អាជីវកម្ម​កាយ​ភ្នំ​ឈើ​កាច់​ក្នុង​​ខេត្ត​ព្រៃវែង​កក្រើក​ឡើង​វិញ ក្រោយ​ពី​ស្ងាត់​មួយ​រយៈ

ទិដ្ឋភាពកាយភ្នំ​ឈើ​កាច់ ​ក្នុង​ស្រុក​បាភ្នំ​ ខេត្តព្រៃវែង កាលពីថ្ងៃទី៨ កក្កដា ២០២៣។
ទិដ្ឋភាពកាយភ្នំ​ឈើ​កាច់ ​ក្នុង​ស្រុក​បាភ្នំ​ ខេត្តព្រៃវែង កាលពីថ្ងៃទី៨ កក្កដា ២០២៣។ (រូប៖ ពលរដ្ឋផ្ដល់ឱ្យ)

0:00 / 0:00

ពលរដ្ឋ​ឱ្យ​ដឹង​ថា ​អាជីវកម្ម​កាយ​ភ្នំ​ឈើ​កាច់​ក្នុង​ស្រុក​បាភ្នំ​ខេត្តព្រៃវែង​បាន​កក្រើក​ឡើង​វិញ​ជា​ថ្មី​ទៀត ក្រោយ​ពី​ស្ងាត់​មួយ​រយៈ​ដោយសារ​បែកធ្លាយ​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​ពី​អាជីវកម្ម​កាយ​ភ្នំ​ប្រវត្តិសាស្ត្រ​ខុស​ច្បាប់​ក្នុង​តំបន់​នោះ។

ពួកគេ​អះអាង​ថា មេទាហាន​ពាក់​ផ្កាយ​មួយ​ម្នាក់ បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​កាយ​យក​ខ្សាច់​ភ្នំ​ក្នុង​តំបន់​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​ដែល​ជា​អត្តសញ្ញាណ​ភូមិ​កំណើត​របស់​អ្នក​ខេត្ត​ព្រៃវែង។

ពលរដ្ឋ​រស់​នៅ​កៀក​ភ្នំ​ទេសចរណ៍​ក្នុង​ឃុំ​ជើងភ្នំ ក្នុង​ស្រុក​បាភ្នំ មិន​ពេញ​ចិត្ត​នឹង​អាជ្ញាធរ​ដែល​មិន​ទទួលស្គាល់​ការ​ពិត ពី​អាជីវកម្ម​កាយ​ភ្នំ​ទេសចរណ៍​ធ្វើ​អាជីវកម្ម​ទ្រង់ទ្រាយ​ធំ មាន​ជាប់​ពាក់ព័ន្ធ​នឹង​មេទាហាន​ពាក់​ផ្កាយ​មួយ​ម្នាក់។

អ្នក​ភូមិ​ថា នាយក​សាលា​បើក​បរ​យោធា​នៃ​អគ្គ​បញ្ជាការ​ដ្ឋាន​ទីចាត់ការ​ចលនូប្បត្ថម្ភ និង​ជាមេទាហានពាក់ផ្កាយ១ លោក ប៉ុល សុវណ្ណឌី កំពុង​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​កាយ​យក​ខ្សាច់​ភ្នំ​លក់​ នៅ​ប៉ែក​ខាង​ក្រោយ​ចង្កេះ​ភ្នំ​ទេសចរណ៍​ជា​ច្រើន​ថ្ងៃ​មក​ហើយ ឋិត​នៅ​ចំណុច​​ភូមិ​ស្វាយសាមសិប និង​ភូមិ​រោងដំរី ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ។

ពលរដ្ឋ​រស់​នៅ​ភូមិ​រោង​ដំរី ឃុំ​ជើង​ភ្នំ ថ្លែង​សុំ​លាក់​ឈ្មោះ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី១៨ វិច្ឆិកា ថា អាជ្ញាធរ​បាន​បដិសេធ​ថា ទីតាំង​អាជីវកម្ម​កាយ​ភ្នំ​គឺ​ឋិត​នៅ​ឆ្ងាយ​ពី​ភ្នំ​ទេសចរណ៍ ៣​គីឡូ​ម៉ែត្រ គឺ​ជា​រឿង​មិន​ពិត​ភូត​កុហក​ថ្នាក់​ដឹកនាំ​រដ្ឋ។

