អ្នកការពារបរិស្ថាន និងជាស្ថាបនិកអង្គការមាតាធម្មជាតិ ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធស៊ើបអង្កេតដោយតម្លាភាព និងជឿទុកចិត្តបានចំពោះករណីនាំចូលកាកសំណល់ប្លាស្ទិកហាមឃាត់មកកម្ពុជា និងចាត់វិធានការតាមច្បាប់ចំពោះក្រុមហ៊ុន និងអ្នកពាក់ព័ន្ធ។ របបលោក ហ៊ុន សែន បានកំណត់ពេលត្រឹមថ្ងៃទី២៤ ខែ សីហា ដើម្បីឱ្យក្រុមហ៊ុនឈ្មោះ ជុងយៀន ប្លាស្ទិក ដឹកជញ្ជូនចេញកាកសំណល់ទាំងអស់ត្រឡប់ទៅកាន់ប្រទេសដើមវិញ គឺទៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា។
ស្ថាបនិកអង្គការមាតាធម្មជាតិ លោក អាឡិច (Alejandro Gonzalez Davidson) សង្ស័យថា ការនាំចូលកាកសំណល់សំរាមហាមឃាត់ក្នុងចំនួនច្រើនសន្ធឹកសន្ធាប់មកកម្ពុជាបាន គឺអាចជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ដែលចាំបាច់ត្រូវមានការស៊ើបអង្កេតត្រឹមត្រូវមួយ ដើម្បីទប់ស្កាត់មិនឱ្យករណីបែបនេះកើតមានទៀត។
លោក អាឡិច បន្តថាការអះអាងរបស់មន្ត្រីគយរដ្ឋាករ ពីការស៊ើបអង្កេតកន្លងមកនោះជាការអះអាងដោយភាគីតែម្ខាង ដែលមិនអាចទុកចិត្តបាន៖ «ប្រសិនបើរឿងហ្នឹងជារឿងខុសច្បាប់ ហេតុអ្វីបានជាគេគ្រាន់តែពិន័យ ហេតុអ្វីគេមិនផ្ដន្ទាទោសតាមផ្លូវតុលាការ ? ហ្នឹងចំណុចទី១ ចំណុចទី២ យោងតាមអ្វីដែលគេបាននិយាយក្នុងសន្និសីទកាសែតគឺក្នុងឆ្នាំ២០១៨ មាន២៧ជើងអ៊ីចឹងវាប្រាកដ១០០ % ហើយថា មានមន្ត្រីរាជការ បុគ្គលិកនៃកំពង់ផែមួយចំនួន ដែលពាក់ព័ន្ធនឹងរឿងហ្នឹងដែរ។ ប្រសិនបើអត់ពាក់ព័ន្ធមិនអាចនាំចូលដោយម្នាក់ឯងបានទេ។ ខ្ញុំជំរុញឱ្យរដ្ឋាភិបាល ឬរបបលោក ហ៊ុន សែន ហ្នឹងទាក់ទងជាមួយព្រះរាជអាជ្ញាដើម្បីស៊ើបអង្កេតរឿងហ្នឹងឱ្យបានហ្មត់ចត់ ហើយទី២បើមានមន្ត្រីរាជការណាមួយពាក់ព័ន្ធក៏គួរតែបញ្ជូនទៅតុលាការដែរ»។
អគ្គនាយកគយនិងរដ្ឋាករ លោក គុណ ញឹម និងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានធ្វើសន្និសីទសារព័ត៌មានរួមគ្នាពន្យល់ពីវិធានការរបស់សមត្ថកិច្ចទៅលើក្រុមហ៊ុន និងពីលទ្ធផលនៃការស៊ើបអង្កេតដោយស្ថាប័នទាំងនេះកាលពីថ្ងៃទី៣០ ខែកក្កដា។ លោក គុណ ញឹម បញ្ជាក់ថា ក្រុមហ៊ុនឈ្មោះ ជុង យៀន ប្លាស្ទិក មេញូហ្វេកឈ័រ (CHUNGYUEN PLASTIC MANUFACTURE CO., LTD)ដែលមានម្ចាស់ជាជនជាតិខ្មែរ ឈ្មោះ សួន ឡុក