សកម្មជន​បរិស្ថាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ឈប់​គំរាមកំហែង​ពួកគេ

0:00 / 0:00

សកម្មជន​ការពារ​ធនធាន​ធម្មជាតិ ជំរុញ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ប្រើ​វិធានការ​ចាប់ចង ឬ​ការ​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​អ្នក​បម្រើ​កិច្ចការ​សង្គម និង​បរិស្ថាន​នៅ​កម្ពុជា។

​ក្រុម​អ្នក​អភិរក្ស​បរិស្ថាន​វ័យ​ក្មេង​នៅ​កម្ពុជា ជំរុញ​ឲ្យ​រដ្ឋាភិបាល​ស្រឡាញ់​ធនធាន​ធម្មជាតិ​របស់​ប្រទេស ហើយ​បើក​សេរីភាព​ឲ្យ​ពួកគេ​អាច​ថែរក្សា​សម្បត្តិ​ធម្មជាតិ​ទាំង​នោះ​ឲ្យ​ផុត​ពី​ការ​បំផ្លាញ ឬ​ការ​ធ្វើ​អាជីវកម្ម​ដោយ​ក្រុម​នាយ​ទុន​ទុច្ចរិត​ទាំង​ឡាយ។

​សកម្មជន​អង្គការ​មាតា​ធម្មជាតិ​ពីរ​រូប​គឺ​លោក ឌឹម គុណឌី និង​លោក ហ៊ុន វណ្ណៈ ដែល​ទើប​ត្រូវ​បាន​តុលាការ​ខេត្ត​កោះកុង ដោះលែង​ឲ្យ​មាន​សេរីភាព​នោះ​បាន​ប្រាប់​ទៅ​រដ្ឋាភិបាល​កម្ពុជា ថា​ដើម្បី​ឲ្យ​ធនធាន​ធម្មជាតិ​របស់​ប្រទេស​នៅ​គង់វង្ស​សម្រាប់​​ក្មេង​ជំនាន់​ក្រោយ​បាន​ស្គាល់ គឺ​ត្រូវ​ផ្ដើម​ចេញ​ពី​ការ​បញ្ចប់​នូវ​វប្បធម៌​គំរាមកំហែង​លើ​សកម្មជន​ការពារ​បរិស្ថាន​តែម្ដង។

​សមាជិក​អង្គការ​មាតា​ធម្មជាតិ លោក ឌឹម គុណឌី ប្រាប់​អាស៊ីសេរី​ថា ប្រសិនបើ​រដ្ឋាភិបាល​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​ការ​ចាប់ចង​ក្រុម​អ្នក​អភិរក្ស​បរិស្ថាន​មែន​នោះ ក្រុម​របស់​លោក​នឹង​រៀបចំ​ពិធី​សែនព្រេន​ដ៏​ធំ​មួយ៖ «សម្រាប់​មតិ​យោបល់​អំពី​ការ​លើក​ទឹក​ចិត្ត​អ្នក​ការពារ​បរិស្ថាន​នៅ​កម្ពុជា​វិញ ខ្ញុំ​យល់​ថា យើង​មិន​ទាន់​ឈាន​ដល់​កម្រិត​ហ្នឹង​ទេ។ គ្រាន់តែ​អនុសាសន៍​របស់​រដ្ឋាភិបាល​នៅ​មិន​ទាន់​ដំណើរ​ការ​នៅ​ឡើយ។ ដូច​ក្រុម​ការងារ​ខ្ញុំ​និយាយ​អ៊ីចឹង ពួក​យើង​មិន​ចង់​បាន​រង្វាន់ ផ្ទះ​វីឡា ឬ​ឡាន​ទំនើប​អ្វី​នោះ​ទេ ពួក​យើង​សុំ​ត្រឹម​កុំ​មក​រារាំង គំរាម​កំហែង ហើយ​ចាប់​ពួកគេ​យើង​ដាក់​គុក ពួក​យើង​សឹង​សែន​ក្បាល​ជ្រូក​វិញ​នោះ»

