មន្ត្រីសង្គមស៊ីវិល និងអ្នកឃ្លាំមើលបរិស្ថានយល់ថា យុវជនចលនាមាតាធម្មជាតិ បានបំពេញភារកិច្ចជាពលរដ្ឋល្អរួមចំណែកជួយរដ្ឋាភិបាលច្រើនក្នុងការឃ្លាំមើល និងការពារបរិស្ថានដូច្នេះអាជ្ញាធររដ្ឋាភិបាលពុំគួរចាប់ចងពួកគេនោះទេ។ ថ្មីៗ នេះអាជ្ញាធរខេត្តកំពតបានប្រកាសទទួលស្គាល់ ពីចំណុចខ្វះខាតមួយចំនួន ទាក់ទិនការបង្ហូរទឹកលូ ចូលព្រែកកំពត ហើយអាជ្ញាធរកំពុងចាត់វិធានការដោះស្រាយ ក្រោយការបង្ហោះវីដេអូរិះគន់របស់យុវជនចលនាមាតាធម្មជាតិ។
មន្ត្រីសង្គមស៊ីវិល និងអ្នកឃ្លាំមើលបរិស្ថានមើលឃើញថា ក្រុមយុវជនចលនាមាតាធម្មជាតិតែងតែនិយាយការពិតជាសាធារណៈ បង្ហាញពីចំណុចចន្លោះប្រហោង របស់រដ្ឋាភិបាល ទាក់ទិនការអភិវឌ្ឍប៉ះពាល់បរិស្ថាន និងសង្គម។ ពួកគេគិតថា ការដែលរដ្ឋាភិបាលចាប់ខ្លួន យុវជនទាំងនោះ ឆ្លុះបញ្ចាំងថា រដ្ឋាភិបាលបានព្យាយាមលាក់បាំងដំបៅសង្គម និងមិនផ្តល់តម្លៃចំពោះអ្នកដែលលះបង់ការពារប្រយោជន៍បរិស្ថាននោះទេ។
ប្រធានសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អ៊ុល វ៉ាន់ យល់ថា យុវជនចលនាមាតាធម្មជាតិ គឺជាកម្លាំងយុវជនសកម្ម និងក្លាហាន ចូលរួមជាមួយពលរដ្ឋទាមទារដំណោះស្រាយផ្នែកបរិស្ថាន និងការគោរពសិទ្ធិមនុស្សជាដើម។ ហេតុនេះលោកថា ការដែលរដ្ឋាភិបាលបានចាប់ខ្លួនពួកគេ ពុំផ្តល់ផលចំណេញនោះទេ៖ «រដ្ឋាភិបាលគួរតែមានវិធីសាស្ត្រផ្សេង ជាពិសេស ផ្តល់ការគាំទ្រដល់សកម្មជនបរិស្ថាន ក៏ដូចជាពលរដ្ឋសកម្មហ្នឹងឱ្យបន្តចូលរួមជាមួយរដ្ឋាភិបាលក្នុងការ ដោះស្រាយបញ្ហានានា ជាពិសេស បញ្ហានៃការបំផ្លិចបំផ្លាញធម្មជាតិ ដើម្បីឱ្យពលរដ្ឋកម្ពុជាទទួលបានការអភិវឌ្ឍពិតប្រាកដ ហើយការអភិវឌ្ឍហ្នឹងទៀតសោត ផ្តល់ប្រយោជន៍សម្រាប់ពលរដ្ឋទាំងអស់គ្នា »។
ថ្មីៗ នេះ អាជ្ញាធរខេត្តកំពតទទួលស្គាល់ថា បញ្ហាខ្វះប្រព័ន្ធលូ និងអាងចម្រោះទឹកកខ្វក់កំពុងក្លាយជាបញ្ហាប្រឈមចម្បង ប៉ះពាល់បរិស្ថានទឹកសមុទ្រ ហើយអាជ្ញាធរជំនាញកំពុងដោះស្រាយរឿងនេះ។ ការលើកឡើងនេះ ក្រោយពីក្រុមយុវជនចលនាមាតាធម្មជាតិ បានផ្សាយវីដេអូ ២នាទី បង្ហាញថាអាជ្ញាធរក្រុងកំពតមិនទាន់មានលទ្ធភាពចម្រោះទឹកស្អុយ ដែលជាហេតុនាំឱ្យទឹកលូ ឬទឹកកង្វក់ហូរចូលព្រែកកំពតជាច្រើនឆ្នាំមកហើយ។
