សកម្មជន​បរិស្ថាន​រក​ឃើញ​ថា មាន​ការ​បង្ហូរទឹក​កខ្វក់​ច្រើន​កន្លែង​ចូល​សមុទ្រ​ឆ្នេរ​អូរឈើទាល

0:00 / 0:00

សកម្មជន​បរិស្ថាន​រក​ឃើញ​ថា មានការ​បង្ហូរទឹក​កខ្វក់​គ្មាន​ការ​ចម្រោះ​ជាច្រើន​កន្លែង ចូលទៅ​ក្នុង​ទឹកសមុទ្រ​នៅ​តំបន់​ឆ្នេរ​អូរឈើទាល នៃ​ខេត្ត​ព្រះសីហនុ។ សកម្មជន​បរិស្ថាន​អះអាង​ថា ទឹក​កខ្វក់​ទាំងនោះ​ហូរ​តាម​ប្រព័ន្ធ​លូ​ចេញពី​ទីតាំង​អាជីវកម្ម ដូចជា សណ្ឋាគារ ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន ដែល​ស្ថិតនៅ​តាម​បណ្ដោយ​ឆ្នេរ និង​កំពុង​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​បរិស្ថាន និង​សុខភាព​ភ្ញៀវ​ទេសចរ​ដែល​ចុះ​មុជទឹក​លេង​កម្សាន្ត។ ក្រសួង​បរិស្ថាន​អះអាង​ថា ក្រសួង​កំពុង​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃ​ទៀត ដើម្បី​ដោះស្រាយ​រឿង​នេះ។

សកម្មជន​បរិស្ថាន លោក ថុន រដ្ឋា ទាមទារ​ឱ្យ​មន្ត្រី​ជំនាញ​ទទួលខុសត្រូវ​ចំពោះ​ភាព​អសកម្ម​របស់​ខ្លួន ដែល​បាន​បណ្ដែតបណ្ដោយ​ឱ្យ​ឆ្នេរ​អូរ​ឈើទាល ដែល​ជា​តំបន់​ទេសចរណ៍​ដ៏​សំខាន់​មួយ រង​ការ​បំពុល​យ៉ាង​ខ្លាំង ពី​ទឹក​កខ្វក់​ដែល​ហូរ​ចេញពី​ប្រព័ន្ធ​លូ គ្មាន​ការ​ចម្រោះ​ឱ្យ​បាន​ត្រឹមត្រូវ។ វីដេអូ​ជាង ៣ នាទី ដែល​យុវជន​រូប​នេះ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក (Facebook) នៅ​ថ្ងៃ​ទី៨ ធ្នូ បង្ហាញ​ថា ទឹក​ដែល​ហូរ​ចេញពី​ប្រព័ន្ធ​លូ​ទាំងនោះ មាន​ពណ៌​ខ្មៅ និង​ត្រូវ​បាន​បង្ហូរ​ចូល​ក្នុង​សមុទ្រ​ដោយ​ផ្ទាល់​តែម្ដង៖ «នេះ​គឺជា​បំពង់​ទុយោ​មួយ ក្នុងចំណោម​បំពង់​ទុយោ​ទាំង ២៩​ផ្សេងទៀត ដែល​យើង​បាន​រាប់​នៅលើ​ឆ្នេរ​អូរ​ឈើ​ទាល​តែមួយ​ប៉ុណ្ណោះ ដែល​គេ​ដាក់​វា​ដើម្បី​បង្ហូរ​ទឹក​ស្អុយ ទឹកភ្លៀង ចូល​ទៅ​ក្នុង​ឆ្នេរសមុទ្រ។ ខ្ញុំ​ជឿ​ថា មាន​មនុស្ស​ជាច្រើន​កំពុង​គិត​ដូច​ខ្ញុំ​ដែរ​ថា តើ​ទឹក​ទាំងនេះ​មាន​បាក់តេរី និង​មេរោគ​អ្វីខ្លះ​ដែល​អាច​ប៉ះពាល់​មកកាន់​បរិស្ថាន និង​សុខភាព​របស់​យើង ជាពិសេស​អ្នក​ដែល​តែងតែ​ចូលចិត្ត​មក​ហែល​ទឹក​កម្សាន្ត​នៅ​ទី​នេះ»។

