មន្ត្រីសង្គមស៊ីវិល និងប្រជាសហគមន៍នេសាទខេត្តបាត់ដំបង បន្តអំពាវនាវឱ្យអាជ្ញាធរខេត្តនេះ អនុវត្តច្បាប់លើអ្នកដែលពាក់ព័ន្ធកាប់បំផ្លិចបំផ្លាញព្រៃលិចទឹកអស់រាប់ពាន់ហិកតាក្នុងតំបន់បឹងទន្លេសាប។ ពួកគេសង្កេតឃើញថា កន្លងទៅ អាជ្ញាធរដកហូតដីព្រៃលិចទឹក ដែលក្រុមឈ្មួញលបកាប់ទន្ទ្រានអស់រាប់ពាន់ហិកតាឋិតក្នុងឃុំចំនួន ៣ ក្នុងស្រុកឯកភ្នំ ប៉ុន្តែពុំទាន់ឃើញចាប់ខ្លួនមេខ្លោង និង អ្នកពាក់ព័ន្ធមកផ្តន្ទាទោសតាមច្បាប់នៅឡើយទេ មកទល់ពេលនេះ។
មន្ត្រីសង្គមស៊ីវិល និងប្រជាសហគមន៍នេសាទ រស់នៅ ស្រុកឯកភ្នំ ខេត្តបាត់ដំបងទទូចឱ្យរដ្ឋាភិបាលពង្រឹងប្រសិទ្ធភាពការងារអាជ្ញាធរមូលដ្ឋាន ឱ្យទទួលខុសត្រូវក្នុងការគ្រប់គ្រង ធនធានធម្មជាតិ ឬ ដីព្រៃលិចទឹកក្នុងដែនសមត្ថកិច្ចរបស់ខ្លួនស្របតាមច្បាប់ ដោយកុំរង់ចាំតែបទបញ្ជាពីថ្នាក់លើម្តងម្កាល ទើបចុះអនុវត្តច្បាប់។ ពួកគេសង្កេតឃើញថា អាជ្ញាធរមូលដ្ឋានខ្លះ ក្នុងស្រុកឯកភ្នំមិនអើពើបង្ក្រាបការរុករានដីព្រៃលិចទឹក និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាពនោះទេ។
តំណាងប្រជាសហគមន៍នេសាទខេត្តបាត់ដំបង លោក ហ៊ុត ហាន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៩ ខែមេសាថា អំពើពុករលួយ គឺជាចំណុចសំខាន់ ដែលរដ្ឋាភិបាលគួរតែយកចិត្តទុកដាក់ដោះស្រាយ ព្រោះមន្ត្រីមួយចំនួន មានទម្លាប់ប្រព្រឹត្តអំពើពុករលួយ ក្នុងរឿងបទល្មើសនេសាទ និងបណ្តោយឱ្យក្រុមជនល្មើសកាប់ទន្ទ្រានដីព្រៃលិចទឹកអស់រាប់ពាន់ហិកតាឋិតក្នុងឃុំពាមឯក និងឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ។ លោកបញ្ជាក់ថា ប្រសិនបើគ្មានវិធានការ ទប់ស្កាត់បទល្មើសនេសាទ និងការពារដីព្រៃលិចទឹកឱ្យច្បាស់លាស់ទេនោះ ធនធានត្រី និងជីវចម្រុះ នៅតំបន់បឹងទន្លេសាបនឹងបន្តធ្លាក់ចុះខ្លាំង ប៉ះពាល់ជីវភាពពលរដ្ឋធ្ងន់ធ្ងរ៖ «អស់អាលីង ! រាបដល់ដី រណាងោងអារទៀត។ សំខាន់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលចុះទៅតំបន់បឹងទន្លេសាប។ ពាក់ព័ន្ធបទល្មើសនេសាទ គួរតែបង្ក្រាបសមត្ថកិច្ចទាំងអស់ហ្នឹង ត្រូវតែធ្វើសមត្ថកិច្ចអស់ហ្នឹង ដែលបង្ក្រាបបទល្មើសនេសាទ តែខ្លួនឯងមិនបង្ក្រាប ទៅធ្វើបទល្មើសនេសាទ។ ខ្ញុំចង់ឱ្យរដ្ឋាភិបាលគាបខាងហ្នឹងឱ្យមែនទែន ព្រោះមន្ត្រីមួយចំនួនងប់ងុលអំពើពុករលួយហ្នឹងខ្លាំងណាស់»។
