ស្ថាបនិកចលនាមាតាធម្មជាតិ លោក អាឡិច ហ្កន់សាឡេស ដេវិតសុន មានប្រសាសន៍ កាលពីថ្ងៃទី ២៣ ខែធ្នូ ថា អ្វីដែលរដ្ឋាភិបាលចិនកំពុងតែធ្វើនៅក្នុងប្រទេសកម្ពុជា មិនខុសពីបណ្ដាប្រទេសផ្សេងៗ ដូចជានៅក្នុងទ្វីបអាហ្វ្រិកនោះទេ ដែលបានបំផ្លិចបំផ្លាញធនធានធម្មជាតិនៅក្នុងប្រទេសមួយចំនួន ហើយក្រោយមកបានផ្ដល់ជំនួយបន្តិចបន្តួចដើម្បីបញ្ឆោតមតិសាធារណៈ ជាពិសេសប្រជាជននៅក្នុងស្រុក។
លោកបន្តថា រដ្ឋាភិបាលចិនបានដឹងថា ប្រជាពលរដ្ឋខ្មែរអត់ចូលចិត្តទេ ដោយសារតែឥទ្ធិពលរបស់ខ្លួននៅកម្ពុជា បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ធនធានធម្មជាតិ ហេតុដូច្នេះហើយបានជាចិនផ្ដល់ជំនួយដល់រដ្ឋាភិបាល និងតាមស្ថាប័នក្រសួងផ្សេងៗ ដើម្បីស្ដារមុខមាត់ឡើងវិញក្នុងការបោកបញ្ឆោត បោកប្រាស់ ប្រជាពលរដ្ឋខ្មែរថា ជួយការពារបរិស្ថាន។ ប៉ុន្តែទង្វើទាំងនេះគ្មានប្រសិទ្ធភាពទេ ពីព្រោះប្រជាពលរដ្ឋខ្មែរអត់ដូចពីមុនទៀតទេ គឺគេតាមដានព័ត៌មានបានគ្រប់ជ្រុងជ្រោយល្អណាស់ ហើយពួកគេដឹងថា អ្វីដែលស អ្វីដែលខ្មៅ ទាក់ទិននឹងជំនួយរបស់ចិន៖« អញ្ចឹងការបំផ្លិចបំផ្លាញធនធានធម្មជាតិនៅកម្ពុជាដែលយើងឃើញថា ១០ ឆ្នាំកន្លងមក ដែលមានចិននៅពីក្រោយហ្នឹង។ខ្ញុំបារម្ភថា ប៉ុន្មានឆ្នាំតទៅមុខទៀតគឺ កាន់តែខ្លាំងទៅៗ ពីព្រោះលោក ហ៊ុន សែនជាដៃគូជិតស្និទ្ធបំផុតជាមួយចិន។អាចឹងល្បិចរបស់ចិនក្នុងការជួយម្ដងម្កាល ដើម្បីឱ្យល្អមើលដើម្បីបញ្ឆោតប្រជាជន។ខ្ញុំថា វានឹងថែម ហើយនឹងធ្វើតទៅមុខទៀត។ ប៉ុន្តែបើយើងថ្លឹងថ្លែង ការបំផ្លិចបំផ្លាញបរិស្ថានខ្មែរ ជាមួយនឹងអ្វីដែលរដ្ឋាភិបាលចិនជួយ គឺតិចណាស់ ជួយតិចមែនទែន។ ដូចខ្ញុំនិយាយអំបាញ់មិញវាជួយបែបតែល្ខោនហ្នឹង ដើម្បីព្យាយាមបោកប្រជាជនខ្មែរ។ ខ្ញុំថា បោកអត់បានទេ សម័យនេះ។»
ក្រសួងបរិស្ថាន និងក្រសួងបរិស្ថានរបស់ប្រទេសចិនកាលពីថ្ងៃទី ២១ ខែធ្នូ តាមរយៈក្រុមហ៊ុនឯកជនមួយឈ្មោះ ហ្សែនជិន ស្ប៉ាក( Shenzhen Spark Co, Ltd) បានចុះអនុស្សរណៈ ដើម្បីកាត់បន្ថយការបញ្ចេញកាបូននៅកម្ពុជា ដែលមានទឹកប្រាក់សរុបចំនួន៣ លានដុល្លា។
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននឹងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាន វិនធៀន(Wang Wentian) បានចូលរួមនៅក្នុងពិធីចុះអនុស្សរណៈនោះ។
គេហទំព័ររបស់ក្រសួងបរិស្ថានបានផ្សាយថា តាមរយៈអនុស្សរណៈនេះប្រទេសចិនបានផ្ដល់ដល់ក្រសួងបរិស្ថាននូវសម្ភារៈមួយចំនួនដូចជា អំពូលភ្លើងបំភ្លឺផ្លូវ ចំនួន ២៨០០ ដើម សូឡាភីវី(PV) ចំនួន ២០០គ្រឿង ម៉ូតូអាគុយ ចំនួន២០០ គ្រឿង និង ឧបករណ៍សម្រាប់មន្ទីរពិសោធន៍សម្រាប់ត្រួតពិនិត្យគុណភាពខ្យល់ ចំនួន ២០ សម្រាប់។
