ពលរដ្ឋ​ស្នើ​ដល់​អាជ្ញាធរ​ឲ្យ​បង្កើន​ការ​ផ្សព្វផ្សាយ​ពី​បញ្ហា​សំរាម ក្រោយ​ពិធី​បុណ្យ​អុំទូក​បាន​បន្សល់​ទុក​សំរាម​ប្រមាណ ១ម៉ឺនតោន

0:00 / 0:00

ពលរដ្ឋ​ស្នើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ឲ្យ​បង្កើន​ការ​ផ្សព្វផ្សាយ​អប់រំ​ប្រជាពលរដ្ឋ​អំពី​ការ​ប្រើប្រាស់ និង​គ្រប់គ្រង​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ក្រោយ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បាន​បន្សល់​ទុក​សំរាម​ជាង ១ម៉ឺន​តោន ។

បន្ទាប់​ពី​ព្រះរាជ​ពិធី​បុណ្យ អុំទូក បណ្ដែតប្រទីប និង​សំពះព្រះខែ អកអំបុកបាន​បញ្ចប់​ទៅ កាល​ពី​ថ្ងៃទី១៦ ខែ​វិច្ឆិកា សកម្មភាព​ប្រមូល​សំរាម ចេញពី​ទីតាំង​ប្រារព្ធ​កម្មវិធី​នៅ​មិន​ទាន់​បាន​បញ្ចប់​នៅ​ឡើយ។

កូដករ​ណាហ្គាវើលដ៍ អ្នកនាង ម៉ម សុវឌ្ឍិន ដែល​បាន​លក់​ដូរ​នៅ​តាម​សួន​ក្នុង​ពិធី​បុណ្យ​អុំទូក ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី១៧ ខែ​វិច្ឆិកា​ថា ពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ខ្លះ ដែល​មក​លេង​កម្សាន្ត​ក្នុង​ពិធីបុណ្យ​នេះ នៅ​ពុំ​ទាន់​រៀបចំ​ទុក​ដាក់​សំរាម​ឲ្យ​មាន​របៀប​រៀបរយ​នៅ​ឡើយ​ទេ ខណៈ​ក្រុម​អនាម័យ តែង​បោសសំអាត​ជា​ប្រចាំ ។ អ្នកនាង ស្នើ​ដល់​អាជ្ញាធរ និង​ក្រុមហ៊ុន​ប្រមូល​សំរាម​ឲ្យ​ផ្ដល់​រង្វាន់​លើក​ទឹក​ចិត្ត ជូន​ដល់​កម្មករ​បោស​សំអាត និង​ប្រមូល​សំរាម ខណៈ​ពួកគាត់ ពុំ​បាន​ជួបជុំ​គ្រួសារ នៅ​ថ្ងៃ​ឈប់​សម្រាក​ក្នុង​ពិធី​បុណ្យ​ជាតិ។

អ្នកនាង ម៉ម សុវឌ្ឍិន៖ «ជាក់ស្ដែង​ដែល​បង​ឃើញ​គឺ​ពិត​មែន​ដោយសារ សំរាម​ប្រសិន​បើ​គាត់​ចេះ​ចោល​សំរាម​ដោយ​មាន​សណ្ដាប់ធ្នាប់ មិន​ធ្វើ​ឲ្យ​អ្នក​សំអាត​មាន​ច្រើន​ក៏​បាន​ដែរ ឲ្យ​តែ​យើង​ចេះ​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ប៉ុន្តែ​ប្រជាជន​ខ្មែរ​យើង​មួយ​ចំនួន គាត់​នៅ​អត់​ទាន់​យល់​ពី​របៀបរបប​ចោល​សំរាម។ អីចឹង​ត្រូវតែ​មាន​បុគ្គលិក​ច្រើន​សម្រាប់​សំអាត​ពី​ក្រោយ​ពួកគាត់​ហូប»។