បាននាំចូលកាកសំណល់សំរាមទាំង ៨៣កុងតឺន័រពីប្រទេសកាណាដា និង សហរដ្ឋអាមេរិក ដែលជាប្រភេទកាកសំណល់ហាមឃាត់។ រដ្ឋាភិបាលតម្រូវឱ្យក្រុមហ៊ុននាំសំរាមទាំងនោះទៅប្រទេសដើមវិញ និងពិន័យប្រាក់ជាងមួយពាន់លានរៀល(១០៣៧,៥លានរៀល) គឺប្រមាណជាង ២សែន ៥ម៉ឺនដុល្លារចូលជាថវិកាជាតិ ហើយក្រុមហ៊ុនត្រូវអនុវត្តតាមការពិន័យនេះឱ្យចប់សព្វគ្រប់ត្រឹមថ្ងៃទី២៤ សីហា ជាកំហិត។ របាយការណ៍របស់ក្រុមមន្ត្រីដដែលបញ្ជាក់ថា ក្នុងចំណោមកាកសំណល់ទាំងនោះមាន៧០កុងតឺន័រត្រូវគេដឹកចេញពីសហរដ្ឋអាមេរិក និង១៣កុងតឺន័រពីប្រទេសកាណាដា។
លោក គុណ ញឹម បញ្ជាក់ថា វិធានការពិន័យក្រុមហ៊ុនក៏ដោយសារតែកាកសំណល់នោះជាប្រភេទប្លាស្ទិក ដែលពុំមានសារធាតុគ្រោះថ្នាក់ ឬមានវិទ្យុសកម្មអ្វីដែរ។ លោកឆ្លើយតបថា មន្ត្រីពាក់ព័ន្ធមានសមត្ថភាព និងចូលរួមសហការណ៍គ្នាបានល្អ ទើបអាចរកឃើញបទល្មើសនេះ នៅពេលអ្នកសារព័ត៌មានចោទសួរថា តើនិងមានវិធានការចំពោះមន្ត្រីពាក់ព័ន្ធ ដែលខ្វះចន្លោះបណ្ដោយឱ្យក្រុមហ៊ុនអាចនាំកាកសំណល់ហាមឃាត់នោះចូលមកបាន៖ «ទំនិញកាកសំណល់ស្ថិតក្នុងកុងតឺន័រនោះគឺស្ថិតក្នុងទីលានកំពង់ផែ មិនទាន់ប្រកាសទេ យើងមិនដឹងថា ជាស្អីទេ ទាល់តែប្រកាសគយទើបបានយើងត្រួតពិនិត្យ ប៉ុន្តែយើងមានព័ត៌មានពីក្រៅប្រទេស មានការប្រុងប្រយ័ត្នផ្ទៃក្នុងរបស់យើងគឺយើងមានការសង្ស័យ អ៊ីចឹងឈានដល់ការបង្ក្រាបគឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការល្អក្នុងចំណោមអាជ្ញាធរពាក់ព័ន្ធ»។
ទាក់ទងនឹងការរំពឹងទុកថា នឹងមានការបញ្ជូនកាកសំណល់ត្រឡប់ទៅប្រទេសដើមវិញនេះ លោក គុណ ញឹម ប្រាប់អាស៊ីសេរី ថា លោកបានប្រគល់ឯកសារមួយចំនួនដល់មន្ត្រីទូត កាណាដាប្រចាំទីក្រុងភ្នំពេញ ខណៈសហរដ្ឋអាមេរិកមិនទាន់ទទួលបានឯកសារនាំចូលកាកសំណល់ជិត ១៦០០តោន(១៥៩២) នោះនៅឡើយ។ លោកបញ្ជាក់ថា បានទទួលលិខិតស្នើសុំព័ត៌មានបន្ថែមពីមន្ត្រីស្ថានទូតសហរដ្ឋមេរិកប្រចាំកម្ពុជារួចហើយ តែលោកត្រូវការពេលវេលាចំនួនពីរ ឬបីថ្ងៃទៀត ដើម្បីចងក្រងឯកសារទាំងនេះប្រគល់ជូនបាន។
បើទោះជាយ៉ាងណា លោក អាឡិច គ្មានជំនឿថា គេអាចបញ្ជូនកាកសំណល់ប្លាស្ទិកទាំងនោះត្រឡប់ទៅប្រទេសដើមវិញបានឡើយ ដ្បិតករណីនេះអាចជាប់ទាក់ទងនឹងអំពើពុករលួយជាប្រព័ន្ធ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។