ខេត្តកោះកុង គឺជាតំបន់ជាប់មាត់សមុទ្រ ដែលសម្បូរទៅដោយធនធានធម្មជាតិ ដូចជា ព្រៃឈើ និងរ៉ែជាច្រើនប្រភេទ ហើយក៏មានលក្ខណៈអំណោយផលផ្នែកអេកូទេសចរណ៍ផងដែរ ដោយសារខេត្តនេះសម្បូរណ៍ដោយភ្នំ ជ្រោះ ជ្រលង ដងអូរ ស្ទឹង និងកោះជាដើម។ ក៏ប៉ុន្តែ ខេត្តនេះក៏មានបញ្ហាចាក់ស្រេះជាច្រើនដែរ ដូចជា ទំនាស់ដីធ្លីរ៉ាំរ៉ៃរវាងពលរដ្ឋ និងក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច ឬអ្នកមានលុយមានអំណាច ការបំផ្លិចបំផ្លាញធនធានធម្មជាតិ និងការរំលោភយកទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋធ្វើជាកម្មសិទ្ធិឯកជនជាដើម។ ដោយស្រឡាញ់ពេញចិត្ត និងចង់ការពារធនធានធម្មជាតិនៅក្នុងខេត្តនេះ សកម្មជនបរិស្ថានមួយរូបប្តេជ្ញាចិត្តថា នឹងនៅតែបន្តសកម្មភាពរបស់ខ្លួនតទៅទៀត ទោះជាត្រូវប្រឈមមុខនឹងបញ្ហា និងការលំបាកច្រើនយ៉ាងណាក៏ដោយ។
ការងារការពារបរិស្ថានមិនមែនជារឿងងាយស្រួលឡើយ ដោយតម្រូវឱ្យមានការតាំងចិត្តខ្ពស់ លះបង់សេចក្តីសុខផ្ទាល់ខ្លួន និងពេលខ្លះប្រឈមនឹងការធ្វើទុក្ខបុកម្នេញតាមផ្លូវច្បាប់ ឬរូបរាងកាយផងក៏មាន។ ជាពិសេស សម្រាប់អ្នកធ្វើការផ្នែកបរិស្ថានជាសកម្មជនឯករាជ្យ ឬមន្ត្រីអង្គការសង្គមស៊ីវិល ដែលពួកគេមិនមានអំណាចតាមផ្លូវច្បាប់ ដូចមន្ត្រីបរិស្ថាន ឬអាជ្ញាធរជំនាញនោះ។ ក៏ប៉ុន្តែទាំងនេះ មិនមែនជាឧបសគ្គសម្រាប់ស្ត្រីវ័យ ២៩ឆ្នាំ គឺអ្នកនាង លីម គីមស័រ ដែលមានឈ្មោះហៅក្រៅថា ជីជី នោះឡើយ។
មានសំបុរស្រអែម រាងស្តើងស្គម និងមានសំឡេងស្អកបន្តិច អ្នកនាង លីម គីមស័រ គឺជាកូនចៅអតីតពលរដ្ឋសហគមន៍ក្រុម ៧៨ នៅក្បែរសហគមន៍សំបុកចាប ដែលរងការបណ្តេញចេញដោយបង្ខំពីអាជ្ញាធរក្រុងភ្នំពេញ កាលពីឆ្នាំ ២០០៩ កន្លងទៅ។ ព្រឹត្តិការណ៍បណ្តេញចេញនេះ បានកើតឡើងមួយសប្តាហ៍មុនពេលនាងត្រូវប្រឡងសញ្ញាបត្របាក់ឌុប ហើយរឿងនេះបានជះឥទ្ធិពលខ្លាំងដល់ជីវិត និងផ្លូវចិត្តរបស់នាងនៅពេលក្រោយៗ មកទៀត។