ចំណែក​សកម្មជន​បរិស្ថាន អ្នកនាង លឹម គឹមស័រ ថ្លែង​ថា អាជ្ញាធរ​គួរ​អប់រំ​ផ្សព្វផ្សាយ​ពី​បញ្ហា​សំរាម និង​ប្លាស្ទិក​ឲ្យ​បានជា​ប្រចាំ​នៅ​តាម​មូលដ្ឋាន ដើម្បី​ឲ្យ​ពួកគាត់​ផ្លាស់​ប្ដូរ​ទម្លាប់​ប្រើប្រាស់​សំរាម​ជា​ប្រចាំ និង​កាត់​បន្ថយ​ផល​ប៉ះពាល់​សុខភាព និង​បរិស្ថាន។ អ្នកនាង​ស្នើ​ដល់​អ្នក​រៀបចំ​កម្មវិធី​បុណ្យ​ជាតិ​នីមួយៗ ឲ្យ​ណែនាំ​ដល់​ពលរដ្ឋ និង​អាជីវករ ឲ្យ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិក និង​ជំនួស​មក​វិញ នូវ​ការ​ប្រើប្រាស់​ប្រដាប់​វេច​ខ្ចប់​បែប​ធម្មជាតិ ដូចជា​ស្លឹក​ឈូក ស្លឹកចេក និង​ស្លឹក​ត្នោត​ជាដើម។

អ្នកនាង លឹម គឹមស័រ៖«នៅ​ក្នុង​ឆ្នាំ​ហ្នឹង យើង​ឃើញ​ថា មាន​សំរាម​រហូត​ដល់​១ម៉ឺន​តោន យើង​អត់​ទាន់​ដឹង​ថា តើ​រដ្ឋាភិបាល​បម្លែង​សំរាម​ហ្នឹង​ទៅ​ជា​អ្វី?តើ​រដ្ឋាភិបាល​នឹង​រៀបចំ​ទុកដាក់​សំរាម​ហ្នឹង​ដោយ​របៀប​ណា?ចុះ​ប្រសិនបើ​ឆ្នាំ​ក្រោយ​សំរាម ដែល​យើង​កំពុង​តែ​មាន​អត់​ទាន់​បាន​រំលាយ ឬ​អត់​ទាន់​មាន​វិធានការ​ផង​ស្រាប់​តែ​មាន​សំរាម​ថ្មី​មក​ទៀត អីចឹង​ប្រទេស​យើង​វា​នឹង​ជា​ទីលាន​ចាក់​សំរាម​តែ​ម្ដង ។ អីចឹង​នៅ​ត្រង់​ចំណុច​នេះ ខ្ញុំ​គិត​ថា រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ គួរតែ​ចូលរួម​ទាំង​អស់​គ្នា ដើម្បី​ធ្វើ​យ៉ាង​ណា បើ​មិន​អាច​កម្ទេច​សំរាម​ហ្នឹង​បាន​ទេ យើង​គួរតែ​មាន​វិធានការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​សំរាម»។

ការ​ស្នើ​សុំ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អភិបាល​រង នៃ​អភិបាល​រាជធានី​ភ្នំពេញ លោក ហួត ហៃ បាន​ថ្លែង​ថា ក្រុមហ៊ុន​ប្រមូល​សំរាម ចំនួន​៣​ក្រុមហ៊ុន បាន​ប្រមូល​សំរាម​និង​សំណល់​ប្លាស្ទិក​ជាង​១ ម៉ឺន​តោន (១០.៥០០) ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ក្នុង​រយៈពេល​៣​ថ្ងៃ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក និង​បាន​ដឹកជញ្ជូន​សំរាម​ទាំង​នេះ ទៅ​ចាក់​នៅ​ទីលាន​ចាក់​សំរាម។ លោក​ថ្លែង​បែប​នេះ នៅ​មុខ​អ្នក​ចូលរួម​ទិវា «អនាម័យ​បរិស្ថាន​ជាតិ ២៣ វិច្ឆិកា» ជាង​១ពាន់​នាក់ (១.០២៦) នៅ​សួន​ច្បារ​វត្ត​បទុមវតី ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃទី​១៧ ខែ​វិច្ឆិកា។

