ក្រសួង​បរិស្ថានគួរ​ការពារ​ព្រៃឈើ​ដែល​មាន​ស្រាប់​ឱ្យ​បាន​គង់វង្ស «ជា​ជាង​ចែក​កូន​ឈើ​ឱ្យ​ពលរដ្ឋ​ដាំ»

ប្រជា​សហគមន៍​ព្រៃឈើ និង​សកម្មជន​បរិស្ថាន​លើកឡើង​ថា ការចែក​កូនឈើ​ឱ្យ​ប្រជា​ពលរដ្ឋ​ដាំ គឺ​មិន​បាន​បង្កើន​គម្រប​ព្រៃឈើ​ដោយ​ប្រសិទ្ធភាព​នោះ​ឡើយ ដរាបណា​ព្រៃឈើ​ដែល​មាន​ស្រាប់​នៅតែ​រង​ការ​កាប់​បំផ្លាញ និង​ទន្ទ្រាន​យក​ជា​ធ្វើជា​កម្មសិទ្ធិ​ឯកជន​ផ្ទាល់ខ្លួន។ ការ​លើកឡើង​នេះ ក្រោយ​ពេល​ដែល​ក្រសួង​បរិស្ថាន​ប្រកាស​ថា នឹង​អាច​បណ្ដុះ​កូនឈើ​បាន​ជាង ១​លាន​ដើម ដើម្បី​ចែក​ដល់​ប្រជាពលរដ្ឋ​ក្នុង​ឆ្នាំ​២០២៤។

ប្រជា​សហគមន៍​ព្រៃឈើ និង​សកម្មជន​បរិស្ថាន​លើកឡើង​ប្រហាក់ប្រហែល​គ្នា​ថា ដើម្បី​បង្កើន​គម្រប​ព្រៃឈើ ក្រសួងបរិស្ថាន​គួរ​បញ្ឈប់​សកម្មភាព​សម្បទាន​ដី​ព្រៃ​ឧទ្យាន​ជាតិ ឱ្យ​ក្រុមហ៊ុន ឬ​បុគ្គល​ឯកជន ជាជាង​ចែក​កូនឈើ ឱ្យ​ប្រជាពលរដ្ឋ​ដាំ​ដុះ។

អ្នកសម្របសម្រួល​បណ្ដាញ​ព្រៃ​ឡង់ ខេត្ត​កំពង់ធំ លោក ហឿន សុភាព ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ថា លោក​គាំទ្រ​ចំពោះ​សកម្មភាព​ចែក​កូនឈើ​របស់​ក្រសួងបរិស្ថាន ប៉ុន្តែ​លោក​យល់ថា យន្ត​ការចែក​កូនឈើ​នេះ នឹង​មិនអាច​បង្កើន​គម្រប​ព្រៃឈើ​បាន​នោះ​ឡើយ ខណៈ​ព្រៃឈើ​ដែល​មាន​ស្រាប់ នៅតែ​បន្ត​រង​ការ​កាប់​បំផ្លាញ និង​ទន្ទ្រាន​យក​ធ្វើជា​ដី​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​នោះ​។ លោក​បន្ត​ថា បើ​ទោះបីជា​ក្រសួង​បរិស្ថាន​ដាំ​ដើមឈើ​ឡើងវិញ​ក្ដី ក៏​កូនឈើ​ភាគច្រើន​មិនអាច​ដុះ លូតលាស់​បាន​ល្អ​ដូច​ព្រៃ​ធម្មជាតិ​នោះ​ឡើយ។