អ្នកនាង លីម គីមស័រ មានបងប្អូនបង្កើតចំនួន ៩នាក់ ហើយនាងជាកូនទី៨ ក្នុងគ្រួសារដែលមានឪពុកជាអតីតគ្រូពេទ្យ និងម្តាយជាមេផ្ទះ។ នាងបានរៀបអាពាហ៍ពិពាហ៍កាលពីឆ្នាំ២០១៥ កន្លងទៅ ប៉ុន្តែដោយសារការរស់នៅមិនចុះសម្រុងគ្នាជាមួយស្វាមី និងម្យ៉ាងទៀតនាងត្រូវរវល់ខ្លាំងនឹងការងារបរិស្ថានផង នាង និងស្វាមីក៏បានសម្រេចចែកផ្លូវគ្នានៅឆ្នាំ២០១៧។
អ្នកនាង លីម គីមស័រ បានចាប់ផ្តើមសកម្មភាពជាមួយសហគមន៍រងគ្រោះដីធ្លីនៅឆ្នាំ២០១១ និងបានចូលរួមជាយុវជនស្ម័គ្រចិត្តរបស់គណបក្សសង្គ្រោះជាតិ នៅឆ្នាំ២០១៣។ នាងបញ្ជាក់ថា ការចូលរួមសកម្មភាពនយោបាយនេះ គឺដើម្បីទទួលបានចំណេះដឹងបន្ថែមអំពីរឿងផ្លូវច្បាប់ ការតស៊ូមតិ និងការធ្វើកិច្ចការងារសហគមន៍ជាដើម។ ក្រោយមកនាងបានបញ្ឈប់សកម្មភាពនយោបាយ ដោយងាកទៅធ្វើការជាមួយក្រុមយុវជន អង្គការសង្គមស៊ីវិល និងសហគមន៍មូលដ្ឋានវិញ។ ក៏ប៉ុន្តែ ដោយមានអតីតភាពជាយុវជនគណបក្សសង្គ្រោះជាតិ និងម្យ៉ាងជាស្ត្រីផង នាងតែងរងការរើសអើងពីអាជ្ញាធរមូលដ្ឋាន និងពលរដ្ឋមួយចំនួន ហើយក្រៅពីនេះក៏មានការគំរាមកំហែងដល់សុវត្ថិភាពរបស់នាងផងដែរ៖ «កន្លងមក ខ្ញុំធ្លាប់ត្រូវបានគេចាប់ខ្លួនយកទៅឃុំទុកចោលនៅស្នងការរហូតដល់ ១៧ម៉ោង ហើយក្នុងហ្នឹងក៏មានការតាមដានផ្សេងៗ ដែលធ្វើឱ្យខ្ញុំមានពេលខ្លះខ្លាចដែរ ដោយសារតែយើងអត់ដឹងថា គេតាមនៅក្នុងគោលបំណងអ្វីអ៊ីចឹងទៅ ហើយក៏មានការរកលេសដើម្បីចោទប្រកាន់ខ្ញុំពីបទញុះញង់ដែរ»។
ដោយធ្លាប់រងការបណ្តេញចេញដោយបង្ខំ ក្រុមគ្រួសាររបស់អ្នកនាង លីម គីមស័រ មិនបានហាមឃាត់នាងមិនឱ្យធ្វើការងារសង្គមនេះឡើយ ផ្ទុយទៅវិញពួកគាត់បានជួយគាំទ្រនាងទាំងផ្នែកស្មារតី និងលុយកាក់។ គីមស័រ បានចាប់ផ្តើមការងារជាមួយអង្គការមាតាធម្មជាតិនៅឆ្នាំ ២០១៤ និងបានធ្វើសកម្មភាពជាច្រើននៅខេត្តកោះកុង មានជាអាទិ៍ ការចុះអប់រំពលរដ្ឋឱ្យយល់ដឹងពីសិទ្ធិ ការផ្តល់យោបល់ផ្លូវច្បាប់ដល់ពលរដ្ឋ ការតវ៉ាប្រឆាំងនឹងការបូមខ្សាច់បែបអនាធិបតេយ្យ ការបើកកកាយភាពមិនប្រក្រតីនៃការផ្តល់សម្បទានដីសេដ្ឋកិច្ចឱ្យក្រុមហ៊ុនឯកជនជាដើម។
