ពលរដ្ឋ​និង​សង្គម​ស៊ីវិល​ចង់​ឃើញ​រដ្ឋាភិបាល​បង្ក្រាប​អាជីវកម្ម​រ៉ែ​អនាធិបតេយ្យ​នៅ​មណ្ឌលគិរី​មាន​តម្លាភាព និង​យុត្តិធម៌

0:00 / 0:00

ពលរដ្ឋ និង​សង្គម​ស៊ីវិល ចង់​ឃើញ​ការ​បង្ក្រាប​អាជីវកម្ម​រ៉ែ​មាស បែប​អនាធិបតេយ្យ​នៅ​ខេត្ត​មណ្ឌលគិរី របស់​អាជ្ញាធរ​ពាក់ព័ន្ធ​មាន​តម្លាភាព ត្រឹមត្រូវ និង​យុត្តិធម៌។ កាល​លើក​ឡើង​នេះ ធ្វើឡើង​បន្ទាប់​ពី​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ចុះ​បង្ក្រាប​ទីតាំង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខ្នាត​មធ្យម បែប​អនាធិបតេយ្យ​នៅ​តំបន់​មេសំ ស្ថិត​ក្នុង​ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី។

អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​មណ្ឌលគិរី កាល​ពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា បាន​ចុះ​បង្ក្រាប​ទីតាំង ក្រុម​ឈ្មួញ​លួច​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​បែប​អនាធិបតេយ្យ ស្ថិត​នៅ​ភូមិ​ពូទុង ឃុំ​ចុងផ្លាស់ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី ប៉ុន្តែ​អាជ្ញាធរ​មិន​បាន​បញ្ជាក់ និង​បង្ហាញ​របាយការណ៍​អំពី​លទ្ធផល​នៃ​ការ​បង្ក្រាប​នោះ​ឡើយ ពលរដ្ឋ​មូលដ្ឋាន និង​សង្គម​ស៊ី​វិល ចង់​ឃើញ​អាជ្ញាធរ​ពាក់ព័ន្ធ​បង្ក្រាប និង​ចាត់​វិធានការ​ទៅ​លើ​អ្នក​ប្រព្រឹត្ត និង​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ទៅ​តាម​ច្បាប់ ដើម្បី​កុំ​ឲ្យ​ប្រព្រឹត្ត​ទង្វើ​ខុស​ច្បាប់​បែប​នេះ​ត​ទៅ​ទៀត។

តំណាង​ប្រជាពលរដ្ឋ នៅ​ឃុំ​ចុងផ្លាស់ លោក សាំង សារី ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ថា លោក​សាទរ​ចំពោះ​វិធានការ​របស់​អាជ្ញាធរ ប៉ុន្តែ​លោក​ចង់​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចាត់​វិធានការ​ឲ្យ​បាន​តឹងរ៉ឹង ទៅ​លើ​អ្នក​ប្រព្រឹត្ត និង​អ្នក​ដែល​បណ្ដែតបណ្ដោយ​ឲ្យ​មាន​អាជីវកម្ម​រ៉ែ​មាស កើត​មាន​ឡើង​នៅ​តំបន់​នោះ។ លើស​ពី​នោះ លោក​ថា អាជ្ញាធរ​គួរ​តែ​បង្ហាញ​របាយការណ៍​បង្ក្រាប​ជា​សាធារណៈ ដើម្បី​បង្ហាញ​ពី​តម្លាភាព និង​យុត្តិធម៌ ពីព្រោះ​មាន​ពលរដ្ឋ​មួយ​ចំនួន​នៅ​តំបន់​នោះ ប្រកប​មុខរបរ​នេះ​បែប​លក្ខណៈ​គ្រួសារ ដោយ​មិន​មាន​ផល​ប៉ះពាល់​អ្វី​នោះ​ទេ។

លោក សាំង សារី៖ «ខ្ញុំ​ចង់​ឲ្យ​គាត់​រក​ស៊ី​លក្ខណៈ​គ្រួសារ​អ៊ីចឹង​ទៅ​កុំ​បិទ​ពួកគាត់​ទាំង​អស់​ពេក​អត់​កើត​ទេ ប្រសិនបើ​យើង​បិទ​រណ្ដៅ​ក៏​បិទ​ទៅ​ចុះ។ ខ្ញុំ​សំណូមពរ​រដ្ឋាភិបាល និង​សម្ដេច ក៏​ដូច​ជា​អស់​លោក​ដែល​ជាប់​ពាក់ព័ន្ធ សុំ​ឲ្យ​ជួយ​សម្រួល​ឲ្យ​ប្រជាពលរដ្ឋ​របស់​យើង​បាន​រក​ស៊ី​រែង​មាស​តាម​អូរ កុំ​ធ្វើ​បាប​គាត់​ឲ្យ​គាត់​ធ្វើ​ទៅ អត់​មាន​អ្វី​រក​ទេ​រាល់​ថ្ងៃ​នេះ»។