លោក​ថា បច្ចុប្បន្ន​អាជីវកម្ម​កាយ​យក​ខ្សាច់​ភ្នំ​ទេសចរណ៍​ឋិត​នៅ​ប៉ែក​ខាង​ក្រោយ​ជាប់​នឹង​ចង្កេះភ្នំ​ដោយ​មាន​គ្រឿង​ចក្រ​ទំនើប និង​រថយន្ត​ដឹក​ខ្សាច់​រាប់​សិប​គ្រឿង​ក្នុង​មួយថ្ងៃៗ កំពុង​កាយ​យក​ខ្សាច់​ភ្នំ​លក់​ ប៉ះពាល់​ដល់​តំបន់​អភិរក្ស​វប្បធម៌​កេរមរតក​ដូនតា។

លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​ចុះ​ផ្ទៀងផ្ទាត់​អាជីវកម្ម​កាយ​ភ្នំ​​ក្នុង​តំបន់​នោះ ដោយ​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​​មូលដ្ឋាន​ចូលរួម​តាមដាន​បញ្ហា​នេះ​ជា​សាធារណៈ។

ពលរដ្ឋ៖«ឥឡូវ​ស្រាប់​តែ​នាំគ្នា​មក​បំផ្លាញ​ទាំង​ក្រុមហ៊ុន​អីចឹងៗ!ជួន​កាល​ថ្នាក់​លើ​គាត់​អត់​ដឹង អ្នក​ក្រោម​គប់គិត​តែ​គ្នា​គេ​អីចឹង អ្នក​ថ្នាក់​លើ​គាត់​ម៉េច​ដឹង»។

កាល​ពី​ព្រឹក​ថ្ងៃ​ទី១៨ វិច្ឆិកា ពលរដ្ឋ​មួយ​ក្រុម​បាន​ជិះ​ម៉ូតូ ដល់​ចង្កេះ​​ភ្នំ​​ទេសចរណ៍ ឬ​ហៅ​ថា ភ្នំ​ឈើកាច់ នៅ​ប៉ែក​ខាង​ក្រោយ​ដោយ​ប្រទះ​ឃើញ​គ្រឿងចក្រ​ និង​រថយន្ត​ធំៗ​ជា​ច្រើន​គ្រឿង​កំពុង​ដឹក​ជញ្ជូន​ខ្សាច់​កាយ​ចេញ​ពី​ចង្កេះ​ភ្នំ​ទេសចរណ៍។

ពួកគាត់​ក៏​បាន​ប្រទះ​ឃើញ​មន្ត្រី​យោធា​ប្រដាប់​អាវុធ​ជា​ច្រើន​នាក់​ ឈរ​យាម​​ល្បាត​ទីតាំង​កាយ​ខ្សាច់​ភ្នំ​យ៉ាង​ប្រុង​ប្រយ័ត្ន​ ដើម្បី​គំរាម​កំហែង​មិន​ឱ្យ​ពលរដ្ឋ និង​មនុស្ស​ប្លែក​មុខ​ចេញ​ចូល​តំបន់​នោះ។

អ្នកភូមិ​ថា ដើម​ឈើ​តូច​ធំៗ​ជា​ច្រើន​ហិកតារ​នៅ​តាម​បណ្តោយ​ចង្កេះ​ភ្នំ​ទេសចរណ៍​ប៉ែក​ខាង​ក្រោយ​ ត្រូវ​បាន​មន្ត្រី​មេទាហាន​ពាក់​ផ្កាយ ១ លោក ប៉ុល សុវណ្ណឌី ឈូស​ឆាយ​ឱ្យ​ក្លាយ​ជា​វាល​ កាល​ពី​ដើម​ឆ្នាំ២០២៤ ​ ដើម្បី​ងាយ​ស្រួល​យក​គ្រឿង​ចក្រ​កាយ​យក​ខ្សាច់​មាន​តម្លៃ។

អាជីវកម្ម​កាយ​ខ្សាច់​ភ្នំ​ទ្រង់ទ្រាយ​ធំ​នេះ​មានការ​ឃុបឃិត​ជាមួយ​ឈ្មួញ​មាន​ឥទ្ធិពល​ម្នាក់ ដែល​អ្នកស្រុក​ស្គាល់​ឈ្មោះ​ថា ​ម្ចាស់ក្រុមហ៊ុន គ្រុឌ កូឡា គឺ​អ្នកស្រី គ្រុឌ កូឡា ធ្លាប់​មាន​រឿង​អាស្រូវ​បំផ្លាញ​​ភ្នំ និង​ព្រៃលិចទឹក​ខុសច្បាប់។