អតីតអ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្ស លីកាដូ (LICADHO) ខេត្តកោះកុង លោក អ៊ិន គង់ជិត ថ្លែងថា អ្នកនាង លីម គីមស័រ ជានារីក្លាហាន និងម៉ឺងមាត់ មិនរួញរា ក្នុងកិច្ចការពារបរិស្ថាន និងជួយសហគមន៍រងគ្រោះ។ លោកកត់សម្គាល់ថា ពលរដ្ឋក្នុងសហគមន៍មួយចំនួនក្នុងខេត្តកោះកុងដែលធ្លាប់តែខ្លាច មិនហ៊ានលើកឡើងពីទុក្ខកង្វល់របស់ខ្លួន បែរជាបានផ្លាស់ប្តូរឥរិយាបថហ៊ានលើកឡើងពីបញ្ហា និងទាមទាររកដំណោះស្រាយពីអាជ្ញាធរវិញ៖ «សកម្មភាពដែលលេចធ្លោ ដែលយើងចាប់អារម្មណ៍មែនទែននោះ គឺគាត់មានចំណេះដឹងផ្នែកច្បាប់ និងសិទ្ធិមនុស្ស។ គាត់បានចុះទៅសហគមន៍ដែលរងផលប៉ះពាល់ដោយការបូមខ្សាច់ហ្នឹង គាត់បានបង្រៀនអំពីសិទ្ធិមនុស្ស សិទ្ធិស្ត្រី ហើយនិងអំពីច្បាប់ និងអំពីវិធីសាស្ត្រនៃការតស៊ូមតិ ដើម្បីនាំទៅរកដំណោះស្រាយ ឬនាំទៅរកលទ្ធផលសម្រាប់សហគមន៍»។
ពលរដ្ឋមួយរូបនៃសហគមន៍កោះស្រឡៅ ខេត្តកោះកុង លោកស្រី សម្បត្តិ វ៉ាត ថ្លែងថា សហគមន៍របស់លោកស្រីមានការផ្លាស់ប្តូរច្រើន បន្ទាប់ពីក្រុមយុវជននៃអង្គការមាតាធម្មជាតិ ពិសេស អ្នកនាង លីម គីមស័រ បានទៅដល់តំបន់នោះ។ លោកស្រីបន្តថា នាងបានជួយបង្កើតបណ្តាញស្តី្រដ៏រឹងមាំមួយ ដើម្បីធ្វើការងារសម្អាតបរិស្ថានក្នុងសហគមន៍ និងតវ៉ាប្រឆាំងការបូមខ្សាច់អនាធិបតេយ្យនៅតាមដងស្ទឹងនៅក្បែរតំបន់កោះស្រឡៅ៖ «តាំងពី ជីជី គាត់មកចុះជួយបងប្អូនប្រជាជនយើង បងប្អូនប្រជាជនយើងចេះដឹង ហើយគាត់បង្កើតក្រុមស្ត្រីដឹកនាំ តាំងពីអនាម័យ រឿងសំរាម រឿងបូមខ្សាច់អ៊ីចឹង។ ជួយបំភ្លឺតាំងពីរឿងផ្លូវច្បាប់មួយចប់។ និយាយរួមទៅ គាត់ល្អតែម្ដង ពីព្រោះគាត់តស៊ូមាំណាស់។ គាត់អត់គិតពីផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ គាត់មកបម្រើសហគន៍យើងហ្នឹង»។
បច្ចុប្បន្ននេះអ្នកនាង លីម គីមស័រ គឺជាសកម្មជនបរិស្ថានឯករាជ្យ ព្រោះអង្គការមាតាធម្មជាតិ ត្រូវបានក្រសួងមហាផ្ទៃសម្រេចលុបឈ្មោះចេញពីបញ្ជីអង្គការមិនមែនរដ្ឋាភិបាលរួចទៅហើយ កាលពីខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ។ ក្នុងនាមជាសកម្មបរិស្ថានឯករាជ្យ នាងទទួលបានប្រាក់ឧបត្ថម្ភខ្លះពីសប្បុរសជននៅក្រៅប្រទេស និងគម្រោងតូចៗ របស់អង្គការសង្គមស៊ីវិលមួយចំនួន។ ថ្វីដ្បិតតែនាងមិនអាចធ្វើការបានពេញលេញដូចកាលពីមុនមែន