​លោក ហ៊ុន វណ្ណៈ និង​លោក ឌឹម គុណឌី ត្រូវ​បាន​តុលាការ​ខេត្ត​កោះកុង ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ ១​ឆ្នាំ តែ​អនុវត្ត​ទោស​បាន ៥​ខែ ហើយ​ទោស​ដែល​នៅ​សល់​ត្រូវ​ព្យួរ។ ជាង​នេះ​ទៅ​ទៀត ពួកគេ​ទទួល​រង​នូវ​ការ​ពិន័យ​ជា​ប្រាក់​ម្នាក់ ១​លាន​រៀល ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល ដោយសារ​ពួក​គេ​បាន​ជិះ​ទូក​ថត​រូបភាព និង​វីដេអូ​សកម្មភាព​កប៉ាល់​ដឹក​ខ្សាច់​ស៊ីលីកា (Silica) ពីរ​គ្រឿង​ក្នុង​លំហ​សមុទ្រ នៅ​ឃុំ​ព្រែកខ្សាច់ ស្រុក​គីរីសាគរ ខេត្ត​កោះកុង។

​ដើម​បណ្ដឹង​ក្នុង​សំណុំ​រឿង​នេះ គឺ​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​កោះកុង របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ ដែល​ជា​សមាជិក​ព្រឹទ្ធ​សភា​របស់​បក្ស​កាន់​អំណាច និង​ជា​អ្នក​ជំនួញ​រក​ស៊ី​ច្រើន​មុខ រាប់​ចាប់​តាំង​ពី​ការ​បើក​បន​ល្បែង​ស៊ីសង ចំការ​អំពៅ ការ​រក​ស៊ី​នាំ​ចេញ​ខ្សាច់​ពី​ខេត្ត​កោះកុង ទៅ​ក្រៅ​ប្រទេស និង​មុខ​ជំនួញ​ជា​ច្រើន​ប្រភេទ​ទៀត។

អាស៊ីសេរី នៅ​ពុំ​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​រដ្ឋាភិបាល​ជុំវិញ​បញ្ហា​នេះ​បាន​ទេ ពាក់ព័ន្ធ​នឹង​អនុសាសន៍​របស់​លោក ហ៊ុន វណ្ណៈ និង​លោក ឌឹម គុណឌី ក្នុង​ការ​អភិរក្ស​ធនធាន​ធម្មជាតិ​របស់​ប្រទេស​តាម​រយៈ​ការ​បញ្ឈប់​ការ​គំរាមកំហែង ការ​ចាប់ចង និង​ការ​បាញ់​សម្លាប់។

​សកម្មជន​ការពារ​បរិស្ថាន​នៅ​កម្ពុជា តែង​រង​នូវ​ការ​គំរាមកំហែង​ដល់​អាយុ​ជីវិត។ ជាក់ស្ដែង​ករណី​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ លោក ឈុត វុទ្ធី និង​ករណី​មន្ត្រី​ការពារ​បរិស្ថាន​បី​រូប រួម​មាន​លោក សេក វឌ្ឍនា លោក តឺន សុខណៃ និង​លោក ថុល ខ្នា ដែល​ត្រូវ​បាន​ក្រុម​ជន​ដៃដល់​ជា​សមត្ថកិច្ច​បាញ់​សម្លាប់​កាល​ពី​ដើម​ខែ​កុម្ភៈ ក្នុង​ខេត្ត​មណ្ឌលគិរី។

​ទោះ​ជា​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​សម្រាប់​កិច្ចការ​គាំពារ​ធនធាន​ធម្មជាតិ​យ៉ាង​ណា​ក៏ដោយ ប៉ុន្តែ​សម្រាប់​លោក ហ៊ុន វណ្ណៈ សមាជិក​អង្គការ​មាតា​ធម្មជាតិ​វិញ អះអាង​ថា ក្រុម​របស់​លោក​បាន​សច្ចា​រួច​ទៅ​ហើយ​ថា នឹង​បន្ត​ការ​ឃ្លាំមើល និង​ការពារ​ធនធាន​ធម្មជាតិ​បន្ត​ទៀត​ឲ្យ​បាន​គង់វង្ស​សម្រាប់​ពលរដ្ឋ​ខ្មែរ​ទូទៅ និង​ពិភពលោក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។