សកម្មជន​រូប​នេះ​បាន​យក​សំណាក​ទឹក​កខ្វក់​ដែល​ហូរ​ចូល​សមុទ្រ​នេះ យក​ទៅ​ពិសោធន៍​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ ក្នុង​រាជធានី​ភ្នំពេញ ហើយ​លទ្ធផល​បង្ហាញ​ថា ទឹក​​កខ្វក់​ទាំងនោះ មាន​ផ្ទុក​ទៅ​ដោយ​ពពួក​បាក់តេរី និង​ប៉ារ៉ាស៊ីត ដែល​សុទ្ធ​សឹង​ជា​ប្រភព​នៃ​ជំងឺឆ្លង​ជាច្រើន​ប្រភេទ។ យុវជន​រូប​នេះ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​​សុខភាព​របស់​ភ្ញៀវ​ទេសចរ និង​ពលរដ្ឋ​ដែល​នាំគ្នា​ចុះ​មុជទឹក​លេង​នៅ​តំបន់​ឆ្នេរ​អូរឈើទាល ខណៈ​តំបន់​នោះ​មាន​បំពង់​លូ​ជិត ៣០​កន្លែង ដែល​សុទ្ធ​សឹង​តែ​​មានការ​បង្ហូរ​ទឹក​កខ្វក់​ប្រភេទ​នេះ​ចូល​ទៅ​ក្នុង​សមុទ្រ៖ «គេ​បញ្ជាក់​ថា ទឹក​ហ្នឹង​ជា​ទឹក​លូ ១០០​ភាគរយ ដែល​ហូរ​ចេញពី​បង្គន់​ដោយ​ផ្ទាល់ ហើយ​វា​មាន​ផ្ទុក​​មេរោគ ប៉ារ៉ាស៊ីត បាក់តេរី ហើយ​មាន​មេរោគ​មួយ​ចំនួន​ទៀត ដូចជា អ៊ីកូលី (E-coli) ទ្រីកូម៉ូណា អ៊ីនតេទីណាលីស (Trichomonas Intestinalis) ។ ខ្ញុំ​សួរ​​អ្នក​ជំនាញ​ថា មេរោគ​ទាំងអស់​ហ្នឹង​ចូល​ទៅ​ទឹក វា​អាច​ថា បើ​ប៉ះ​ស្បែក គឺ​រមាស់ ហើយ​បើ​យើង​មាន​ដំបៅ វា​ធ្វើ​ឱ្យ​ដំបៅ​ហ្នឹង​រីក ឬក៏​មាន​មេរោគ​ឆ្លង​មួយ​ចំនួន​​ទៀត​អ៊ីចឹង​ទៅ។ ករណី​ធ្ងន់ធ្ងរ​មែនទែន​ហ្នឹង ប្រសិនបើ​អ្នក​ហែល​ទឹក​អត់​ប្រយ័ត្ន​ឈ្លក់​ទឹក ឬក៏​អ្នកខ្លះ​គាត់​ច្រឡំ​ផឹកទឹក​សមុទ្រ​ដែល​មាន​សារធាតុ​ទាំង​អស់​ហ្នឹង វា​អាច​បណ្ដាល​ឱ្យ​ពួកគាត់​ចុកពោះ​រាគ ហើយ​បើ​ធ្ងន់ធ្ងរ​អាច​រហូតដល់​បាត់បង់​អាយុជីវិត»។

អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​រឿង​នេះ​ទេ នៅ​ថ្ងៃទី៨ ធ្នូ ដោយ​បង្វែរ​សំណួរ​ទៅ​អភិបាលរង​ខេត្ត​ទទួលបន្ទុក​ជា​ប្រធាន​ក្រុមការងារ​គណៈកម្មាធិការ​គ្រប់គ្រង​ប្រព័ន្ធ​លូ លោក ជាវ វិជ្ជៈ និង​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ​លោក ឱ សារឿន វិញ។ អាស៊ីសេរី​បាន​ទាក់ទង​លោក ជាវ វិជ្ជៈ ជាច្រើន​ដង ប៉ុន្តែ​ប្រព័ន្ធ​ទូរស័ព្ទ​របស់​លោក​រអាក់រអួល​មិន​អាច​ទាក់ទង​បាន ចំណែក​លោក ឱ សារឿន វិញ មិន​ទទួល​ទូរស័ព្ទ។ ចំណែក ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ លោក សាមុត សុធារិទ្ធ បញ្ជាក់​ដោយ​ខ្លី​ថា អាជ្ញាធរ​ខេត្ត​កំពុង​រៀបចំ​ស្ថានីយ​បូមទឹក​កខ្វក់​ទាំងនេះ។

