សកម្មជនឃ្លាំមើលបរិស្ថាន និងមន្ត្រីគណបក្សប្រឆាំង អះអាងថា ជំនន់ទឹកភ្លៀងនៅក្នុងខេត្តព្រះសីហនុកាលពីសប្ដាហ៍មុន គឺបណ្ដាលមកពីការលុបបឹងព្រែកទប់ ដែលមានទំហំជាង ២៧០ហិកតារ ដែលរបបក្រុងភ្នំពេញបានប្រគល់ទៅឲ្យសមាជិកព្រឹទ្ធសភាគណបក្សកាន់អំណាច ឧកញ៉ា លី យ៉ុងផាត់ កាលពីឆ្នាំ២០១៨ មិនមែនបណ្ដាលមកពីជំនន់ទឹកភ្លៀងទេ។ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានច្រានចោលការលើកឡើងនេះ ដោយចាត់ទុកថា ជាការលើកឡើងមិនត្រឹមត្រូវ។
អ្នកឃ្លាំមើលបរិស្ថាន និងសកម្មជនគណបក្សប្រឆាំងនិយាយថា បើទោះជាជំនន់ទឹកភ្លៀងនៅក្នុងខេត្តព្រះសីហនុបានស្រកចុះបន្តិចហើយក្តី មកដល់ថ្ងៃទី១២ ខែសីហា ក៏ពួកគេបានបន្ទោសបញ្ហានេះថា បណ្ដាលមកពីមេដឹកនាំរបបក្រុងភ្នំពេញបានប្រគល់បឹងធម្មជាតិព្រែកទប់សម្រាប់រំដោះទឹកនៅពេលមានធ្លាក់ភ្លៀងខ្លាំងនៅក្នុងខេត្តព្រះសីហនុ ទៅឲ្យឧកញ៉ា លី យ៉ុងផាត់។
សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិលោក ថុន រដ្ឋា ដែលបានចុះទៅតំបន់មានទឹកជំនន់នៅក្នុងខេត្តព្រះសីហនុប៉ុន្មានថ្ងៃនេះ ប្រាប់អាស៊ីសេរីថា ការអភិវឌ្ឍន៍នៅក្នុងខេត្តព្រះសីហនុកន្លងមក មិនបានគិតដល់បញ្ហាបរិស្ថានឡើយ។ លោកសង្កេតឃើញថា បឹងធម្មជាតិសំខាន់ៗដូចជាបឹងព្រែកទប់សម្រាប់រំដោះទឹកនៅពេលមានភ្លៀងធ្លាក់ខ្លាំងបានចាប់ចាក់ដីលុបនៅជុំវិញមាត់បឹងអស់មួយចំនួនធំហើយ។ លោក បញ្ជាក់ថា នៅតាមព្រែកមួយចំនួនដែលជាតំបន់ទំនាបនៅក្នុងខេត្តព្រះសីហនុ ចាប់ពីតំបន់អូរ១ រហូតដល់អូរ៥ និង អូរតូចៗ មួយចំនួនទៀតក៏អាជ្ញាធរបានលក់ទៅឲ្យក្រុមហ៊ុនឯកជនចាក់ដីបំពេញដែលជាមួយហេតុធ្វើឲ្យទឹកគ្មានកន្លែងហូរចេញបណ្ដាលឲ្យខេត្តព្រះសីហនុនៅតំបន់ទាបៗ មានទឹកជន់លិចនៅពេលមានភ្លៀងធ្លាក់៖ « គឺជាការអភិវឌ្ឍន៍ជ្រុលដែលមិនបានគិតគូរពីបញ្ហា ដែលកើតមានដូចជាការលុបបឹងផង លុបកន្លែងរំដោះទឹកមួយចំនួនផង ។ប៉ុន្តែមិនមានការស្ថាបនាលូ ប្រព័ន្ធលូ ឲ្យបានត្រឹមត្រូវហើយនឹងហេដ្ឋារចនាសម្ព័ន្ធ ដែលប្រាកដថា ធ្វើបែបណាដើម្បីកុំឲ្យមានបញ្ហាហ្នឹងកើតឡើង » ។
ខេត្តព្រះសីហនុគឺជាខេត្តមួយនៅជាប់មាត់សមុទ្រ កាលពីដើមសប្ដាហ៍មុននេះមានភ្លៀងធ្លាក់បីថ្ងៃជាប់ៗ គ្នាបណ្ដាលឲ្យផ្នែកទំនាបខ្លះចាប់ពីតំបន់អូរ១ រហូតដល់អូរ៥ និងតំបន់ខ្លះទៀតនៅក្នុងខេត្តនេះមានទឹកជន់លិចដែលធ្វើអោយផ្ទះប្រជាពលរដ្ឋជាច្រើនគ្រួសាររងនូវទឹកជន់លិច។
អាជ្ញាធរខេត្តព្រះសីហនុនិយាយថា មានមនុស្សចំនួន ៣នាក់ស្លាប់ដោយសារបាក់របងសង្កត់ពីលើនៅពេលមានទឹកជំនន់ទឹកភ្លៀង។
អតីតគ្រូបង្រៀននិង ជាសកម្មជនគណបក្សប្រឆាំងនៅក្នុងខេត្តព្រះសីហនុ លោក ស៊ុយ ឌី ប្រាប់អាស៊ីសេរីកាលពីថ្ងៃទី១២ សីហាថា លោករស់នៅក្នុងខេត្តព្រះសីហនុអស់រយៈពេលជាង ២០ឆ្នាំមកហើយមិនដែលឃើញទឹកជន់លិចផ្ទះប្រជាពលរដ្ឋដូច្នេះទេ។ លោកបញ្ជាក់ថា ខេត្តព្រះសីហនុជាតំបន់ជាប់មាត់សមុទ្រមានពេលខ្លះភ្លៀងធ្លាក់អស់រយៈពេល ១០ថ្ងៃ ១០យប់ ក៏មានតែគ្មានទឹកជំនន់ដូចពេលនេះទេ។ លោកបានស្តីបន្ទោសថា