សហគមន៍​នៅ​ខេត្ត​មណ្ឌលគិរី​ស្នើ​ឲ្យ​អាជ្ញាធរ​ថ្នាក់​ជាតិ​ចុះ​ស្រាវជ្រាវ​រក​ជនល្មើស​ដែល​ដឹក​ឈើ​ទៅ​លក់​នៅ​វៀតណាម

0:00 / 0:00

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង នៅ​ខេត្ត​មណ្ឌលគិរី ស្នើ​ទៅ​អាជ្ញាធរ​ថ្នាក់​ជាតិ​ឲ្យ​ចុះ​ស្រាវជ្រាវ​រក ជនល្មើស​ដែល​រកស៊ី​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម យក​មក​ផ្ដន្ទាទោស​តាមច្បាប់ និង​ត្រូវ​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង។ មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ឲ្យ​មាន​ប្រសិទ្ធភាព។

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​រស់នៅ​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម ក្នុង​ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី អះអាង​ថា ព្រៃឈើ​នៅក្នុង​តំបន់​ការពារ​នានា​នៅក្នុង​ខេត្ត​មណ្ឌលគិរី នឹង​ត្រូវ​ក្រុម​ឈ្មួញ បន្ត​កាប់​យក​ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម​ថែមទៀត ប្រសិនបើ​អាជ្ញាធរ​ថ្នាក់​ជាតិ​គ្មាន​វិធានការ​ទប់ស្កាត់​ទេ​នោះ។

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង នៅ​ខេត្ត​មណ្ឌលគិរី លោក បូរីត កំពី ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី២៨ ខែ​មករា ថា អាជ្ញាធរ​ពាក់ព័ន្ធ​ថ្នាក់ក្រោម​ជាតិ មិន​បាន​អើពើ​ចុះ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​រត់ពន្ធ​ឈើ​ឆ្លងដែន​នោះ​ទេ។ ផ្ទុយទៅវិញ​អាជ្ញាធរ​នៅ​តំបន់​នោះ​បាន​ត្រូវរ៉ូវ​គ្នា បើកភ្លើង​ខៀវ​ឲ្យ​ក្រុម​ឈ្មួញ​ចូល​កាប់​ឈើ​នៅក្នុង​តំបន់​ព្រៃ​ការពារ និង​ដឹកជញ្ជូន​ឈើ​មាន​តម្លៃ​ទាំងនោះ​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម​ច្រកព្រំដែន​កង់រ៉ាឡង (kangralang) ស្ថិតនៅ​ឃុំ​ដាក់​ដាំ ។ លោក​បន្ត​ថា ប្រសិនបើ​អាជ្ញាធរ​ថ្នាក់​ជាតិ​មិន​ព្រម​អើពើ​នោះ​ទេ ដើមឈើ​មាន​តម្លៃ នៅក្នុង​តំបន់​ព្រៃ​ការពារ នានា​នៅក្នុង​ខេត្ត​មណ្ឌលគិរី នឹង​វិនាស​ហិនហោច​ជាក់​ជា​មិន​ខាន​ហើយ សហគមន៍​ក៏​លែង​មាន​ជំនឿ​ទៅ​លើ​រដ្ឋាភិបាល​ថែម​ទៀត។

លោក បូរីត កំពី៖ «ស្នើ​ឲ្យ​ឈប់​កាប់​បំផ្លាញ​ឈប់​ឲ្យ​កាប់​ឲ្យ​យួន ជា​ពិសេស​រដ្ឋាភិបាល​ថ្មី​នេះ​គួរ​មាន​វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់​ពេល​វេលា គាត់​មាន​កាតព្វកិច្ច និង​តួនាទី​ទទួល​ខុសត្រូវ​បង្ក្រាប​បទល្មើស​ពួកគាត់​មិន​គួរ​បណ្ដែតបណ្ដោយ ឬ​ក៏​ធ្វើ​មិន​ដឹង​មិន​ឮ​អ៊ីចឹង​ទេ»។

អ្នក​ភូមិ​ថា កន្លង​ទៅ​ក្រុម​ឈ្មួញ​ទាំង​នោះ បាន​ប្រើប្រាស់​គោយន្ត​ដើម្បី​ដឹកឈើ​ចេញ​ពី​ព្រៃ​តំបន់​ការពារ និង​មាន​រថយន្ត​ឡង់គ្រីស័រ (Land Cruiser) ដឹក​ជញ្ជូន​ឈើ​បន្ត​ឆ្លង​ដែន​ពេល​យប់។ ឈើ​ទាំង​នោះ​មាន​ដូច​ជា ស្រឡៅ ផ្ចឹក និង​សុក្រំ ជា​ដើម។

