នាយកសកលវិទ្យាល័យភូមិន្ទភ្នំពេញ និងអាជ្ញាធរ ហៅក្រុមយុវជនស្រឡាញ់បរិស្ថាន និងជានិស្សិតនៃសាកលភូមិន្ទភ្នំពេញ ទៅសាកសួរ និងគំរាមកំហែងទាក់ទងនឹងករណីពួកគាត់ ដាក់ស្តង់លក់ដូង និងចែកខិត្តប័ណ្ណផ្សព្វផ្សាយកោះកុងក្រៅ នៅក្នុងបរិវេណសកលវិទ្យាល័យភ្នំពេញ ខណ្ឌទួលគោក ទីក្រុងភ្នំពេញ ក្នុងកម្មវិធីខួប៦៣ឆ្នាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
និស្សិតឆ្នាំទី៤ សិក្សាផ្នែកព័ត៌មានវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កញ្ញា ភួន កែវរស្មី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៣ ខែធ្នូ ថា ក្រុមរបស់កញ្ញាមានគ្នា ៥៦នាក់ រៀបចំកាត់ស្ទីកឃ័រ ឬខិត្តប័ណ្ណដែលមានរូបកោះកុងក្រៅ ដើម្បីចែកដល់អ្នកដែលមកចូលរួមខួប ៦៣ឆ្នាំរបស់សាលា ដែលប្រារព្ធធ្វើចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥។ កញ្ញាបន្តថា មានគ្រូមុខវិជ្ជាផ្សេង ដែលកញ្ញាមិនស្គាល់ឈ្មោះ និងអ្នករៀបចំសណ្ដាប់ធ្នាប់កម្មវិធីមកសួរនាំកញ្ញារឿងចែកខិត្តប័ណ្ណនេះ ហើយដាក់បម្រាមមិនឲ្យចែកទៀត ដោយលើកហេតុផលថា ខ្លាចប៉ះពាល់រឿងនយោបាយ។
និស្សិតរូបនេះប្រកាន់ជំហរថា ទោះជាមានការហាមឃាត់កញ្ញាពីអ្នកគ្រប់គ្រងសាលាក៏ដោយ ក៏កញ្ញានៅតែបន្តចែកចាយខិត្តប័ណ្ណកោះកុងក្រៅដដែល ព្រោះកញ្ញាមិនបានធ្វើខុសវិន័យសាលាឡើយ។ កញ្ញា ភួន កែវរស្មី យល់ថា អ្នកគ្រប់គ្រងសាលាមិនគួរហាមឃាត់មិនឲ្យចែកចាយខិត្តប័ណ្ណនេះទេ ព្រោះនេះជាការជំរុញឲ្យយុវជនកាន់តែស្រឡាញ់ធម្មជាតិថែមទៀត និងជាការចូលរួមការពារសម្បត្តិធម្មជាតិទាំងអស់គ្នា ខាងសាលាគួរតែលើកទឹកចិត្តដល់សិស្សនិស្សិត ទើបជាការប្រសើរ។
សូមទស្សនាបទសម្ភាសន៍មួយជាមួយកញ្ញា ភួន កែវរស្មី បន្ថែម៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។