សហគមន៍​រក​ឃើញ​បទ​ល្មើស​ព្រៃ​ឈើ​ជាង ១០០ករណី​ថ្មី​ នៅ​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា​

0:00 / 0:00

ប្រជា​សហគមន៍​ការពារ​ព្រៃ​ព្រះ​រកា ​ខេត្ត​ព្រះវិហារ​ សោក​ស្ដាយ​ដើម​ឈើ​ធំៗ ដែល ​មាន​អាយុ​កាល​រាប់​រយ​ឆ្នាំ ឋិត​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា ត្រូវ​បាន​គេ​កាប់​រំលំ​រាប់​សិប​ដើម​ជា​ថ្មី​ទៀត។ ពួក​គាត់​ថ្លែង​បែប​នេះ បន្ទាប់​ពី​រក​ឃើញ​បទ​ល្មើស​ព្រៃឈើ ១០១ករណី កាល​ពី​ពេល​ថ្មីៗ នេះ។

ប្រជា​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​កួយ​ឃុំ​ប្រមេរ ស្រុក​ត្បែង​មានជ័យ ឱ្យ​ដឹង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី២ កញ្ញា​ថា ដើម​ឈើទាល ពពេល ស្ទៀង ផ្ដៀក គគីរ កកោះ ត្រសេក ដូងចែម និង​ផ្ចឹក ដែល​មាន​មុខ​កាត់​ចាប់​ពី ៤តឹក រហូត​ដល់​ជិត ៣ម៉ែត្រ ត្រូវ​បាន​គេ​កាប់​បំផ្លាញ ១០១ករណី​ជា​ថ្មី​ទៀត​។ ពួកគាត់​រៀបរាប់​ថា ក្រុម​ល្បាត​ប្រជា​សហគមន៍​មាន​គ្នា ១១នាក់​ បាន​ដេក​ក្នុង​ព្រៃ ៣ថ្ងៃ ២យប់ កាល​ពី​ថ្ងៃ​ទី១៧ រហូត​ដល់​ថ្ងៃ​ទី១៩ សីហា ​ដោយ​ធ្វើ​ដំណើរ​ចម្ងាយ​ផ្លូវ​ជាង ៥៥ (៥៥.៥) គីឡូម៉ែត្រ ចាប់​ពី​ចំណុច​ប៉ុស្តិ៍​បរិស្ថាន​ដំរី​បូត រហូត​ដល់​ត្រង់​ចំណុច​វាល​ខ្លុង ហើយ​ឆ្ពោះ​ទៅ​តំបន់​ខ្សាច់​ស ដែល​សំបូរ​ដោយ​ព្រៃ​ស្រោង និង​ពាក់​កណ្ដាល​ស្រោង ក្នុង​តំបន់​អភិរក្ស​មួយ​នេះ។

សមាជិក​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​កួយ ​រស់​នៅ​ឃុំ​ប្រមេរ លោកស្រី ស៊ិង សេត សោកស្ដាយ​ដើម​ឈើ​ធំៗ បន្សល់​ចុងក្រោយ ​ក្នុង​ដែន​អភិរក្ស​មួយ​នេះ ដែល​នៅតែ​ទទួល​រង​ការ​កាប់​បំផ្លាញ ដោយ​គ្មាន​ការ​រារាំង​ពី​ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន​នោះ​ទេ។ លើស​ពី​នេះ ​ក្រុមល្បាត​សហគមន៍​បាន​ប្រទះ​ឃើញ ​បន្ទះ​ក្ដារ​រាប់​សិប​ចម្រៀក គល់​ឈើ​ធំៗ ដែល​គេ​ទើប​តែ​អារ​ច្រៀក​យក​ដើម​ ធ្វើ​អាជីវកម្ម ​ឋិត​នៅ​ចំណុច ​វាល​ខ្លុង​ ឆ្លង​ចូល​ទឹកដី​ស្រុក​ជាំ​ក្សាន្ត។ លោក​ស្រី​បន្ថែម​ថា ​ក្រុម​អ្នក​ដឹក​ឈើ ​និង​អារ​ឈើ ​សុទ្ធតែ​ត្រូវ​បង់​លុយ​ឱ្យ​ឆ្មាំ​អភិរក្ស​របស់​មន្ត្រី​បរិស្ថាន ដែល​ឈរ​ជើង​នៅ​តំបន់​នោះ ទើប​អាច​ចូល​ព្រៃ​បាន។ រីឯ​ប្រជា​សហគមន៍​វិញ ​លោក​ស្រី​ឱ្យ​ដឹង​ថា មិន​ហ៊ាន​ចុះ​ល្បាត​គ្នា​ច្រើន​ទេ ព្រោះ​ខ្លាច​មន្ត្រី​បរិស្ថាន​ហាម​ឃាត់​ ហើយ​ពួកគាត់​បាន​ប្រថុយ​ប្រថាន​ចុះ​ល្បាត​មាន​គ្នា ១១ នាក់ ដោយ​បន្លំ​ខ្លួន ​ជា​អ្នក​ស្វែង​រក​អនុផល​ព្រៃឈើ៖ « បើ​អស់​ព្រៃឈើ​ពួក​ខ្ញុំ​មិន​ដឹង​ថា ទៅ​រក​ស្អី​ណា​ទេ​ព្រួយ​បារម្ភ​ត្រង់​ហ្នឹង ? ខំ​ដើរ​ចេះ​តែ​ដើរ​មិន​ដឹង​ធ្វើ​យ៉ាង​ណា ? គេ​ឈ្នះ។ ចង់​ថា ចុះ​ទៅ​ទ្រង់ទ្រាយ​ធំ​គ្នា ២០ ទៅ ៣០នាក់ ​គោយន្ត ២ និង ៣ ស្នើ​សុំ​ច្បាប់​អាជ្ញាធរ​ភូមិ / ឃុំ​រួច​ហើយ មន្ត្រី​បរិស្ថាន​គេ​ថា សុំ​មន្ទីរ ដល់​ពេល​ស្នើ​សុំ​មន្ទីរ​គេ​ថា អត់​ឱ្យ​ចុះ​ល្បាត​ក៏​ចប់​ត្រឹម​ហ្នឹង។ បើ​ចុះ​ល្បាត​លួចលាក់ គោយន្ត ១ និង ២ ដូច​យើង​ទៅ ចុះ​ដើរ​រក​ច្បោះ ជ័រ ទើប​ទៅ​បាន »

