ពលរដ្ឋជិត ១០០ នាក់ នៅថ្ងៃទី១៨ តុលា បានលើកគ្នាមកឃ្លាំមើល ប្រជាសហគមន៍ឧត្តមស្រែពស់ ៧នាក់ ដែលមកបង្ហាញខ្លួនក្នុងសវនាការសាលាដំបូងខេត្តកំពង់ស្ពឺពេញមួយព្រឹក ក្រោមបណ្តឹងរបស់មន្ត្រីយោធា "ង-៧០”។ ក្រុមអ្នកតវ៉ាបានលើកបដាទាមទារឱ្យតុលាការទម្លាក់ការចោទប្រកាន់នេះ។
ក្រុមពលរដ្ឋទាំងនោះរស់នៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់ បង្ហាញពីភាពអយុត្តិធម៌ និងឈឺចាប់ក្នុងចិត្ត ស្តាយស្រណោះព្រៃសហគមន៍ឧត្ដមស្រែពស់ បានបាត់បង់ស្ទើរទាំងស្រុង មិនត្រឹមតែគ្មានដំណោះស្រាយទេ ប្រជាសហគមន៍ជាច្រើននាក់ បានក្លាយជាជនរងគ្រោះជាប់បណ្តឹងនៅតុលាការ។
ប្រជាសហគមន៍ទាំងនោះ បានឈរកាន់បដានៅខាងមុខតុលាការ ដោយសរសេរថា ពលរដ្ឋការពារធនធានធម្មជាតិ ត្រូវមន្ត្រីយោធា ឈ្មោះ អៀម ម៉ៅ ប្តឹងទៅតុលាការ អយុត្តិធម៌ណាស់ លើសហគមន៍ឧត្តមស្រែពស់ ខេត្តកំពង់ស្ពឺ។
សមាជិកសហគមន៍ឧត្តមស្រែពស់ ដែលជាប់បណ្ដឹងនៅតុលាការ គឺលោក លាង ប៉ន ប្រាប់វិទ្យុអាស៊ីសេរីថា ពាក្យបណ្តឹងនេះជាល្បិចរបស់មន្ត្រីយោធា លោក អៀម ម៉ៅ ដើម្បីលងបន្លាចស្មារតីពលរដ្ឋឱ្យរាថយ ក្នុងការការពារព្រៃឈើ។
លោកបន្ថែមថា ពួកលោកបានឆ្លើយបំភ្លឺនៅចំពោះមុខចៅក្រម និងតំណាងអយ្យការថា សកម្មភាពរបស់ប្រជាសហគមន៍ ដើម្បីការពារផលប្រយោជន៍ជាតិ មិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ឡើយ។
លោកប្ដេជ្ញាថា នឹងតស៊ូទាមទារដីព្រៃសហគមន៍ឧត្តមស្រែពស់ នៅសល់ចុងក្រោយ និងដាំដើមឈើឡើងវិញ។
លោក លាង ប៉ន៖ «សហគមន៍ចេះតែបារម្ភ យើងពលរដ្ឋតែងតែចួបការស្តីបន្ទោសជាមួយអាជ្ញាធរ និងអ្នកមានលុយមានអំណាចអ៊ីចឹងហើយ។ មានវិបត្តិមិនសូវមានអ្នករកយុត្តិធម៌ឱ្យយើង យើងចេះតែប្រឹងដើម្បីទាំងអស់គ្នា»។
សមាជិកសហគមន៍ការពារព្រៃឈើឧត្ដមស្រែពស់ ៧នាក់ ដែលចេញមុខការពារព្រៃសហគមន៍ ត្រូវតុលាការកោះហៅមកឆ្លើយបំភ្លឺ ក្រោមបទចោទធ្វើឱ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស រំលោភកម្មសិទ្ធិ គំរាមសម្លាប់ និងជេរប្រមាថ។
សមាជិកសហគមន៍ម្នាក់ទៀត លោក ឃន រិទ្ធ បានថ្លែងប្រាប់ក្រុមអ្នកកាសែត ក្រោយចេញពីសវនាការថា តំណាងអយ្យការបានសួរនាំពួកលោក សំណួរខ្លីៗ ថាតើប្រជាសហគមន៍ បានគំរាមសម្លាប់ និងរំលោភកម្មសិទ្ធិរបស់គេឬទេ?