ប្រជាសហគមន៍នេសាទរូបនេះបន្ថែមថា កន្លងទៅអាជ្ញាធរចុះដកហូតដីព្រៃលិចទឹក ទំហំរាប់ពាន់ហិកតាឋិតក្នុងឃុំពាមឯក និងឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ដែលជនល្មើសលួចកាប់ទន្ទ្រានស្ទើរទាំងស្រុង កាលពីអំឡុងឆ្នាំ ២០២១ ប៉ុន្តែមកទល់ពេលនេះ ឃើញអាជ្ញាធរឃាត់ខ្លួនជនល្មើស បានតែម្នាក់គត់ (គាត់សុំមិនបង្ហាញអត្តសញ្ញាណ)។ លោកទាមទារឱ្យ អាជ្ញាធរមានសមត្ថកិច្ច ត្រូវស៊ើបអង្កេតរកអ្នកពាក់ព័ន្ធមកផ្តន្ទាទោសមន្ថែមទៀត ដើម្បីឱ្យពលរដ្ឋស្ងប់អារម្មណ៍។
ចំណែកឯ អនុប្រធានសហគមន៍នេសាទស្តីក្រោមរហាសសួងខេត្តបាត់ដំបង លោក ហោ សំអាត ផ្តល់ទស្សនៈថា រដ្ឋាភិបាលគួរតែកាយប្រឡាយហ៊ុមព័ទ្ធ តំបន់ដីព្រៃលិចទឹក កំណត់ជាកន្លែងអភិរក្ស ឬជម្រកត្រីពងកូន ដោយហាមឃាត់ដាច់ខាត មិនឱ្យកាប់ទន្ទ្រាន។ លោកបញ្ជាក់ថា កន្លងទៅ អាជ្ញាធរបោះបង្គោលកំណត់ព្រំប្រទល់ដីព្រៃលិចទឹក មានប្រវែងឆ្ងាយៗ នៅមិនទាន់គ្រប់គ្រាន់ទេ ងាយនឹងពលរដ្ឋ និងជនខិលខូចលបកាប់ទន្ទ្រានបន្តទៀត ហេតុនេះគួរតែជីកប្រឡាយ បែងចែកព្រំប្រទល់ដីព្រៃលិចទឹកឱ្យច្បាស់លាស់។ លោកបន្ថែមថា ក្នុងឃុំព្រែកហ្លូង ក៏មានដីព្រៃលិចទឹកទំហំ ៥០០ ហិកតាដែរ ត្រូវបានជនល្មើសលបកាប់ទន្ទ្រាន ធ្វើជាកម្មសិទ្ធិឯកជន ហើយមកទល់ពេលនេះ មិនទាន់ឃើញ អាជ្ញាធរឃាត់ខ្លួនជនល្មើសណាម្នាក់ មកផ្ដន្ទាទោសនៅឡើយទេ៖ «មើលទៅពីណាក៏មើលដឹងដែរ អាហ្នឹងតំបន់បី ឥលូវដាក់តែបង្គោលមេមួយៗវា ឆ្ងាយ ពីគ្នាជូនកាល ៣ ទៅ ៤គីឡូពីគ្នា ខ្លះក៏មិនត្រង់ដែរ ខ្លះចុច GPS ។ បើសិនជាកាយប្រឡាយកំណត់ គឺច្បាស់តែម្តង»។
ប្រជាសហគមន៍នេសាទចាត់ទុក ដីព្រៃលិចទឹកជាជម្រកត្រីពងកូនយ៉ាងសំខាន់ នៅតំបន់បឹងទន្លេសាបទាំងមូល។ លើសពីនេះ ដីព្រៃលិចទឹកបានផ្តល់ជម្រកជីវិតសត្វស្លាបជាច្រើនប្រភេទ ជីវចម្រុះ និងកន្លែងនេសាទត្រីលក្ខណៈគ្រួសាររបស់ពលរដ្ឋជាច្រើនពាន់គ្រួសារ នៅតំបន់បឹងទន្លេសាប។
វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទង សុំការបំភ្លឺរឿងនេះ ពីអភិបាលខេត្តបាត់ដំបងលោក សុខ លូ បាននៅឡើយទេ នៅថ្ងៃទី១៩ ខែមេសា ដោយទូរសព្ទហៅចូលច្រើនដងតែគ្មានអ្នកលើក។ ប៉ុន្តែអភិបាលខេត្តរូបនេះ បានជូនដំណឹងប្រាប់ពលរដ្ឋ កាលពីសប្តាហ៍មុនថា (០៧ មេសា) ត្រូវប្រគល់ឧបករណ៍នេសាទរួមមាន អួនអូសទឹកសាប ម៉ាញ់ ឧបករណ៍ឆក់ និងហិបយន្ត ព្រមទាំងឧបករណ៍នេសាទល្មើសច្បាប់ដទៃទៀត ជូនអាជ្ញាធរមានសមត្ថកិច្ច ឱ្យបានត្រឹមថ្ងៃទី១៥ ខែឧសភា ខាងមុខនេះ។ លើសពីនេះ ត្រូវបញ្ឈប់ជាបន្ទាន់ ការប្រើប្រាស់ជាតិគីមី និងថ្នាំពុល គ្រប់ប្រភេទក្នុងដែននេសាទ។
