ពលរដ្ឋ​រិះគន់​ការ​បង្ហូរ​ទឹក​កខ្វក់​ចូល​ព្រែក​កំពត

0:00 / 0:00

ពលរដ្ឋ​រិះគន់​ការ​បង្ហូរ​ទឹក​កខ្វក់​ចូលក្នុង​ព្រែក​កំពត បណ្ដាល​ឲ្យ​ទឹក​មាន​ក្លិន​មិនល្អ ។ ពួកគេ​ស្នើ​ដល់​រដ្ឋបាល​ខេត្តកំពត និង​អាជ្ញាធរ​ពាក់ព័ន្ធ រៀបចំ​ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ។

ពលរដ្ឋ​មួយចំនួន​រិះគន់​អាជ្ញាធរ​ខេត្តកំពត អសមត្ថភាព​គ្រប់គ្រង​ការ​បង្ហូរ​ទឹក​កខ្វក់​ចូល​ព្រែក​កំពត ត្រង់​ចំណុច​ចន្លោះ​ស្ពាន​ឥន្ទធនូ និង​ស្ពានថ្ម​ថ្មី ដែល​ធ្វើ​ឲ្យ​ទឹក​នៅ​តំបន់​នោះ ប្រែជា​ពណ៌​ខ្មៅ និង​មាន​ក្លិន​មិនល្អ។

សកម្មជន​ចលនា​មាតា​ធម្មជាតិ កញ្ញា មាន លីសា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១០ មេសា ថា ក្រោយពី​កញ្ញា​បានឃើញ​ស្ថានភាព​ទឹក​កខ្វក់​បាន​ហូរ​ចូល​ដងព្រែក​កំពត កញ្ញា​បារម្ភ​ពី​សុខភាព​ពលរដ្ឋ ដែល​រស់នៅ​ក្នុង​តំបន់​នោះ ស្របពេល​ពួកគេ​ស្រូប​យក​ក្លិន​មិន​ល្អ​ជា​រៀងរាល់​ថ្ងៃ។

កញ្ញា មាន លីសា៖ «នេះ​ជា​រឿង​ធម្មតា​នៅ​ពេល​ដែល​រដ្ឋ​យើង អត់​ដែល​យកចិត្តទុកដាក់​ជាមួយ​ប្រព័ន្ធ​សាធារណៈ​ឲ្យ​បាន​ម៉ឹង​មាត់ អ៊ីចឹង​ទៅ​ធ្វើ​ឲ្យ​កាកសំណល់​ពី​ផ្ទះបាយ ដូចជា​ប្រភព​ទឹក​ដែល​ត្រូវ​បាន​បង្ហូរ​មក មិន​មាន​អាង​ចម្រោះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រភព​ទឹក»។

វីដេអូ និង​រូបភាព ដែល​វិទ្យុ​អាស៊ីសេរី​ទទួល​បាន​ថ្មីៗ​នេះ បង្ហាញ​ថា ការ​បង្ហូរ​ទឹក​កខ្វក់​ពណ៌​ខ្មៅ​ចូល​ដងព្រែក​កំពត ស្ថិតនៅ​ចន្លោះ​ស្ពាន​ឥន្ទធនូ និង​ស្ពានថ្ម​ថ្មី​ក្នុង​ក្រុង​កំពត ដែល​មាន​ចម្ងាយ​ប្រមាណ​១​គីឡូម៉ែត្រ​ពី​សាលា​ខេត្តកំពត។

វិទ្យុ​អាស៊ីសេរី នៅ​មិនទាន់​អាចទាក់​ទង​អភិបាល​ខេត្តកំពត លោក ម៉ៅ ធនិន ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី​១១ មេសា។

រដ្ឋបាល​ខេត្ត​កំពត បាន​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ និង​កែលំអ​សោភ័ណភាព​តាម​បណ្ដោយ​មាត់​ព្រែក​កំពត ដោយ​កសាង​រូបសំណាក​សេះ​សមុទ្រ បញ្ឈរ​ខ្លួន​ត្រង់​ឡើងលើ​មាន​កម្ពស់​៨​ម៉ែត្រ បាញ់​ទឹក​តាម​មាត់ និង​ចាក់​ខ្សាច់​បំពេញ​តាម​មាត់​ព្រែក ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ។

អភិបាល​ខេត្តកំពត លោក ម៉ៅ ធនិន ដែល​ត្រូវជា​ក្មួយ​ប្រសារ​របស់​លោក ហ៊ុន សែន បាន​ព្យាយាម​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​រូបសំណាក​សេះ​សមុទ្រ​នេះ។