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​ឲ្យ​ដឹង​បន្ថែម​ថា ករណី​កាប់ និង​ដឹក​ជញ្ជូន​ឈើ​ចូល​វៀតណាម​នេះ​កើត​ឡើង​សឹងតែ​រាល់​ឆ្នាំ ជា​ពិសេស​នៅ​ចុង​ឆ្នាំ និង​ដើមឆ្នាំ​ថ្មី​ម្ដងៗ​ហើយ ទោះ​បី​ជា​សហគមន៍​តែងតែ​រាយការណ៍​ទៅ​មន្ត្រី​ជំនាញ​ក៏ដោយ ប៉ុន្តែ​មិន​ឃើញ​មាន​វិធានការ​អ្វី​នោះ​ទេ។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី ឲ្យ​ដឹង​ថា លោក​នឹង​ចាត់​កម្លាំង​ជំនាញ​ចុះ​ទៅ​សិក្សា​ស្រាវជ្រាវ​នៅ​តំបន់​នោះ នៅ​ពេល​ទទួល​បាន​ព័ត៌មាន​ទាំង​នេះ។

លោក អេង ហ៊ី៖ «មិន​អ្វី​ទេ​បើ​បាន​ព័ត៌មាន​អ៊ីចឹង ចាំ​ខ្ញុំ​ឲ្យ​កម្លាំង​គាត់​រាយការណ៍​តាម​ឋានានុក្រម​ឲ្យ​គាត់​ចុះ​ទៅ​តំបន់​នោះ​មើល»។

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​មណ្ឌលគិរី លោក ប៊ី វ៉ាន់នី សង្កេត​ឃើញ​ថា បទល្មើស​ធនធាន​ធម្មជាតិ​ឆ្លងដែន​កើតឡើង​ទៅ​បាន ដោយសារ​មន្ត្រី​ពាក់ព័ន្ធ​ថ្នាក់ក្រោម​ជាតិ មិន​បាន​យកចិត្តទុកដាក់​ទប់ស្កាត់ និង​មិន​បាន​អនុវត្ត​ទៅ​តាម​ច្បាប់ ឲ្យ​បាន​ត្រឹមត្រូវ។ លោក​បន្ថែម​ថា រដ្ឋាភិបាល​ត្រូវតែ​ចាត់​ក្រុម​អាជ្ញាធរ​ថ្នាក់​ជាតិ​ចុះ​ស្រាវជ្រាវ​ចំពោះ​រឿង​នេះ ដើម្បី​ស្វែងរក​ជនល្មើស និង​អ្នក​ជាប់​ពាក់ព័ន្ធ​យក​ទៅ​ផ្ដន្ទាទោស​តាមច្បាប់ បើ​ពុំ​ដូច្នោះ​ទេ បទល្មើស​នៅតែ​កើត​មាន​ឡើង ហើយ​បទបញ្ជា​របស់​នាយករដ្ឋមន្ត្រី​ក៏​មិន​មាន​ប្រសិទ្ធភាព​ដែរ។

លោក ប៊ី វ៉ាន់នី៖ «អ៊ីចឹង​យើង​មានច្បាប់​រដ្ឋាភិបាល​មាន​យន្តការ​ដំណោះស្រាយ ប៉ុន្តែ​បើសិន​ជា​បទបញ្ជា​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ហើយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ មិន​បាន​អនុវត្ត​បទបញ្ជា ឬ​ក៏​មិន​យក​ច្បាប់​ទៅ​អនុវត្ត​មិន​បាន​បំពេញ​កាតព្វកិច្ច​ទៅ​តាម​ផ្លូវច្បាប់​នឹង​ហើយ បទល្មើស​ព្រៃឈើ​កាប់​ឈើ​ដោយ​ខុសច្បាប់​បន្ត​កើត​មាន យើង​ត្រូវតែ​ចាត់​វិធានការ​ផ្លូវច្បាប់​ចំពោះ​អ្នក​ប្រព្រឹត្ត​ល្មើសច្បាប់​ហើយ​អ្នក​ប្រព្រឹត្ត​ខុសច្បាប់​មិន​មាន​អ្វី​ថ្មី​ទេ មនុស្ស​ដដែល​មុខ​ដដែល»។

កន្លង​ទៅ​អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​ប្រកាស​សន្យា​ក្ដែងៗ​ចំពោះ​មុខ​សាធារណជន ពាក់ព័ន្ធ​នឹង​ការ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ និង​ការពារ​ព្រៃឈើ​ឱ្យ​បាន​គង់វង្ស។ លើស​ពី​នោះ​លោក ហ៊ុន សែន ថែមទាំង​អះអាង​ដាក់​ជីវិត ប្រសិនបើ​ការពារ​ព្រៃឈើ​មិនបាន​ទេ​នោះ និង​មាន​ពេល​ខ្លះ​ទៀត បញ្ជា​ឲ្យ​បាញ់​រ៉ុកកែត​កម្ទេច​ក្បួន​ដឹកឈើ​របស់​ឈ្មួញ​ទៀត​ផង ។ ប៉ុន្តែ​រយៈពេល​ជិត​២០​ឆ្នាំ​មក​នេះ ក្រុម​សកម្មជន និង​អង្គការ​អន្តរជាតិ តែងតែ​រក​ឃើញ​ថា មាន​ការ​កាប់​ព្រៃឈើ​ធ្វើ​អាជីវកម្ម​យ៉ាង​អនាធិបតេយ្យ ក្នុង​នោះ​ក៏​មាន​ជាប់​ពាក់ព័ន្ធ​ក្រុម​ឧកញ៉ា មន្ត្រីជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល និង​សាច់ញាតិ​របស់ គ្រួសារ​ត្រកូល​ហ៊ុន​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។