អ្នកការពារ​បរិស្ថាន​ពន្យល់​ពី​សក្ដានុពល​នៃ​តំបន់​ភ្នំ​តាម៉ៅ

0:00 / 0:00

អ្នកជំនាញ​បរិស្ថាន និង​ក្រុម​យុវជន បង្ហាញ​ពី​សក្ដានុពល​ភ្នំ​តាម៉ៅ ដោយមាន​រុក្ខជាតិ​កម្រ​ជាច្រើន​ប្រភេទ​រួមមាន ព្រៃ​ព្រឹក្សា អូរ​ធម្មជាតិ ប្រជុំ​កូនភ្នំ ជម្រាលភ្នំ និង​រុក្ខជាតិ​កម្រ ផ្តល់​ទេសភាព​ខៀវស្រងាត់ អំណោយផល​គាប់ប្រសើរ​ឱ្យ​សត្វព្រៃ​រស់នៅ និង​ចិញ្ចឹមជីវិត​រាប់​សិប​ប្រភេទ​។ ពួកគេ​បារម្ភ​ថា ការ​ឈូស​ឆាយ​កម្ទេច​ព្រៃ​អភិរក្ស​ដ៏​ធំ​សម្បើម​នេះ នឹង​ធ្វើ​ឱ្យ​បាត់បង់ ទីកន្លែង​សង្គ្រោះ​សត្វព្រៃ​យ៉ាង​សំខាន់​នៅ​កម្ពុជា​ប៉ះពាល់​វិស័យ​ទេសចរ និង​ជីវភាព​ប្រជាជន​ក្នុង​តំបន់។

អ្នកជំនាញ​ផ្នែក​បរិស្ថាន និង​ក្រុម​យុវជន​ស្តាយស្រណោះ​ព្រៃឈើ​តំបន់​ភ្នំ​តា​ម៉ៅ ដែល​កំពុង​ត្រូវ​បាន​គេ​ឈូសឆាយ​ក្លាយជា​ទីវាល​រហោឋាន ហើយ​គ្រោង​ជំនួស​មកវិញ​នូវ​គម្រោង​នានា​របស់​សេដ្ឋី​អចលនទ្រព្យ​ឧកញ៉ា ឃុន សៀ និង ឧកញ៉ា ឡេង ណាវ៉ាត្រា ។ បច្ចុប្បន្ន​តំបន់​នោះ​កំពុង​ទទួលរង​ការ​ឈូស​ឆាយ​បំផ្លិចបំផ្លាញ​ព្រៃឈើ អស់​ជាច្រើន​រយ​ហិកតារ ដោយមាន​គ្រឿងចក្រ​ជាច្រើន​គ្រឿង អម​ដោយ សមត្ថកិច្ច​ចម្រុះ ប៉ូលិស និង​ប៉េអិម យាម​ការពារ​យ៉ាង​ប្រុងប្រយ័ត្ន​មិន​ឱ្យ​ពលរដ្ឋ​ចេញចូល​តំបន់​នោះ​ឡើយ។

​យុវជន​រស់នៅ​រាជធានី​ភ្នំពេញ លោក លី ចាន់ដារ៉ាវុធ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា តំបន់ភ្នំ​តាម៉ៅ ជា​កន្លែង​សង្គ្រោះ​សត្វព្រៃ​យ៉ាង​សំខាន់ ដែល​គេ​យក​សត្វព្រៃ​ជិត​ផុត​ពូជ​ពី​តំបន់​ផ្សេងៗ ទៅ​សង្គ្រោះ និង​អភិរក្ស​នៅ​តំបន់​នោះ​។ លោក​ថា សត្វ​ដែល​តាំង​បង្ហាញ​ក្នុង​ទ្រុង​ខ្លះ គេ​តែងតែ​លែង​វា ចូលក្នុង​ព្រៃ​តំបន់​នោះ ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ មក​ទស្សនា​កម្សាន្ត។

