សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​រិះគន់​អាជ្ញាធរ​ខេត្ត​កែប នៅ​តែ​បន្ត​ចាក់​ដី​លុប​សមុទ្រ

0:00 / 0:00

សង្គម​ស៊ីវិល​ និង​ប្រជាពលរដ្ឋ​រិះគន់​អាជ្ញាធរ​ខេត្ត​កែប​ ដែល​នៅ​បន្ត​ចាក់​លុប​ឆ្នេរសមុទ្រ​ ថា​ជា​ការ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ឆ្នេរសមុទ្រ​ និង​ដី​ភ្នំ​ដែល​កាយ​ចេញ​ពី​តំបន់​ឧទ្យាន​អភិរក្ស​ក្រុងកែប​កំពុង​រងការ​បំផ្លិច​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​។ ចំណែក​ឯ​អាជីវករ​លក់ដូរ​នៅ​ចំណុច​ឆ្នេរ​ជ្រោយ​ដូង ត្អូញត្អែរ​ពី​ការ​លំបាក​ប្រកប​អាជីវកម្ម​របស់​ពួកគេ​ដោយសារ​តែ​អាជ្ញាធរ​ចាក់​ដី​លុប​សមុទ្រ​ពង្រីក​ឆ្នេរ​នេះ។

បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​កែប​បាន​ចាក់​ដី​លុប​ឆ្នេរសមុទ្រ​ ដើម្បី​ពង្រីក​ច្រាំង​ឆ្នេរ​ អាជីវករ​លក់ដូរ​ ៧៤គ្រួសារ​ រស់​នៅ​ក្រុងកែប ឱ្យ​ដឹង​ថា ពួកគេ​កំពុង​ប្រឈម​បញ្ហា​ សេដ្ឋកិច្ច​គ្រួសារ​យ៉ាង​ធ្ងន់ធ្ងរ។ ពួកគេ​ត្អូញត្អែរ​ថា ចាប់តាំង​ពី​មាន​គម្រោង​អភិវឌ្ឍ​លុប​ឆ្នេរ​សមុទ្រ​កន្លង​មក​នេះ​ ការ​ប្រកប​អាជីវកម្ម​លក់​ដូរ​របស់​អាជីវករ​ធ្លាក់​ចុះ​ដុនដាប​ ព្រោះ​គ្មាន​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​ដូច​មុន​ឡើយ។

អាជីវករ​អ្នកលក់​នៅ​ឆ្នេរ​ជ្រោយ​ដូង​ម្នាក់​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ប្រាប់​វិទ្យុ​អាស៊ី​កាល​ពី​ថ្ងៃ​ទី២១ ខែកញ្ញា​ថា មក​ទល់​ពេល​នេះ​ អាជ្ញាធរ​ខេត្ត​កែប​បាន​ចាក់​ដី​លុប​សមុទ្រ​បាន​ប្រមាណ ៨០% ហើយ​នៃ​គម្រោង​អភិវឌ្ឍ​ន៍។ លោកស្រី​បន្ត​ថា​ កាល​មិន​ទាន់​មាន​គម្រោង​នេះ​អាជីវករ​ ៧៤គ្រួសារ​ អាច​រក​ប្រាក់​ចំណូល​បាន​ខ្ពស់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ និង​ដោះ​បំណុល​ធនាគារ​។ លោកស្រី​បញ្ជាក់​ថា​ គ្រួសារ​លោកស្រី​មិន​មាន​មុខរបរ​អ្វី​ក្រៅ​ពី​លក់ដូរ​នៅ​ឆ្នេរ​ជ្រោយ​ដូង​នោះ​ទេ​ ប៉ុន្តែ​បច្ចុប្បន្ន​ អាជីវករ​ទាំងអស់​មាន​ជីវភាព​លំបាក​ព្រោះ​មិន​មាន​ភ្ញៀវ​មក​កម្សាន្ត​នៅ​ចំណុច​ឆ្នេរ​ជ្រោយ​ដូង​ដូច​ពេល​មុន​ឡើយ៖ « អាជីវករ​ និង​ប្រជាជន​នៅ​កែប​អត់​សប្បាយចិត្ត​ទេ​ ហើយ​បើ​ចាក់​លុប​ឆ្នេរ​ហើយ​ វិនិយោគ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ទៀត​ ពួក​យើង​រឹតតែ​សោកស្ដាយ​ខូចចិត្ត​។ ធម្មតា​ពួក​ខ្ញុំ​មក​រក​ស៊ី​ជំពាក់​លុយ​ធនាគារ​ ហើយ​តាំង​ពី​កូវីដ​មក​ចំណូល​ធ្លាក់​អស់​ ហើយ​យើង​ជំពាក់​ធនាគារ​ផង​ ចិញ្ចឹម​គ្រួសារ​ផង »

