អ្នក​ធ្វើ​ការងារ​ផ្នែក​បរិស្ថាន​បារម្ភ​ពី​ការ​បន្ត​លុប​បឹងតាមោក​ថា នឹង​អាច​បង្ក​ផល​ប៉ះ ពាល់​ដល់​មនុស្ស​និង​បរិស្ថាន

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល បារម្ភ​ពី​ការ​បន្ត​លុប​បឹង​តា​មោក​ជា​បន្តបន្ទាប់ ដែល​នឹង​បង្ក​គ្រោះថ្នាក់​ដល់​បរិស្ថាន ការរស់នៅ​រស់​របស់​ពលរដ្ឋ និង​វិបត្តិ​ទឹក​រាជធានី​ភ្នំពេញ​។ ឆ្លើយតប​ការ​ព្រួយ​បារម្ភ​នេះ​អ្នកនាំពាក្យ​រដ្ឋាភិបាល​អះអាង​ថា មុន​រដ្ឋាភិបាល​កាត់​ដី​បឹង​នេះ គឺ​មាន​ការសិក្សា​ផល​ប៉ះពាល់​ត្រឹមត្រូវ​ពី​ក្រសួង​ជំនាញ។

មន្ត្រី​សង្គម​ស៊ីវិល​សំដែង​ការ​ព្រួយ​បារម្ភ​នេះ បន្ទាប់ពី​មាន​ការ​ចុះផ្សាយ​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន អនុញ្ញាត​ឲ្យ​លុប​ផ្ទៃ​បឹង​តា​មោក​ទំហំ​២០​ហិកតារ​បន្ថែម​ទៀត​ឱ្យ​បុគ្គល​ឯកជន​ដើម្បី​ជា​ការ​ដោះដូរ​សម្រាប់​សាងសង់​អគារ​ទីបញ្ជាការ​ស្រាល​ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ថ្នាក់ដឹកនាំ​នៅ​ចំណុច​គោលដៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​នៃ​សិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត លើកឡើង ថា ការ បន្ត​លុប​បឹង​ធម្មជាតិ​ជា​បន្តបន្ទាប់​ជាពិសេស​បឹង​តាមោក ដែល​ជា​បឹង​ធំ​ជាងគេ​នៅ​ភ្នំពេញ​នេះ​អាច​នឹង​ធ្វើ​ឲ្យ​ទីក្រុង​ភ្នំពេញ​ប្រឈម​នឹង​លិចលង់​ធ្ងន់ធ្ងរ​ដោយ​ជំនន់​ទឹកភ្លៀង​។ មន្ត្រី​សង្គម​រូប​នេះ​ជំរុញ​ទៅ​រដ្ឋាភិបាល​មុននឹង​សម្រេច​លុប​បឹង​ណាមួយ​ត្រូវ​សិក្សា​ឱ្យ​បាន​ច្បាស់លាស់៖ «យើង​ឃើញ​បឹង​ជើងឯក​ឥឡូវ​ដល់​បឹង​តាមោក​ជា​បន្តបន្ទាប់ ហើយ​បឹង​តា​មោក​ហ្នឹង​ជា​បឹង​ធំ​ចុងក្រោយ​គេ​ហើយ​អ៊ីចឹង​បើ​យើង​បន្ត​លុប​ដោយ​មិន​គិតគូរ​ច្បាស់លាស់​ទេ បញ្ហា​ប្រឈម​គឺ​នឹង​អាច​កើតមាន​ទៅ​អនាគត»។

រីឯ​ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន​(Alejandro Gonzalez - Davidson) រិះគន់​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​ស្តាប់​​ការ​ព្រួយ​បារម្ភ​របស់​អ្នកឃ្លាំមើល ប៉ុន្តែ​លោក​រំពឹង​ថា ប្រសិនបើ​ទីក្រុង​ភ្នំពេញ លិចលង់​ជា​បន្តបន្ទាប់​ពេល​មាន​ភ្លៀង​ធ្លាក់​ដូច​កន្លងទៅ​ថ្មី​នេះ នឹង​អាច​ធ្វើ​ឱ្យ​លោក ហ៊ុន សែន គិតគូរ​ឡើងវិញ​។ លោក អា​ឡិច ព្រួយបារម្ភ​ថា វាសនា​របស់​បឹង​តា​មោក​ប្រហែលជា​មិន​ខុស​ពី​បឹងកក់ ឬ​បឹងទំពុន​នោះ​ទេ៖ «មានតែ​ករណី​តែមួយគត់​ទេ​ដែល​យើង​អាច​សង្គ្រោះ​​អ៊ីចឹង​តាមោក​បាន​គឺ​រដូវវស្សា​ឆ្នាំនេះ និង​ឆ្នាំក្រោយ​មួយទៀត​ដូច​រដូវវស្សា​ឆ្នាំមុន​ដែរ​ដែល​អាច​ធ្វើ​ឱ្យ​របប​លោក ហ៊ុន សែន យល់​ឃើញ​ថា កាលណា​លុប​បឹង​ទាំងអស់​ធ្វើ​មិន​ទីក្រុង​ភ្នំពេញ​មិន​អាច​រស់នៅ​បាន»។

ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​ព្រួយបារម្ភ​នៅ​ពេល​នេះ ស្រប​ពេល​សារព័ត៌មាន​ក្នុងស្រុក​ផ្នែក​អចលនទ្រព្យ​(property area)​បាន​ចុះផ្សាយ​ថា ទីស្តីការ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ បាន​ចេញ សជណ​ឬ​សេចក្ដីជូនដំណឹង​ដោយ យល់ព្រម​កាត់​ផ្ទៃដី​បឹង​តា​មោក​២០​ហិកតារ​ទៅ​ឲ្យ​លោក លន់ ហាក់ និង​អ្នកស្រី ឈុន ចាន់ធី ដែល​ជា​ម្ចាស់​ដី​មួយ​កន្លែង​មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ​។ លិខិត​ដដែល​បញ្ជាក់​ថា ម្ចាស់​កម្មសិទ្ធិ​ដី​នេះ​បាន​យល់ព្រម​ផ្ដល់​ប្ដូរ​ដី​របស់​ខ្លួន​​ឱ្យ​រដ្ឋ​ដើម្បី​សាងសង់​ទីបញ្ជាការ​ស្រាល​ទំហំ​២១,៧គុណម៉ែត្រ នឹង៤២ម៉ែត្រ​កម្ពស់​៣ជាន់សម្រាប់​ឱ្យ​កងកម្លាំង​ប្រើប្រាស់​ដើម្បី​បំពេញ​ការងារ​ថែរក្សា​សន្តិសុខ ការពារ​សុវត្ថិភាព​ជូន​ថ្នាក់ដឹកនាំ​នៅ​ចំណុច​គោលដៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។

រីឯ​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន ប្រាប់​ថា លោក​មិន​បាន​ដឹង​រឿង​នេះ​ទេ​។ ទោះ​យ៉ាងណា​អ្នកនាំពាក្យ​រូប​នេះ អះអាង​ថា មុននឹង​ការសម្រេច​ណាមួយ​ចូល​ដល់​ទីស្ដីការគណៈរដ្ឋមន្ត្រី​គឺ​បាន​ឆ្លងកាត់​ការសិក្សា​ស្រាវជ្រាវ​ត្រឹមត្រូវ​ពី​ក្រសួង​ពាក់ព័ន្ធ៖ «អត់​ដឹង​ទេ​អា​ប្រុស​អឺយ​ខុស​កន្លែង​គ្នា​វើយ ការ​កាត់កង​ហ្នឹង​សួរ​ទៅ​ខាង​ក្រសួង​ដែនដី​គេ​ព្រោះ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​គ្រាន់​ចុងក្រោយ​បំផុត​ដែល​ចេញ​សេចក្ដីជូនដំណឹង​ដែល​គេ​សរសេរ​កាត់​ថា សជណ​ព្រោះ​ទីស្ដីការគណៈរដ្ឋមន្ត្រី​អត់​មាន​សិទ្ធិ​កាត់កង​អី​ដល់​តែ​ក្រសួង​ជំនាញ»។

អាស៊ីសេរី​មិន​អាច​ទាក់ទង ​អ្នកនាំពាក្យ​ក្រសួង​ដែនដី លោក សេង ឡូត និង​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាស ភក្តី តាម​ទូរស័ព្ទ​ដើម្បី​សួរ​អំពី​បញ្ហា​នេះ​បានទេ នៅ​ថ្ងៃ​ទី​២៧​ធ្នូ​។​

បឹង​តាមោក​ដែល​ជា​បឹង​ធំ​ចុងក្រោយ​នៅ​ភ្នំពេញ​មាន​ផ្ទៃក្រឡា​ជាង ៣ ០០០ហិកតារ​ហើយ​នៅ​រយៈពេល​ចុងក្រោយ​នេះ​ត្រូវ​រដ្ឋាភិបាល​សម្រេច​លុប​ផ្ទៃ​បឹង​តា​មោក​ជាច្រើន​ហិកតារ ទៅ​សាលា​រាជធានី​ភ្នំពេញ​ធ្វើជា​សួរ​ច្បារ ឧទ្យាន​ធម្មជាតិ​សាធារណៈ ឱ្យ​អគ្គស្នងការ​នគរបាល​ជាតិ និង​អគារ​ការិយាល័យ​របស់​ក្រសួង​យុត្តិធម៌​ជាដើម។

លោក ផៃ ស៊ីផាន មិន​ទាន់​ឱ្យ​ដឹង​ថា សព្វ​នេះ​ផ្ទៃ​បឹង​តាមោក​នៅ​សល់​ប៉ុន្មាន ឬ​ត្រូវ​រដ្ឋាភិបាល​កាត់​អស់​ប៉ុន្មាន​ហិកតារ​នោះ​ទេ ប៉ុន្តែ​មាន​របាយការណ៍​ខ្លះ​បង្ហាញ​ថា ផ្ទៃ​បឹងតាមោក​ដែល​ត្រូវ​បាន​កាត់​ឱ្យ​ទាំង​ក្រុមហ៊ុន​ឯកជន និង​រដ្ឋ​នៅ​ពេល​នេះ​កើន​ឡើង​ទំហំ​ជិត ៦០០​ហិកតារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។