មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋខេត្តបាត់ដំបងផ្តល់ក្តីសង្ឃឹមតិចតួច លើអភិបាលខេត្តដែលទើបតែងតាំងថ្មី គឺលោក សុខ លូ គ្រប់គ្រងធនធានរ៉ែឱ្យមានតម្លាភាព និងសុចរិតភាព កាត់បន្ថយផលប៉ះពាល់បរិស្ថាន និងសង្គម។ ពួកគេសង្កេតឃើញថា អភិបាលខេត្តមុនៗ ខ្វះចន្លោះច្រើនក្នុងការគ្រប់គ្រងធនធានធម្មជាតិដោយបណ្ដែតបណ្ដោយឱ្យភ្នំធម្មជាតិយ៉ាងហោចចំនួន ៥ភ្នំ ទទួលរងការជីកគាស់កាយកម្ទេចធ្វើអាជីវកម្ម ធ្វើឱ្យបាត់បង់រូបរាងពីសំណាក់ក្រុមហ៊ុនឯកជន និងបុគ្គលមានលុយមានអំណាច។
មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋរស់នៅបាត់ដំបងសំណូមពរឱ្យអភិបាលខេត្តបាត់ដំបងថ្មី លោក សុខ លូ យកចិត្តទុកដាក់ខ្ពស់ដោះស្រាយវិបត្តិបរិស្ថាន និងសង្គម ដែលបង្កឡើងដោយ អាជីវកម្មកាយកម្ទេចភ្នំចំនួន៥ ឋិតក្នុងស្រុកបាណន់។
ពលរដ្ឋរស់នៅភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ លោក សឹម សុភក្ត្រ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១២ តុលាថា គ្រាន់តែតំបន់ពួកលោករស់នៅមានភ្នំយ៉ាងហោចណាស់ចំនួន ៥ភ្នំ ត្រូវគេកាយកម្ទេចធ្វើអាជីវកម្ម អស់បន្តបន្ទាប់នៅរយៈពេល ១០ ឆ្នាំចុងក្រោយនេះ។ លោកបញ្ជាក់ថា ភ្នំទាំងនោះ រួមមាន ភ្នំទទឹង ភ្នំតាគ្រាម ភ្នំពពូល ភ្នំគូទឈ្នៀង និងភ្នំថ្មក្រហមជាដើម នឹងលែងមានវត្តមានក្នុងខេត្តភាគពាយ័ព្យនេះទៀតហើយ។ លោកបញ្ជាក់ទៀតថា ភ្នំតាគ្រាម និង ភ្នំគូទឈ្នៀង ត្រូវបានអ្នកមានអំណាចមួយចំនួនឃុបឃិតជាមួយអាជ្ញាធរមូលដ្ឋានខេត្តនេះ ជីកគាស់កាយ និងដំឡើងគ្រឿងចក្រ កាយរំលាយភ្នំយករ៉ែមានតម្លៃ បែបអនាធិបតេយ្យ។ លោកសង្កេតឃើញថា ភាគច្រើនអាជីវកម្មកាយភ្នំទាំងនេះគ្មានអាជ្ញាប័ណ្ណពីក្រសួងនោះទេ៖ «អភិបាលខេត្តថ្មីមិនទាន់ដឹងថា យ៉ាងណាទេ តែខ្ញុំថា តាមមើលដូចសង្ឃឹមតិចដែរ វាប៉ះពាល់ដែរ ដូចពលរដ្ឋនៅភ្នំពពូលអីរក ទំពាំងរក អ្នកក្រីក្រ បានរបរហ្នឹងលក់ កន្លែងផ្សិតអស់ហើយ។ ពលរដ្ឋរាល់ថ្ងៃ គាត់មិនហ៊ានងើបទេ បើងើប ក៏គេមិនដោះស្រាយឱ្យ » ។