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ទទួលស្គាល់​ថា ពិតជា​មាន​ករណី​បង្ហូរទឹក​កខ្វក់​មួយ​ចំនួន​ចូល​ក្នុង​សមុទ្រ ដោយ​មិនបាន​ឆ្លងកាត់​ការ​ចម្រោះ​ពិតមែន ពីព្រោះ​ស្ថានីយ​ចម្រោះ​ទឹក​កខ្វក់​នៅ​ក្នុង​ខេត្ត​បាន​ថយ​ចុះ​សមត្ថភាព​ចម្រោះ​ទឹក​កខ្វក់​ជា​បន្តបន្ទាប់ ដោយមាន​កំណក​ភក់​ជាច្រើន​នៅ​បាត​អាង​។ ក៏​ប៉ុន្តែ លោក​អះអាង​ថា ក្រសួង​កំពុង​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​ស្ការ​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​នេះ ឱ្យ​បាន​ចប់​សព្វគ្រប់ យ៉ាងយូរ​បំផុត​ត្រឹម​​ដើម​ឆ្នាំ ២០១៩ ខាងមុខ។ លោក​បន្ថែម​ថា មន្ត្រី​ជំនាញ​បាន​ចុះ​ណែនាំ​ម្ចាស់​ទីតាំង​អាជីវកម្ម​នៅ​តាម​តំបន់​មាត់សមុទ្រ​ជា​ហូរហែ ដើម្បី​កុំ​ឱ្យ​បង្ហូរទឹក​កខ្វក់​ចូល​​ក្នុង​​សមុទ្រ​ដោយ​ផ្ទាល់ ដូចនេះ​លោក​ជំរុញ​ឱ្យ​សាធារណជន​ដែល​បាន​ដឹង​ព័ត៌មាន​ពី​ការ​បង្ហូរ​ទឹក​កខ្វក់​ចូល​ក្នុង​សមុទ្រ​នេះ ត្រូវ​រាយការណ៍​ទៅ​មន្ត្រី​ជំនាញ ដើម្បី​​មាន​វិធានការ​ឱ្យ​បាន​ទាន់​ពេល​វេលា៖ «ក្នុង​ការ​គ្រប់គ្រង​សំណល់​រាវ ឬ​ទឹក​កខ្វក់​នេះ គឺ​ខាង​មន្ទីរ​បរិស្ថាន​បាន​ចុះ​អប់រំ និង​ជំរុញ​ឱ្យ​ខាង​ផ្ទះសំណាក់ ឬ​ភោជនីយដ្ឋាន​ហ្នឹង គាត់​ដាក់​អាង​ច្រោះ​ទឹក​កខ្វក់​មុននឹង​បង្ហូរ​ចូល​ទៅ​ក្នុង​សមុទ្រ កុំ​ឱ្យ​មានការ​បង្ហូរ​ចូល​ដោយ​ផ្ទាល់​។ ហើយ​ក្រោយពី​ការ​បញ្ចប់​គម្រោង​ស្តារ​​រអាង​ចម្រោះ​ទឹក​កខ្វក់ ក៏​ដូច​បង្កើន​សមត្ថភាព​ស​ម្រាប់​ចម្រោះ​ទឹក​កខ្វក់​ហ្នឹង យើង​រំពឹង​ថា​ស្ថានភាព​នៃ​ការ​បង្ហូរទឹក​កខ្វក់​ចូល​ទៅ​ក្នុង​សមុទ្រ​នេះ គឺ​នឹង​កាត់​បន្ថយ ហើយ​ប្រសិនបើ​មានការ​រំលោភ​បំពារបំពាន​ណាមួយ​ពី​សំណាក់​អ្នក​ប្រកប​អាជីវកម្ម ឬមួយ​ក៏​ភោជនីយដ្ឋាន ផ្ទះសំណាក់​ដែល​នៅ​តាម​បណ្ដោយ​ឆ្នេរ​សមុទ្រ​នេះ គឺ​យើង​នឹង​ចាត់វិធានការ​តាម​ច្បាប់​តទៅទៀត»។

ការ​បង្ហូរ​ទឹក​កខ្វក់​ដោយ​ផ្ទាល់​ចូល​ក្នុង​សមុទ្រ ត្រូវ​បាន​ហាមឃាត់​ដោយ​ច្បាប់ និង​អនុក្រឹត្យ ក៏ប៉ុន្តែ​សកម្មជន​បរិស្ថាន​អះអាង​ថា ករណី​នេះ​បាន​កើត​ឡើងជា​ច្រើន​ឆ្នាំ​មក​ហើយ​នៅ​ខេត្ត​ព្រះសីហនុ ដោយ​មិន​មាន​ដំណោះស្រាយ​ឡើយ។ ពួកគេ​សង្ស័យ​ថា អាជ្ញាធរ​ជំនាញ​ទំនងជា​បាន​ទទួល​ផលប្រយោជន៍​ពី​ម្ចាស់​ទីតាំង​អាជីវកម្ម ទើប​រឿង​នេះ​មិន​អាច​លុប​បំបាត់​បាន។

ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ហៅ​កាត់​ថា ស៊ីអិនរ៉ូ (CNRO) លោក សុខ សុខុម អះអាង​ថា ចំណាត់​ការ​របស់​មន្ត្រី​ជំនាញ ហាក់​មាន​ភាព​យឺតយ៉ាវ​ខ្លាំង ខណៈ​ការ​បង្ហូរទឹក​កខ្វក់​ចូល​ក្នុង​សមុទ្រ​នេះ កើតមាន​ជា​យូរ​មក​ហើយ។ លោក​បន្ត​ថា ករណី​នេះ​កាន់តែ​ចោទ​ជា​បញ្ហា នៅ​ពេល​វិស័យ​សំណង់​រីក​ដុះដាល​កាន់តែ​ខ្លាំង​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ និង​នៅ​ពេល​មាន​កំណើន​ជនជាតិ​ចិន​ជា​គំហុក​នៅ​ក្នុង​ខេត្ត​នេះ។ លោក​ជំរុញ​ឱ្យ​អាជ្ញាធរ​ចុះ​ដោះស្រាយ​រឿង​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព ខណៈ​សណ្ឋាគារ​ធំៗ​មួយ​ចំនួន​នៅ​ក្បែរ​ឆ្នេរ​អូរ​ឈើទាល​កំពុង​បង្ហូរទឹក​កខ្វក់​ឥត​ឈប់ឈរ​ចូល​ក្នុង​សមុទ្រ៖ «ទាំង​ឆ្នេរ​អារីស្តុន ឆ្នេរ​អូរ​ឈើទាល ឆ្នេរ​សុខា (​ ឆ្នេរ ) ស៊ីហួ ឆ្នេរ​៧​ជាន់ ហើយ​និង​ឆ្នេរ​ជ័យជំនះ ឃ្វីន​កាស៊ីណូ​ជាដើម​ហ្នឹង គឺ​មាន​គ្រប់​ឆ្នេរ​ទាំងអស់ ប៉ុន្តែ​វិធានការ​ហាក់​បី​ដូច​ជា​មាន​ការ​យឺតយ៉ាវ មិន​មាន​​ការអនុវត្ត​តាម​ផ្លូវ​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព​ទេ។ ជាក់ស្ដែង​ថ្មីៗ​នេះ ហូរ​ចូល​តាម​ចំណុច​ឆ្នេរ​សុខា និង​ស៊ីហួ ចូល​ទៅ​ឡើង​ស្អុយគគ្រុក​តែម្ដង​។ ទឹក​ហ្នឹង​គឺ​ទឹក​​កខ្វក់ ហើយ​ឡើង​ស្អុយ ដូច្នេះ​ចំណុច​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​បរិស្ថាន ជីវចម្រុះ ប៉ះពាល់​ដល់​ទឹកសមុទ្រ​ដែល​យើង​មិន​អាច​ទៅ​មុជ​បានទេ។ កាលណា​មុជ​ទៅ វា​មាន​ផល​ប៉ះពាល់​ហើយ»។

អ្នកឃ្លាំមើល និង​ការពារ​បរិស្ថាន​រូប​នេះ ព្រមាន​ថា ប្រសិនបើ​ករណី​នេះ​មិន​ត្រូវ​បាន​ដោះស្រាយ​ឱ្យ​ទាន់​ពេលវេលា​ទេ​នោះ ការខូចខាត​បរិស្ថាន​តំបន់​ឆ្នេរ និង​ទឹក​សមុទ្រ នឹង​កើតមានឡើង​ជាក់​ជា​ពុំ​ខាន។

ចំណែក សកម្មជន​បរិស្ថាន លោក ថុន រដ្ឋា វិញ ថ្លែង​ថា ដរាបណា​មិន​ទាន់​មាន​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​កខ្វក់​ស្របតាម​ស្តង់ដារ​ត្រឹមត្រូវ​នោះ​ទេ អាជ្ញាធរ​គួរ​ផ្អាក​ការ​សាងសង់​ទាំងឡាយ​នៅ​ក្នុង​ក្រុង​ព្រះសីហនុ។ លោក​ក៏​ជំរុញ​ឱ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់​ដាក់ទោស​ទណ្ឌ ឬ​ផាក​ពិន័យ​ម្ចាស់​អាជីវកម្ម​ទាំងឡាយ​ណា ដែល​នៅតែ​បង្ហូរ​ទឹក​កខ្វក់​ចូល​ក្នុង​សមុទ្រ ព្រមទាំង​មាន​ចំណាត់​ការ​ដូចគ្នា​នេះ ទៅលើ​មន្ត្រី​ពាក់ព័ន្ធ​ដែល​បណ្ដែតបណ្ដោយ​ឱ្យ​មាន​ករណី​នេះ​កើតឡើង ដោយ​គ្មាន​វិធានការ​​ដោះស្រាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។