ក៏ប៉ុន្តែនាងនៅតែប្តេជ្ញាចិត្តបន្តសកម្មភាពការពារបរិស្ថាន និងជួយសហគមន៍ដដែល៖ «ដូចថាយើងទៅសហគមន៍អ៊ីចឹង គឺយើងទៅម្នាក់ឯង ហើយក្រុមយើង គ្នាយើង គឺមានតែ ៤ - ៥នាក់។ អ៊ីចឹងទៅវាពិបាកក្នុងការធ្វើការ ហើយពាក់ព័ន្ធរឿងថវិកាខ្លះផង។ អ៊ីចឹងវាធ្វើឱ្យខ្ញុំមានពេលខ្លះក៏បាក់ទឹកចិត្ត ចង់ឈប់ដែរ។ ប៉ុន្តែដោយសាររាល់ពេលដែលខ្ញុំចង់ឈប់ គឺសហគមន៍តែងតែត្រូវការឱ្យខ្ញុំជួយរហូត អ៊ីចឹងទៅក៏ខ្ញុំមិនអាចឈប់បាន ហើយមួយទៀត គឺដោយសារតែខ្ញុំក៏ធ្លាប់ជាជនរងគ្រោះដែរ។ ការងាររបស់យើងប្រឈមខ្លាំង អ៊ីចឹងអ្នកខ្លះគាត់ជួយ ប៉ុន្តែគាត់ជួយបែបលួចលាក់។ ដូច្នេះហើយវាធ្វើឱ្យខ្ញុំអត់អាចឈប់ពីការងារនេះបានតែម្ដង»។
អ្នកនាង លីម គីមស័រ ជំរុញឱ្យយុវជនដទៃទៀតចូលរួមក្នុងកិច្ចការពារបរិស្ថាន និងជួយដល់ពលរដ្ឋដែលងាយរងគ្រោះតាមសហគមន៍នីមួយៗ។ នាងបន្ថែមថា មធ្យោបាយដែលមានប្រសិទ្ធភាពនោះ គឺការប្រើប្រាស់បណ្តាញសង្គមក្នុងការលាតត្រដាងពីរឿងអយុត្តិធម៌សង្គម និងបទល្មើសធនធានធម្មជាតិ។ នាងក៏ជំរុញឱ្យអាជ្ញាធររបបក្រុងភ្នំពេញបើកសិទ្ធិឱ្យទូលាយដល់សកម្មជនបរិស្ថាន និងសង្គម អាចធ្វើសកម្មភាពបានដោយគ្មានការរារាំង៖ «ប្រសិនបើយុវជនទាំងអស់គ្នាក្រោកឡើង ធ្វើការងារសង្គមទាំងអស់គ្នា អ៊ីចឹងសង្គមរបស់យើងក៏កាន់តែកែប្រែបានដែរ។ ប៉ុន្តែប្រសិនបើយើងឃើញថា យុវជនចេញមុខមកដដែលៗ ឬក៏អ្នកធ្វើការងារសង្គមមានតែដដែលៗ វាអត់រីកចម្រើនទេ។ វានៅតែប៉ុណ្ណឹង រហូតដល់ជួនកាលមានការលាបពណ៌យុវជន ឬក៏ក្រុមសកម្មជនដែលចេញមុខដដែលៗ ហ្នឹងទៀតផង»។
ការតស៊ូមតិរបស់ពលរដ្ឋ អង្គការសង្គមស៊ីវិល និងក្រុមយុវជននៃអង្គការមាតាធម្មជាតិ បាននាំមកនូវការផ្លាស់ប្តូរដ៏សំខាន់មួយចំនួននៅកោះកុង ដូចជាដំណោះស្រាយដីធ្លីជូនពលរដ្ឋរងគ្រោះ ការលុបចោលគម្រោងសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់អារ៉ែង និងការបញ្ឈប់ទាំងស្រុងនូវការធ្វើអាជីវកម្មខ្សាច់ល្បាយភក់ និងខ្សាច់សំណង់ក្នុងគោលដៅនាំចេញទៅក្រៅប្រទេសជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។