ប្រជាសហគមន៍ដែលរងផលប៉ះពាល់ ពីអាជីវកម្មរ៉ែ តំបន់ភ្នំលុង ខេត្តព្រះវិហារស្នើឱ្យក្រុមហ៊ុនទទួលខុសត្រូវពីផលប៉ះពាល់បរិស្ថាន និងជីវភាពរស់នៅរបស់ពលរដ្ឋជាង ១ពាន់គ្រួសារ ដែលរងគ្រោះដោយសារអាជីវកម្មរ៉ែមាស។
ការលើកឡើងនេះធ្វើឡើង ស្របគ្នាពេលដែលអង្គការសមធម៌កម្ពុជា បានបង្ហាញរបាយការណ៍មួយប្រកាសអាសន្នពីបញ្ហាអាជីវកម្មរ៉ែនៅកម្ពុជា។
ប្រជាសហគមន៍រស់នៅតំបន់ភ្នំលុង ស្រុករវៀង ខេត្តព្រះវិហារ ចាត់ទុករបាយការណ៍របស់អង្គការសមធម៌ ឆ្លុះបញ្ចាំងការពិត ហើយពួកគាត់ទាមទារឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហានេះប្រកបដោយប្រសិទ្ធភាព ជាពិសេសត្រូវប្រុងប្រយ័ត្នខ្ពស់ មុននឹងផ្តល់អាជ្ញាប័ណ្ណឱ្យក្រុមហ៊ុនណាមួយធ្វើអាជីវកម្មរ៉ែ។
របាយការណ៍កម្រាស់ជាង ៦០ទំព័រ ដែលចេញផ្សាយកាលពីចុងឆ្នាំ២០២៣ ផ្ដោតសំខាន់ ទៅលើបញ្ហា ក្រុមហ៊ុនបានប្រើសារធាតុគីមីបង្កហានិភ័យដល់សុខភាព បង្កើតឱ្យមានការទន្ទ្រានយកដីធ្លី ការបំផ្លាញបរិស្ថាន និងសុវត្ថិភាពការងាររបស់ពលរដ្ឋ កម្ពុជាជាពិសេសជនជាតិដើមភាគតិច។
តំណាងសហគមន៍ជនជាតិដើមភាគតិចកួយខេត្តព្រះវិហារ លោក ពុយ ឆេន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៥ មករា ថា ពេលនេះមានក្រុមហ៊ុនវិនិយោគអាជីវកម្មចម្រាញ់រ៉ែមាស ចំនួន៣ នៅតំបន់ភ្នំលុង បន្តពង្រីកផ្ទៃដីធ្វើអាជីវកម្មរ៉ែមាសរបស់ខ្លួនប៉ះពាល់ពលរដ្ឋដោយផ្ទាល់ជាង ១ពាន់គ្រួសារជាច្រើនឆ្នាំមកហើយ។
លោកបញ្ជាក់ថា ពលរដ្ឋរងផលប៉ះពាល់ធ្ងន់ជាងគេ ដោយសារតែដីចម្ការរបស់ពួកគាត់មានរ៉ែមាសក្នុងដី ដែលក្រុមហ៊ុនទាំងនេះបានរំលោភបំពានដីកសិកម្មរបស់ពួកគាត់ជាបន្តបន្ទាប់ បង្កើតឱ្យមានជម្លោះដីធ្លីជាង ១០ឆ្នាំមកហើយ មិនទាន់ដោះស្រាយរួចរាល់។
លោក ពុយ ឆេន៖ «ចង់ឱ្យក្រុមហ៊ុនបង់ការខូចខាត ១ ការខូចខាតបញ្ហាបរិស្ថាន និងដីធ្លីព្រៃភ្នំ ទាំងអស់ហ្នឹងឯង ក្រុមហ៊ុនវាកាប់បំផ្លាញព្រៃឈើ និងទឹកទាំងអស់ ក្រុមហ៊ុនត្រូវសងសំណងលើប្រជាជនវិញ ព្រោះពលរដ្ឋរស់នៅ មានសារជាតិពុលច្រើនណាស់ រាប់ឆ្នាំមកហើយ»។
របាយការណ៍បន្ថែមថា ក្រុមហ៊ុនឌែលខម កម្ពុជា (Delcom Cambodia) ស្ថិតក្នុងចំណោមករណីសិក្សាស្រាវជ្រាវ នៅកន្លែងផ្សេងទៀត ក្នុងខេត្តរតនគិរី មណ្ឌលគិរី និងក្រចេះ។
ពលរដ្ឋរស់នៅក្នុងតំបន់នោះ បានជីករុករករ៉ែខ្នាតតូចលក្ខណៈគ្រួសារជាច្រើនជំនាន់មកហើយ ត្រូវបានហាមឃាត់ នៅពេលដែលក្រុមហ៊ុនឯកជនចូលទៅវិនិយោគទីនោះ។
អង្គការសមធម៌កម្ពុជា លើកឡើងក្នុងរបាយការណ៍ថា ក្រុមស្រាវជ្រាវ បានជជែកផ្ទាល់ជាមួយជនជាតិដើមភាគតិចជាច្រើននាក់ ហើយសហគមន៍និយាយថា សារធាតុរ៉ែបានបំពុលផ្លូវទឹកជាមួយជាតិគីមី ដែលក្រុមហ៊ុនចម្រាញ់យកមាស ធ្វើឲ្យពួកគេបាត់បង់ដី និងការចិញ្ចឹមជីវិត លក្ខណៈប្រពៃណី បង្ខំឲ្យអ្នកភូមិផ្លាស់ទីលំនៅ។ រីឯការទទួលសំណងបានតិចតួចប៉ុណ្ណោះ។