អ្នកភូមិអះអាងថា ក្រុមហ៊ុនទាំងនោះរួមមាន ក្រុមហ៊ុន ហេង ឆាត ខនស្រ្តាក់សិន (Heng Chat Construction Co., Ltd) ក្រុមហ៊ុន ណឹម ម៉េង គ្រុប (NIM MENG GROUP Co., Ltd.) ក្រុមហ៊ុន តាំង ថៃឡុង (Tang Thailong Co., Ltd.) ក្រុមហ៊ុន ធី ឡុង (Thy Long) និងបុគ្គលមានលុយមានអំណាចមួយចំនួនទៀត ដែលអ្នកស្រុកតែងហៅថា ថៅកែ លី និងយាយ កន្តៀន។ ក្រុមហ៊ុន និងឈ្មួញទាំងនេះ បានដំឡើងគ្រឿងចក្រកាយភ្នំទាញយករ៉ែធម្មជាតិ បែបអនាធិបតេយ្យ ដោយគ្មានផ្តល់លទ្ធភាពឱ្យពលរដ្ឋមូលដ្ឋានសម្ដែងមតិ ក្នុងគម្រោងវិនិយោគខ្នាតធំនេះទេ។
វិទ្យុអាស៊ីសេរីនៅពុំទាន់អាចទាក់ទងសុំការបំភ្លឺពីតំណាងក្រុមហ៊ុនទាំងនេះបាននៅឡើយទេ នៅថ្ងៃទី១២ តុលា។ រីឯថៅកែ លី និងយាយកន្តៀនក៏មិនអាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ។
ពលរដ្ឋម្នាក់ទៀតរស់នៅឃុំតាគ្រាមស្រុកបាណន់ គឺលោក សួន ចិន្តា ស្ដាយស្រណោះភ្នំធម្មជាតិទាំងនេះ ដែលត្រូវក្រុមហ៊ុនវៀតណាមក្រុមហ៊ុនឯកជន និង ក្រុមអ្នកមានអំណាចដែលពួកគាត់មិនស្គាល់អត្តសញ្ញាណកាយកម្ទេចធ្វើអាជីវកម្មប៉ះពាល់ជីវភាពពលរដ្ឋរស់នៅតំបន់នោះ។ លោកថា ពលរដ្ឋរស់នៅក្បែរជើងភ្នំរំខានដោយសំឡេងបំផ្ទុះថ្មកម្ទេចកំបោរហូរចូលស្រែខូចដំណាំស្រូវ និង រថយន្តដឹកថ្មហុយធូលីដីបែងផ្សែងនៅរដូវប្រាំង។
លោកបន្ថែមថា អាជីវកម្មកាយភ្នំទាំងនេះ មិនត្រឹមតែមិនផ្តល់ផលចម្រើនដល់ពលរដ្ឋមូលដ្ឋានទេ ផ្ទុយទៅវិញ ធ្វើឱ្យពលរដ្ឋបាត់បង់ទីកន្លែងអាស្រ័យផលយ៉ាងសំខាន់របស់អ្នកស្រុក ដូចជា រកអនុផលព្រៃឈើតាមជើងភ្នំទាំងនេះ។ លោកជឿថា អភិបាលខេត្តថ្មី អាចនឹងពិបាកដោះស្រាយរឿងនេះ ព្រោះបុគ្គលមានអំណាច និងក្រុមហ៊ុនកាយភ្នំមានខ្នងបង្អែកមន្ត្រីកំពូលៗ ថ្នាក់ជាតិ។
ការលើកឡើងនេះ គឺបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃទី១១ តុលាបានធ្វើជាអធិបតីប្រកាសមុខតំណែង លោក សុខ លូ ជាអភិបាលខេត្តបាត់ដំបងថ្មី ជំនួសលោក ងួន រតនៈ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានណែនាំឱ្យអភិបាលបាត់ដំបង ដែលទើបតែងតាំងថ្មីដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋ ដោយត្រូវទទួលយកសំណូមពរ និងក្ដីកង្វល់ទាំងឡាយ របស់ពលរដ្ឋដោះស្រាយឱ្យមានប្រសិទ្ធភាពខ្ពស់។
