សកម្មភាពចាក់ដីលុបបឹងមេសាងខុសច្បាប់ រំលោភយកទ្រព្យសាធារណៈរបស់រដ្ឋ ធ្វើជាប្រយោជន៍ឯកជននៅតែគ្មានដំណោះស្រាយជាវិជ្ជមាននៅឡើយទេ មកទល់ពេលនេះ បើទោះបីជាពលរដ្ឋជាង ៣ រយនាក់ បានផ្តិតមេដៃស្នើឱ្យអាជ្ញាធរចាត់វិធានការច្បាប់រឿងនេះក្តី។
ពលរដ្ឋចោទអតីតអភិបាលខេត្តព្រៃវែង លោក ជា សុមេធី ថាបណ្តែតបណ្តោយឱ្យបុគ្គលមានលុយមានអំណាច ចាក់ដីលុបបឹងមេសាង និងព្រែកជីផុច ក្នុងពេលលោកកាន់ដំណែងជាអភិបាលខេត្តព្រៃវែង។
ពលរដ្ឋខេត្តព្រៃវែង ស្ដាយស្រណោះព្រែកជីផុច ដែលជាអាងស្តុកទឹកយ៉ាងសំខាន់ធ្វើកសិកម្ម និងជាកន្លែងនេសាទត្រីចិញ្ចឹមរបស់អ្នកស្រុកមេសាង ត្រូវបុគ្គលមានលុយមានអំណាច ចាក់ដីលុបព្រែកនេះជាបន្តបន្ទាប់ដោយគ្មានវិធានការច្បាប់។
មកទល់ពេលនេះ ព្រែកជីផុច ដែលធ្លាប់មានផ្ទៃទឹកធំធេង បែរជាប្រែក្លាយជាគោករាក់មួយផ្នែកធំ ជំនួសមកវិញ នូវសំណង់រឹង កន្លែងលម្ហែ ទីតាំងលក់ដីឡូលក់អចលនទ្រព្យ និងរបងថ្ម គ្រប់គ្រងដោយបុគ្គលមានលុយមានអំណាច ឃុបឃិតជាមួយអាជ្ញាធរខេត្តនេះ។
សកម្មភាពចាក់ដីលុបព្រែកធម្មជាតិ ធ្វើឡើងជាបន្តបន្ទាប់នៅរយៈពេលជាង ១ ឆ្នាំកន្លងទៅនេះ ហើយអ្នកភូមិភាគច្រើនមិនហ៊ានរិះគន់បញ្ហានេះជាសាធារណៈនោះទេ ព្រោះខ្លាចអាជ្ញាធរធ្វើទុក្ខបុកម្នេញ។
ពលរដ្ឋរស់នៅឃុំជីផុច ស្រុកមេសាង ថ្លែងសុំមិនបញ្ចេញឈ្មោះ ព្រោះបារម្ភពីសុវត្ថិភាពប្រាប់វិទ្យុអាស៊ីសេរីថា សកម្មភាពចាក់ដីលុបព្រែកនេះឱ្យគោករាក់ ដើម្បីយកដីពុះឡូលក់ ធ្វើលំនៅឋាន និងសំណង់អគារមានតម្លៃរាប់ម៉ឺនដុល្លារ ក្នុងមួយប្លង់ៗធ្វើឱ្យព្រែកនេះកាន់តែរួមតូចពីមួយឆ្នាំទៅមួយឆ្នាំ។
លោកថា ពលរដ្ឋក្រីក្រ មិនទទួលបានដីក្នុងតំបន់នោះ ជាកម្មសិទ្ធិនោះទេ ភាគច្រើនជារបស់ឈ្មួញមានអំណាច កាងដីព្រែកនេះ ធ្វើអាជីវកម្មជាប្រយោជន៍បុគ្គល។
ពលរដ្ឋថ្លែងលាក់ឈ្មោះ៖ «លែងមានត្រីហ្មង គេលុបកាន់តែតូចៗទៅ វាបាត់បង់ត្រី វាមិនដឹងថា ទៅណាអស់»។
ព្រែកជីផុច មានទំហំផ្ទៃទឹករាប់រយហិកតារធំទូលាយ ដោយមានបណ្ដាញទឹកខ្វាត់ខ្វែង ភ្ជាប់នឹងបឹងមេសាង ដែលអ្នកស្រុកចាត់ទុកថា ជាប្រភពប្រាក់ចំណូលមិនរីងស្ងួត និងផ្តល់ប្រយោជន៍ច្រើនដល់ប្រជាកសិកររាប់ពាន់គ្រួសារ ធ្វើកសិកម្មគ្រប់រដូវ។
អ្នកភូមិចោទ អតីតអភិបាលខេត្តព្រៃវែង លោក ជា សុមេធី ថា បណ្តែតបណ្តោយឱ្យក្រុមឈ្មួញរំលោភយកដីព្រែក និងបឹងមេសាង ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ កាលពីពេល លោក ជា សុមេធី កាន់ដំណែងជាអភិបាលខេត្តព្រៃវែង។