អាជីវក​រូប​នេះ​សោកស្ដាយ​តំបន់​រមណីយដ្ឋាន​ឆ្នេរ​ដ៏​មាន​សក្ដានុពល ដែល​ធ្លាប់​មាន​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​ ប៉ុន្តែ​បច្ចុប្បន្ន​ឆ្នេរ​ជ្រោយ​ដូង ​ដែល​ខ្សាច់​សក្បុស​ដ៏​ស្រស់​ស្អាត​នេះ​ នឹង​បាត់​រូបរាង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។ លើស​ពី​នេះ លោកស្រី​បារម្ភ​ថា បើ​ថ្ងៃ​អនាគត​ចំណុច​ឆ្នេរ​ជ្រោយ​ដូង​ប្រែ​ក្លាយ​ជា​តំបន់​អគារ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន និង​អ្នក​មានអំណាច។ លោក​ស្រី​ថា​អាជីវករ​ទាំង​អស់​នឹង​បាត់បង់​កន្លែង​ប្រកប​អាជីវកម្ម ហើយ​នឹង​មាន​ជីវភាព​កាន់តែ​ដុនដាប ព្រោះ​តំបន់​នោះ​ឆ្នាំង​បាយ​ និង​អាយុជីវិត​របស់​ពួក​គេ។

ស្រដៀង​គ្នា​នេះ​ដែរ​ អាជីវករ​ម្នាក់​ទៀត​ឈ្មោះ​ លោកស្រី​ ចាន់​ ស្រីម៉ៅ ថ្លែង​ថា ការ​ប្រកប​របរ​លក់ដូរ​របស់​លោកស្រី​បាន​ធ្លាក់​ចុះ​ ព្រោះ​មិន​មាន​ភ្ញៀវ​មក​អង្គុយ​នៅ​ខ្ចូស (Kiosk)​ និង​មក​មុជ​លំហែ​កាយ​ដូច​ពេល​កន្លង​ទៅ​ឡើយ។ លើស​ពី​នេះ​ លោកស្រី​ថា​ បរិយាកាស​នៅ​តំបន់​នោះ​មិន​អំណោយ​ផល​ ដោយសារ​រថយន្ត​ដឹក​ដី​ជា​ច្រើន​គ្រឿង បើក​ឆ្លង​កាត់​មុខ​តូប​របស់​ពួកគេ​ជា​រៀងរាល់ថ្ងៃ​ ដែល​ធ្វើ​ឱ្យ​ពួកគេ​ពិបាក​រក​ប្រាក់ចំណូល​។ លោកស្រី​បន្ថែម​ថា​ កន្លង​មក​ធ្លាប់​មាន​វិនិយោគិន​ជនជាតិ​ចិន​ ចុះ​មក​សិក្សា​ពី​គម្រោង​អភិវឌ្ឍ​នៅ​ចំណុច​ឆ្នេរ​ជ្រោយ​ដូង​ជា​បន្តបន្ទាប់​ ហើយ​លោក​ស្រី​បារម្ភ​ថា​ ប្រសិន​មាន​គម្រោង​អភិវឌ្ឍ​ទី​ក្រុង​រណប​ថ្មី​ដូច​នៅ​ក្រុង​កំពង់សោម​ អាជីវករ​ទាំង ៧៤គ្រួសារ​ប្រឈម​នឹង​បាត់បង់​មុខរបរ៖ « សោកស្ដាយ​ដែរ​ ប្រសិន​បើ​ទៅ​មុខ​ក្លាយ​ជា​ក្រុមហ៊ុន​ចិន​ អាជីវករ​នៅ​ហ្នឹង​អត់​មាន​កន្លែង​រក​ស៊ី​ទេ​ ហើយ​ប្រជាជន​អត់​មាន​កន្លែង​រកស៊ី​កាន់​តែ​ក្រ​ទៅ​ហើយ​។ ខ្ញុំ​មាន​ការ​សោកស្ដាយ​ដែរ​ ឆ្នេរ​សមុទ្រ​ពេល​ចាក់​អញ្ចឹង​ធ្វើ​ឱ្យ​បាត់បង់​សម្រស់​ធម្មជាតិ​ ភ្នំ​កាយ​អស់​អញ្ចឹង​ទៅ​ខូចខាត​បរិស្ថាន​ ខ្លាច​ថា​ពេល​មាន​ភ្លៀង​ហូរ​ច្រោះ​ដី​ទៀត »