លោក ហឿន សុភាព៖ «ហើយ​មួយទៀត​ខ្ញុំ​ឃើញ​មាន​ក្រុមហ៊ុន​ជាច្រើន​ដែល​គេ​បន្លំ ក្រុមហ៊ុន​ខ្លះ​គាត់​យក​ដី​ទៅ​ដូចជា​អត់​ដាំ​អី​ទេ ទី​ចុងបញ្ចប់​ដាំដំឡូង ដាំ​អាកាស្យា​ឡើងវិញ តែ​គោលបំណង​របស់​គាត់ គាត់​ឈូស​ដី​ព្រៃ​ហើយ​នាំ​ឈើ​ចេញ រាប់​ម៉ឺន​រាប់​សែន​រយ​លាន​ម៉ែត្រ​គីប ចេញ​ទៅ​ក្រៅ ហើយ​ផ្ទៃដី​គាត់​ថា​ដាំ​កៅស៊ូ ដំណាំ​កសិឧស្សាហកម្ម​អ៊ីចឹង ប៉ុន្តែ​ទី​ចុងបញ្ចប់​យើង​អត់​បានឃើញ​ក្រុមហ៊ុន​ហ្នឹង​ដាំ​ទី​ទេ»។

ការ​លើកឡើង​របស់​ប្រជា​សហគមន៍​ព្រៃឈើ​រូប​នេះ បន្ទាប់​ពី​ក្រសួង​បរិស្ថាន​បាន​ប្រកាស​ថា អាច​នឹង​បណ្ដុះ​កូនឈើ​បាន​ជាង​១​លាន​ដើម និង​ចែក​ដល់​សាធារណជន​ដាំ ដើម្បី​ស្ដារ​គម្រប​ព្រៃឈើ​ឡើងវិញ​ឱ្យ​បាន​៦០​ភាគរយ នៅ​ឆ្នាំ​២០៥០​។ ទោះជា​យ៉ាងណា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​បាន​លើកឡើង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​បរិស្ថាន នៅ​ថ្ងៃទី​១២ ខែ​កុម្ភៈ​ថា គិត​ចាប់​តាំង​ពី​ខែ​តុលា ឆ្នាំ​២០២៣ មក​ដល់​ខែកុម្ភៈ​នេះ ក្រសួង​ទើប​តែ​បណ្ដុះ​កូនឈើ​បាន​ជាង​៤០​ម៉ឺន​ដើម (៤១៦.១៦៣) តែប៉ុណ្ណោះ ខណៈ​កូនឈើ​ដែល​បាន​ចែក​ទៅដល់​ប្រជាពលរដ្ឋ ដើម្បី​ដាំ​ស្ដារ​ព្រៃ​រេចរឹល ដាំ​នៅ​តាម​សហគមន៍ វត្ត​អារាម និង​សាលារៀន បាន​ត្រឹម​ជាង​២០​ម៉ឺន​ដើម​(២០០.៥៦២)។

ជុំវិញ​រឿង​នេះ សកម្មជន​ចលនា​មាតា​ធម្មជាតិ លោក ថុន រដ្ឋា លើកឡើង​ថា ដរាបណា​រដ្ឋាភិបាល​នៅតែ​បន្ត​កាត់​ឆ្វៀល​ដី​ព្រៃ​អភិរក្ស ឱ្យទៅ​ក្រុមហ៊ុន ឬ​បុគ្គល​ឯកជន​អភិវឌ្ឍ នោះ​គម្រប​ព្រៃឈើ​នឹង​មិន​អាច​កើនឡើង​តាម​ផែនការ​របស់​ក្រសួង​បរិស្ថាន​បាន​ទេ។ លោក​បន្ត​ថា ក្រសួង​បរិស្ថាន​គួរ​ការពារ​ព្រៃឈើ​ដែល​មាន​ស្រាប់ តាមរយៈ​ការ​ចាត់​វិធានការ​ច្បាប់​ទៅលើ​បុគ្គល​ដែល​កាប់​ទន្ទ្រាន​ដី​ព្រៃ​អភិរក្ស ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ឱ្យ​បាន​ម៉ឺងម៉ាត់ និង​រឹបអូស​យក​ដី​ព្រៃ​សម្បទាន​ដែល​មិនទាន់​ឈូស​ឆាយ​ពី​ក្រុមហ៊ុន​ឯកជន​មក​អភិរក្ស​វិញ ជាជាង​ជំរុញ​ការ​ដាំ​កូនឈើ​ឡើង​វិញ ដែល​ត្រូវ​ការ​ការ​ថែទាំ និង​រយៈពេល​យូរ​ទើប​អាច​ក្លាយ​ជា​គម្រប​ព្រៃឈើ។

