មន្ត្រីសង្គមស៊ីវិល និងប្រជាសហគមន៍ការពារព្រៃឡង់នៅខេត្តស្ទឹងត្រែង អំពាវនាវឱ្យសមត្ថកិច្ចពាក់ព័ន្ធខេត្តនេះស៊ើបអង្កេត ចំពោះអ្នកកាប់ឈើ និងអារឈើដែល ប្រើប្រាស់គ្រឿងញៀនប្រព្រឹត្តបទល្មើសព្រៃឈើខុសច្បាប់ ក្នុងតំបន់ព្រៃឡង់នៅពេលយប់។ ពួកគេសង្កេតឃើញថា អ្នកសេពគ្រឿងញៀនជាច្រើននាក់ បន្តសម្ងំ ធ្វើអាជីវកម្មឈើខុសច្បាប់ ក្នុងព្រៃអភិរក្សនេះ មិនទាន់ឃើញសមត្ថកិច្ចណាចុះអនុវត្តច្បាប់នៅឡើយទេ។
មន្ត្រីសង្គមស៊ីវិល និង ប្រជាសហគមន៍ការពារព្រៃឡង់អះអាងថា បច្ចុប្បន្នយុវជននៅមូលដ្ឋាន និងពលរដ្ឋមួយចំនួនបានប្រើប្រាស់ថ្នាំញៀន កាប់បំផ្លាញព្រៃឈើ និងដឹកឈើ ចេញពីតំបន់អភិរក្ស នៅពេលយប់ ដើម្បីបំបាត់ងងុយដេក។ ពួកគេសង្កេតឃើញថា សកម្មភាពនេះ កើតឡើងជាច្រើនឆ្នាំមកហើយ មិនឃើញសមត្ថកិច្ចជំនាញ ចុះបង្ក្រាបនៅឡើយទេ។
ក្រុមស្នូលបណ្ដាញសហគមន៍ព្រៃឡង់ខេត្តស្ទឹងត្រែង លោក គង់ រី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១ សីហាថា គ្រាន់តែផ្លូវចូលព្រៃឡង់មួយច្រក ក្នុងឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់មានក្រុមអ្នកអារឈើ និងដឹកឈើចេញពីព្រៃអភិរក្សនេះ មិនក្រោម ៥០នាក់ទេ ហើយពួកគាត់ភាគច្រើន បានសេពគ្រឿងញៀន ដើម្បីប្រព្រឹត្តបទល្មើសព្រៃឈើនៅពេលយប់។
លោកថា ពួកលោកតែងតែបានជួបក្រុមអ្នកដឹកឈើទាំងនោះ ហើយពួកគាត់និយាយថា ការសេពគ្រឿងញៀន ដើម្បីបំបាត់ងងុយដេក មានកម្លាំងខ្លាំង និងធ្វើការមិនងាយហត់។ លោកបន្តថា មកទល់ពេលនេះ ក្នុងតំបន់ពួកលោករស់នៅ មានសកម្មភាពចែកចាយ គ្រឿងញៀន បានរីករាលដាលដល់សហគមន៍ កាន់តែខ្លាំង៖ «វាទៅធ្វើការស៊ីឈ្នួលគេហ្នឹង ខ្ញុំសួរថា តើជក់ថ្នាំហ្នឹង វាយ៉ាងម៉េច ? ខ្លះថា បើយើងជក់ យើងអត់ហូបបាយ យើងអត់ឃ្លានបាយ អត់ងងុយដេក កម្លាំងថេរ។ ឱ្យតែអ្នកកាប់ឈើ ប្រើប្រាស់ទាំងអស់ ពីព្រោះពួកហ្នឹងកាប់បំផ្លាញ។
សមាជិកសហគមន៍ព្រៃឡង់រូបនេះបន្ថែមថា អ្នកសេពគ្រឿងញៀនខ្លះ មានកាំភ្លើងច្នៃប្រើប្រាស់ ហើយមានចរិតកោងកាច ធ្វើឱ្យពួកលោក ខ្លាចរអា មិនហ៊ានចូលទប់ស្កាត់បទល្មើសព្រៃឈើនៅពេលយប់ឡើយ។ លោកបញ្ជាក់ថា កន្លងទៅ ពួកលោកបានផ្តល់ព័ត៌មាននេះ ទៅសមត្ថកិច្ចជំនាញជាហូរហែ ប៉ុន្តែគ្មានបានផលទេ៖ «ខ្ញុំហានិភ័យត្រង់ថា កម្លាំងយើងតិច កាលណាពួកហ្នឹងប្រើប្រាស់គ្រឿងញៀន វាអត់ស្គាល់យើង ថា ការពារធនធានធម្មជាតិទេ វាមានអាវុធ ជូនកាល វាមុនចាស់ក្នុងព្រៃ បាញ់សត្វព្រៃ ព្រោងព្រាត បាញ់ខ្លាឃ្មុំ។ ពួកហ្នឹងអត់ខ្លាចទេ ដេញបាញ់ពួកយើង។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីនាយប៉ុស្តិ៍នគរបាលឃុំកាំងចាម លោក ឡុង សាវ៉េត បាននៅឡើយទេ នៅថ្ងៃទី១ សីហា។ ចំណែកស្នងការខេត្តស្ទឹងត្រែង លោក អូត ស៊ីវត្ថា ក៏វិទ្យុអាស៊ីសេរី មិនអាចសុំការបំភ្លឺបានដែរ នៅថ្ងៃដដែលនេះ ដោយទូរស័ព្ទហៅចូលច្រើនដង តែគ្មានអ្នកលើក។
កាលពីចុងឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានណែនាំឱ្យអភិបាលខេត្តថ្មី លោក ស្វាយ សំអ៊ាង ត្រូវពង្រឹងយន្តការបង្ក្រាបគ្រឿងញៀនឱ្យមានប្រសិទ្ធភាព និងត្រូវបង្ក្រាបគ្រឿងញៀន ហូរចូលពីប្រទេសឡាវតាមច្រករបៀងដោយប្រុងប្រយ័ត្ន។ លោក ស ខេង បារម្ភថា អ្នកជាប់ឃុំនៅទូទាំងកម្ពុជាសរុបទាំងអស់ជិត ៤ម៉ឺននាក់ (៣៨.០០០) នាក់ក្នុងនោះ ៥១ភាគរយ គឺជាអ្នកទោសគ្រឿងញៀន។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តស្ទឹងត្រែង លោក ប៊ី វ៉ាន់នី សង្កេតឃើញថា បច្ចុប្បន្នការចែកចាយគ្រឿងញៀន បានជ្រាបដល់តំបន់ដាច់ស្រយាល ជាពិសេស អ្នកសេពភាគច្រើនគឺ ប្រព្រឹត្តបទល្មើសព្រៃឈើ ហើយការទប់ស្កាត់នៅតែគ្មានប្រសិទ្ធភាព។ លោកបារម្ភថា ការបណ្ដែតបណ្ដោយឱ្យបាតុភាពនេះ កើតឡើងដដែលៗ គ្មានយន្តការលុបបំបាត់ នឹងបង្កហានិភ័យដល់សុវត្ថិភាពសង្គម និងបំផ្លាញសេចក្ដីសុខពលរដ្ឋ៖ «បញ្ហាព្រៃឈើវាមានអ្នកកាប់ទន្ទ្រានវាជាទម្លាប់ទៅហើយ ដែលអ្នកកាប់ទន្ទ្រានព្រៃឈើហ្នឹង ប្រើប្រាស់គ្រឿងញៀននោះ វាមិនមែនជារឿងថ្មីទេ។ បើសមត្ថកិច្ចមានឆន្ទៈទប់ស្កាត់ គឺអាចទប់ស្កាត់បាន»។
មន្ត្រីសង្គមស៊ីវិលរូបនេះ បន្ថែមថា យុវជនមួយចំនួន សេពគ្រឿងញៀនតាមគុម្ពព្រៃ សាលារៀន និងទីកន្លែងណា ដែលស្ងាត់ៗ។ ហើយ ការបង្ក្រាបរបស់អាជ្ញាធរនៅមានតិចតួចនៅឡើយទេ ស្របពេលអ្នកប្រើប្រាស់នៅតែមានចំនួនច្រើន។ លោកជំរុញសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ថា ត្រូវអនុវត្តគោលនយោបាយ របស់ក្រសួងមហាផ្ទៃ ឱ្យមានប្រសិទ្ធភាព ដោយត្រូវលុបបំបាត់អំពើពុករលួយពាក់ព័ន្ធនឹងគ្រឿងញៀន ជាពិសេស ត្រូវអនុវត្តច្បាប់ដោយស្មើភាពគ្នា។
របាយការណ៍របស់គណៈកម្មការទី ៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ បង្ហាញថា ក្នុងឆ្នាំ២០២១ សមត្ថកិច្ចបង្ក្រាបសារធាតុញៀន ជាង ៤ តោន និងឃាត់ខ្លួនមនុស្សបានជាង ១ម៉ឺននាក់ក្នុងនោះមានជនបរទេស ៣៦២នាក់។
ចំណែក ក្នុងឆ្នាំ២០២០ សមត្ថកិច្ចបង្ក្រាបបានបទល្មើសគ្រឿងញៀនជាងមួយម៉ឺនករណី ដោយឃាត់ខ្លួនមនុស្សបាន ២១.៥៦៦នាក់។ រីឯកាលពីឆ្នាំ២០១៩ សមត្ថកិច្ចបង្ក្រាបបាន ៩.៨០៦ករណី និងឃាត់ខ្លួនជនសង្ស័យបាន ២០.៤៩០នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។