លោក​បន្ថែម​ថា បើ​ព្រៃ​នៅ​តំបន់​នោះ​វិនាស​ហិនហោច​អស់ សត្វព្រៃ និង​ជម្រក​សត្វព្រៃ​គ្រប់​ប្រភេទ​នឹង​បាត់បង់ ហើយ​អាកាសធាតុ​នឹង​ឡើង​កម្តៅ​ខ្លាំង​។ លោក​ចាត់ទុក ការ​អភិវឌ្ឍ​បំផ្លាញ​ព្រៃឈើ និង​ជម្រក​សត្វព្រៃ ដ៏​ធំធេង​នេះ ធ្វើឡើង​ដោយ​មិន​គិត​ពី​អនាគត​កូនចៅ​ជាន់ក្រោយ​៖ «តាំងពី​ខ្ញុំ​កើតមក ខ្ញុំ​ឃើញ​ថា អ្វី​ដែល​យើង​មាន​កាន់តែ​បាត់បង់​ទៅ ៗ អត់​ដែល​ឃើញ​កកើត​។ ខ្ញុំ​ធ្លាប់​ឮ គេ​និយាយ តាំងពី​ឆ្នាំ ១៩៩៨ យើង​មាន​សត្វព្រៃ​ច្រើន ក្រោយមក​សត្វ​គេ​បរបាញ់ ព្រៃឈើ​គេ​កាប់​បន្តិច​ម្តងៗ កោះ​លក់​ឱ្យ​ឧកញ៉ា បឹង​លុប ។ ធម្មជាតិ​ទាំងអស់​ហ្នឹង តម្រង់​ជួរ​គ្នា​ដើរ​ឆ្ពោះ​រក​វិនាសកម្ម ក្រោម​លេស​អភិវឌ្ឍ អត់​មាន​គិតដល់​ក្មេង​ជំនាន់​ក្រោយ​។ ដូនតា​យើង គាត់​ខំ​រក្សា ទុក​ឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ»។

​រីឯ​ប្រធាន​សមាគម​អ្នក​ស្រឡាញ់​បរិស្ថាន និង​សង្គម លោក ជុំ ហួត ជំ​រុញ​ឱ្យ​រដ្ឋាភិបាល​ផ្អាក​សកម្មភាព​ឈូស​ឆាយ​ព្រៃ​ទាំងនេះ និង​ផ្លាស់ប្ដូរ​គំនិត​អភិវឌ្ឍន៍​នៅ​ទីនោះ ដើម្បី​សុវត្ថិភាព​សត្វព្រៃ និង​ធនធានធម្មជាតិ​។ លោក​ថា ការ​ឈូសឆាយ​ព្រៃ​ទាំងនេះ នឹង​ធ្វើ​ឱ្យ​សត្វព្រៃ​បាត់បង់​ជម្រក និង​បាត់បង់​កន្លែង​សង្គ្រោះ​សត្វព្រៃ ហើយ​រមណីយដ្ឋាន​ជាច្រើន​កន្លែង​នឹង​ប្រឈម​បិទទ្វារ៖ «បានឮ​ហើយ​ថា តំបន់​នោះ​អស្ចារ្យ​បំផុត ក្នុងចំណោម​ប្រទេស​កម្ពុជា តែ​ធ្វើ​ឱ្យ​ក្រុមហ៊ុន​មួយចំនួន​កាន់តែ​បាត់បង់​ហិនហោច នូវ​អ្វី​ដែល​យើង​មាន​។ ធ្វើ​ឱ្យ​សោកស្តាយ​ខ្លាំង​ដែល​យើង​មិនអាច​ទទួល​យក​បាន ការ​​​​​បំផ្លាញ​ទាំងអស់​ហ្នឹង ក្រោម​រូបភាព​អភិវឌ្ឍន៍»។