ផ្ទុយទៅវិញ អាជ្ញាធរ​ខេត្ត​ជាប់​មាត់​សមុទ្រ​នេះ ហាក់​មិនបាន​ធុំក្លិន​មិនល្អ បណ្ដាល​មក​ពី​ការ​បង្ហូរ​ទឹក​កខ្វក់​ចូល​ដងព្រែក​កំពត​នោះ​ទេ ដែល​ការ​បង្ហូរ​នោះ​នៅ​មិន​ឆ្ងាយ​ពី​សាលា​ខេត្តកំពត​ឡើយ។

ចំណែកឯ​នៅ​ត្រើយម្ខាង​ទៀត ទល់មុខ​សាលា​ខេត្ត​កំពត រដ្ឋបាល​ខេត្ត នៅ​មិន​ទាន់​រៀបចំ​សណ្ដាប់ធ្នាប់​ឲ្យ​បាន​ល្អ​ប្រសើរ​នោះ​ទេ ដោយ​នៅ​មាន​សំរាម​រាយប៉ាយ និង​មាន​សំណង់​រឹង​តាម​មាត់​ព្រែក ដែល​ភាគច្រើន​ជា​សណ្ឋាគារ ឬ​ភោជនីយដ្ឋាន។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករនិយោជិត​វិស័យ​ទេសចរណ៍​សេវាកម្ម​កម្ពុជា (CTSWF) លោក ម៉ម រិទ្ធី មាន​ប្រសាសន៍​ថា កន្លង​ទៅ ខេត្ត​នៅ​ជាប់​ឆ្នេរសមុទ្រ​មួយចំនួន ក៏​មាន​ការ​បង្ហូរទឹក​កខ្វក់​ចូល​ប្រភព​ទឹក​បែប​នេះ​ដែរ។ លោក​ទទូច​ដល់​ស្ថាប័ន​ពាក់ព័ន្ធ គ្រប់គ្រង​សំរាម និង​ទឹក​កខ្វក់​ឲ្យ​បាន​ត្រឹមត្រូវ។

លោក ម៉ម រិទ្ធី៖ «រូបភាព(​សេះ​សមុទ្រ​)ហ្នឹង​កើតឡើង ខ្ញុំ​គិតថា ខ្ញុំ​ខាង​វិស័យ​ទេសចរណ៍ ខ្ញុំ​អបអរសាទរ​លើ​ការ​ច្នេះ​ប្រឌិត ការបង្កើត​នូវ​អ្វី​ថ្មី ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​។ ក៏ប៉ុន្តែ​ខ្ញុំ​នៅ​តែ​លើកទឹកចិត្ត​ថា កន្លែង​ណា​ដែល​វា​ខ្វះខាត ដូច​ជា​មាន​ទឹកលូ​ហូរ​ចូល​សមុទ្រ គឺ​យើង​ត្រូវតែ​មាន​ការ​ដោះស្រាយ​ជាបន្ទាន់ ដើម្បី​លុបបំបាត់​នូវ​ការ​កខ្វក់​នូវ​បរិស្ថាន»។

ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ខេត្តកំពត​សាងសង់​លើ​ផ្ទៃដី ជិត​១០​ហិកតារ (៩.៨៤) និង​បាន​ដំណើរការ​កាលពី​ចុងឆ្នាំ​២០២៣ គ្របដណ្ដប់​លើ​ផ្ទៃដី​ជិត ៤​រយ​ហិកតារ (៣៩៥.៧២) ក្នុង​សង្កាត់​ចំនួន​៤ រួមមាន​សង្កាត់​កំពង់បាយ សង្កាត់​ក្រាំង​អំបិល សង្កាត់​កំពង់​កណ្ដាល និង​សង្កាត់​កំពង់សំរោង ក្នុង​ក្រុង​កំពត។

ទោះ​ជា​មាន​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ ដែល​ចំណាយ​លុយ​ប្រមាណ ២០​លាន​ដុល្លារ ក្រោម​ឥណទាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ក៏ដោយ ក៏ប៉ុន្តែ​ទឹក​កខ្វក់​នៅតែ​បន្ត​បង្ហូរ​ចូល​ដោយ​ផ្ទាល់​ទៅ​ក្នុង​ព្រែក​កំពត។

ពលរដ្ឋ សកម្មជន​បរិស្ថាន និង​អ្នកជំនាញ​ទេសចរណ៍ នៅតែ​ស្នើ​យ៉ាង​ទទូច​ដល់​រដ្ឋបាល​ខេត្ត​កំពត និង​អាជ្ញាធរ​ពាក់ព័ន្ធ​ឲ្យ​គ្រប់គ្រង​កាកសំណល់ និង​ទឹក​កខ្វក់​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​សុខភាព​ពលរដ្ឋ​ក្នុង​តំបន់ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។