ជុំវិញរឿងនេះនាយកប្រតិបត្តិអង្គការសមធម៌កម្ពុជា លោក អៀង វុទ្ធី ប្រាប់វិទ្យុអាស៊ីសេរីថា គោលបំណងនៃរបាយការណ៍នេះ ដើម្បីឱ្យតួអង្គទាំងអស់ដឹងពីស្ថានភាពរ៉ែមាស ទាំងចំណុចវិជ្ជមាន និងអវិជ្ជមាន។
លោកសង្កេតឃើញថា ក្រុមហ៊ុនខ្លះបំពេញលក្ខខណ្ឌរបស់ក្រសួងល្អ ក៏ប៉ុន្តែក្រុមហ៊ុនខ្លះទៀត មិនទាន់បំពេញលក្ខខណ្ឌត្រឹមត្រូវនៅឡើយធ្វើឱ្យមានហានិភ័យការងារ ខ្វះប្រព័ន្ធការពារសុវត្ថិភាពជូនកម្មករ និងការគ្រប់គ្រងសារជាតិគីមីខ្វះចន្លោះច្រើន ប៉ះពាល់ដល់អ្នកភូមិក្នុងតំបន់ក្រុមហ៊ុនវិនិយោគបង្កើតឱ្យមានបញ្ហាដីធ្លី។
លោក អៀង វុទ្ធី៖ «បញ្ហាដែលកើតឡើងហ្នឹង តួអង្គណាខ្លះចូលរួមដោះស្រាយ បញ្ហាដីធ្លី និងបញ្ហាបរិស្ថាន មានក្រុមហ៊ុនច្រើនចូលរួមវិស័យហ្នឹង។ ចាំបាច់ត្រូវមានករណីជាក់លាក់។ យើងបារម្ភច្រើន ទាក់ទងវិស័យរ៉ែ ទាក់ទងផ្លូវច្បាប់ គាត់បានបំពេញលក្ខខណ្ឌច្បាប់តម្រូវ ឬហៅ ហើយគាត់មានបានពិគ្រោះយោបល់ ជាមួយពលរដ្ឋនៅតំបន់ហ្នឹងដែរឬទេ»។បើតាមរបាយការណ៍របស់អង្គការសមធម៌កម្ពុជា ក្រុមហ៊ុន រ៉ឺណេសសង់ មីណេរ៉ាល (Renaissance Minerals) បានគ្រប់គ្រងកន្លែងយករ៉ែមាសក្នុងតំបន់អូរខ្វាវ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ផ្តល់ការងារល្អសម្រាប់ពលរដ្ឋកម្ពុជា អនុវត្តតាមវិធានសុវត្ថិភាពមូលដ្ឋានផ្តល់ឲ្យនូវអត្ថប្រយោជន៍សុខភាពជាដើម។
លើសពីនេះទៀត ក្រុមហ៊ុនបានដាក់ទុនវិនិយោគលើហេដ្ឋារចនាសម្ពន្ធនៅមូលដ្ឋាន ផ្ទុយពីក្រុមហ៊ុនចិន គ្រប់គ្រងដោយជនជាតិចិន គឺក្រុមហ៊ុនរ៉ុងឆេង ( Rong Cheng Industrial Investment (Cambodia) កំពុងធ្វើអាជីវកម្មរ៉ែមាស ខេត្តមណ្ឌលគិរី។
ចំណែកអ្នកភូមិខ្លះសប្បាយចិត្តជាមួយ ក្រុមហ៊ុន រ៉ឺណេសសង់ មីណេរ៉ាល របស់អូស្ដ្រាលី លើកលែងតែការទន្ទ្រានរបស់ក្រុមហ៊ុន លើដីប្រពៃណីរបស់ជនជាតិដើមភាគតិច និងកង្វះតម្លាភាពជុំវិញផែនការ និងសកម្មភាពរបស់ក្រុមហ៊ុនកាលពីដំបូងឡើយ។
ពេលនេះ មានក្រុមហ៊ុនចំនួន៣ កំពុងបន្តធ្វើអាជីវកម្មរ៉ែមាស នៅតំបន់ភ្នំលុង ស្រុករវៀងខេត្តព្រះវិហារ រួមមានក្រុមហ៊ុន គីមជាធួន គ្រុប (Kim Gia Thuan Group Co., Ltd) ក្រុមហ៊ុនឌែលខម ខេមបូឌា (Delcom Cambodia) និងក្រុមហ៊ុន ហ៊ិន ស៊ិនសាន។
