សមត្ថកិច្ច​ចាប់​ខ្លួន​សកម្មជន​ការពារ​​ធនធាន​ធម្មជាតិ លោក អាឡិក

0:00 / 0:00

ស្ថាបនិក​​ចលនា​​មាតា​ធម្មជាតិ លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​វេលា​ម៉ោង ១ និង ៣០​នាទី​រសៀល​ថ្ងៃ​ទី​២៣ កុម្ភៈ នា​ភោជនីយដ្ឋាន​មួយ​ក្បែរ​មាត់​ទន្លេ ជិត​ផ្សារ​រាត្រី។

សកម្មជន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក សុខ សីហា ដែល​បាន​ឃើញ​ហេតុការណ៍​ចាប់​ខ្លួន​នេះ ឲ្យ​ដឹង​ថា សមត្ថកិច្ច​ក្រសួង​មហា​ផ្ទៃ មួយ​ក្រុម​បាន​ចាប់​លោក អាឡិក និង​កង់​របស់​លោក​បញ្ចូល​ក្នុង​​រថយន្ត​។

នៅ​វេលា​ម៉ោង​ប្រមាណ​ជាង ២​​រសៀល​នេះ លោក អាឡិក ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៅ​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដើម្បី​សាកសួរ។

ថ្មីៗ​នេះ លោក​ អាឡិក ​ដែល​មាន​សញ្ជាតិ​អេស្ប៉ាញ ព្យាយាម​សុំ​បន្ត​ទិដ្ឋាការ​ពី​រដ្ឋាភិបាល​ដើម្បី​សុំ​ស្នាក់នៅ​បន្ត​ការងារ​នៅ​កម្ពុជា ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​បដិសេធ។

ក្រសួង​មហាផ្ទៃ បាន​លើក​ឡើង​ថា លោក អាឡិក បាន​ប្រព្រឹត្ត​ខុស​នឹង​លក្ខន្តិកៈ​របស់​អង្គការ​មាតា​ធម្មជាតិ ដែល​តម្កល់​ទុក​ក្នុង​ក្រសួង​មហាផ្ទៃ ដោយ​ញុះញង់​ប្រជាពលរដ្ឋ​បិទ​ផ្លូវ​សាធារណៈ និង​មិន​ឲ្យ​ក្រុម​ការងារ​របស់​អាជ្ញាធរ​ចុះ​ជួប​ប្រជាពលរដ្ឋ ក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង។ ទិដ្ឋាការ​ស្នាក់នៅ​កម្ពុជា របស់​លោក​បាន​ផុត​កំណត់​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ។

សូម​​​ស្ដាប់​សេចក្ដី​រាយការណ៍​​ផ្ទាល់​​​របស់​លោក សេក បណ្ឌិត ទាក់ទង​នឹង​ការ​ចាប់​ខ្លួន លោក អាឡិក និង​ការ​បកស្រាយ​​របស់​ប្រធាន​អង្គការ​វេទិកា​អនាគត លោក អ៊ូ វីរៈ តាម​ការ​សាក​សួរ​របស់​អ្នកស្រី ខែ សុណង៖

មុន​ការ​ចាប់​ខ្លួន​លោក អាឡិក ប្រមាណ ២​ម៉ោង នៅ​ថ្ងៃ​ដដែល​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ជា​សាធារណៈ​ក្នុង​ពេល​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត ព្រមាន​មិន​ឲ្យ​អ្នក​នយោបាយ និង​អង្គការ​សង្គម​ស៊ីវិល លូកលាន់​រឿង អាឡិក នេះ​ទៀត។ លោក​និយាយ​សំដៅ​មន្ត្រី​បក្ស​ប្រឆាំង​ដែល​ស្នើ​ឲ្យ​ព្រះមហាក្សត្រ​ប្រទាន​កិច្ច​អន្តរាគមន៍​ឲ្យ​លោក អាឡិក នោះ។

លោក ហ៊ុន សែន បញ្ជាក់​ថា សូម​ឲ្យ​ជនបរទេស​រូប​នេះ ទៅ​ក្រៅ​មួយ​រយៈ​សិន​កុំ​បង្ក​រឿង៖ «អ៊ីចឹង​ទេ បើ​គ្រាន់​តែ​ធ្វើ​រដ្ឋ​អធិបតេយ្យ​មួយ​គ្រាន់​តែ​គេ​បំពាន​ដែរ ចាំបាច់​ទៅ​ធ្វើ​រដ្ឋ​ធ្វើ​អី? មិន​ថា ជន​បរទេស​បំពាន​ទេ ជនជាតិ​ខ្មែរ​បំពាន​ក៏​ត្រូវ​តែ​មាន​ទោស​ដែរ អំណាច​រដ្ឋ​សង្ឃឹម​ថា រឿង​អស់​ទាំង​នេះ ត្រឹម​តែ​រដ្ឋមន្ត្រី​មហាផ្ទៃ ដោះស្រាយ​បាន​ហើយ។ គេ​ទៅ​រំខាន​ដល់​ព្រះមហាក្សត្រ​ហ្ន! ព្រះមហាក្សត្រ​ទ្រង់​ចេញ​លិខិត​មក​ខ្ញុំ​ព្រះករុណា​ខ្ញុំ ប្រាប់​ឯកឧត្ដម ស ខេង ថា សរសេរ​ព្រាង​ឲ្យ​ខ្ញុំ​ផង ប៉ុន្តែ​មិន​សម​ទៅ​រំខាន​ព្រះមហាក្សត្រ។ សមត្ថកិច្ច​គេ​ទុក​ឲ្យ​អ្នក​បញ្ហា​អន្តោប្រវេសន៍​នេះ គឺ​រដ្ឋមន្ត្រី​មហាផ្ទៃ ចាត់ចែង​ទៅ​វា​ចប់​ហើយ»

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។