ប្រមុខការទូតកម្ពុជា ប្ដេជ្ញាពង្រឹងយន្តការកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង ជាមួយចិន បើទោះជាកន្លងមក មានការរិះគន់ថា ចិនកំពុងប្រើយន្តការនេះ ដើម្បីគ្រប់គ្រងការចែករំលែកផលប្រយោជន៍ និងសន្តិសុខទឹកនៅតំបន់ទន្លេមេគង្គទាំងមូលក៏ដោយ។
រដ្ឋមន្ត្រីក្រសួងការបរទេសលោក ប្រាក់ សុខុន គូសបញ្ជាក់នៅក្នុង «ទិវាសប្ដាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ២០២១» ថា ក្នុងរយៈពេល ៥ឆ្នាំកន្លងទៅនេះ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានបង្ហាញយ៉ាងច្បាស់នូវកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ រវាងបណ្ដាប្រទេសតាមដងទន្លេមេគង្គទាំង៦ ក្នុងការដោះស្រាយបញ្ហាប្រឈមនានា នៅក្នុងតំបន់ ដោយស្មារតីបើកចំហ។ បញ្ហាទាំងនោះ ក៏រួមមានទាំងការពង្រឹងកិច្ចសហប្រតិបត្តិការលើទិន្នន័យជលសាស្ត្រ ការចែករំលែកព័ត៌មាន និងនិរន្តរភាពធនធានទឹកផងដែរ។ ក៏ប៉ុន្តែ លោកពុំបានបញ្ជាក់ថា តើបញ្ហាទាំងនោះ ប្រទេសក្នុងតំបន់មេគង្គបានដោះស្រាយរួចរាល់ត្រឹមកម្រិតណានោះទេ។
លោកថា ប្រទេសកម្ពុជាបានទទួលអត្ថប្រយោជន៍ពីគម្រោងចំនួន៥៥ ដែលគាំទ្រដល់សកម្មភាពកិច្ចសហប្រតិបត្តិការលើវិស័យអភិវឌ្ឍន៍ជនបទ ការបង្កើតអាជីវកម្មសហគមន៍ ធនធានទឹកកសិកម្ម ការតភ្ជាប់ផ្លូវអាកាស ការអប់រំ និងបេតិកភណ្ឌ ជាដើម។
ប្រទេសចិន បច្ចុប្បន្នកំពុងដាក់ឲ្យដំណើរការប្រតិបត្តិទំនប់វារីអគ្គិសនីធំបំផុតចំនួន១១ រីឯប្រទេសឡាវកំពុងដំណើរការប្រតិបត្តិវារីអគ្គិសនីចំនួនពីរ។ ប្រទេសនេះ រងការរិះគន់ថា បានប្រើប្រាស់ទំនប់វារីអគ្គិសនីរបស់ខ្លួន រាំងខ្ទប់ទឹក បង្កឲ្យមានគ្រោះរីងស្ងួត និងរាំងស្ងួត និងពេលខ្លះបង្កឲ្យមានទឹកជំនន់ខុសប្រក្រតី នៅតាមប្រទេសខ្សែទឹកខាងក្រោមទន្លេមេគង្គ។ ជុំវិញបញ្ហានេះ សហរដ្ឋអាមេរិក ធ្លាប់ព្រមានថា ទន្លេមេគង្គ មិនមែនជាធនធានផ្ដាច់មុខឲ្យប្រទេសចិនគ្រប់គ្រងតែឯងតាមរយៈទំនប់វារីអគ្គិសនីដ៏សម្បើមរបស់ខ្លួននៅខ្សែទឹកខាងលើនោះទេ។ សហរដ្ឋអាមេរិកប្ដេជ្ញាបង្កើនភាពជាដៃគូជាមួយបណ្ដាប្រទេសក្នុងតំបន់មេគង្គ តាមរយៈយន្តការភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម និងអំពើគំរាមកំហែងនានា ដែលតំបន់នេះកំពុងតែជួបប្រទះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។