយទេ។
ភរិយាជនជាប់ឃុំភូមិស៊ុង១ ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង អ្នកស្រី វ៉ាន់ សុខឡេង ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី១៨សីហាថា ស្វាមីរបស់អ្នកស្រី គឺលោក អ៊ុំ សារ៉ាន់ ពុំបានទៅទន្ទ្រានដីព្រៃដូចការចោទប្រកាន់របស់មន្ត្រីតុលាការនោះទេ។ អ្នកស្រីបន្ថែមថា ស្វាមីរបស់ខ្លួនជាប់គុកដោយអយុត្តិធម៌បំផុត ព្រោះដីព្រៃដែលតុលាការចោទប្រកាន់មកលើស្វាមីនោះ ត្រូវបានមន្ត្រីទាហានម្នាក់ឈ្មោះទូចប្រាប់ថា មេទាហានថ្នាក់លើចែកដីក្រវាត់ព្រំដែនក្នុងស្រុកសំឡូតឱ្យពលរដ្ឋក្រីក្រចំនួន៣០០គ្រួសា និងជូនលុយចំនួន ៧មឺនរៀល (៧០.០០០) ក្នុងមួយគ្រួសារ ដើម្បីយកដីធ្វើជាកម្មសិទ្ធិស្របច្បាប់។ អ្នកស្រីបញ្ជាក់ថា ក្រោយពីបានទទួលដំណឹងនេះ ប្ដីរបស់ខ្លួនក៏ប្រាប់ដល់អ្នកជិតខាងឱ្យនាំគ្នាយកអត្តសញ្ញាណប័ណ្ណថតចំលង ដើម្បីចុះឈ្មោះយកដី និងទទួលលុយពីការចង្អុលបង្ហាញរបស់មន្ត្រីទាហានរូបនេះ។ អ្នកស្រីបន្តថា មិនបានឃើញដីផង លុះនៅថ្ងៃទី១៦ សីហា សមត្ថកិច្ចបានវ៉ៃខ្នោះស្វាមី រួចបញ្ជូនទៅស្នងការនគរបាលខេត្តបាត់ដំបង ដោយចោទទន្ទ្រានដីព្រៃខុសច្បាប់ទៅវិញ៖ «ហើយមានបានទៅដល់ដីនោះទេ តែឥឡូវខ្ញុំលំបាកលំបិនខ្លាំងណាស់បើអត់ពីប្ដីខ្ញុំគ្មានប្រាក់ចំណូលទេ ចុះបើមេគ្រួសារទៅបាត់ហើយខ្ញុំមានចំណូលពីណា បើកូនខ្ញុំទើបបាន ១០ខែ ខ្ញុំធ្វើអីកើត។ខ្ញុំចង់ឱ្យលោកនាយករដ្ឋមន្ត្រីជួយដោះស្រាយរឿងប្ដីរបស់ខ្ញុំផង ហើយជួយដល់គ្រួសារខ្ញុំផង ព្រោះខ្ញុំក្រីក្រអត់មានអីហូបទេ » ។
ទាក់ទងនឹងបញ្ហានេះជំទប់ទី២ឃុំស៊ុង ជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ លោក ម៉េង យ៉ាង ប្រាប់អាស៊ីសេរីថា មន្ត្រីទាហានប្រចាំនៅស្រុកសំឡូតម្នាក់និងពលរដ្ឋម្នាក់។លោកបន្តថា ពលរដ្ឋដែលសមត្ថកិច្ចចាប់ខ្លួនមានជីវភាពក្រីក្ររស់នៅឃុំស៊ុង ដែលជាអ្នកចាញ់បោកមន្ត្រីទាហាន គឺពុំបានទៅទន្ទ្រានដីនោះទេ៖ «អយុត្តិធម៌ត្រង់ថាមានអ្នកផ្សេងទៀតទម្លាក់កំហុសមកលើកគាត់ ដោយគាត់មិនបានប្រព្រឹត្តខុសទេ ហើយដល់ថ្នាក់ចោទប្រកាន់រហូតបញ្ជូនគាត់ទៅដាក់គុក ដោយមិនមានការដោះស្រាយនិងវិនិច្ឆយឱ្យបានត្រឹមត្រូវ » ។
លោកបន្តថា សមត្ថកិច្ចបានបញ្ជូន មន្ត្រីទាហានឈ្មោះ ទូច និងពលរដ្ឋឈ្មោះ អ៊ុំ សារ៉ាន់ ដាក់គុកខេត្តបាត់ដំបងនៅថ្ងៃ ទី១៧ សីហា ដោយចោទប្រកាន់ដើរបំផុសបំផុលប្រជាពលរដ្ឋឱ្យទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិខុសច្បាប់។
ចំណែកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស៊ុង លោក កែវ វិបុល ប្រាប់អាស៊ីសេរីថា មន្ត្រីទាហានដែលចាប់ខ្លួនឈ្មោះ ស្វាយ ហឿន ហៅ ទូច នៅកងពលលេខ៥២ ប្រចាំនៅដែលខេត្តបាត់ដំបង។ លោកបន្ថែមថា ការចាប់ខ្លួននេះដោយសារអ្នកទាំង២ យកអត្តសញ្ញាណប័ណ្ណពីប្រជាពលរដ្ឋថតចម្លងដើម្បីចែកដីឱ្យពួកគាត់។ ទោះជាយ៉ាងណាមន្ត្រីប៉ូលិសរូបនេះមិនបានបញ្ជាក់អំពីដីដែលទន្ទ្រាននោះនៅចំណុចណាជាក់លាក់នោះទេ ហើយលោកថា សមត្ថកិច្ចអនុវត្តលើរឿងនេះតាមបញ្ជារបស់តុលាការ៖ «ករណីនេះអត់ទាន់បានទន្ទ្រានដីទេ ហើយមិនដឹងថា ហេតុផលគេប្រមូលអត្តសញ្ញាណប័ណ្ណយកទៅធ្វើអីទេ គ្រាន់តែគេប្រមូលអត្តសញ្ញាណប័ណ្ណរបស់ប្រជាពលរដ្ឋយកថតចំលងទុក ហើយខ្ញុំក៏រាយការណ៍តាមលំដាប់លំដោយនេះ ហើយក្រោយមកលោកព្រះរាជអាជ្ញា អមជាមួយលោកស្នងការរងគាត់បានចុះមកធ្វើការងារនឹងផ្ទាល់ » ។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងខេត្តបាត់ដំបង អ្នកស្រី ទៀង សំបូរ ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី១៨ សីហា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិ អាដហុក (Adhoc) ខេត្តបាត់ដំបងលោក យិន ម៉េងលី លើកឡើងថា ករណីនេះប្រជាពលរដ្ឋចាញ់បោកមន្ត្រីទាហាន ដោយសារក្រីក្រមិនមានចំណេះដឹងផ្នែកច្បាប់ក៏បាននាំគ្នាថតចម្លងអត្តសញ្ញាណប័ណ្ណដើម្បីចង់បានដីដាំដុះ។ លោកបន្តថា តុលាការគួរដោះលែងប្រជាពលរដ្ឋឱ្យមានសេរីភាពឡើងវិញ ហើយស៊ើបអង្កេតស្រាវជ្រាវរកមេខ្លោងមកផ្ដន្ទាទោសតាមច្បាប់៖ «បើសិនជាគាត់មិនបានប្រព្រឹត្តគ្រាន់តែជួបជុំគ្នា ខ្ញុំគិតថាការឃុំខ្លួនគាត់គឺវាមិនសមស្របទេ គួរតែធ្វើការអប់រំគាត់ហើយចំណុចសំខាន់រកឱ្យឃើញមេខ្លោង ដែលធ្វើការអូសទាញប្រជាពលរដ្ឋឱ្យទៅធ្វើការកាប់បំផ្លាញព្រៃយកដី គឺត្រូវបន្តស្រាវជ្រាវទៀត ទើបវិធានការទប់ស្កាត់មានប្រសិទ្ធភាព » ។
ប្រជាពលរដ្ឋនៅស្រុកសំឡូតលើកឡើងថា ការចាប់ខ្លួននេះ ដោយសារដីព្រៃនៅព្រំដែនស្រុកសំឡូតរាប់រយហិកតារត្រូវបានជនល្មើសជាមន្ត្រីទាហានប្រចាំការនៅតំបន់នោះ ជួលប្រជាពលរដ្ឋកាប់ព្រៃស្រឡះអស់ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ស្រពពេលដែលមួយរយៈចុងក្រោយនេះរបបក្រុងភ្នំពេញដាក់បទបញ្ជាទប់ស្កាត់បទល្មើសព្រៃឈើ និងការទន្ទ្រានព្រៃយកដីធ្វើជាកម្មសិទ្ធិ ធ្វើឱ្យជនល្មើសព្រួយបារម្ភខ្លាចមានទោស ក៏ប្រាប់ឱ្យពលរដ្ឋថតចម្លងអត្តសញ្ញាណប័ណ្ណ ដើម្បីទៅយកដីដែលលួចកាប់ទន្ទ្រាននោះធ្វើជាកម្មសិទ្ធិ រហូតដល់មានការចាប់ខ្លួនតែម្ដង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។