ចលនា​មាតា​ធម្មជាតិ​គ្រោង​លាត​ត្រដាង​​ការ​​លក់​​ឈើ​​មូល​ធំៗ ជាង ១​ពាន់​ហិកតារ​ឲ្យ​ឈ្មួញ​វៀតណាម​នៅ​រតនគិរី

0:00 / 0:00

អង្គការ​ចលនា​មាតា​ធម្មជាតិ គ្រោង​បង្ហាញ​វីដេអូ លាតត្រដាង​ការ លក់​ព្រៃ​សហគមន៍​ជាង ១​ពាន់​ហិកតារ (១.២០០) ឲ្យ​ឈ្មួញ​វៀតណាម​ឋិត​ក្នុង​ឃុំ​សេ​សាន ស្រុក​អូរ​ដាវ នៅ​ខេត្ត​រតនគិរី ដែល​ពួកគេ​រក ឃើញ​ភស្តុតាង​ជាក់ស្ដែង​មួយ​ចំនួន​ថា អាជ្ញាធរ​ពាក់ព័ន្ធ និង​សមត្ថកិច្ច​ខេត្ត​នេះ បាន​ប្រព្រឹត្ត​អំពើពុករលួយ​ជា​ប្រព័ន្ធ សម្រួល​ឲ្យ​កើតមាន​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​ឆ្លងដែន​ទៅកាន់​ប្រទេស​វៀតណាម​ខុសច្បាប់។

អង្គការ​ចលនា​មាតា​ធម្មជាតិ ឲ្យ​ដឹង​នៅ​ថ្ងៃទី១៩ ខែ​ធ្នូ ថា លទ្ធផល​នៃ​ការស៊ើបអង្កេត​រយៈពេល​មួយ​ខែ​កន្លងទៅ ពួកគេ​បាន​ចុះ​ដល់​ទី​តាំង​កាប់​រំលំ​ឈើ​មូល និង​ដឹកជញ្ជូន​ឈើ​ឆ្លងដែន​ទ្រង់ទ្រាយ​ធំ​ដែល​ឈ្មួញ​វៀតណាម និង​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​កម្ពុជា គឺជា​មេខ្លោង លក់​ឈើ​មូល​ធំៗ ក្នុង​ព្រៃ​សហគមន៍​ទំហំ​ជាង ១ ពាន់​ហិកតារ ឲ្យ​ឈ្មួញ​វៀតណាម​បំពាន​ច្បាប់។

សកម្មជន​ចលនា​មាតា​ធម្មជាតិ ដែល​ចុះ​ស្រាវជ្រាវ​ករណី​នេះ​ថ្លែង​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​ប្រាប់​អាស៊ីសេរី​ថា ពួកគេ​រក​ឃើញ​ឈ្មួញ​វៀតណាម​ផ្តល់​លុយ ១ ម៉ឺន​ដុល្លារ (១០.០០០ ) ជា​ថ្នូរ​រំដោះ គ្រឿងចក្រ ២​គ្រឿង ក្រោយពី​ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ បាន​នាំគ្នា​ស្ទាក់​ឃាត់​គ្រឿងចក្រ​ទាំងនោះ​កាលពី​ចុងខែ​តុលា​កន្លងទៅ ក៏ប៉ុន្តែ​ប្រាក់​នេះ ត្រូវ​បាន​នគរបាល​ខេត្ត​រតនគិរី ដកហូត​មក​រក្សាទុក។ លោក​ថា ក្រុមការងារ​លោក បាន​ចុះ​ដល់​ទី​តាំង​កាប់​ឈើ​ជាក់ស្ដែង ឋិត​ក្នុង​ភូមិ​ប៉ាដល់ ឃុំ​សេសាន ប្រទះឃើញ​គ្រឿងចក្រ មិន​ក្រោម ២០​គ្រឿង​នោះ​ទេ ដែល​ឈ្មួញ​វៀតណាម ឈូស ឆាយ​ផ្លូវ ដើម្បី​សម្រួល​ដល់​ការ​ដឹក​ឈើ​ទៅកាន់​ប្រទេស​វៀតណាម​ឆ្លង​កាន់​ទន្លេ​សេសាន ដោយ​គ្មាន​ការទប់ស្កាត់៖ «ចំណុច​ព្រៃ​ដែល​មាន​ចំនួន ១​ពាន់ ២​រយ​ហិកតារ ដែល​គេ​លក់​ទៅ​ឲ្យ​ឈ្មួញ​វៀតណាម​ហ្នឹង មានការ​ឃុបឃិត​គ្នា​លក្ខណៈ​ជា​ប្រព័ន្ធ​ផង និង​មានការ​ឃុបឃិត​គ្នា លក់​ព្រៃ​ទៅ​ឲ្យ​ឈ្មួញ​វៀតណាម​ផង»។