ចំណែកឯការចាក់ដីលុបបឹងមេសាង ក្នុងស្រុកមេសាងឯនោះវិញ ធ្វើឱ្យពលរដ្ឋយ៉ាងហោច ៣ ភូមិ ដែលអាស្រ័យផលបឹងនេះដោយផ្ទាល់ ខឹងសម្បារនឹងអាជ្ញាធរអសមត្ថភាពការពារភោគទ្រព្យជាតិ ស្របតាមច្បាប់ និងអនុក្រឹត្យ។
កន្លងទៅ អ្នកភូមិជាង ៣០០ គ្រួសារ (៣៥០) បានផ្តិតមេដៃស្នើឱ្យអាជ្ញាធរស្រុក និងអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង សង្គ្រោះបឹងធម្មជាតិនេះ ក្រោយពីកើតមានសកម្មភាពចាក់ដីលុបបឹងនេះអស់ មួយផ្នែកធំធ្វើឱ្យផ្ទៃទឹករួចតួច និងរាំងស្ទះចរន្តទឹករដូវវស្សា ងាយនឹងកើតមានទឹកជំនន់ ជន់លិចស្រូវកសិកម្ម និងលំនៅឋានពលរដ្ឋ។
តំណាងពលរដ្ឋចូលរួមផ្ដិតមេដៃការពារបឹងនេះ គឺលោក ហ៊ិន សុផានី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី ២១ កុម្ភៈ ថា មកទល់ពេលនេះអាជ្ញាធរមិនទាន់ដោះស្រាយញត្តិរបស់ពួកលោកនៅឡើយទេ។ លោកថា បំណងរបស់ពលរដ្ឋចង់ឱ្យអាជ្ញាធរកាយដីដែលចាក់លុបបឹងមេសាងឱ្យដូចទម្រង់ដើមវិញ។
លោក ហ៊ិន សុផានី៖ «បើយើងចាក់ដីលុបបឹង វាប៉ះពាល់សម្បត្តិរួម និងសម្បត្តិរដ្ឋ សូម្បីឥលូវរីងអស់ហើយ កាលមុនផ្លូវទឹកធំ ទឹកធំ ឥលូវផ្លូវទឹកតូច ផ្ទៃទឹកតាមហ្នឹងដែរ។ ធ្វើឱ្យពលរដ្ឋមួយចំនួន នៅតំបន់ធ្វើស្រែ ឥលូវទឹកអស់ បឹងរាក់ បើនៅតែចាក់លុប បំពាន បឹងហ្នឹងនៅមិនយូរទេ អស់ហើយ»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះពីអ្នកនាំពាក្យសាលាខេត្តព្រៃវែង លោក ឈាង សុវណ្ណារ៉ា បាននៅឡើយទេ នៅថ្ងៃទី២១ កុម្ភៈ។ រីឯអតីតអភិបាលខេត្តព្រៃវែង លោក ជា សុមេធី បច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ក៏មិនទាន់អាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ។ជុំវិញរឿងនេះ អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត ពន្យល់ថា ប្រសិនបើការលុបបឹង និងព្រែក ដោយគ្មានក្តីសម្រេចពីរដ្ឋាភិបាល គឺជាបទល្មើសព្រហ្មទណ្ឌ។
លោក វណ្ណ សុផាត៖ «ព្រោះដែលហៅថា ដីបឹងជាដីសាធារណៈរបស់រដ្ឋ មិនមែនជាកម្មវត្ថុលក់ ផ្ទេរសិទ្ធិ ផលប្រយោជន៍របស់ពលរដ្ឋខ្មែរមិនអាចលក់ដូរបានទេ។ បើបឹងនេះអស់ផលប្រយោជន៍ ពលរដ្ឋលែងត្រូវការ អាស្រ័យផលលែងបាន រដ្ឋអាចធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ»។
ពលរដ្ឋបន្ថែមថា ប្រសិនបើអាជ្ញាធរនៅតែមិនដោះស្រាយញត្តិរបស់ពួកគាត់នោះទេ អ្នកភូមិនឹងពិភាក្សាគ្នាបន្ថែមទៀត ដើម្បីរកមធ្យោបាយទាមទារឱ្យអាជ្ញាធរជាតិ និងស្ថាប័នពាក់ព័ន្ធ សង្គ្រោះបឹងធម្មជាតិ ស្របតាមច្បាប់ និងគោលនយោបាយរបស់រដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។