អ្នកជំនាញ​បរិស្ថាន​សង្កេត​ឃើញ​ថា មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ ផ្តល់​ភាពងាយស្រួល​ដល់​និស្សិត​ចង់​សិក្សា​ស្វែងយល់​ពី ជីវសាស្ត្រ​របស់​សត្វព្រៃ​កម្រ ជិត​ផុត​ពូជ ព្រោះ​តំបន់​នោះ នៅ​ជិត​រាជធានី​ភ្នំពេញ​។ ម្យ៉ាងវិញទៀត បើទោះ​បី​ជា​ដើមឈើ​ធំៗ នៅ​តំបន់​នោះ ត្រូវ​គេ​កាប់​បំផ្លាញ​អស់​ទៅ​ហើយ​ក្តី ក្រោយ​ក្រសួងកសិកម្ម​បាន​កំណត់​ទីនោះ ជា​តំបន់​អភិរក្ស ព្រៃ​រេចរឹល​បាន​ដុះ​ឡើងវិញ នៅ​រយៈពេល​ជាង ១០ ឆ្នាំ​ចុង​ក្រោយនេះ ដែល​ផ្តល់​ម្លប់​ដល់​សត្វព្រៃ និង​ជម្រក​បក្សាបក្សី​។

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាចទាក់ទង សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​តំណាង​ក្រុមហ៊ុន​ឡេង ណាវ៉ាត្រា និង​តំណាង ឧកញ៉ា ឃុន សៀ បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី៤ សីហា​។ ប៉ុន្តែ​លោក ឃុន សៀ ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី​ដោយ​បដិសេធ​ថា ក្រុមហ៊ុន​របស់​លោក​មិន​បាន​ឈូស​ឆាយ​ដីព្រៃ​តំ​បន់ភ្នំ​តា​ម៉ៅ​នោះ​ឡើយ។

ជុំវិញ​សកម្មភាព​ឈូស​ឆាយ​នៅ​តំបន់​ភ្នំ​តា​ម៉ៅ​នេះ ក្រសួង​កសិកម្ម បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ នៅ​ថ្ងៃទី ០៤ សីហា ដោយ​ច្រានចោល​ចំពោះ​ការរិះគន់​របស់​ពលរ​ដ្ឋ។ ក្រសួង​លើក​ហេតុផល​ថា ការ​អភិវឌ្ឍ​នៅ​តំបន់ភ្នំ​តាម៉ៅ ពុំ​មាន​ផល​ប៉ះពាល់​ទាល់តែសោះ​។ ក្រសួង​ថា តំបន់​​​​​​​​​​​​​​​​​​ភ្នំ​តា​ម៉ៅ ជា​ស្ថានីយ​ស្តារ​ព្រៃឈើ ដែល​មាន​ឈើ​ប្រភេទ​ប្រេងខ្យល់ អាកាស្យា និង​ឈើ​ធម្មជាតិ អម​ដោយ​ដីខ្សាច់ ពុំ​មាន​ការ​ដុះ​លូតលាស់​ព្រៃឈើ​ល្អ​ទេ​។ លើស​ពី​នេះ តំបន់​នោះ​ពុំ​មាន​សត្វព្រៃ​សំខាន់ៗ ជិត​ផុត​ពូជ ដូច​ការ​លើកឡើង​ឡើយ គឺ​មានតែ​ជ្រូកព្រៃ ដែល​តែងតែ​មក​រំខាន​ដំណាំ​ពលរដ្ឋ​។ ក្រសួងកសិកម្ម​បញ្ជាក់​ថា ការ​អភិវឌ្ឍ​នេះ គឺជា​ការដោះដូរ​ដី​នៅ​តំបន់​ផ្សេង ជា​ថ្នូរ​នឹង​ការ​អភិវឌ្ឍ ដោយ​កែ​លម្អ​ឧទ្យាន​ជាតិ​ភ្នំ​តា​ម៉ៅ ឱ្យ​មាន​ភាព​ប្រសើរ​ឡើង នូវ​ប្រព័ន្ធ​ផ្លូវ អគារ សួនច្បារ និង​អាំង​ស្តុក​ទឹកជា​ដើម។

