អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា យល់ព្រមឱ្យក្រុមហ៊ុនឯកជនរបស់ចិនពន្យារពេលដឹកសំរាម ៦៩កុងតឺន័រទៀត ចេញឱ្យអស់ពីកម្ពុជា នៅចុងខែតុលា ដោយសារបញ្ហាអាកាសធាតុមិនល្អ។ អ្នកបរិស្ថានមិនទុកចិត្តលើការពន្យារពេលនេះទេ និងសង្ស័យថា ក្រុមហ៊ុនមានចេតនាពន្យារពេល ដើម្បីគេចវេះពីការទទួលខុសត្រូវ។
គម្រោងនាំសំរាមប្លាស្ទិកត្រឡប់ទៅប្រទេសដើមវិញឱ្យអស់ត្រឹមថ្ងៃទី២៤ សីហា ត្រូវបានស្ថាប័នគយកម្ពុជា យល់ព្រមពន្យារឱ្យ ២ខែទៀត គឺទៅដល់ថ្ងៃទី២៥ ខែតុលា ដោយមូលហេតុអាកាសធាតុ លើដែនសមុទ្រមិនល្អ និងការកកស្ទះទំនិញច្រើន។ សេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយ ចុះនៅថ្ងៃទី២៣ សីហា ផ្សាយថា ក្រុមហ៊ុនឈ្មោះ ជុងយៀក ប្លាស្ទិក មេនូហ្វេកឈ័រ (Chungyuen Plastic Manufacture) ដែលនាំសំរាមចំនួន ៨៣កុងតឺន័រចូលកម្ពុជាខុសច្បាប់ កាលពីចុងឆ្នាំ២០១៨ បានដឹកសំរាមទាំងនោះ ត្រឡប់ទៅប្រទេសដើមវិញអស់ ១៤កុងតឺន័រហើយ និងបានបង់ប្រាក់ថ្លៃផាកពិន័យគ្រប់ចំនួន។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមពីអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ លោក គុណ ញឹម បានទេ នៅថ្ងៃទី២៤ សីហា ដោយសារមិនលើកទូរស័ព្ទ។
របបក្រុងភ្នំពេញ កាលពីថ្ងៃទី១៦ ខែកក្កដា បានបញ្ចេញព័ត៌មានកាកសំណល់សំរាមប្លាស្ទិក ដែលបានវេចខ្ចប់យ៉ាងមានរបៀបរៀបរយដាក់នៅក្នុងកុងតឺន័រចំនួន៨៣ បានដឹកមកកាន់កំពង់ផែក្រុងព្រះសីហនុ ជាបន្តបន្ទាប់ តាំងពីខែតុលាឆ្នាំ២០១៨ មក។ ក្រោយមានប្រតិកម្មខ្លាំងពីមហាជន របបក្រុងភ្នំពេញ បានដាក់ចេញវិធានការ ៣ចំណុច ដល់ក្រុមហ៊ុន ជុង យៀន ប្លាស្ទិក ដែលបាននាំសំរាមមកចាក់ចោលក្នុងខេត្តព្រះសីហនុ គឺត្រូវនាំសំរាមទាំងនោះ ទៅប្រទេសដើមវិញ និងផាកពិន័យជាប្រាក់បន្ថែមទៀត។ អាជ្ញាធររបបក្រុងភ្នំពេញអះអាងថា សំរាមទាំង ៨៣កុងតឺន័រ មានប្រភពចេញពីសហរដ្ឋអាមេរិក និងប្រទេសកាណាដា តាមរយៈក្រុមហ៊ុនចិន យកមកផ្លុងចោលនៅកំពង់ផែ ក្រុងព្រះសីហនុ។
