ក្រុមអង្គការសង្គមស៊ីវិល ទទូចឱ្យកងរាជអាវុធហត្ថ និងតុលាការខេត្តស្ទឹងត្រែង ដោះលែងសកម្មជនបរិស្ថានទាំង៥នាក់ និងអ្នកសារព័ត៌មានម្នាក់វិញ ដោយលើកហេតុផលថា ការចូលរួមការពារបរិស្ថាននិងធនធានធម្មជាតិ មិនមែនជាបទល្មើសនោះទេ។ សំណើនេះ ធ្វើឡើងក្នុងពេលបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង កំពុងសាកសួរសកម្មជនបរិស្ថានទាំង៥នាក់ និងអ្នកសារព័ត៌មានម្នាក់។
សង្គមស៊ីវិលស្នើឱ្យកងរាជអាវុធហត្ថនិងតុលាការពិចារណាឡើងវិញ ចំពោះនីតិវិធីនៃការឃាត់ខ្លួនសកម្មជនបរិស្ថាននិងដោះលែងពួកគាត់ឱ្យមានសេរីភាពដើម្បីបញ្ចៀសការរិះគន់ពីមជ្ឈដ្ឋានជាតិនិងអន្តរជាតិ។
ការទាមទាររបស់សង្គមស៊ីវិល ធ្វើឡើងនៅស្របពេលដែលកងរាជអាវុធខេត្តស្ទឹងត្រែង កំពុងសាកសួរសកម្មជនបរិស្ថានទាំង ៦នាក់ដែលត្រូវបានកម្លាំង សមត្ថកិច្ចចម្រុះឃាត់ខ្លួន កាលពីថ្ងៃទី២៣ ខែវិច្ឆិកា អំឡុងពេលពួកគាត់ធ្វើ សកម្មភាពឃ្លាំមើលបទល្មើសកាប់ព្រៃឈើខុសច្បាប់។យ៉ាងណា អាជ្ញាធរចោទថា សកម្មជនបរិស្ថានទាំង៦នាក់ ចូលតំបន់ហាមឃាត់ដោយគ្មានការអនុញ្ញាត។
សកម្មជនបរិស្ថាន និងអ្នកសារព័ត៌មានទាំង ៦នាក់នេះ រួមមានលោក អ៊ូច ឡេង លោក ហេង ស្រស់ លោក អូត ឡាទីន លោក មេន ម៉ាត់ លោក ព្រុំ ម៉ៅ និងលោក តាត ឧត្តម។ លោក តាត ឧត្តម គឺជាអតីតអ្នកសារព័ត៌មាន ភ្នំពេញ ប៉ុស្តិ៍ និងបច្ចុប្បន្នជាអ្នកសារព័ត៌មានឯករាជ្យ។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី មិនធ្វើអត្ថាធិប្បាយ ជុំវិញសំណុំរឿងនេះឡើយ ហើយឱ្យវិទ្យុអាស៊ីសេរី សួរអ្នកនាំពាក្យអយ្យការអម សាលាដំបូងខេត្តស្ទឹងត្រែងវិញ។
លោក អេង ហ៊ី៖ «ពាក់ព័ន្ធនឹងការឃាត់ខ្លួន ការស៊ើបអង្កេត អាហ្នឹងសុំសួរអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែងតែម្ដង គាត់ជាអ្នកដឹកនាំសម្របសម្រួល។ អ៊ីចឹងសុំឱ្យសួរគាត់ម្ដងទៅ»។
ព្រះរាជអាជ្ញារងសាលាដំបូងខេត្តស្ទឹងត្រែង លោក ជា សុភ័ក្ត្រ ថា លោកមិនបានដឹងរឿងឃាត់ខ្លួនសកម្មជនបរិស្ថានទេ។
លោក ជា សុភ័ក្ត្រ៖ «ពីព្រោះថ្ងៃនេះ អត់មែនវេនខ្ញុំប្រចាំការ ដល់អ៊ីចឹងខ្ញុំអត់ដឹងរឿងហេតុ។ [ខ្ញុំ] យល់ៗ ប៉ុន្តែខ្ញុំមិនទាន់បានដឹងរឿង គេអត់រាយការណ៍មកខ្ញុំគេរាយការណ៍ទៅអ្នកប្រចាំការ។ អ៊ីចឹងខ្ញុំអត់ដឹងសាច់រឿង ទាល់ថ្ងៃចន្ទបានដឹងសាច់រឿង»។
រីឯអ្នកនាំពាក្យសាលាដំបូងខេត្តស្ទឹងត្រែង លោក ឡៅ លាងហេង ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៤ ខែវិច្ឆិកា ថា លោកក៏មិនទាន់ទទួលព័ត៌មានដែរ ទោះបីជាសកម្មជនបរិស្ថានទាំង ៦នាក់ ត្រូវបានកម្លាំងចម្រុះឃាត់ខ្លួន និងកំពុងបន្តដំណើរការសាកសួរ ១ថ្ងៃរួចហើយក្តី។