លោក ថុន រដ្ឋា៖ «មួយទៀត​ហ្នឹង​យើង​ក៏​រំពឹង​ថា រដ្ឋាភិបាល​ថ្មី នឹង​ឈប់​អនុវត្ត​តាម​រដ្ឋាភិបាល​ចាស់​ទៅ គឺ​កុំ​យក​គំរូ​ការ​កាប់​ព្រៃឈើ ឬក៏​ដី​ព្រៃ​សម្បទាន​សេដ្ឋកិច្ច​តំបន់​ដែល​មាន​ព្រៃឈើ​ស្អាតៗ​ហ្នឹង​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន ជាជាង​ដែល​យើង​ចំណាយ​លុយ​ជាតិ​ច្រើន ហើយ​យើង​ថា ប្រសិទ្ធភាព​អាច​នឹង​តិចតួច​មែន​ទែន»។

ខុសពី​ក្ដី​រំពឹង​របស់​សកម្មជន​បរិស្ថាន និង​ប្រជា​សហគមន៍​ព្រៃឈើ ដែល​សង្ឃឹម​ថា លោក​នាយក​រដ្ឋមន្ត្រី​ថ្មី នឹង​មិន​កាត់​ឆ្វៀល​ដី​ព្រៃ​ទៅ​ឱ្យ​បុគ្គល​ឯកជន​កាន់កាប់​រាប់​ម៉ឺន​ហិកតារ ដូច​ឪពុក​របស់​លោក គឺ​លោក ហ៊ុន សែន នោះ លោក ហ៊ុន ម៉ាណែត បាន​ចេញ​អនុក្រឹត្យ​មួយ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២៣ កាត់​ឆ្វៀល​ដី​ដែន​គម្រប​ព្រៃឈើ ប្រមាណ ៣១​ហិកតារ នៅ​ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ឱ្យ​ឈ្មោះ ឡូ សុគន្ធ ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន។

បន្ថែម​ពី​នេះ នៅ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២៣​ដដែល​នោះ លោក ហ៊ុន ម៉ាណែត ក៏​បាន​កាត់​ឆ្វៀល​ដី​ព្រៃ​ឈើ​ជិត​២​ម៉ឺន​ហិកតារ (១៩.៨១៤) នៅ​ស្រុក​កែវ​សី​ម៉ា ស្រុក​ពេជ្រាដា និង​ស្រុក​កោះញែក ក្នុង​ខេត្ត​មណ្ឌលគិរី ឱ្យ​ទៅ​បុគ្គល​ឯកជន និង​សហគមន៍​មូលដ្ឋាន ដែល​គេ​ជឿជាក់​ថា ភាគច្រើន​ជា​បុគ្គល​មាន​ឥទ្ធិពល និង​ក្រុមហ៊ុន​ឯកជន ធ្វើជា​កម្មសិទ្ធិ​ផង​ដែរ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា និង​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត ដើម្បី​សុំ​សួរ​ជុំវិញ​រឿង​នេះ​បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី​១២ ខែ​កុម្ភៈ។

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ និង​សកម្មជន​បរិស្ថាន​លើកឡើង​ថា រដ្ឋាភិបាល​នឹង​មិនអាច​បង្កើន​គម្រប​ព្រៃឈើ តាមរយៈ​ការ​ដាំដុះ​កូនឈើ​ឡើងវិញ​នោះ​ឡើយ ប្រសិនបើ​រដ្ឋាភិបាល​នៅតែ​ផ្ដល់​ដី​សម្បទាន​ព្រៃឈើ​ឱ្យទៅ​បុគ្គល​ឯកជន​កាន់កាប់ ខណៈ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅតែ​មិនអាច​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ដោយ​ខុសច្បាប់​ប្រកបដោយ​ប្រសិទ្ធភាព​ទេ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។