លោក ហ៊ុន សែន មេដឹកនាំរបបក្រុងភ្នំពេញ ក៏ប្រកាសថា កម្ពុជាមិនអនុញ្ញាតដាច់ខាតឱ្យមានការនាំចូលសំរាមពីបរទេសដើម្បីកែច្នៃ ឬក៏ផលិតថាមពលអគ្គិសនីទេ ហើយលោកបានដាក់បញ្ជាថាត្រូវដឹកសំរាមទាំង ៨៣កុងតឺន័រ មានទម្ងន់សរុបជិត ២ពាន់តោន (១.៦០០តោន) ត្រឡប់ទៅប្រទេសដើមវិញ ឱ្យចប់សព្វគ្រប់នៅចុងខែសីហានេះ។
សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ លោក ថុន រដ្ឋា គ្មានជំនឿ លើរបបក្រុងភ្នំពេញថា នឹងចាត់វិធានការលើការដឹកសំរាមចេញពីកម្ពុជាអស់ទេ។ លោកថា ការដឹកចេញតែ ១៤កុងតឺន័រ ហើយទុកជិត ៧០កុងតឺន័រ សុំពន្យារពេលបែបនេះ ជាការចង់ដោះដៃ មិនទទួលខុសត្រូវរបស់ក្រុមហ៊ុន។ សកម្មជនបរិស្ថានរូបនេះសង្កេតឃើញថា បញ្ហាអាកាសធាតុ មិនមែនជាកត្តាសំខាន់ត្រូវតែពន្យារពេលដឹកសំរាមចេញពីកម្ពុជាទេ ព្រោះរាល់ថ្ងៃ មានការដឹកកុងតឺន័រធំៗ ជាងកុងតឺន័រផ្ទុកសំរាមចេញចូលកំពង់ផែខេត្តព្រះសីហនុសឹងរាល់ពេល៖ «ហេតុផលហ្នឹងវាដូចជា មិនទំនង ព្រោះមានរបស់របរផ្សេង ដែលមានទម្ងន់ ធ្ងន់ជាងសំរាមទៀត នាំចូលមកក្រុងព្រះសីហនុ។ អ៊ីចឹងអាហ្នឹង អាចជាចេតនាមួយ ឬប្រហែលមានចេតនាផ្សេង ដែលអាចថា រៀបចំឈុតឆាកអ្វីនៅពីក្រោយ ឬក៏អាចថា មានលទ្ធភាពបើកផ្លូវខៀវ ថាមិនអាចយកសំរាមទៅអស់បាន គេថា យកតិចតួចបាន ប៉ុន្តែនៅសល់ជិត៧០កុងតឺន័រទៀត អ៊ីចឹង»។
លោក ថុន រដ្ឋា យល់ឃើញដែរថា របបក្រុងភ្នំពេញ មិនគួរពន្យារពេលដឹកសំរាមចេញ ពីកម្ពុជាទេ ព្រោះរបបនេះ បានលាក់កំបាំងព័ត៌មាន និងទុកសំរាមទាំង ៨៣កុងតឺន័រ នៅកម្ពុជាប្រហែល ១ឆ្នាំហើយ។
នេះមិនមែនជាលើកទីមួយទេ ដែលកម្ពុជាទទួលបានការនាំចូលកាកសំណល់សំរាមយកមកផ្លុងចោលបែបនេះ។ កាលពីឆ្នាំ១៩៩៨ របបក្រុងភ្នំពេញ បានរកឃើញកាកសំណល់ផ្ទុកសារធាតុពុលប្រមាណជិត ៣ពាន់តោន បានដឹកតាមនាវារបស់ក្រុមហ៊ុនចិនតៃវ៉ាន់មួយ មកចាក់ចោលនៅក្រុងព្រះសីហនុអស់រយៈពេលជាច្រើនខែ ទើបរបបក្រុងភ្នំពេញ សម្រេចដឹកជញ្ជូនចេញត្រឡប់ទៅប្រទេសដើមវិញ ក្រោយពីមានការរិះគន់ចាស់ដៃពីសង្គមស៊ីវិល និងប្រជាពលរដ្ឋ ភ័យខ្លាចពីផលប៉ះពាល់ដល់សុខភាព ដែលភាយចេញពីកាកសំណល់ជាតិពុលទាំងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។