លោក ឡៅ លាងហេង៖ «អត់ទាន់ទទួលសំណុំរឿងបាន ខ្ញុំមានក្មេងៗប្រចាំការហ្នឹង រៀងរាល់សៅរ៍ អាទិត្យ ខែបុណ្យមានប្រចាំការរហូត»។
អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក យិន ម៉េងលី មានប្រសាសន៍ថាការឆ្លើយ រុញទៅរុញមកបែបនេះ គឺជាការដោះសាយករួចខ្លួន ដើម្បីគេចពីការទទួលខុសត្រូវ រៀងៗខ្លួន។ លោកថា ជាគោលការណ៍ច្បាប់ កាលណាឃាត់ខ្លួនបុគ្គលណាម្នាក់ ទោះបីជាបទល្មើសជាក់ស្ដែងក្ដី និងមិនជាក់ស្ដែងក្ដី ដាច់ខាតត្រូវតែរាយការណ៍ទៅ ព្រះរាជអាជ្ញា ប៉ុន្តែបើមិនរាយការណ៍ទៅព្រះរាជអាជ្ញាទេ គឺខុសពីគោលការណ៍ច្បាប់។
លោក យិន ម៉េងលី៖ «ការឃាត់ខ្លួនមនុស្សនៅទីបញ្ជាការកងរាជអាវុធហត្ថ ការឃាត់ខ្លួនមនុស្ស ដែលត្រូវធ្វើឡើងដោយព្រះរាជអាជ្ញាហើយបែរជាថា មិនបានមិនបានឮអ៊ីចឹងមានន័យថា ការឃាត់ខ្លួននេះ គឺខុសច្បាប់ ឬយ៉ាងម៉េច? ហេតុអីមានការលាក់បំពួន ពាក់ព័ន្ធនឹងការឃាត់ខ្លួនមនុស្សនេះ? វាជាបញ្ហាមួយ អ៊ីចឹងធ្វើការពិនិត្យឡើងវិញ អំពីការឃាត់ខ្លួននេះ»។
លោក យិន ម៉េងលី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៤ ខែវិច្ឆិកា ថា ទោះបីជានៅតំបន់ ភ្នំក្រឡាពស់ ក្នុងភូមិសាស្ត្រឃុំតាឡាត ស្រុកសេសាន មានការហាមឃាត់ និងរឹតបន្តឹងក៏ពិតមែន ប៉ុន្តែអាជ្ញាធរខេត្ត ក៏បានឱ្យអាជ្ញាធរមូលដ្ឋាន ធ្វើការសម្រួលការចេញ-ចូលរបស់ប្រជាពលរដ្ឋ ដែលមិនរស់នៅតំបន់នោះដែរ។ លោកថា អាជ្ញាធរ និងតុលាការគួរពិចារណាឡើងវិញ និងដោះលែងសកម្មជនបរិស្ថានទាំង ៦រូប ឱ្យមានសេរីភាព ដើម្បីឱ្យពួកគាត់បានបន្តការងារការពារធនធានធម្មជាតិ និងអភិរក្សបរិស្ថានជាតិ។
លោក យិន ម៉េងលី៖ «យើងចង់ឱ្យអាជ្ញាធរ យើងចង់ឱ្យតុលាការធ្វើការពិចារណាឡើងវិញថា សកម្មជនទាំង ៦នាក់នេះ ចូលទៅក្នុងតំបន់ហ្នឹង ក្នុងគោលបំណងទៅចាប់ដី ឬក៏ទៅញុះញង់ ឬក៏ទៅបោកបញ្ឆោតប្រជាពលរដ្ឋឱ្យទៅចាប់រាន ឬក៏ពួកគាត់ចូលទៅចង់ដឹងពីស្ថានភាពទេ។ អ៊ីចឹងអាជ្ញាធរឬក៏ព្រះរាជអាជ្ញាធរគប្បីធ្វើការពិចារណាឡើងវិញ ទោះបីជាតំបន់នោះមានការហាមប្រាម ដោយអាជ្ញាធរខេត្ត តែពុំមែនជាតំបន់ដាក់ស្ថិតនៅក្នុងភាពប្រកាសអាសន្នទេ មិនមែនជាតំបន់ដាច់ខាតទេ»។
ចំណែកឯ នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៤ ខែវិច្ឆិកា ថា សកម្មជនបរិស្ថាន និងព្រៃឈើទាំង ៦រូប បានចូលរួមយ៉ាងសកម្មនៅក្នុង កិច្ចការពារបរិស្ថាន ធនធានធម្មជាតិ ព្រៃឈើ។ លោកថា ការងារបែបនេះ មិនមែនជាបទល្មើស ដែលត្រូវចោទប្រកាន់ ឃាត់ខ្លួនឬចាប់ខ្លួន និងឃុំខ្លួនបណ្ដោះអាសន្នឡើយ ប៉ុន្តែគួរបានការលើកទឹកចិត្ត និងគាំទ្រពីរដ្ឋាភិបាល។