លោកសំណូមពរឱ្យតុលាការរកយុត្តិធម៌ក្នុងរឿងនេះ ព្រោះសកម្មភាពរបស់ប្រជាសហគមន៍ ដើម្បីការពារធនធានធម្មជាតិ។
លោក ឃន រិទ្ធ៖ «ការពារធនធានធម្មជាតិ រងការចោទប្រកាន់របស់អ្នកបំផ្លាញធនធានធម្មជាតិ សម្រាប់ខ្ញុំ គឺអយុត្តិធម៌»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីអ្នកនាំពាក្យអយ្យការអមសាលាដំបូង ខេត្តកំពង់ស្ពឺ លោក វ៉ីត មឃៈ បាននៅឡើយទេ នៅថ្ងៃទី១៨ តុលា ដោយទូរស័ព្ទហៅចូល តែគ្មានអ្នកលើក។
ចំណែកមន្ត្រីយោធា លោក អៀម ម៉ៅ ក៏មិនទាន់អាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ។
កាលពីខែសីហា ឆ្នាំ២០២១ កន្លងទៅ រដ្ឋាភិបាលបានចេញអនុក្រឹត្យ ឆ្វៀលដីព្រៃសហគមន៍ឧត្ដមស្រែខ្ពស់មានទំហំជាង ២ រយ ៦០សិប ហិកតារ (២៦២,២៤ ) ពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងភូមិពោធិ៍មាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីបែងចែកជូនគ្រួសារយោធិន "ង-៧០” កងរថក្រោះ ៤១គ្រួសារ សម្រាប់កសាងលំនៅឋាន និងបង្កបង្កើនផល។
ក្រោយពីអតីតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស៊ីញេឆ្វៀលដីព្រៃសហគមន៍នេះ ពលរដ្ឋជាង ៧០០រយនាក់ បានតវ៉ាជាច្រើនដងមិនពេញចិត្តចំពោះគម្រោងនេះ ព្រោះបំផ្លាញព្រៃ សត្វព្រៃ និងកន្លែងគោរពសក្ការៈរបស់អ្នករក្សាសីលជាដើម
មកទល់ពេលនេះ ដីព្រៃសហគមន៍នេះ បានរលាយអស់ស្ទើរទាំងស្រុង ធ្វើឱ្យសត្វព្រៃជាច្រើនប្រភេទរួមមាន ទោច ស្វា ក្ងោក និងឈ្លូសជាដើម ផ្អើលទៅតំបន់ផ្សេង។ រីឯប្រជាសហគមន៍ បានដាំដើមឈើ នៅតំបន់ព្រៃរេចរឹល ដើម្បីស្ដារព្រៃឈើឡើងវិញ ក៏ប៉ុន្តែត្រូវមន្ត្រីយោធា ឈូសកម្ទេចអស់ ជាង ៧ពាន់ដើម (៧.០០០) កាលខែកញ្ញាកន្លងទៅ។
ជុំវិញរឿងនេះ មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាន នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ប៉ែន ប៉ុណ្ណារ៍ យល់ថា តុលាការគួរតែផ្តល់យុត្តិធម៌ជូនប្រជាសហគមន៍ដែលស្រឡាញ់ព្រៃឈើ ស្របតាមការប្ដេជ្ញាចិត្ត របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ដែលចង់ឃើញតុលាការផ្តល់យុត្តិធម៌ជូនជនរងគ្រោះ។
លោក ប៉ែន ប៉ុណ្ណារ៍៖ «កូនខ្មែរទាំងអស់ត្រូវយកគំរូតាម យើងជឿថា ប្រព័ន្ធយុត្តិធម៌ នឹងផ្តល់យុត្តិធម៌ឱ្យគាត់។ ការប្តឹងរបស់មន្ត្រីយោធា ជាសិទ្ធិរបស់គាត់ តែតុលាការជាអ្នកផ្តល់យុត្តិធម៌»។
តំណាងអយ្យការ និងតុលាការ បានបញ្ចប់ការសួរដេញដោល លើប្រជាសហគមន៍ ៧នាក់ វេលាម៉ោង ១២ថ្ងៃត្រង់ នៅថ្ងៃដដែលនេះ ហើយអនុញ្ញាតឱ្យពួកគាត់ត្រឡប់មកផ្ទះវិញ។
ព្រៃសហគមន៍ឧត្ដមស្រែពស់ ឬហៅថា ព្រៃមេត្តាធម្មជាតិ គឺជាផ្នែកមួយនៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ហើយបានចុះបញ្ជីទទួលស្គាល់ជាព្រៃអភិរក្សពីក្រសួងបរិស្ថានកាលពីឆ្នាំ២០០២។
នៅលើឯកសារព្រៃនេះមានផ្ទៃដីទំហំ ៨០០ហិកតារ ក៏ប៉ុន្តែព្រៃជាក់ស្តែងនៅសល់ជាង ២០០ ហិកតារប៉ុណ្ណោះ ត្រូវបានក្រុមមន្ត្រីយោធា "ង-៧០” ឈូសឆាយបំផ្លាញបង្ហើយចុងក្រោយ អស់ស្ទើរទាំងស្រុងនៅរយៈពេលជាង ២ឆ្នាំកន្លងទៅនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។