ការ​លើកឡើង​របស់​ក្រសួងកសិកម្ម​នេះ គឺ​ផ្ទុយ​ពី​ការស្រាវជ្រាវ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ (Wildlife Alliance) ដែល​រកឃើញថា ភ្នំ​តា​ម៉ៅ គឺជា​សួនសត្វ​ល្អ​តែមួយគត់​សម្រាប់​សង្គ្រោះ​សត្វ និង​បង្ក​កំណើត​សត្វព្រៃ​កម្រ ដោយ​ប្រមូល​ផ្តុំ​ខ្លាឃ្មុំ​ធំ​ជាងគេ នៅ​លើ​ពិភពលោក ព្រមទាំង​ជា​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជិត​ឆ្ងាយ​មក​មើល​សម្បត្តិ​ធម្មជាតិ​នៅ​កម្ពុជា។

លើស​ពី​នេះ មាន​អង្គការ​អភិរក្ស​សត្វព្រៃ​មួយចំនួន កំពុង​អភិរក្ស​ខ្លាឃ្មុំ និង​បង្កាត់កូន​ក្រពើ​ភ្នំ នៅ​តំបន់ភ្នំ​តា​ម៉ៅ ដែល​ជា​ប្រភេទ​សត្វ​កម្រ​បំផុត​។ រីឯ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ កំពុង​ចិញ្ចឹម​កូន​ស្វា​ក្រវាត់​ដែល ពិបាក​ចិញ្ចឹម ប៉ុន្តែ​អង្គការ​នេះ បាន​អនុវត្ត​គម្រោង​នេះ​ដោយ​ជោគជ័យ។

អ្នកជំនាញ​អភិរក្ស​សត្វព្រៃ​នៅ​អង្គការ​នេះ លោក នីច ម៉ាក (Nick Marx) មានប្រសាសន៍​នៅក្នុង​វីដេអូ​ឃ្លី​ប កាល​ពី​ពេល​កន្លងទៅ​ថា មាន​សត្វ​ស្លាប​កម្រ កំពុង​ធ្វើ​សំបុក​លើ​ដើមឈើ នៅ​តំបន់​ភ្នំ​តាម៉ៅ ដូចជា​សត្វ​ត្រដក់​ជាដើម​។ លោក​បន្ថែម​ថា ឧទ្យាន​សត្វ​ភ្នំ​តា​ម៉ៅ មាន​ព្រៃ​ធម្មជាតិ​ទំហំ ២ ពាន់ ៣​រយ​ហិកតារ​ព័ទ្ធជុំវិញ បង្ក​លក្ខណៈ​ងាយស្រួល ដោះលែង​សត្វ​ឱ្យ​ដើរលេង​កម្សាន្ត​បែប​ធម្មជាតិ៖ «​ព្រៃភ្នំ​តា​ម៉ៅ មាន​ព្រៃ​ធម្មជាតិ ២ ពាន់ ៣ រយ​ហិកតារ​ជុំវិញ ល្អ​សម្រាប់​សត្វ​ក្នុង​សួន និង​សត្វ​អាច​ដោះលែង​។ សួនសត្វ​នៅ​ក្រៅ​ប្រទេស អត់​មាន​ព្រៃ​ជុំវិញ​ដោះលែង​សត្វ​អត់​បាន​។ ឆ្នាំ ២០០៩ រដ្ឋបាល​ព្រៃឈើ សុំ​ខ្ញុំ​ឱ្យ​ជួយ​ល្បាត​ព្រៃភ្នំ​តា​ម៉ៅ ខ្ញុំ​សប្បាយ​ជួយ ឥលូវ​ខ្ញុំ​បានធ្វើ ១៣ ឆ្នាំ​ហើយ»។

អ្នកឃ្លាំមើល​បរិស្ថាន​មើល​ឃើញ​ថា គម្រោង​ឈូស​ឆាយ​ព្រៃ​ជាង ១​ពាន់ ៥​រយ​ហិកតារ (១.៥០០) នេះ កំពុង​ធ្វើ​ឱ្យ​ពលរដ្ឋ​មិន​សប្បាយចិត្ត និង​ជាការ​បំផ្លាញ​ធនធានធម្មជាតិ​កេរ្តិ៍​ដូនតា ដោយ​មិន​ខ្វល់​ពី ក្តីកង្វល់​ទាំងឡាយ​របស់​ពលរដ្ឋ​។ លើស​ពី​នេះ ក្រុមហ៊ុន និង​អាជ្ញាធរ នៅ​មិនទាន់​កំណត់​ព្រំប្រទល់​ដី​ព្រៃ​អភិរក្ស ដែល​ត្រូវ​ឈូស​ឆាយ ជាពិសេស​បង្ហាញ​ពី​ទំហំ​ថវិកា​វិនិយោគ និង​គម្រោង​កសាង​បញ្ចប់​នៅ​ពេល​ណា​នៅ​ឡើយ​ទេ។