សកម្មជនបរិស្ថាន ដែលត្រូវជាកូនប្រុសលោក ឈុត វុទ្ធី គឺលោក ឆើយ ឧត្ដមរស្មី មានមតិថា សកម្មភាពរបស់ក្រុមយុវជនទាំងនោះ ដើម្បីបម្រើប្រយោជន៍ប្រទេសជាតិ ពុំគួរត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារទេ។ លោកថា ក្រុមយុវជនទាំងនោះ បានលះបង់ច្រើន ដើម្បីបុព្វហេតុបរិស្ថាន រដ្ឋាភិបាលគួរតែលើកចិត្ត និងគាំទ្រដល់ពួកគេ៖ «រដ្ឋាភិបាលគួរតែគាំទ្រនូវការលះបង់របស់ពួកគាត់ ព្រោះពួកគាត់ធ្វើហ្នឹង គឺស្ម័គ្រចិត្តមិនមានប្រាក់ខែទេ។ សូមសំណូមពរដល់រដ្ឋាភិបាល មេត្តាគិតគូរដល់អ្នកដែលស្រឡាញ់ធនធានធម្មជាតិផង អ្នកទាំងអស់ហ្នឹងមិនមែនជាមុខព្រួញ និងគួរសត្រូវរបស់រដ្ឋាភិបាលទេ »។
អាស៊ីសេរីមិនទាន់អាចទាក់ទងអ្នកនាំពាក្យអង្គភាពរដ្ឋាភិបាល លោក ផៃ ស៊ីផាន និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បាននៅឡើយទេ នៅថ្ងៃទី២ កុម្ភៈ ព្រោះទូរស័ព្ទហៅចូលច្រើនដង គ្មានអ្នកលើក។
សកម្មជនចលនាមាតាធម្មជាតិ ត្រូវបានអាជ្ញាធររបបក្រុងភ្នំពេញ ធ្វើទុក្ខបុកម្នេញ និងចាប់ខ្លួនដាក់ពន្ធនាគារជាបន្តបន្ទាប់ ដោយសារពួកគេបានចេញមុខតស៊ូមតិប្រឆាំងនឹងការបំផ្លិចបំផ្លាញបរិស្ថានដោយក្រុមអ្នកមានលុយមានអំណាច។ ករណីចុងក្រោយនេះ អាជ្ញាធររបបក្រុងភ្នំពេញ ចាប់ឃុំខ្លួនសកម្មជនបរិស្ថានវ័យក្មេង ៣នាក់គឺ លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួង កែវរស្មី កាលពីដើមខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ។
មកទល់ពេលនេះ យុវជនទាំង ៣នាក់នោះ បានជាប់ពន្ធនាគារជាង ៥ខែហើយ។ សំណុំរឿងនេះមានជនជាប់ចោទ ២នាក់ទៀត ដែលស្ថិតនៅក្រៅឃុំ គឺស្ថាបនិកចលនាមាតាធម្មជាតិលោក អាឡិច ហាន់ដ្រូហ្គន់សាឡេស ដេវីដសុន (Alejandro Gonzalez Davidson) និងយុវជនខ្មែរថាវរៈ កញ្ញា ជា គន្ធីន ដែលធ្លាប់បង្ហាញមុខក្នុងវីដេអូរបស់ក្រុមមាតាធម្មជាតិ ទាក់ទងនឹងការលុបបឹងតាមោក។