សកម្មជន​បរិស្ថាន​រូប​នេះ​បន្ថែម​ថា ឈ្មួញ​បាន​ដឹកជញ្ជូន​ឈើ​ក្នុង​ចន្លោះ បង្គោល​លេខ ២៥ ឆ្លង​ចូល​ប៉ុស្តិ៍​ព្រំដែន​ហ្វាតាំ ក្នុង​ទឹកដី​ខេត្ត​យ៉ាឡាយ ប្រទេស​វៀតណាម គឺជា​ច្រក​ដែល​គេ​បើក​សម្រាប់​តែ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ប៉ុណ្ណោះ។ លោក​ថា តាម​​បណ្ដោយ​ព្រំដែន​នៃ​ឃុំ​សេសាន ក្នុង​ទឹកដី​វៀតណាម មាន​ការដ្ឋាន​អាជីវកម្ម​ឈើ​ជាច្រើន​ទីតាំង ដែល​ឈ្មួញ​វៀតណាម ប្រមូល​ទិញ​ឈើ​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ ពី​ទឹកដី​កម្ពុជា​ក្នុង​ខេត្ត​រតនគិរី និង​ព្រៃ​អភិរក្ស​តំបន់​ផ្សេងទៀត​នៅ​ខេត្ត​ភាគ​ឦសាន៖ «ខ្ញុំ​ចូល​ដល់​ទឹកដី​ខេត្ត​យ៉ាឡាយ វៀតណាម ឃើញ​មាន​គ្រឿងចក្រ​ឈើ​រាប់​សិប​រោងចក្រ។ មានន័យថា រឿង​នេះ​ជា​រឿង​មួយ​ដែល​មាន​ការ​កាប់​ឈើ តែ​នៅ​ពេល​យើង​ស៊ើបអង្កេត​ទៅ មាន​ភស្តុតាង​ដែល​បញ្ជាក់​ថា វៀតណាម​កំពុង​ប្រមូល​ឈើ​ពី​កម្ពុជា​​ខុសច្បាប់ មានការ​ឃុបឃិត​គ្នា»។

ខ្លឹមសារ វីដេអូ​ប្រហែល ៣ នាទី ដែល​អង្គការ​ចលនា​មាតា​ធម្មជាតិ​គ្រោង​បង្ហោះ​នៅ​ពេល​ឆាប់ៗ​នេះ ឲ្យ​ដឹង​ថា ឈើ​មូល​រាប់ពាន់​ម៉ែត្រ​គូប ដែល​ប្រមូល​ពី​ព្រៃ​អារក្ស របស់​កម្ពុជា​ឋិត​នៅ​ជាប់​ព្រំដែន​ខេត្ត​រន​គិរី គឺ​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឆ្លង​កាន់​ទន្លេ​សេសាន​ដោយ​ខុសច្បាប់ ដោយមាន​លោក​មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សេ​សាន ជា​អ្នក​កាង និង​សម្របសម្រួល៖ «ព្រៃ​អភិរក្ស​ចំនួន ១​ពាន់ ២​រយ​ហិកតារ ត្រូវ​បាន​ពលរដ្ឋ​ចោទ​ថា មេឃុំ និង លោក ហូ ជីវ៉ៃ មន្ត្រី​កង​រាជ​អាវុធ​ខេត្ត ដែល​ត្រូវជា​ប្អូនថ្លៃ​អភិបាលខេត្ត​រតនគិរី​ឃុបឃិត​គ្នា លក់​ឲ្យ​ឈ្មួញ​វៀតណាម ហើយ​មក​ទល់​ពេល​នេះ សកម្មភាព​នេះ កំពុង​ប្រព្រឹត្តទៅ​យ៉ាងសកម្ម»។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភត្ត្រា តែ​មិន​អាច​ទាក់ទង​បានទេ​នៅ​ថ្ងៃ​ទី១៩ ធ្នូ។

ចំណែក​មេឃុំ​សេសាន លោក សេវ ស្វែន បដិសេធ​មិន​ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី​ទេ ដោយ​លោក​បញ្ជាក់​ថា ទូរស័ព្ទ​គ្មាន​សេវា ស្ដាប់​មិន​ឮ។

ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិកហាន់ដ្រូ ហ្គាន់ឡេស ដេវិតសិន (Alejandro Gonzalez Davidson) សង្ឃឹម​ថា របប​ក្រុងភ្នំពេញ​នឹង​មិន​ធ្វើទុក្ខបុកម្នេញ​ដល់​យុវជន​ដែល​ចេញមុខ​លាតត្រដាង​បទល្មើស​ព្រៃឈើ​ក្នុង​វីដេអូ ដែល​និង​ចេញ​ក្នុង​ពេល​ឆាប់ៗ​នេះ​ទេ។ លោក​រំពឹង​ថា លោក ហ៊ុន សែន នឹង​បញ្ជា​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ស៊ើបអង្កេត​ករណី​នេះ​ឡើងវិញ និង​ចាត់វិធានការ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ណា​ប្រព្រឹត្ត​អំពើពុករលួយ រឿង​នេះ ខណៈ​ពួកគេ​រក​ឃើញ​ថា ឧក្រិដ្ឋកម្ម​ព្រៃឈើ​នៅ​តំបន់​នោះ​កើតមាន​ជា​យូរ​មក​ហើយ៖ «ខ្ញុំ​សង្ឃឹមថា រដ្ឋាភិបាល​បែប​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន នឹង​មិន​ខាំ​ដល់​ក្រុម​យុវជន ដែល​ចេញមុខ​ក្នុង​វីដេអូ​ទេ។ នឹង​បញ្ជា​ស្រាវជ្រាវ​ចំណុច​លើកឡើង​ក្នុង​វីដេអូ ព្រោះ​សកម្មភាព​កាប់​ឈើ​ទ្រង់ទ្រាយ​ធំ ជា​ប្រព័ន្ធ​កើតឡើង​យូរហើយ បើ​មិន​មាន​ការចូលរួម​ពី​អាជ្ញាធរ​ក៏​មិន​អាច​ធ្វើ​បាន​ដែរ»។

លោក អាឡិក បន្ថែម​ថា ឧក្រិដ្ឋកម្ម​ព្រៃឈើ​ដឹកជញ្ជូន​ទៅ​ប្រទេស​វៀតណាម មិន​ត្រឹមតែ​ក្រសួង​ពាក់ព័ន្ធ​គ្មាន​ការទប់ស្កាត់​នោះ​ទេ ថែមទាំង មានការ​សម្របសម្រួល​ជា​ចង្កោម​ដោយ​សមត្ថកិច្ច និង អាជ្ញាធរ​មួយ​ចំនួន​ជា​អ្នក​កាង និង​ឃុបឃិត​ទៀត​ផង។ លោក​ថា បើ​របប​ក្រុងភ្នំពេញ គ្មាន​សមត្ថភាព​ការពារ​ព្រៃឈើ​របស់​កម្ពុជា​ទេ ក្រុម​យុវជន និង​ពលរដ្ឋ​ត្រូវតែ​បង្កើន​ភាព​ក្លាហាន​ធ្វើ​ជំនួស ដោយ​ត្រូវ​លាតត្រដាង​បទល្មើស​ព្រៃឈើ​គ្រប់​តំបន់ បំណង​ជំរុញ​ឲ្យ​វៀតណាម​បញ្ឈប់​នាំ​ឈើ​ចេញពី​កម្ពុជា។ លើស​ពី​នេះ ត្រូវ​ដាស់តឿន​ឲ្យ​សហគមន៍​អឺរ៉ុប (EU) ពិចារណា​ឡើងវិញ ក្នុង​កិច្ចព្រមព្រៀង​ទទួល​ទិញ​ឈើ​ពី​ប្រទេស​វៀតណាម ដែល​នាំ​ចេញពី​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់៖ «បើសិនជា​យើង​នៅតែ​ជឿជាក់ ពាក្យ​លោក ហ៊ុន សែន និង លោក សាយ សំអាល់ ខ្ញុំ​ថា គឺ​មិន​យូរ​ទេ យ៉ាងយូរ​បំផុត​៥​ឆ្នាំ​ទៅមុខ អស់​ព្រៃឈើ នៅ​សល់​តែ​ព្រៃ​នៅ​វត្តភ្នំ។ ការរិះគន់​រឿង​ល្អ តែ​ចុច​ចូលចិត្ត (Like) និង ចែករំលែក​ (Shard) អត់​គ្រប់គ្រាន់ ត្រូវតែ​ចូលរួម​ការពារ ដើម្បី​ប្រយោជន៍​ជំនាន់​នេះ និង ក្មេង​ជំនាន់​ក្រោយ»។

សកម្មជន​បរិស្ថាន​បន្ថែម​ថា ពួកគេ​ភ័យ​ព្រួយ​ពី​អាយុជីវិត​ខ្លះៗ​ដែរ អំឡុង​ពេល​ចុះ​បេសកកម្ម​ស៊ើបអង្កេត​ករណី​នេះ ពួកគេ​ប្រទះឃើញ ទាហាន​ជាច្រើន​នាក់​ប្រដាប់​ដោយ​អាវុធ​នៅចាំ​កាង​អាជីវកម្ម​ឲ្យ​ឈ្មួញ​ឈើ​ខុសច្បាប់​ដឹកជញ្ជូន ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។