បញ្ហានេះគឺដោយសារតែការលុបបឹងធម្មជាតិព្រែកទប់ និង ព្រែកតូចៗ មួយចំនួនទៀតដែលជាប្រភពរំដោះទឹកពេលមានភ្លៀងធ្លាក់ខ្លាំងត្រូវគេចាក់ដីលុបអស់៖ « មានបឹងព្រែកទប់ បឹងក្រោយខ្សាច់មាសហ្នឹងគេ លុបអស់ហើយ វាផ្ទៃបឹងវាអស់រលីងហើយ។អញ្ចឹងទឹកវាទៅហ្នឹងវាមិនដឹងទៅទីណា ហូរទៅមិនដឹងទៅទីណា។ ស្រះមួយចំនួន បឹង និងស្រះស្តុកទឹកមួយចំនួនដូចជាស្រះក្រពើអី ក្បាលដីលេខ១០ និង ១០ ៩៩ ជាកម្មសិទ្ធិរបស់រដ្ឋ។ ប៉ុន្តែមិនដឹងហេតុផលអីបានជាប្រគល់ឲ្យទៅជាប្រគល់ឲ្យបុគ្គលឯកជន។ ឥឡូវនេះគេធ្វើផ្ទះនៅក្នុងផ្ទៃស្រះហ្នឹងតែម្ដងអ៊ីចឹងសួរថា តើទឹកហូរទៅទីណា » ។
បឹងព្រែកទប់ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ បឹងនេះមានទំហំ ២៧០ហិកតារ ប៉ុន្តែបឹងនេះបានរួមតូចបន្តិចម្តងៗ ដោយសារមន្ត្រីមានអំណាច និងឈ្មួញមានទ្រព្យមួយចំនួននាំគ្នាទន្ទ្រានយក ក្រោយមកនេះនៅសល់ត្រឹមផ្ទៃបឹងចំនួនប្រមាណ ១៦ហិកតារប៉ុណ្ណោះ។
ចុងក្រោយបំផុត គឺនៅខែកុម្ភៈ ឆ្នាំ២០១៨ របបក្រុងភ្នំពេញបានចេញអនុក្រឹត្យកាត់ផ្ទៃបឹងទំហំជាង ១១ហិកតារទុកឲ្យវិស័យឯកជនអភិវឌ្ឍន៍លើដីបឹងដែលលុបនោះ។ បើតាមអនុក្រឹត្យនេះបឹងព្រែកទប់នៅសល់ផ្ទៃក្រឡាជាង ៤ហិកតារប៉ុណ្ណោះក្រោយពីរបបក្រុងភ្នំពេញបានលក់ទៅឲ្យឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាជនកម្ពុជា។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានបដិសេធចំពោះការចោទប្រកាន់ពីសកម្មជនបរិស្ថាន និង សកម្មជនគណបក្សប្រឆាំង។ លោក នៅតែថ្លែងការពារថា ទឹកជំនន់នៅក្នុងខេត្តព្រះសីហនុកាលសប្ដាហ៍មុន គឺបានកើតឡើងដោយសារមានភ្លៀងធ្លាក់ខ្លាំង។ ក៏ប៉ុន្តែលោកទទួលស្គាល់ថា មានការរាំងស្ទះចរន្តទឹកហូរនៅតំបន់អូរ១ដោយសារតែមានសំណង់ខ្លះបានសាងសង់នៅលើចំណីអូរដែលធ្វើឲ្យផ្ទៃអូររួមតូច៖ « កាលលើកឡើងនេះអត់ទាន់បានត្រឹមត្រូវទេបាទ។ បើសិនយើងមើលស្ថានភាពនៃការលិចលង់នេះ តំបន់បឹងព្រែកទប់នេះយើងឃើញថា មិនមានជំនន់ទឹកភ្លៀងអីធ្ងន់ធ្ងរអីគួរឲ្យកត់សំគាល់ទេ។ ដោយឡែកចំណុចដែលជន់លិចដែលយើងគិតថាធ្ងន់ហ្នឹងគឺនៅក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ដោយសារដីទំនាបមួយចំនួនហ្នឹងគឺយើងមានការសាងសង់អគារ » ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បញ្ជាក់ថា គិតត្រឹមពាក់កណ្ដាលឆ្នាំ២០១៨ ការរីកចម្រើនរបស់វិស័យសំណង់បានជំរុញឲ្យអគារខ្ពស់ៗ នៅប្រទេសកម្ពុជាកើនឡើងដល់ជាង ១ពាន់ អគារ ដែលភាគច្រើនសំណង់អគារថ្មីៗមាននៅក្នុងខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។ ប៉ុន្តែសកម្មជនបរិស្ថាន និងសកម្មជនគណបក្សប្រឆាំងនិយាយថា ការរីកចម្រើនវិស័យសំណង់ទាំងនេះបាននាំមកនៅទឹកជន់លិចនៅតាមតំបន់នានា ក្នុងខេត្តព្រះសីហនុ និងក្រុងភ្នំពេញ ដោយសារតែរបបលោក ហ៊ុន សែន មិនបានគិតគូរពីប្រព័ន្ធលូគ្រប់គ្រាន់ និងការលុបបឹងធម្មជាតិ ដែលជាប្រភពរំដោះទឹកដ៏ សំខាន់នៅពេលមានភ្លៀងធ្លាក់ខ្លាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។