តុលាការបានចោទប្រកាន់ពួកគេពីបទ "ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម" ដែលប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ២ឆ្នាំ។ ការចាប់ខ្លួន និងការចោទប្រកាន់នេះ កើតមានឡើងបន្ទាប់ពីកញ្ញា ឡុង គន្ធា បង្ហោះសារលើហ្វេសប៊ុកអំពីគម្រោងដើរពីវត្តភ្នំទៅកាន់ភូមិគ្រឹះលោកនាយករដ្មមន្ត្រី ហ៊ុន សែន ដើម្បីស្នើសុំជួបផ្ទាល់ជាមួយលោក និយាយអំពីរឿងការលុបបឹងតាមោក ដែលស្ថិតនៅជាយរាជធានីភ្នំពេញ។
ស្ថាបនិកចលនាមាតាធម្មជាតិលោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវីតសុន យល់ថា ទង្វើរបស់រដ្ឋាភិបាល គឺជាការគំរាមដល់យុវជនផ្សេងៗ ទៀត មិនឱ្យនិយាយការពិតពីវិបត្តិបរិស្ថាន។ លោកប្រកាសជំហរថា យុវជនចលនាមាតាធម្មជាតិ នឹងបន្តធ្វើកិច្ចការងារនេះដូចធម្មតា ដោយគ្រាន់តែប្ដូរយុទ្ធសាស្ត្រតែប៉ុណ្ណោះ៖ «យុវជនមាតាធម្មជាតិបានផ្តល់គំរូនូវសេចក្ដីក្លាហាន ដល់យុវជនខ្មែរជាទូទៅ។ អ៊ីចឹងរបបលោក ហ៊ុន សែន គេវាយធ្វើបាបយុវជនមាតាធម្មជាតិ ជាគំរូដើម្បីយុវជនផ្សេង ជាសារមួយរបស់លោក ហ៊ុន សែន និងគ្នាគាត់ប្រាប់ពលរដ្ឋទូទៅថា បើអ្នកឯងនៅតែនិយាយការពិតជាសាធារណៈ ខ្ញុំនឹងចាប់ ខ្ញុំនឹងធ្វើបាបអ្នកឯង អ្នកឯងនៅស្ងៀមបានហើយ។ នេះយុទ្ធរបស់លោក ហ៊ុន សែន របបដែលភ័យវាមិនអនុញ្ញាតឱ្យប្រជាជនខ្មែរ និយាយជាទូទៅ »។
ក្រុមសកម្មជនចលនាមាតាធម្មជាតិមានបេសកកម្មស៊ើបអង្កេតស្រាវជ្រាវ ដើម្បីផលិតវីដេអូលាតត្រដាងពីការបំផ្លាញបរិស្ថាន ការបូមខ្សាច់ អំពើពុករលួយ និងបង្ហូរទឹកកខ្វក់ចូលសមុទ្រ ការរក្សាទុកភ្លុកដំរីកុយរមាស ឆ្អឹងខ្លា និងស្រកាពង្រូលជាដើម។ ពួកគេបានបង្ហោះព័ត៌មានទាំងនោះ នៅលើទំព័រហ្វេសប៊ុកចលនាមាតាធម្មជាតិ (Mother Nature Cambodia) ហើយវីដេអូទាំងនោះបានទាក់ទាញអ្នកចូលទស្សនារាប់សែនដង។
ក្រុមប្រទេសប្រជាធិបតេយ្យសង្គមស៊ីវិលជាតិ អន្តរជាតិ និងក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅតែស្នើយ៉ាងទទូចឱ្យរបបលោក ហ៊ុន សែន ដោះលែងអ្នកទោសមនសិការទាំងនេះ ហើយមិនត្រូវបំបិទ និងដាក់ទណ្ឌកម្មទៅលើការងារស្របច្បាប់របស់ពួកគាត់ក្នុងនាមជាអ្នកការពារសិទ្ធិមនុស្សផ្នែកបរិស្ថានឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។