ជំនួយជាសម្ភារៈនិងបរិក្ខារកាត់បន្ថយការបញ្ចេញកាបូនខាងលើនេះ បានផ្ដល់ជូនមកប្រទេសកម្ពុជា តាមរយៈអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការគម្រោងសាកល្បងបញ្ចេញកាបូននៅខេត្តព្រះសីហនុ ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៩ រវាងក្រសួងបរិស្ថានកម្ពុជា និងក្រសួងអេកូឡូស៊ីនិងបរិស្ថាននៃសាធារណរដ្ឋប្រជាមានិតចិន។
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាន វិនធៀន(Wang Wentian) បានប្រសាសន៍ថា ជំនួយជាសម្ភារៈទាំងនេះគឺជាការរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ ហើយនឹងជួយប្រទេសកម្ពុជាលើផ្នែកវិស័យបរិស្ថាន។
ទាក់ទិននឹងបញ្ហានេះ លោក សាយ សំអាល់ មានប្រសាសន៍ តាមគេហទំព័ររបស់ក្រសួងថា សម្ភារៈបំភ្លឺខាងលើ នឹងត្រូវដាក់ឱ្យប្រើនៅតាមទីសាធារណៈក្នុងខេត្តព្រះសីហនុ ជាពិសេស ដាក់បំភ្លឺនៅតាមសាលារៀននានាក្នុងខេត្តព្រះសីហនុ ហើយក៏ដើម្បីអនុញ្ញាតឱ្យសិស្សានុសិស្សបាន សិក្សាពីសម្ភារៈប្រើប្រាស់ថាមពលព្រះអាទិត្យ ក៏ដូចជាជួយបំភ្លឺកន្លែងហាត់កីឡានានាផងដែរ។ចំណែកឯម៉ូតូអាគុយនិងឧបករណ៍សម្រាប់ត្រួតពិនិត្យគុណភាពខ្យល់ត្រូវបានយកមកប្រើប្រាស់នៅទីស្ដីការក្រសួងបរិស្ថាន និងមន្ទីរពិសោធន៍ នៅតាមទីតាំងត្រួតពិនិត្យតាមដានរបស់ក្រសួងបរិស្ថាន។
ចាប់តាំងពីឆ្នាំ២០១៥ ដល់ ២០២០ ក្រសួងបរិស្ថានរបស់ប្រទេសកម្ពុជា សម្រេចបានអនុស្សរណៈយោគយល់ និងកិច្ចព្រមព្រៀងជាមួយស្ថាប័នសំខាន់ៗនៃសារធារណៈរដ្ឋប្រជាមានិតចិន ចំនួន៨ គ្រប់ដណ្ដប់លើ កិច្ចសហប្រតិបត្តិការគាំពារបរិស្ថានកម្ពុជា-ចិន ការបង្កើតការិយាល័យរៀបចំមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការបរិស្ថានកម្ពុជា-ចិន ការផ្ដល់ជំនួយឧបករណ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ កិច្ចសហប្រតិបត្តិការសាកល្បងក្នុងការអភិរក្សជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ការរៀបចំមន្ទីរពិសោធន៍សហប្រតិបត្តិការ កម្ពុជា-ចិន ការរៀបចំតំបន់បញ្ចេញកាបូនតិច និង ការផ្ដល់ជំនួយស្ថានីយតាមដានគុណទឹកស្វ័យប្រវត្តិ ជាដើម។
តែទោះជាយ៉ាងណាលោក អាឡិច រិះគន់ថា ចិនបំផ្លាញបរិស្ថានកម្ពុជាគឺមានទំហំធំធេងណាស់ហើយលទ្ធផលជាក់ស្ដែង រ៉ែនៅក្នុងដីកំពុងតែអស់ ឈើប្រណិតៗកំពុងតែហិនហោច និងការសាងសង់ទំនប់វារីអគ្គិសនី បានធ្វើឱ្យប្រទេស និងពលរដ្ឋកម្ពុជាជំពាក់លុយចិនរាប់ពាន់លានដុល្លា គ្មានលទ្ធភាពសងនៅពេលអនាគត។ លោក ថា នេះហើយជាយុទ្ធសាស្ត្រវែងរបស់បក្សកុម្មុយនិស្តចិន ក្នុងការបំផ្លាញបរិស្ថាននៅក្នុងប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។