Empty_kiosks_in_Kep_affected_by_beach_filling_092121_by_villager.jpg
រូប​នេះ​ អាជីវករ​ប្រាប់​ថា ខ្ចូស (Kiosk)​ គ្មាន​ភ្ញៀវ​មក​អង្គុយ​លំហែ​កាយ ហើយ​ឆ្នេរ​គ្មាន​ភ្ញៀវមក​ហែល​ទឹក​ដូច​ពេល​កន្លង​ទៅ​ឡើយ ដោយសារមាន​​រថយន្ត​ដឹក​ដី​ច្រើន​គ្រឿង បើក​ឆ្លង​កាត់​មុខ​តូប​របស់​ពួកគេាត់​ជា​រៀងរាល់ថ្ងៃ។ រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ

វិទ្យុ​អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​អភិបាល​ខេត្ត​កែប លោក​ សោម​ ពិសិដ្ឋ​ អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​កែប លោក វ៉ោ សុខា និង​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភត្រ្តា នៅ​ថ្ងៃ​ទី២១ កញ្ញា​ ដោយសារ​ទូរស័ព្ទ​ហៅ​ចូល​ជា​ច្រើន​ដង​តែ​គ្មាន​អ្នក​ទទួល។

ប៉ុន្តែ​អ្នកនាំពាក្យ​សាលា​ខេត្ត​កែប លោក វ៉ោ សុខា បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​វីអូឌី (VOD) ថា ការ​លុប​សមុទ្រ​នេះ គឺ​រដ្ឋបាល​ខេត្ត​កែប​មាន​គោល​បំណង​ពង្រីក​សក្ដានុពល ដើម្បី​ឱ្យ​ភាព​ងាយ​ស្រួល​សម្រាប់​ភ្ញៀវ​ទេសចរ​ទស្សនា​លំហែ​កាយ​នៅ​តំបន់​នោះ។ អ្នក​នាំ​ពាក្យ​រូប​នេះ បាន​អះអាង​ថា​គម្រោង​លុប​ឆ្នេរ​សមុទ្រ​នេះ​ មិន​បាន​ផ្តល់​ឱ្យ​ក្រុមហ៊ុន​ឯកជន​ណា​មួយ​ឡើយ ប៉ុន្តែ​លោក​ថា ក្រុមហ៊ុន​ឯកជន​មាន​ការ​ស្នើ​សុំ​ឯកភាព​ពី​ថ្នាក់​ជាតិ​ និង​ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​ជា​មុន។