អ្នកភូមិថា ក្រុមហ៊ុនទាំងនេះ បានដណ្តើមគ្នា ពុះភ្នំលុងធ្វើអាជីវកម្មរ៉ែមាស និងតែងតែពង្រីកផ្ទៃដី អាជីវកម្មរ៉ែមាស ប៉ះពាល់ជនជាតិដើមភាគតិចដោយផ្ទាល់រាប់រយគ្រួសារ បង្កើតឱ្យមានជម្លោះដីធ្លី។តំណាងសហគមន៍រងគ្រោះពីអាជីវកម្មរ៉ែ តំបន់ភ្នំលុង ខេត្តព្រះវិហារ លោក ពុយ ឆេង បន្ថែមថា ពលរដ្ឋជាង ១ពាន់គ្រួសារ រងគ្រោះពីអាជីវកម្មរ៉ែមាសទាំងនេះ នៅមិនទាន់ទទួលបានសំណង និងការអភិវឌ្ឍមូលដ្ឋាន ដើម្បីប៉ះប៉ូវផ្លូវចិត្តរបស់ពួកគាត់នៅឡើយទេ ខណៈដែលធនធានធម្មជាតិនៅតំបន់ពួកគាត់រស់នៅ ត្រូវបានក្រុមហ៊ុនទាំងនេះ បំផ្លាញស្ទើរទាំងស្រុង។
រីឯប្រភពទឹកអូរមានសារជាតិពុល បាត់បង់ត្រីសាច់ និងទំហំព្រៃឈើជាច្រើនទៀត ត្រូវក្រុមហ៊ុនឈូសឆាយ ពង្រីកទីតាំងរ៉ែមាស។
លោក ពុយ ឆេង៖ «ជីវិតប្រចាំថ្ងៃ របស់ពួកគាត់ជីកមាស ហ្នឹងឯងធ្វើស្រែចម្ការ។ ដល់ពេលក្រុមហ៊ុនទៅ ដេញមិនឱ្យប្រជាជនធ្វើ លើភ្នំហ្នឹងរកអត់បានទេ។ ប្រជាជនរាល់ថ្ងៃ ខ្វះខាតបាត់បង់មុខរបរសំខាន់បំផុត។ មានការបំពុលបរិស្ថាន ធ្វើឱ្យប្រជាជនពិបាករស់នៅ នៅជុំវិញក្នុងឃុំទាំងអស់ហ្នឹងឯង»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទង សុំការបំភ្លឺរឿងនេះ ពីអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក អ៊ឹង ឌីប៉ូឡា និងតំណាងក្រុមហ៊ុន បាននៅឡើយទេ នៅថ្ងៃទី២៥ មករា។
ក៏ប៉ុន្តែអ្នកនាំពាក្យរូបនេះ បានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ថា សកម្មភាពរុករកក៏កំពុងដំណើរការនៅក្នុងខេត្តត្បូងឃ្មុំ រតនគិរី និងបាត់ដំបង។ លោកថា អាជ្ញាប័ណ្ណរុករករ៉ែបន្ថែមអាចត្រូវបានចេញ ប្រសិនបើមាន «សក្ដានុពលផលិតកម្មគ្រប់គ្រាន់»។
កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងរ៉ែ លោក កែវ រតនៈ បានថ្លែងក្នុងកិច្ចប្រជុំមួយបង្ហាញពីគោលនយោបាយរ៉ែ និងថាមពល ឱ្យដឹងថា ក្រសួងនឹងចាត់វិធានការទៅលើអាជីវកម្មរ៉ែមាសអនាធិបតេយ្យ ធ្វើឱ្យបាត់ចំណូលជាតិ ហើយក្រុមហ៊ុនវិនិយោគធំៗ បំផ្លាញបរិស្ថាន និងកម្លាំងពលកម្ម។
ចំណែកឯ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងជាសាធារណៈ កាលពីចុងឆ្នាំ២០២៣ ថា រដ្ឋាភិបាលនឹងផ្អាកផ្តល់អាជ្ញាប័ណ្ណអាជីវកម្មរ៉ែមាស ដែលលោកថា រដ្ឋាភិបាលកំពុងយកចិត្តទុកដាក់លើវិស័យរ៉ែ និងធនធានធម្មជាតិ។
របាយការណ៍បន្ថែមថា អ្នកភូមិជាច្រើននាក់មានសម្ពាធ ហើយពួកគាត់បង្ខំចិត្តទទួលសំណងដីធ្លី មិនសមរម្យ ក្រោមតម្លៃទីផ្សារព្រោះមានការគំរាមកំហែង ពីការបណ្តេញចេញទាំងបង្ខំ និងគ្មានសំណង បើសិនពួកគេមិនធ្វើតាម។
បន្ថែមពីនេះទៀត សុខភាពរបស់សហគមន៍ធ្លាក់ចុះខ្លាំងក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះហើយ អ្នកភូមិជាច្រើនមានជំងឺមហារីក ជំងឺហើមមុខមាត់ ការឈឺចាប់ក្នុងពោះ ជំងឺភ្លេចស្មារតី ឬបាត់ការចងចាំ និងពកសាច់ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។