ជុំវិញ​រឿង​នេះ អ្នកជំនាញ​បរិស្ថាន លោក ហែម ឧត្តម យល់​ថា ធនធានធម្មជាតិ​នៅ​តំបន់​ភ្នំ​តា​ម៉ៅ​កំពុង​ទ្រទ្រង់​ជីវិត​សត្វព្រៃ​ជាច្រើន​ប្រភេទ ជាពិសេស ផ្តល់​អនុផល​ព្រៃ​ឈើជូន​ពលរដ្ឋ​។ លោក​ថា ប្រសិនបើ​មានការ​ឈូស​ឆាយ​បំផ្លាញ​អស់ នោះ​នឹង​ធ្វើ​ឱ្យ​បាត់បង់​សោភ័ណ​បរិស្ថាន​។ លោក​ថា រដ្ឋាភិបាល គួរតែ​ផ្តល់​សិទ្ធិ​ឱ្យ​ពលរដ្ឋ អង្គការ​សង្គម​ស៊ីវិល និង​ភាគី​ពាក់ព័ន្ធ​ចូលរួម​សម្រេចចិត្ត​លើ​គម្រោង​អភិវឌ្ឍន៍​នេះ ប្រកបដោយ​តម្លាភាព និង​គណនេយ្យភាព៖ «ពិគ្រោះ​យោបល់​ឱ្យ​មាន​ការចូលរួម​ពី​ដើមទី​កាន់តែ​ឆាប់​កាន់តែ​ល្អ ត្រូវ​មាន​តម្លាភាព កុំ​ធ្វើ​បិទបាំង ប្រាប់​ពលរដ្ឋ​មូលដ្ឋាន ពិគ្រោះ​យោបល់​ជាមួយ​ពលរដ្ឋ ឱ្យ​គាត់​មានឱកាស សួរ​សំណួរ»។

ឧទ្យាន​ជាតិ​សួនសត្វ​ភ្នំ​តា​ម៉ៅ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ មាន​ផ្ទៃដី ២.៣០០ ហិកតារ ត្រូវ​បាន​ចុះបញ្ជី​ជា​តំបន់​អភិរក្ស​ពី​ក្រសួងកសិកម្ម កាលពី​ឆ្នាំ ១៩៩៥​។ តំបន់​អភិរក្ស​នេះ ឋិត​ក្នុង ស្រុក​បាទី ខេត្តតាកែវ ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ ៤០​គ​.​ម​។ តំបន់​នោះ​មាន​ប្រាង្គ​ប្រាសាទបុរាណ ព្រៃភ្នំ ធម្មជាតិ និង​ជា​សួនសត្វ​ដ៏​ធំ​ក្នុង​ប្រទេស​កម្ពុជា ដោយមាន​ផ្ទៃដី អម​ដោយ​ព្រៃព្រឹក្សា បឹង និង​អូរ​ធម្មជាតិ ផ្តល់​អំណោយផល​គាប់ប្រសើរ​ឱ្យ​សត្វព្រៃ​រស់នៅ និង​ចិញ្ចឹមជីវិត​។ សួនសត្វ​ទីនោះ បាន​តាំង​បង្ហាញ ប្រភេទ​សត្វ​កម្រ​ជាច្រើន​ប្រភេទ ឱ្យ​អ្នក​ទេសចរណ៍​ទស្សនា​រួមមាន ពស់ថ្លាន់ ក្រពើ ខ្លា តោ ដំរី ស្វា និង ខ្លាឃ្មុំ​ជាដើម៕

ណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។