ជុំវិញ​រឿង​នេះ សង្គម​ស៊ីវិល និង​ក្រុម​អ្នក​ការពារ​បរិស្ថាន​ព្រួយ​បារម្ភ​ថា ចំណុច​ឆ្នេរ​ជ្រោយ​ដូង នឹង​អាច​ប្រែ​ក្លាយ​ជា​ទី​ក្រុង​ទំនើប​ មាន​អគារ​វិនិយោគ​ក្រុមហ៊ុន​ចិន​ និង​អ្នក​មាន​អំណាច​ទៅ​ថ្ងៃ​អនាគត​ ដោយ​សារ​តែ​អាជ្ញាធរ​មូលដ្ឋាន​អនុវត្ត​គម្រោង​លុប​ឆ្នេរ​សមុទ្រ​នេះ​ធ្វើ​ឡើង​យ៉ាង​តក់​ក្រហល់ គ្មាន​ការ​ចេញ​អនុក្រឹត្យ​ស្ដីពី​អនុបយោគ​នៃ​ទំហំ​ផ្ទៃ​ដី​សមុទ្រ​ពី​រដ្ឋាភិបាល​នៅ​ឡើយ។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) លោក វ៉ន ពៅ មាន​ប្រសាសន៍​ថា ប្រសិន​បើ​ទៅ​ថ្ងៃ​ខាង​មុខ​ឆ្នេរ​ជ្រោយ​ដូង​លេច​ចេញ​គម្រោង​អគារ​វិនិយោគ​ក្រុមហ៊ុន​ចិន​ និង​អ្នក​មាន​អំណាច​ រដ្ឋាភិបាល​ និង​អាជ្ញាធរ​មូលដ្ឋាន​ ត្រូវ​បង្ហាញ​របាយការណ៍​ ដើម្បី​ធានា​ថា​សំណង់​​ទាំង​នោះ ធ្វើ​ឡើង​ដើម្បី​លើក​កម្ពស់​សេដ្ឋកិច្ច​ប្រជាជន​មូលដ្ឋាន​ និង​មាន​តម្លាភាព​។ លោក​សង្កត់​ធ្ងន់​ថា​ អំឡុង​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ-១៩ អាជ្ញាធរ​មូលដ្ឋាន​ គួរ​តែ​ផ្តល់​ជំនួយ​ និង​លើក​ស្ទួយ​ដល់​អ្នក​ប្រកប​របរ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។ លោក​ជំរុញ​អាជ្ញាធរ​ខេត្ត​កែប ឱ្យ​ពិនិត្យ​ពិចារណា​ រក​ដំណោះ​ស្រាយ​ដល់​អាជីវករ​ ដែល​ប្រឈម​នឹង​បញ្ហា​សេដ្ឋកិច្ច​ប៉ះពាល់​នៃ​គម្រោង​អភិវឌ្ឍ​ឆ្នេរ​សមុទ្រ​នេះ៖ « រដ្ឋ​នៅ​ពេល​ដែរ​អភិវឌ្ឍ​អ្វី​មួយ​ ធ្វើ​ឱ្យ​បាត់​ប្រាក់​ចំណូល​ ឬ​បាត់​អាជីវកម្ម​របស់​ពួកគាត់​ រដ្ឋ​គួរ​ពិចារណា​ដែរ​។ កាល​ការ​អភិវឌ្ឍ​នោះ​ធ្វើ​ឱ្យ​ប៉ះពាល់​ជីវភាព​ប្រជា​ពលរដ្ឋ​គឺ​ជា​រឿង​មួយ​ថា ការ​អភិវឌ្ឍ​នោះ គឺ​មិន​បាន​គិត​ទុក្ខ​លំបាក​ប្រជា​ពលរដ្ឋ​ និង​គោល​ការណ៍​ដែរ​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ថា ជា​អ្នក​ធានា​ពី​ជីវភាព​របស់​ប្រជាពលរដ្ឋ។ អ៊ីចឹង​កាល​ណា​លុប​ឆ្នេរ​នេះ​ធ្វើ​ឱ្យ​ដល់​អាជីវកម្ម បាត់​មុខ​របរ​ពលរដ្ឋ​ជា​ចំណុច​មួយ ដែល​ខ្ញុំ​គិត​ថា ជីវភាព​ប្រជាពលរដ្ឋ​ដើរ​ថយ​ក្រោយ »

ចំណែក​ឯ​ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ​លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសិន ​(Alejandro Gonzalez-Davidson) ​ថា អាជ្ញាធរ​ខេត្ត​អនុវត្ត​គម្រោង​លុប​ឆ្នេរ​សមុទ្រ​កន្លង​មក​នេះ មិន​មាន​តម្លាភាព និង​គិតគូរ​ពី​ផល​ប៉ះពាល់​សង្គម​ឱ្យ​បាន​ល្អិតល្អន់។ លោក អាឡិច រិះគន់​របប​លោក ហ៊ុន សែន ថា ការ​លុប​ឆ្នេរ​សមុទ្រ លុប​បឹង​កន្លង​មក​នេះ ប្រជាជន​មូលដ្ឋាន​ប្រឈម​រងគ្រោះ​ដោយសារ​ទឹក​ជំនាន់​នៅ​រដូវ​វស្សា​ជា​បន្ត​បន្ទាប់។ លើស​ពី​នេះ​ ធ្វើ​ឱ្យ​បាត់បង់​ធនធាន​ជីវចម្រុះ ផ្ទៃ​ទឹក​សមុទ្រ​រង​ការ​បំពុល ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មច្ឆាជាតិ​ហិនហោច​នៅ​ថ្ងៃ​អនាគត។ លោក អេឡិច លើក​ទឹក​ដល់​របប​ឯក​បក្ស គួរ​តែ​បញ្ឈប់​វប្បធម៌​បំផ្លាញ​ធម្មជាតិ​ក្រោម​ហេតុផល​នេះ ដើម្បី​ទុក​ធនធាន​ធម្មជាតិ​មួយ​ចំណែក​តូច​​ឱ្យ​មនុស្ស​ជំនាន់​ក្រោយ​បាន​ស្គាល់៖ « ការ​អភិវឌ្ឍ​ទី​ក្រុង​រណប​ក្ដី​ លុប​បឹង​ក្ដី​ ហើយ​ឥឡូវ​លុប​សមុទ្រ​កែប​នេះ គឺ​ជា​រឿង​ដែល​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​សកម្មជន​បរិស្ថាន​គួរ​ឱ្យ​បារម្ភ​បំផុត​។ ក្រុមហ៊ុន​ចិន​ វិស័យ​ឯកជន​ក្ដី​ វិស័យ​រដ្ឋ​ក្ដី​ វិនិយោគ​នៅ​ប្រទេស​កម្ពុជា​ដឹង​ថា​ការ​រំលោភ​សិទ្ធិ​មនុស្ស​កើ​ត​ឡើង​ ប្រជាជន​ក្នុង​មូលដ្ឋាន​មិន​សប្បាយ​ចិត្ត អត់​ចំណេញ​ទេ »

ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ប្រើប្រាស់​ និង​ការ​ចាត់​ចែង​លើ​ទ្រព្យ​សម្បត្តិ​រដ្ឋ​ មាត្រា ៥ ចែង​ថា ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​ដែល​កើត​មាន​ពី​ធម្មជាតិ​មាន​ជា​អាទិ ឆ្នេរសមុទ្រ បឹង ព្រៃឈើ ទន្លេ កោះ រ៉ែ ភ្នំ ស្ថិត​ក្រោម​អធិបតេយ្យ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ មក​ជា​ទ្រព្យ​សម្បត្តិ​ឯកជន​របស់​រដ្ឋ មាត្រា ២៧ ចែង​ថា លក្ខណ​នៃ​ការ​ប្រើប្រាស់​របស់​រដ្ឋ​ត្រូវ​តែ​បម្រើ​ប្រយោជន៍​ជា​សាធារណៈ​ និង​មាន​ការ​ធ្វើ​អនុបយោគ កំណត់​ដោយ​អនុក្រឹត្យ​មាន​ហត្ថលេខា​នាយក​រដ្ឋមន្ត្រី។

ប្រជាពលរដ្ឋ និង​ក្រុម​អ្នក​ការពារ​បរិស្ថាន បង្ហាញ​ពី​ការ​ស្ដាយ​ស្រណោះ​ធនធាន​ព្រៃ​ និង​ដី​តំបន់​ភ្នំ​ឧទ្យាន​ជាតិ​ភ្នំ​កែប​ និង​ភ្នំ​វល្លិ​ដែល​ជា​រមណីយដ្ឋាន​ដ៏​ល្បី​ល្បាញ ត្រូវ​គេ​បំផ្លិច​បំផ្លាញ​ធ្វើ​អាជីវកម្ម​ ដើម្បី​យក​ថ្ម​ និង​អាចម៍​ដី​ដើម្បី​ចាក់​លុប​ឆ្នេរ​សមុទ្រ​កន្លង​មក​នេះ។ ក្រៅ​ពី​ការ​អភិវឌ្ឍ​នេះ ប្រជា​ពលរដ្ឋ​ក្រុងកែប​អះអាង​ថា​ តំបន់​ចង្កេះ​ភ្នំ​ចំណាក់​ចង្អើរ​ ត្រូវ​បាន​ក្រុម​អ្នក​មាន​អំណាច​ដែល​ឪពុកក្មេក​អភិបាល​ខេត្ត​កែប គឺ​លោក ថោង ខុន និង​មេ​ប៉ូលីស​ស័ក្ដិ​បួន​កន្លះ លោក ខុន មុន្នីឧត្តម មាន​រថយន្ត​ដឹក​ដី និង​គ្រឿង​ចក្រ​រាប់​សិប​គ្រឿង​ធ្វើ​អាជីវកម្ម​ថ្ម​ភ្នំ​យក​អាចម៍​ដី​លក់​ឱ្យ​ក្រុមហ៊ុន​ឯកជន​យ៉ាង​គគ្រឹកគគ្រេង៕

Excavator_excavate_hill_rock_for_filling_Chroy_Daung_beach_092121.jpg
ទិដ្ឋភាព​ភ្នំឧន្យានជាតិក្រុងកែប ដែលគេកាយយកដីចាក់លុបឆ្នេរ ជ្រោយដូង ខេត្តកែប ថ្ងៃ​ទី២១ ខែកញ្ញា ឆ្នាំ២០២១។ រូប៖ ពលរដ្ឋ​ផ្ដល់ឱ្យ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។