ស្ត្រី​ដដែល​បន្ថែម​ថា ​ដើម​ឈើ​ធំៗ ដែល​នៅ​សល់​ចុងក្រោយ រួម​មាន ដើម​ឈើ​ទាល ផ្ដៀក និង​ដើម​គគីរ ដែល​មាន​មុខ​កាត់ ២ម៉ែត្រ ដល់ ៣ម៉ែត្រ កំពុង​ឈាន​ទៅ​រក​ការ​បាត់បង់​ទាំង​ស្រុង​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។ លោកស្រី​ថា ឈើ​ហ៊ុប​ធំៗ ជាច្រើន​ដើម​ ដែល​ដុះ​នៅ​កៀក​ទី​ស្នាក់​ការ​មន្ត្រី​បរិស្ថាន ​ក្នុង​ឃុំ​ប្រមេរ ក៏​ត្រូវ​បាន​គេ​កាប់​ផ្ដួល​ធ្វើ​អាជីវកម្ម ដោយ​គ្មាន​ហាម​ឃាត់​ដែរ។

ប្រជា​សហគមន៍​លើក​ឡើង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ទៀត​ថា ក្នុង​ពេល​ចុះ​ល្បាត ពួក​គាត់​បាន​ប្រទះឃើញ​ គោ​យន្ត​ដឹក​ឈើ ១៥គ្រឿង ចេញ​ពី​ព្រៃ​អភិរក្ស​។​ លើស​ពី​នេះ ឃុំប្រមេរ​ មាន​សិប្បកម្ម​កែច្នៃ​គ្រឿង​សង្ហា​រឹម ១២ ទីតាំង ដែល​ក្នុង​នោះ​មាន​ ២​ទីតាំង ​កំពុង​ដំណើរ​ការ​អាជីវកម្ម​ឈើ​ស្ទើរ​ជា​រាល់ថ្ងៃ។

វិទ្យុអាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ​ ពី​ប្រធាន​ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា​លោក ​យ៉ាន់ ប៊ុនសឿន ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ​លោក សុង ចាន់សុជាតិ និង​អ្នក​នាំ​ពាក្យ​ក្រសួងបរិស្ថាន​លោក នេត្រ ភក្ត្រា បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២ កញ្ញា ព្រោះ​ទូរស័ព្ទ​ហៅ​ចូល ​តែ​គ្មាន​អ្នក​លើក។