ពលរដ្ឋ​ដដែល​បន្ថែម​ថា អាជ្ញាធរ​តែងតែ​ឆ្លើយ​ដោះសា​មិន​ទទួល​ស្គាល់​ការពិត​លាក់​បាំង​រដ្ឋាភិបាល ដោយ​ឃុបឃិត​គ្នា​ជាមួយ​ក្រុម​ឈ្មួញ ដើម្បី​ផល​ប្រយោជន៍​ធ្វើ​ឱ្យ​ភ្នំ​ប្រវត្តិសាស្ត្រ​ដែល​ជា​ស្រុក​កំណើត​របស់​នេនទុំ ហិនហោច​ជា​បន្ត​បន្ទាប់។

លោក​ថា ដី​តាម​ចង្កេះភ្នំ​ទេសចរណ៍​ប៉ែក​ខាង​ក្រោយ​មាន​ទំហំ ២៥​ហិកតារ ដែល​មេ​ទាហាន​រូបនេះ ​រំលោភ​យក​នោះ​មាន​តម្លៃ​ក្នុង១​ហិកតារ​ជិត ១០ម៉ឺន​ដុល្លារ ព្រោះ​តំបន់​នោះ​មាន​សក្ដានុពល​ខ្សាច់​ភ្នំ​មាន​តម្លៃខ្ពស់។

ពលរដ្ឋ​ថ្លែង​លាក់​ឈ្មោះ៖«ម្នាក់ៗ​ប្រជា​ពលរដ្ឋ​គ្មាន​អ្នក​ណា​សម្ដែង​ក្តី​សប្បាយ​ជា​មួយ​ទេ!ព្រោះ​ពី​ដើម​មក​កន្លែង​អស់​នោះ​ជា​កន្លែង​គេ​អភិរក្ស ហើយ​ប្រជា​ពលរដ្ឋ​ឃ្វាលគោ​ឃ្វាល​អី​ ដល់​គេ​ទៅ​កាប់​គាស់​កាយ គ្មាន​អី​សល់​ទេ»។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង សុំ​ការ​បំភ្លឺ​ជុំវិញ​រឿង​នេះ​ពី​មេទាហាន​ពាក់​ផ្កាយ១ និង​ជា នាយក​សាលា​បើកបរ​លោក ប៉ុល សុវណ្ណឌី បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី១៨ វិច្ឆិកា។ រីឯម្ចាស់ក្រុមហ៊ុន គ្រុឌ កូឡា គឺ​អ្នកស្រី គ្រុឌ កូឡា ក៏​វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​បាន​ដែរ​នៅ​ថ្ងៃ​ដដែល​នេះ។

ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក ខ្វៃ អាទិត្យា​ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ​ក្រសួង​បរិស្ថាន​មិន​ទាន់​ទទួល​ព័ត៌មាន​ករណី​នេះ​នៅ​ឡើយ​ទេ។ តែ​យ៉ាង​ណា​លោក​ថា ​មន្ត្រី​នឹង​ចុះ​ពិនិត្យ​ករណី​នេះ ប្រសិន​បើ​មាន​ករណី​ប៉ះពាល់​ដល់​តំបន់​ការពារ​ធនធាន​ធម្មជាតិ ក្រសួង​នឹង​អនុវត្ត​ច្បាប់។

លោក ខ្វៃ អាទិត្យា៖«ពិនិត្យ​មើល​ទៅ​លើ​ការ​វិនិយោគ​ថា​តើ​ប៉ះពាល់​ដល់​សម្បត្តិ​របស់​យើង ឬ បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​បរិស្ថាន​មែន គឺ​យើង​អនុវត្ត​ច្បាប់​ហើយ ព្រោះ​យើង​បង្កើត​ច្បាប់​មក​ក៏​រដ្ឋធម្មនុញ្ញ​មាន​ក្រម​បរិស្ថាន​ត្រឹម​បរិស្ថាន​ត្រឹមត្រូវ​ ដែល​ដាក់​ចេញ​ថ្មីៗ​នេះ»។

ជុំវិញ​រឿង​នេះ​មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​​ព្រៃវែង អ្នកស្រី អ៊ាង គឹមលី សង្កេត​ឃើញ​ថា ក្នុង​ខេត្ត​ព្រៃវែង​មាន​តែ​តំបន់​បាភ្នំ​មួយ​គត់ មាន​សក្ដានុពល​ថ្ម​ និង​ខ្សាច់​ភ្នំ​មាន​តម្លៃ កំពុង​ប្រឈម​ការ​បាត់បង់។