ពលរដ្ឋ​ថា កន្លង​ទៅ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ព្រួយ​បារម្ភ​អំពី​អាជីវកម្ម​រ៉ែ​មាស បែប​អនាធិបតេយ្យ ដែល​មិន​មាន​លក្ខណៈ​ស្តង់ដារ មិន​អាច​គ្រប់គ្រង​សារធាតុ​គីមី​បាន​ត្រឹមត្រូវ ដោយ​បង្ហូរ​សារធាតុ​គីមី​ទាំង​នោះ​ចូល​ទៅ​ក្នុង​អូរ​ធម្មជាតិ បង្ក​គ្រោះ​ថ្នាក់​ដល់​សត្វ និង​មនុស្ស​ដែល​កំពុង​រស់នៅ​ជុំវិញ​តំបន់​នោះ​ថែម​ទៀត។

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង អភិបាល​ខេត្ត​មណ្ឌលគិរី លោក ថង សាវុត និង​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​មណ្ឌលគិរី លោក ទី សុផល ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា។

ទាក់​ទិន​នឹង​បញ្ហា​នេះ មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​មណ្ឌលគីរី លោក ប៊ី វ៉ាន់នី លើក​ឡើង​ថា អាជ្ញាធរ​ត្រូវ​តែ​ចុះ​សិក្សា​ស្រាវជ្រាវ និង​ស៊ើបអង្កេត​ទៅ​លើ​អាជ្ញាធរ​មូលដ្ឋាន ដែល​បណ្ដែតបណ្ដោយ​ឲ្យ​មាន​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់ ដើម្បី​ចាត់​វិធានការ​តាម​ច្បាប់។ លើស​ពី​នោះ លោក​លើក​ទឹក​ចិត្ត​ឲ្យ​អាជ្ញាធរ​បង្ហាញ​របាយការណ៍​ជា​សាធារណៈ អំពី​សមិទ្ធផល​ដែល​អាជ្ញាធរ​រក​ឃើញ ដើម្បី​បង្ហាញ​ពី​តម្លាភាព និង​យុត្តិធម៌ សម្រាប់​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​អាជីវកម្ម​រ៉ែ​កន្លង​មក។

លោក ប៊ី វ៉ាន់នី៖ «ប្រសិនបើ​មិន​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ក៏​ដូច​ជា​មន្ត្រី​នៅ​ថ្នាក់​ខេត្ត​ទេ មិន​មាន​ការ​ជីក​យក​រ៉ែ​បែប​អនាធិបតេយ្យ​បែប​នេះ​នោះ​ទេ ពីព្រោះ​ការ​ជីក​យក​រ៉ែ​នេះ​មិនមែន​ទើប​តែ​កើត​ឡើង​នោះ​ទេ វា​បាន​កើតឡើង​យូរ​ឆ្នាំ​ណាស់​មក​ហើយ អ៊ីចឹង​គួរ​តែ​ផ្សព្វផ្សាយ​របាយការណ៍​ពាក់ព័ន្ធ​ក្នុង​ការ​ចុះ​អន្តរាគមន៍​ដើម្បី​ជា​ព័ត៌មាន​មួយ​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹង និង​ជា​ការ​អនុវត្ត​ច្បាប់​មួយ​មាន​តម្លាភាព ក្នុង​ការ​អនុវត្ត​ច្បាប់​ផង​ដែរ»។

កាល​ពី​ឆ្នាំ​២០២៣ អង្គការ​សមធម៌​កម្ពុជា (Equitable Cambodia) បាន​រក​ឃើញ​ថា ក្រុមហ៊ុន រង់ ឈីង អ៊ិនដាសស្ទ្រៀល អ៊ិនវេសមិន (ខេមបូឌា) (Rong Cheng Industrial Investment (Cambodia) Co., Ltd) ដែល​មាន​ទីតាំង​ស្ថិត​នៅ​ឃុំ​ចុងផ្លាស់នៅ​ខេត្ត​មណ្ឌលគិរី ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ប៉ះពាល់​​ដីធ្លី ព្រៃ​ជំនឿ បង្ខំ​ឲ្យ​ពលរដ្ឋ​លក់​ដី​ស្រែ​ចម្ការ និង​ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន​នៅ​ជុំវិញ​តំបន់ ប៉ុន្តែ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ គេ​មិន​ទាន់​ឃើញ​អាជ្ញាធរ​ចុះ​បង្ក្រាប​ក្រុមហ៊ុន​មួយ​នេះ​នោះ​ទេ។

ក្រៅ​ពី​នោះ អង្គការ​នេះ ក៏​បាន​រក​ឃើញ ក្រុមហ៊ុន​ចំនួន​៥​ធំ​ៗ ដែល​កំពុង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស ប៉ះពាល់​ដល់​ពលរដ្ឋ និង​បរិស្ថាន ក្នុង​ខេត្ត​ចំនួន​៣​ផ្សេង​ទៀត​ រួម​មាន​ខេត្ត​ក្រចេះ ព្រះវិហារ និង​ខេត្ត​រតនគិរី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។