ជុំវិញ​បញ្ហា​នេះ អ្នក​ស្រាវជ្រាវ និង​ឃ្លាំមើល​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា លោក សេង សុខហេង មាន​ប្រសាសន៍​ថា ក្នុង​ពិធីបុណ្យ​អុំទូក នៅ​ឆ្នាំ​នេះ ពលរដ្ឋ​មួយ​ចំនួន បាន​យល់​ដឹង​ពី​ការ​ចោល​សំរាម តាម​ទី​សាធារណៈ ដែល​អាជ្ញាធរ​បាន​រៀបចំ ក៏ប៉ុន្តែ​បរិមាណ នៃ​ការ​ចោល​សំរាម​ពាសវាលពាសកាល នៅ​តែ​ស្ថិត​ក្នុង​ចំនួន​ច្រើន​ដដែល។ លោក​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​បង្កើន​ការ​ផ្សព្វផ្សាយ​អប់រំ​អំពី​ផល​ប៉ះពាល់ និង​ការ​បែងចែក ការ​គ្រប់គ្រង និង​ការ​កែច្នៃ​សំរាម​ឡើង​វិញ ហើយ​ពលរដ្ឋ​ក៏​គួរតែ​ស្វែងយល់​ដោយ​ខ្លួន​ឯង​អំពី​បញ្ហា​អស់​ទាំង​នេះ។

លោក សេង សុខហេង៖«នៅ​តាម​ទី​សាធារណ គឺ​ឃើញ​មាន​ការ​បិទ​ស្លាក​ថា«ហាម​ចោល​សំរាម»ហើយ​មាន​ការ​ព្រមាន ប៉ុន្តែ​ការ​អនុវត្ត​ហាក់​បី​ដូចជា មិន​សូវ​ធ្វើ​ឲ្យ​មាន​ប្រសិទ្ធភាព​ប៉ុន្មាន​ទេ គឺ​មាន​តិចតួច​បំផុត អីចឹង​អាជ្ញាធរ​គួរតែ​ពង្រឹង​វិធានការ​ក្នុង​ការ​អនុវត្ត​ច្បាប់​ការ​ផ្សព្វផ្សាយ​បន្ថែម​ទៀត ឲ្យ​បាន​កាន់​តែ​ទូលំទូលាយ ហើយ​នេះ​ក៏​ជា​ការ​ចូលរួម​ចំណែក​មួយ​ក្នុង​ការ​វេច​ខ្ចប់ ក្នុង​ការ​ទុកដាក់ ក្នុង​ការ​គ្រប់គ្រង​សំរាម​ឲ្យ​មាន​របៀប​រៀបរយ»។

មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ ឲ្យ​ដឹង​ថា កាល​ពី​យប់​ថ្ងៃទី១៦ ខែ​វិច្ឆិកា កម្លាំង​កម្មករ​បោសសំអាត ជាង ៣រយនាក់ (៣៣០) និង​ក្រុមហ៊ុន​ប្រមូល​សំរាម បាន​បោសសំអាត និង​ប្រមូល​សំរាម ក្នុង​បរិវេណ​ទីតាំង​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក តាំង​ពី​ម៉ោង ១២​រំលង​អាធ្រាត្រ រហូត​ដល់​ម៉ោង ៧​ព្រឹក​ថ្ងៃ១៧ ខែ​វិច្ឆិកា។

គេ​សង្កេត​ឃើញ​ថា ក្រោយ​ការ​បោសសម្អាត និង​ប្រមូល​សំរាម នៅ​លើ​ដង​ផ្លូវ​តាម​បណ្ដោយ​មាត់​ទន្លេ គឺ​ពុំ​សូវ​មាន​សំរាម​ឡើយ ហើយ​រថយន្ត​ប្រមូល​សំរាម និង​រថយន្ត​លាង​សម្អាត​ផ្លូវ នៅ​កំពុង​បន្ត​សកម្មភាព​របស់​ពួកគេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។