លោកថា ក្រៅពីអាជ្ញាធរ និងរដ្ឋាភិបាល ការការពារធនធានធម្មជាតិ និងបរិស្ថាន ក៏ត្រូវមានការចូលរួមពីសកម្មជន និងប្រជាពលរដ្ឋសហគមន៍ ពីព្រោះការយកចិត្ត ទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធ គឺជារឿងចាំបាច់ ក្នុងការការពារទ្រព្យសម្បត្តិជាតិ។
លោក អំ សំអាត៖«ដូច្នេះសកម្មជនព្រៃឈើ និងបរិស្ថានទាំង ៦ រូបនេះ មិនមែនជាកម្មវត្ថុក្នុងការចោទប្រកាន់ ឬធ្វើការឃុំខ្លួននោះទេ គួរតែដោះលែងពួកគាត់ឱ្យមានសេរីភាព ហើយនិងចូលរួមការពារព្រៃ ធនធានធម្មជាតិ និងបរិស្ថានជាបន្តទៀត»។
ក្នុងចំណោមសកម្មជនបរិស្ថានទាំង ៦នាក់ ដែលត្រូវអាជ្ញាធរឃាត់ខ្លួននោះ ក៏មាន លោក អ៊ូច ឡេង ដែលជាអ្នកការពារព្រៃឈើដ៏លេចធ្លោមួយរូបនិងធ្លាប់ទទួល បានពានរង្វាន់ឆ្នើមផ្នែកការពារបរិស្ថាន ឌឹ ហ្គោលមេន អ៊ិនវាយរ៉ូមិនថល ប្រាយ៍ (The Goldman Environmental Prize) ក្នុងឆ្នាំ ២០១៦។
លោក អ៊ូច ឡេង និងលោក ហេង ស្រស់ ធ្លាប់ត្រូវបានចាប់ខ្លួនក្នុងឆ្នាំ២០២០ និង២០២១ ក្នុងខេត្តក្រចេះ ក្នុងករណីឃ្លាំមើលការចូលកាប់ព្រៃឈើដោយខុសច្បាប់ ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់។
អង្គការលីកាដូ ឱ្យដឹងថា សកម្មជន និងអ្នកសារព័ត៌មានទាំងនោះ បានចងក្រងពីសកម្មភាពបំផ្លាញព្រៃឈើក្នុងឧទ្យានជាតិ វើនសៃសៀមប៉ាង។ ឧទ្យានជាតិនេះហើយ ជាទីតាំងដែលសកម្មជនទាំង៦នាក់ ត្រូវបានឃាត់ខ្លួន និងក៏ជាកន្លែង ដែលរដ្ឋាភិបាលផ្ដល់ដីសម្បទានសេដ្ឋកិច្ច ឱ្យក្រុមហ៊ុន ធី.អេស.អិម.ដាប់បែល យូឯ.ក (TSM WW) ក្នុងឆ្នាំ២០២២ រួមទាំងការផ្តល់អាជ្ញាប័ណ្ណជីកយករ៉ែទៅក្រុមហ៊ុន ហ្គ្រីន វូត ឌីវេឡុបមេន ខមភេនី (Green Wood Development Company LTD) ផង។
ដីសម្បទានសេដ្ឋកិច្ចដែលត្រូវបានផ្ដល់ឱ្យក្រុមហ៊ុន ធី.អេស.អិម.ដាប់បែលយូ ឯ.ក (TSM Ww)បានរំលោភដល់សេចក្ដីសម្រេចរបស់រដ្ឋាភិបាលកាលពីឆ្នាំ២០១២ ស្ដីពីការផ្អាកផ្ដល់ដីសម្បទានសេដ្ឋកិច្ចថ្មីដោយសារតែជាប់ទាក់ទងទៅនឹងការបណ្ដេញចេញដ៏ច្រើនសន្ធឹកសន្ធាប់ការបំផ្លិចបំផ្លាញព្រៃឈើនិងការបាត់បង់ធនធានធម្មជាតិផ្សេងៗទៀតជាច្រើន។
អ្នកឃ្លាំមើលលើកឡើងថាអាជ្ញាធររដ្ឋាភិបាលកំពុងធ្វើចំណាត់ការខុសទិសដៅដោយទៅចោទ និងចាប់សកម្មជនបរិស្ថាន ដែលការពារធនធានធម្មជាតិ របស់ប្រទេស ប៉ុន្តែមិនចាត់ការក្រុមហ៊ុនឈ្មួញ ដែលកំពុងបំផ្លាញទៅវិញ។ ពួកគាត់ថា ការចាប់ខ្លួនមនុស្សខុសទិសដៅរបស់រដ្ឋាភិបាល នឹងបង្កការឈឺចាប់ កាន់តែខ្លាំងដល់ប្រជាពលរដ្ឋ និងវិនាសកម្មព្រៃឈើ ដែលនឹងអាចធ្វើឱ្យប្រជាពលរដ្ឋក្រោកឡើងតវ៉ា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។