សហគមន៍ការពារព្រៃឈើស្រុកឆែប ខេត្តព្រះវិហារ អះអាងថា ក្រុមឈ្មួញមានអំណាចកំពុងឈូសឆាយដីព្រៃក្នុងដែនជម្រកសត្វព្រៃឆែប-ព្រះរការជាច្រើនហិកតារធ្វើជាកម្មសិទ្ធិឯកជន ដោយមិនមានអាជ្ញាធរពាក់ព័ន្ធចុះជួយទប់ស្កាត់ និងមានវិធានការចំពោះជនល្មើសនោះទេ។ សង្គមស៊ីវិលយល់ថា អាជ្ញាធរពាក់ព័ន្ធត្រូវតែអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវនិងមានតម្លាភាព។
សហគមន៍ការពារព្រៃឈើ រស់នៅឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ អះអាងថា ក្រុមឈ្មួញដែលមានតួនាទីជាមន្ត្រីអង្គភាពយោធា កំពុងដាក់គ្រឿងចក្រឈូសឆាយដីព្រៃសហគមន៍ចំនួន២ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃឆែប-ព្រះរការ ក្នុងនោះមាន ព្រៃសហគមន៍ព្រះលាន និងព្រៃសហគមន៍ចង្ហាធំ អស់រាប់សិបហិកតារដើម្បីធ្វើជាកម្មសិទ្ធិឯកជន ហើយមិនទាន់ឃើញមានអាជ្ញាធរពាក់ព័ន្ធចុះជួយទប់ស្កាត់សហគមន៍ និងមិនមានវិធានការទៅលើជនល្មើសនោះទេ បើទោះបីពួកគេបានរាយការណ៍ ទៅទៅមន្ត្រីជំនាញយ៉ាងណាក្ដី។
តំណាងសហគមន៍ការពារព្រៃឈើឃុំកំពង់ស្រឡៅ លោក កេន សុគន្ធ អះអាងប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៣ ខែមីនា ថា មានមន្ត្រីយោធាសឹករងភូមិភាគ៤ ស្រុកឆែប ឈ្មោះ ឆៅ ហន បានដាក់គ្រឿងចក្រឈូសឆាយដីព្រៃសហគមន៍ដែលស្ថិតក្នុងដែនជម្រកសត្វព្រៃឆែប-ព្រះរការ និងដីស្រែចម្ការរបស់ប្រជាពលរដ្ឋ អស់ជាច្រើនហិកតារដើម្បីធ្វើជាកម្មសិទ្ធិឯកជន ហើយបញ្ហានេះសហគមន៍បានរាយការណ៍ និងបានបញ្ជូនឈ្មោះជនល្មើសទាំងនោះទៅមន្ត្រីជំនាញពាក់ព័ន្ធ ប៉ុន្តែនៅមិនទាន់ឃើញមានវិធានការ និងអនុវត្តច្បាប់ទៅលើជនប្រព្រឹត្តឡើយ។ លោកបន្ថែមថា អ្នកភូមិសង្ស័យអាជ្ញាធរពាក់ព័ន្ធ នៅតំបន់នោះគប់គិតគ្នាជាមួយជនល្មើស ទើបមិនមានវិធានការបែបនេះ។
លោក កេន សុគន្ធ៖ «ប្រជាពលរដ្ឋទាំងអស់គ្នាគាត់អត់សប្បាយចិត្ត សម្រាប់ប្រជាពលរដ្ឋ សហគមន៍ចុះល្បាតទៅជួបប្រជាពលរដ្ឋកាប់ទន្ទ្រានចុះហាមឃាត់ គាត់ឈប់បានគាត់ស្ដាប់ ដល់អ្នកមានអំណាចយើងចុះទៅហាមឃាត់គេអត់បាន ដោយសារគេមានអំណាចគាត់នៅរឹងរុះ អ៊ីចឹងវាលំបាកធ្វើឲ្យប្រជាពលរដ្ឋសមាជិកគាត់អត់សប្បាយចិត្តត្រង់ថា សហគមន៍យើងធ្វើអ្វីគេមិនកើតហាមបានតែប្រជាពលរដ្ឋ សម្រាប់អ្នកធ្វើការមានអំណាចហាមមិនបាន វាអត់មានតម្លាភាព វាអត់ស្មើភាពគ្នា»។
សហគមន៍ម្នាក់ដែលបានចុះទៅហាមឃាត់គ្រឿងចក្រមិនឲ្យឈូសឆាយ លោក ហ៊ុន រ៉ា ឲ្យដឹងថា ក្រុមឈ្មួញទាំងនោះ បម្រុងប្រើប្រាស់អំពើហិង្សា ទៅលើសហគមន៍ ដែលបានហាមឃាត់មិនឲ្យឈូសឆាយដីព្រៃ និងដីអាស្រ័យផលរបស់សហគមន៍។