ជុំវិញ​រឿង​នេះ មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក ម៉ា ចិត្រា យល់​ថា បទល្មើស​ព្រៃឈើ​នៅ​តែ​កើត​មាន​ឡើង​ជា​បន្ត​បន្ទាប់ ដោយសារ​ភាព​អសកម្ម​របស់​មន្ត្រី​ជំនាញ ហើយ​ក្រសួង​បរិស្ថាន​នៅ​តែ​មិន​អនុញ្ញាត​ឱ្យ​ប្រជា​សហគមន៍ ​ចូល​ល្បាត​ព្រៃ​ឡើង​វិញ។ លោក​សង្កត់ធ្ងន់​ថា ប្រសិន​បើ​ក្រសួង​បរិស្ថាន នៅ​តែ​បណ្ដែតបណ្ដោយ​ឱ្យ​មាន​បទល្មើស​ព្រៃ​ឈើ ក្នុង​តំបន់​អភិរក្ស​បែប​នេះ​ទៀត នោះ​ឆ្លុះ​បញ្ចាំង​ថា ក្រសួង​អសមត្ថភាព​ថែទាំ​ភោគ​ទ្រព្យ​ជាតិ ឱ្យ​គង់​វង្ស៖ « រដ្ឋាភិបាល​គួរតែ​ធ្វើ​តាម​ច្បាប់​ទៅ ព្រោះ​កន្លង​មក​តែ​អ៊ីចឹង គាត់​តែងតែ​និយាយ​ថា សហគមន៍​ហ្នឹង​សហគមន៍​ចុះ​ល្បាត​ព្រៃ ខុស​ច្បាប់ វា​គ្មាន​ប្រវត្តិសាស្ត្រ​លើក​ណា ឬ​ក៏​ប្រវត្តិសាស្ត្រ​ខ្មែរ​ណា អ្នក​ទៅ​ការពារ​ព្រៃ​ខុសច្បាប់​ទេ។ មានតែ​អ្នក​ឃុបឃិត​អ្នក​កាប់ ឈើ និង​អ្នក​ដែល​បណ្ដែត​បណ្ដោយ​ឱ្យ​កាប់​បំផ្លាញ​ព្រៃ​ឈើ អា​ហ្នឹង​បាន​ខុស​ច្បាប់ »

ប្រជា​សហគមន៍​ការពារ​ព្រៃ​ព្រះ​រកា ​មាន​មន្ទិល​ច្រើន​ចំពោះ​បញ្ហា​នេះ និង​ចោទ​សួរ​ទៅ​ក្រសួង​បរិស្ថាន​ថា ហេតុ​អ្វី​បាន​ជា​សកម្មភាព​កាប់​ឈើ​ និង​ដឹក​ជញ្ជូន​ឈើ​បន្ត​កើត​មាន​ច្រើន​នៅ​តំបន់​ព្រៃ​ព្រះ​រកា បើ​ទោះ​បី​ជា​មាន​ឆ្មាំ​អភិរក្ស​ជា​ច្រើន​នាក់ យាម​ល្បាត​ការពារ​ព្រៃ​នៅ​តំបន់​នោះ​យ៉ាង​ណា​ក្ដី។

ពួកគេ​បន្ត​ទទូច​ឱ្យ​ក្រសួង​បរិស្ថាន​បើក​ចំហ​ឡើង​វិញ ឱ្យ​សហគមន៍​មូលដ្ឋាន យុវជន អង្គការ​សង្គម​ស៊ីវិល និង​សាធារណ​ជន​ចូលរួម​ចូល​ល្បាត​ព្រៃ ស្រប​តាម​ច្បាប់​ស្ដី​ពី​តំបន់​ការពារ​ធម្មជាតិ និង​រដ្ឋធម្មនុញ្ញ។ បន្ថែម​ពី​នេះ ក្រសួង​បរិស្ថាន ត្រូវ​តែ​ស៊ើប​អង្កេត និង​ស្វែង​រក​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ដែល​ទទួល​ទិញ​ឈើ ហើយ​និង​អ្នក​ឃុបឃិត​គ្នា​កាប់​បំផ្លាញ​ព្រៃ​ឈើ យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់។

ក្រសួង​បរិស្ថាន​ដាក់បញ្ចូល​ព្រៃ​ព្រះ​រកា​ជា​ដែន​ជម្រក​សត្វ​ព្រៃ​កាល​ពី​ឆ្នាំ២០១៦។ ព្រៃ​អភិរក្ស​មួយ​នេះ មាន​ទំហំ ៩ម៉ឺន ៦ពាន់​ហិកតារ គ្រប​ដណ្ដប់​លើ​ភូមិសាស្ត្រ​ប្រជុំ​បី​ស្រុក គឺ​ស្រុក​ជាំ​ក្សាន្ត ស្រុក​ត្បែង​មានជ័យ និង​ស្រុក​ឆែប របស់​ខេត្ត​ព្រះវិហារ ក៏​ប៉ុន្តែ​ព្រៃ​នេះ​បាន​ទទួលរង​ការ​កាប់​ឈើ​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់​អស់​រយៈ​ពេល​ច្រើន​ឆ្នាំ​មក​ហើយ។ សព្វថ្ងៃ ព្រៃ​អភិរក្ស​មួយ​នេះ​ មាន​ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន​ចំនួន ១៤នាក់ ដែល​ជា​ចំនួន​ដ៏​តិច​តួច​ បើ​ប្រៀប​ធៀប​នឹង​ទំហំ​​ព្រៃ​ដែល​ត្រូវ​ការពារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។