ក្នុងពេលប្រកាសមុខតំណែង លោក សុខ លូ ជាអភិបាលខេត្តបាត់ដំបងថ្មី លោកបានប្ដេជ្ញាចិត្តថា នឹងប្រឹងប្រែង អភិវឌ្ឍមូលដ្ឋានប្រកបដោយសមធម៌ និងចិរភាព ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ។ លោកថា នឹងខិតខំដោះស្រាយជម្លោះដីធ្លីក្រៅប្រព័ន្ធតុលា ដើម្បីការពារប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋ៖ «ចូលរួមចំណែកលើកកម្ពស់សេវាសង្គម កសាង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ស្របតាមការអភិវឌ្ឍមូលដ្ឋាន ប្រកបដោយសមធម៌ និងសមភាព ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ របស់ពលរដ្ឋ » ។
ជុំវិញរឿងនេះមន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តបាត់ដំបង លោក យិន ម៉េងលី ឆ្ងល់ថា តើអាជីវកម្មកាយភ្នំទាំងនេះ មានតម្លាភាព និងគណនេយ្យភាពដែរ ឬទេ? ព្រោះអាជ្ញាធរមិនបានផ្សព្វផ្សាយឱ្យទូលំទូលាយនោះទេ។ លោកថា លោកមិនប្រឆាំងចំពោះការអភិវឌ្ឍនេះទេ ប៉ុន្តែចំណុចសំខាន់ អាជ្ញាធរត្រូវគ្រប់គ្រងធនធានធម្មជាតិ ដែលមានស្រាប់ ស្របតាមគោលការណ៍អភិវឌ្ឍន៍ និងច្បាប់ជាមូលដ្ឋាន ធ្វើយ៉ាងណាឱ្យមានតម្លាភាព និងគណនេយ្យភាព បម្រើប្រយោជន៍ពលរដ្ឋព្រមទាំងកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងសង្គម៖ «ឱ្យតែការអភិវឌ្ឍនោះចំទិសដៅ ដើម្បីប្រយោជន៍ទាំងអស់គ្នា ដែលខ្ញុំលើកនេះ គឺពិសេស ការគ្រប់គ្រង អភិវឌ្ឍន៍ និងគ្រប់គ្រងទៅលើអ្វី ដែលយើងមានស្រាប់ ដែលយើងបានពីការអភិវឌ្ឍយកមកប្រើប្រាស់ ឱ្យបានត្រឹមត្រូវ តាមគោលការណ៍អភិវឌ្ឍន៍ ដើម្បីប្រយោជន៍ទាំងអស់គ្នា។ ខ្ញុំគិតថា អាហ្នឹងជាការល្អហើយ » ។
ទោះជាពលរដ្ឋ និងមន្ត្រីអង្គការសង្គមស៊ីវិលមានក្ដីរំពឹងទុកបែបនេះ លោក សុខ លូ ក៏ជាប់ឈ្មោះជាមន្ត្រីដែលមានរឿងអាស្រូវច្រើនដែរ។ ក្នុងតំណែងជាអភិបាលកំពង់ធំជាង ៥ឆ្នាំ លោករងការចោទប្រកាន់ថា បណ្ដែតបណ្ដោយឱ្យមន្ត្រីថ្នាក់ក្រោម ប្រព្រឹត្តអំពើពុករលួយរឿងអភិវឌ្ឍន៍មូលដ្ឋាន ជាពិសេស រឿងបទល្មើសព្រៃឈើដោយបណ្ដោយឱ្យមានឧក្រិដ្ឋកម្មកាប់បំផ្លាញព្រៃឈើខុសច្បាប់ក្នុងដែនជម្រកសត្វព្រៃឡង់ និងធ្វើទុក្ខបុកម្នេញ ចំពោះពលរដ្ឋណា ដែលក្លាហានការពារធនធានធម្មជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។