ពលរដ្ឋមិនទុកចិត្តអាជ្ញាធរថ្នាក់ជាតិដែលចុះពិនិត្យ និងស៊ើបអង្កេតករណីអាជីវកម្មកាយភ្នំទេសចរណ៍ទ្រង់ទ្រាយធំក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង ព្រោះអាជ្ញាធរមិនអនុញ្ញាតឱ្យពួកគាត់ចូលរួមតាមដាន។
អ្នកភូមិសង្ស័យថា មន្ត្រីថ្នាក់ជាតិ និងអាជ្ញាធរស្រុកបាភ្នំឃុបឃិតគ្នា និងមានចេតនាលាក់បាំងការពិត។
ពលរដ្ឋរស់នៅឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែងខកចិត្តនឹងចំណាត់ការរបស់អាជ្ញាធរថ្នាក់ជាតិ មិនបានស្វែងរកការពិត ដើម្បីការពារភ្នំឈើកាច់ឱ្យគង់វង្សនោះទេ ខណៈបច្ចុប្បន្នសកម្មភាពកាយយកខ្សាច់ភ្នំ និងថ្មមានតម្លៃតាមចង្កេះភ្នំនៅតែកើតមានច្រើន។
ពលរដ្ឋរស់នៅស្រុកបាភ្នំថ្លែងសុំលាក់ឈ្មោះ ព្រោះបារម្ភពីសុវត្ថិភាពប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៩ វិច្ឆិកាថា បើទោះបីជាអាជីវកម្មកាយភ្នំធ្វើឱ្យភ្នំប្រវត្តិសាស្ត្រចំនួន ៣ បាត់បង់ និងភ្នំខ្លះទៀតខូចរូបរាងយ៉ាងណាក្តី ក៏មន្ត្រីនៅតែមានលេសឆ្លើយដោះសាដដែលៗ គ្មានការទទួលខុសត្រូវនោះឡើយ។
រីឯសកម្មភាពកាយយកខ្សាច់ភ្នំមានតម្លៃនៅប៉ែកខាងក្រោយភ្នំទេសចរណ៍ ឋិតក្នុងតំបន់អភិរក្សបេតិកភណ្ឌវប្បធម៌នៅតែកើតមានច្រើន មិនឃើញមានអាជ្ញាធរណាចុះអនុវត្តច្បាប់នោះទេ។
ពលរដ្ឋថ្លែងលាក់ឈ្មោះ៖«តាមមើលតាមអីសុទ្ធតែគ្នាគេទេខ្ញុំស្ដាយដែរខ្ញុំជាប្រជាពលរដ្ឋដែលឃើញពួកគេបំផ្លាញខ្ញុំសោកស្ដាយមែនទែនភ្នំមានតម្លៃប៉ុនណាណីបែរជាទៅបំផ្លាញអស់រលីង»។
ការលើកឡើងរបស់ពលរដ្ឋនេះ គឺស្របពេលដែល មន្ត្រីក្រសួងបរិស្ថាន ក្រសួងកសិកម្ម ក្រសួងរ៉ែ និងថាមពល អាជ្ញាធរស្រុកបាភ្នំ និងមន្ត្រីយោធាសាលាបើកបរនៃអគ្គបញ្ជាការដ្ឋានទីចាត់ការចលនូប្បត្ថម្ភបានចុះពិនិត្យតំបន់នោះនៅព្រឹកថ្ងៃទី១៩ វិច្ឆិកា។
ពលរដ្ឋថា មន្ត្រីទាំងនោះមិនបានចុះដល់កន្លែងអាជីវកម្មកាយយកខ្សាច់ភ្នំមានតម្លៃ ឋិតនៅប៉ែកខាងក្រោយភ្នំទេសចរណ៍ដែលមានជាប់ពាក់ព័ន្ធនឹងនាយកសាលាបើកបរយោធា និងជាមេទាហានពាក់ផ្កាយ១ លោក ប៉ុល សុវណ្ណឌី ដែលបានគប់គិតជាមួយឈ្មួញមានឥទ្ធិពលម្នាក់គឺម្ចាស់ក្រុមហ៊ុន គ្រុឌ កូឡា គឺអ្នកស្រី គ្រុឌ កូឡា នោះទេ។
វិទ្យុអាស៊ីសេរីបានព្យាយាមទាក់ទងនាយកសាលាបើកបរយោធា លោក ប៉ុល សុវណ្ណឌី និងអ្នកនាំពាក្យក្រសួងបរិស្ថានលោក ខ្វៃ អាទិត្យា ជាច្រើនលើកតែទូរស័ព្ទចូលគ្មានអ្នកលើកនៅថ្ងៃទី១៩ វិច្ឆិកា។
ប៉ុន្តែកាលពីថ្ងៃទី៥ វិច្ឆិកា រដ្ឋបាលខេត្តព្រៃវែង និងសាលាបើកបរយោធានៃទីចាត់ការចលនូប្បត្ថម្ភ បានចេញលិខិតបំភ្លឺថា មិនមានការរំលោភយកដីបេតិកភណ្ឌ និងជីកកកាយយកខ្សាច់ លក់ពីសំណាក់អង្គភាពសាលាបើកបរយោធានោះទេ។ រីឯសាលាបើកបរយោធា ក៏គ្មានការដ្ឋានវាយថ្មដែរ។
ចំណែកអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៨ វិច្ឆិកា ថា ប្រសិនបើមានករណីប៉ះពាល់ដល់តំបន់ការពារធនធានធម្មជាតិ ក្រសួងនឹងអនុវត្តទៅតាមច្បាប់។
លោក ខ្វៃ អាទិត្យា៖«ប្រសិនបើមានករណីប៉ះពាល់តំបន់ការពារធម្មជាតិ និងប៉ះពាល់ដល់បរិស្ថានគឺយើងអនុវត្តច្បាប់១០០ភាគរយចំពោះអ្នកដែលប៉ះពាល់និងទៅលើអ្នកបំផ្លាញធនធានធម្មជាតិ»។
ជុំវិញរឿងនេះមន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តព្រៃវែង អ្នកស្រី អ៊ាង គឹមលី សង្កេតឃើញថា ប្រសិនបើក្រសួងពាក់ព័ន្ធមានចេតនាដោះស្រាយបញ្ហានេះ គឺមិនពិបាកនោះទេ។
អ្នកស្រីយល់ថា បើក្រសួងជំនាញរកមិនឃើញការពិត ដើម្បីដោះស្រាយបញ្ហានេះ ឆ្លុះបញ្ចាំងថា មន្ត្រីរដ្ឋាភិបាលអសមត្ថភាព ធ្វើឱ្យពលរដ្ឋខកចិត្ត។
អ្នកស្រី អ៊ាង គឹមលី៖«គួរស្វែងរកការពិតជាជាងប្រឹងការពារ និងមានចំណាត់ការទៅលើរឿងហ្នឹងមិនពិបាកទេសួរតែប្រជាពលរដ្ឋ និងតាមដានតែឡានដឹកចេញដឹកចូលទៅក៏ដឹងដែរ។ តែបើទៅតាមការចង្អុលបង្ហាញរបស់អាជ្ញាធរ គឺគ្មានឃើញទេ។ ខ្ញុំសំណូមពរថាថ្នាក់ដឹកនាំគួរមានចំណាត់ការផ្លូវច្បាប់ដើម្បីអភិរក្សតំបន់នោះកុំឱ្យទៅបំផ្លាញ»។
តំបន់បាភ្នំ ឬហៅថា ភ្នំឈើកាច់ មានបណ្ដុំកូនភ្នំតូចធំជាង ១០ភ្នំឈរផ្តុំគ្នាបង្កើតសម្រស់ធម្មជាតិល្អឥតខ្ចោះ ដែលរដ្ឋាភិបាលបង្កើតតំបន់បេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រ«នគរភ្នំឈើកាច់បាភ្នំ» កាលពីឆ្នាំ ២០២៣ មានផ្ទៃដីទំហំជាង ១២៥ ហិកតារ (១២៥,២៧) ស្ថិតក្នុងឃុំចំនួន ៣ ក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង។
ប៉ុន្តែតំបន់នោះបានក្លាយជាទីផ្សារកាយភ្នំធ្វើអាជីវកម្ម និងខ្សាច់ភ្នំមានតម្លៃជាច្រើនឆ្នាំមកហើយ ពីសំណាក់ក្រុមហ៊ុនចិន និងបុគ្គលមានលុយមានអំណាច ធ្វើឱ្យភ្នំយ៉ាងហោចណាស់ ៣ ខូចរូបរាង និងភ្នំខ្លះទៀតបាត់បង់ទាំងមូល។ រីឯពលរដ្ឋក្រីក្ររាប់ពាន់គ្រួសារ រស់នៅក្នុងស្រុកបាភ្នំទាំងមូលនៅតែរងគ្រោះដោយសារសំឡេងរថយន្តដឹកថ្មដង្ហែដូចស្រមោច និងការបំផ្ទុះថ្មខ្ទាតកម្ទេចកំទី ហុយសាចលើផ្ទះរបស់អ្នកភូមិព្រមទាំងធ្វើឱ្យខូចផ្លូវជាច្រើនខ្សែផង។
ពលរដ្ឋទទូចឱ្យរដ្ឋាភិបាលបង្កើតគណៈកម្មការឯករាជ្យមួយ ដោយមានការចូលរួមពីពលរដ្ឋនិងមន្ត្រីសង្គមស៊ីវិល ចុះពិនិត្យ និងស៊ើបអង្កេតករណីនេះដើម្បីអនុវត្តច្បាប់ដល់អ្នកពាក់ព័ន្ធ ទើបអាចការពារភ្នំប្រវត្តិសាស្ត្រទាំងនេះគង់វង្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។