អ្នកស្រី​យល់​ថា តំបន់​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​គួរតែ​អភិរក្ស​ឱ្យ​ច្បាស់លាស់ ​ចៀសវាងអនុញ្ញាត​ឱ្យ​មាន​អាជីវកម្ម​កាយ​ខ្សាច់​ភ្នំ​ផ្ទុយ​ពី​បម្រាម​របស់​រដ្ឋាភិបាល។

អ្នកស្រី អ៊ាង គឹមលី៖«សំណូមពរ​ថា ក្នុង​នាម​អាជ្ញាធរ​គួរ​គិត​ឡើង​វិញ​ ហើយ​មិន​គួរ​ប្រកែក​ថា​មិន​ពិត​ទេ ព្រោះ​ការ​កាយ​ថ្ម​ខ្សាច់​មិនមែន​ធ្វើ​ឡើង​ស្ងាត់ៗ​ទេ គេ​ដឹក​ទាំង​ឡានៗ​ចេញ​ ព្រោះ​ប្រសិន​បើ​ជា​អាជ្ញាធរ​បណ្ដោយ​បែប​ហ្នឹង​គួរ​ឱ្យ​អាម៉ាស់​។ ទោះ​បី​ម្នាក់​នោះ​អំណាច​ប៉ុណ្ណា​ក៏​ដោយ​ គួរ​ធ្វើ​តាម​ច្បាប់​ដែរ»។

កាល​ពី​ដើម​ខែ​សីហា ឆ្នាំ​២០២៣ រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​​បង្កើត​​តំបន់​បេតិកភណ្ឌ​ធម្មជាតិ«នគរភ្នំ​​ឈើ​កាច់​បាភ្នំ» ដោយ​កំណត់​តំបន់​បេតិកភណ្ឌ​វប្បធម៌​ប្រវត្តិសាស្ត្រ ចំនួន ៩​ទីតាំង មាន​ផ្ទៃ​ដី​ទំហំ​ជាង ១២៥​ហិកតារ (១២៥,២៧) ស្ថិត​ក្នុង​ឃុំ​ចំនួន ៣ ក្នុង​ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង។

អនុក្រឹត្យ​នេះ​ក្នុង​បំណង​លើក​តម្លៃ​បេតិកភណ្ឌ​វប្បធម៌ បេតិកភណ្ឌ​ធម្មជាតិ និង​ទីតាំង​ប្រវត្តិសាស្ត្រ​សម័យ​ហ្វូណន «នគរភ្នំ» ដែល​ជា​ទឹក​ដី​ខ្មែរ​ដំបូង​បង្អស់ ដើម្បី​ការពារ​​​ជីវៈ​ចម្រុះ ធនធានធម្មជាតិ ព្រម​​ទាំង​កន្លែង​ប្រតិបត្តិ​ជំនឿ និង​ការសិក្សា​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ខ្មែរ​ជាដើម។

ក៏​ប៉ុន្តែ​ពលរដ្ឋ​អះអាង​ថា ការ​អភិរក្ស​ទីតាំង​​ប្រវត្តិ​សាស្ត្រ​របស់​រដ្ឋាភិបាល​គឺ​មាន​តែ​លើក​ក្រដាស​ប៉ុណ្ណោះ តែ​ធាតុ​ពិត​ជាក់​ស្តែង តំបន់​ភ្នំ និង​ចង្កេះភ្នំ​ជា​ច្រើន កំពុង​ប្រឈម​ការ​បាត់បង់​ទ្រង់ទ្រាយ​ធំ​។

ពលរដ្ឋ​ថា ប្រសិន​បើ​រដ្ឋាភិបាល​គ្មាន​ចំណាត់ការ​ច្បាប់​ករណី​នេះ​ទេ​ ចង្កេះភ្នំ​ទេសចរណ៍​ដែល​រដ្ឋាភិបាល​កំណត់​ជា​តំបន់​អភិរក្ស​បេតិកភណ្ឌ​នឹង​ឆែប​អស់​មួយ​ផ្នែក​ធំ ហើយ​ក្រុម​ឈ្មួញ​នឹង​កាយ​យក​ខ្សាច់​ភ្នំ​លុង​ជ្រៅ​ចូល​ក្រោម​ដី​បន្ថែម​ទៀត ប៉ះពាល់​សោភ័ណភាព​បរិស្ថាន​ជើងភ្នំ​ទាក់ទាញ​អ្នក​ទេសចរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។