លោកព្រមានថា ប្រសិនបើពលរដ្ឋមិនអនុវត្តតាមការណែនាំនេះទេ អាជ្ញាធរនឹងចុះឆែកឆេរតាមផ្ទះ រឹបអូស ឧបករណ៍នេសាទល្មើសច្បាប់ និងចាត់វិធានការតាមច្បាប់ ដោយគ្មានការលើកលែងឡើយ។
ចំណាត់ការរបស់អាជ្ញាធរខេត្តបាត់ដំបងធ្វើឡើងក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមាន ដកតំណែងអភិបាលខេត្តនៅជុំវិញបឹងទន្លេសាប ប្រសិនបើបង្ក្រាបបទល្មើសនេសាទបរាជ័យ។
ជុំវិញរឿងនេះ ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា (CYN) លោក ហេង គឹមហុង យល់ថា សំណើររបស់ប្រជាសហគមន៍នេសាទ អាជ្ញាធរខេត្តបាត់ដំបង គួរតែពិចារណាដោះស្រាយបញ្ហានេះ ដោយត្រូវស៊ើបអង្កេត និង ស្វែងរកអ្នកពាក់ព័ន្ធ កាប់ទន្ទ្រានដីព្រៃលិចទឹក មកផ្តន្ទាទោសតាមច្បាប់។ លោកបារម្ភថា ប្រសិនបើបញ្ហានេះ មិនបានដោះស្រាយទេ ក្រុមជនល្មើសនឹងរួចពីការទទួលខុសត្រូវផ្នែកច្បាប់ ធ្វើឱ្យពលរដ្ឋថ្នាំងថ្នាក់ចិត្ត ចំពោះប្រសិទ្ធភាពការងាររបស់ អាជ្ញាធរ៖ «ព្រោះអីវាជាស្ថាប័នសាធារណៈ ដែលមានស្ថាប័នទទួលខុសត្រូវច្បាស់លាស់ ដែលមានអាជ្ញាធរទទួលខុសត្រូវជាក់លាក់ ជាពិសេសមានច្បាប់ កំណត់ប្រភេទបទល្មើស។ ចង់ធ្វើក៏ធ្វើទៅ ហើយមានបទបញ្ជាក៏នាំគ្នាស្វះស្វែងធ្វើទាំងអស់គ្នាទៅ ហើយ បន្ទាប់មកក៏ស្ងាត់ក៏នាំគ្នាឈប់ធ្វើ។ ការអនុវត្តច្បាប់ ជារឿងសំខាន់ អាជ្ញាធរគួរតែអនុវត្តការងាររបស់ខ្លួន ជាប្រចាំ»។
របាយការណ៍របស់ខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបងឱ្យដឹងថា គិតត្រឹមត្រីមាសទី១ នៃឆ្នាំ២០២២ នេះ ខណ្ឌរដ្ឋបាលជលផលបង្ក្រាបបទល្មើស ៣៨ ករណី ដោយឃាត់ខ្លួនជនប្រព្រឹត្ត៥នាក់បញ្ជូនទៅតុលាការ និងបានរឹបអូសរបាំងសាច់អួន និងរបាំងសាច់ស្បៃមុង ជិត ២ម៉ឺនម៉ែត្រ (១៨ ៥៦០) ព្រមទាំងឧបករណ៍នេសាទខុសច្បាប់ជាច្រើនទៀត។ រីឯរបាយការណ៍បង្ក្រាបបទល្មើសនេសាទ នៅតំបន់បឹងទន្លេសាប ក្នុងខេត្តចំនួន៦ ក្រសួងមិនទាន់បង្ហាញលទ្ធផលសរុបនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។