លោក ហ៊ុន រ៉ា៖ «ខ្ញុំបានជម្រាបអាជ្ញាធររួចហើយ ប៉ុន្តែគេមិនដឹងទេ ចាំមើលក្រសួងបរិស្ថានគេដោះស្រាយ ពីមុខចាត់វិធានការប្រជាពលរដ្ឋដែលគាត់កាប់ឆ្វៀលតិចតួចជិតដីសហគមន៍ គាត់កាប់នឹងកាំបិតនិងពូថៅមិនច្រើនទេ ដូច១ឆ្នាំបាន ១ស្រែ ២ស្រែអ៊ីចឹងវិញគាត់ហាមឃាត់ដូចគ្នា ដល់ពេលគេដាក់គ្រឿងចក្រអត់ហ៊ានទៅទប់ស្កាត់គេផង អត់ឃើញទៅហាមគេផង»។
សហគមន៍លើកឡើងទៀតថា អាជ្ញាធរពាក់ព័ន្ធចុះបង្ក្រាប និងចាត់វិធានការចំពោះតែប្រជាពលរដ្ឋស្លូតត្រង់ ដែលពួកគេកាប់ឆ្ការដីសម្រាប់អាស្រ័យផលដើម្បីចិញ្ចឹមជីវិតតែប៉ុណ្ណោះ ចំណែកក្រុមឈ្មួញមានលុយនិងមានអំណាច អាជ្ញាធរទាំងនោះមិនអើពើនោះទេ លើសពីនោះបានជួយកាងការពារក្រុមជនល្មើសថែមទៀត។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យសាលាខេត្តព្រះវិហារ លោក ណុប វុទ្ធី និងប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក ស៊ុង ច័ន្ទសុជាតិ បានទេ នៅថ្ងៃទី២៣ ខែមីនា ដោយទូរស័ព្ទចូលតែគ្មានអ្នកទទួល។ ចំណែកមន្ត្រីយោធាសឹករង ភូមិភាគ៤ លោក ឆៅ ហន ក៏វិទ្យុអាស៊ីសេរី មិនអាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ។
ទាក់ទិននឹងបញ្ហានេះ អ្នកគ្រប់គ្រងកម្មវិធី អង្គការពន្លកខ្មែរ លោក តែម វេន សង្កេតឃើញថា បច្ចុប្បន្នមន្ត្រីរដ្ឋាភិបាលកំពុងតែមមាញឹកក្នុងការចុះបង្ក្រាប និងអនុវត្តច្បាប់ទៅលើបទល្មើសដែលបានកាប់ទន្ទ្រានដីព្រៃនៅក្នុងតំបន់ការពារ រហូតដល់មានការចាប់ខ្លួនជាបន្តបន្ទាប់ ដូច្នេះលោកជំរុញឲ្យមន្ត្រីរបស់រដ្ឋាភិបាល ត្រូវតែបង្ក្រាប និងអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ និងតម្លាភាព និងមិនត្រូវលើកលែងឲ្យបុគ្គលណាមួយនោះទេ។
លោក តែម វេន៖ «ក្នុងនាមជាអង្គការសង្គមស៊ីវិល ស្នើដល់ស្ថាប័នពាក់ព័ន្ធចុះសិក្សាធ្វើការអង្កេតករណីនេះ និងធ្វើកិច្ចអន្តរាគមន៍ទៅតាមនីតិវិធី ដើម្បីជួយទៅដល់បងប្អូនប្រជាសហគមន៍របស់យើងនៅមូលដ្ឋាន»។
ព្រៃសហគមន៍ចង្ហាធំ និងព្រៃសហគមន៍ព្រះលាន មានផ្ទៃដីជិត ៣ពាន់ហិកតារ ស្ថិតនៅឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃឆែប-ព្រះរការ។ ព្រៃសហគមន៍ទាំងពីរនេះ សម្បូរទៅដោយដើមឈើកម្រគ្រប់ប្រភេទ មានដូចជា សុក្រំ កកោះ និងធ្នង់ ដែលជាជម្រកសត្វជាច្រើនប្រភេទថែមទៀត។
យោងតាមទីស្ដីការគណៈរដ្ឋមន្ត្រី ចុះកាលពីថ្ងៃ១៧ ខែកក្កដា ឆ្នាំ២០២៣ បានសម្រេចបង្កើតដែនជម្រកសត្វព្រៃឆែប-ព្រះរការ ដែលមានផ្ទៃដី ជាង៣០ម៉ឺន (៣៤៧.៥៦៨)ហិកតារ ស្ថិតនៅភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង ក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។