កម្មជន​បរិស្ថាន​ថា កម្ពុជា ជា​អ្នក​ខាត​ក្នុង​ការ​លក់​ខ្សាច់​ទៅ​ប្រទេស​វៀតណាម

0:00 / 0:00

សកម្មជន​បរិស្ថាន បារម្ភ​ថា ការ​បូម​ខ្សាច់​នឹង​ធ្វើ​ឱ្យ​មាន​ការ​បាក់​ច្រាំង និង​បាត់​បង់​ជីវចម្រុះ​ក្នុង​ទឹក​ទន្លេ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ដើម្បី​ឱ្យ​ប្រទេស​កម្ពុជា ទទួល​បាន​ផល​ប្រយោជន៍​ពី​ការ​ទាញ​យក​រ៉ែ​ខ្សាច់ លុះ​ត្រា​តែ​រដ្ឋាភិបាល​លុប​បំបាត់​អំពើ​ពុក​រលួយ​ក្នុង​វិស័យ​ធន​ធាន​រ៉ែ​ជា​មុន​សិន។

សកម្មជន​បរិស្ថាន សង្កេត​ឃើញ​ថា សកម្មភាព​បូម​ខ្សាច់​លក់​ទៅ​បរទេស គឺ​រដ្ឋាភិបាល​កម្ពុជា មិន​បាន​សិក្សា​ពី​ផល​ប៉ះពាល់​សង្គម និង​បរិស្ថាន​ឲ្យ​បាន​ត្រឹម​ត្រូវ ព្រម​ទាំង​គ្មាន​តម្លា​ភាព​នៃ​ការ​គ្រប់គ្រង​ចំណូល​នោះ​ទេ។

ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវីដសុន (Alejandro Gonzalez-Davidson) ថ្លែង​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ការ​ទាញ​យក​រ៉ែ​ខ្សាច់​ទន្លេ​ក្នុង​ប្រទេស​កម្ពុជា បាន​បង្ក​ផល​ប៉ះពាល់​ជា​ច្រើន​ដល់​បរិស្ថាន និង​ប្រជាពលរដ្ឋ ដោយ​ក្នុង​នោះ​ក៏​មាន​វត្ត​អារាម សាលា និង​ផ្ទះ​ប្រជាពលរដ្ឋ​រស់​តាម​ដង​ទន្លេ​ជា​ច្រើន​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ទន្លេ ហើយ​ការ​បូម​ខ្សាច់​ក៏​បាន​ធ្វើ​ឱ្យ​ផល​នេសាទ​ត្រី​ធ្លាក់​ចុះ​ដែរ។ លោក អាឡិច យល់​ថា កម្ពុជា​ខាត​បង់​ក្នុង​ការ​លក់​ខ្សាច់​ទៅ​បរទេស ពី​ព្រោះ​រដ្ឋាភិបាល​មិន​មាន​យន្តការ​ត្រួត​ពិនិត្យ និង​តាមដាន​អាជីវកម្ម​រ៉ែ​ខ្សាច់​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​បទដ្ឋាន​ស្តង់ដារ​ដែល​ក្រសួង​កំណត់​នោះ​ទេ ហើយ​ប្រការ​នេះ​ធ្វើ​ឱ្យ​ចំណូល​ពី​ការ​លក់​រ៉ែ​ខ្សាច់​មិន​មាន​តម្លាភាព និង​មិន​អាច​ស្មើ​នឹង​ការ​ខាត​បង់​ពី​ផល​ប៉ះ​ពាល់​ក្នុង​ការ​ទាញ យក​រ៉ែ​ខ្សាច់​ឡើយ។ ជា​មួយ​គ្នា​នេះ លោក អាឡិច ចាត់​ទុក​រ៉ែ​ខ្សាច់​ដែល​លក់​ទៅ​បរទេស​គឺ​ជា​ខ្សាច់​ឈាម ហើយ​លោក​សំណូមពរ​ដល់​ប្រទេស​ផ្សេង​ៗ​បញ្ឈប់​ការ​ទិញ​ខ្សាច់​ដែល​មាន​ប្រភព​មក​ពី​ប្រទេស​កម្ពុជា៖

«ហើយ​តែ​បូម​ខ្សាច់​ចំនួន​ត្រី​ថយ​ខ្លាំង​មែន​ទែន ហើយ​រាល់​ថ្ងៃ​ហ្នឹង មិន​មែន​ត្រឹម​ថយ​ចំនួន​ត្រី​នៅ​ទន្លេ​មេគង្គ​ទេ សូម្បី​តែ​ត្រី​នៅ​ទន្លេ​សាប ក៏​ថយ​ដែរ​អ៊ីចឹង​ខ្ញុំ​ជឿ​ថា ចំណូល​ប្រជាពលរដ្ឋ​ដែល​បាន​ថយ​ហ្នឹង គឺ​ថយ​ច្រើន​ជាង​ចំនួន ២,៤លាន​ដុល្លារ(២.៤០០.០០០ដុល្លារ​អាមេរិក)លុយ​កំប៉ិច​កំប៉ុក ​ដែល​រដ្ឋាភិបាល​អះអាង​ថា​ បាន​ទទួល​ហ្នឹង អ៊ីចឹង​គឺ​ខ្ញុំ​ទទួល​យក​អត់​បាន​ទេ ហើយ​ខ្ញុំ​នឹង​ព្យាយាម​ឱ្យ​អស់​ពី​លទ្ធភាព ​ធ្វើ​យ៉ាងណា​ឱ្យ​មាន គេ​ហៅ​ថា ​ពហិការ​ទៅ​លើ​ខ្សាច់​កម្ពុជា។ ប្រទេស​ណា ​ដែល​កំពុង​តែ​នាំ​ចូល​ខ្សាច់​ពី​ប្រទេស​កម្ពុជា ​សូម​ពហិការ​ផង ព្រោះ​អា​ហ្នឹង​យើង​អាច​ចាត់​ទុក​ជា​ខ្សាច់​ឈាម»។

រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្ដី​សម្រេច​មួយ​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ២០០៩ ដោយ​បាន​បញ្ឈប់​ការ​នាំ​ចេញ​ខ្សាច់​ទឹក​សាប​ទៅ​ក្រៅ​ប្រទេស។ ទោះ​ជា​យ៉ាង​ណា​ក្ដី រដ្ឋាភិបាល​បែរ​ជា​ផ្ដល់​អាជ្ញាប័ណ្ណ​ដោយ​ស្ងាត់​ៗ​ ដល់​ក្រុមហ៊ុន​ឈ្មោះ ហ្គ្លូបបល ហ្គ្រីន អិនណើជី ឌីវើឡុបមិន (Global Green Energy Development) ដែល​មាន​អគ្គនាយក​ជា​កូន​ស្រី​របស់​លោក ទ្រី ភាព គឺ​លោក​ស្រី ទ្រី ដាលីន កាល​ពី​ខែ​ធ្នូ ឆ្នាំ២០២១ និង​ក្រុមហ៊ុន ចតុមុខ រីសស ស៊ុបផ្លាយ អ៊ីមផង អ៊ិចផត (Chaktomuk Resources Supply Import Export) ខែមីនា ឆ្នាំ២០២០ នាំ​ចេញ​ខ្សាច់​ទឹក​សាប​ដែល​នៅ​សល់​ពី​តម្រូវ​ការ​ក្នុង​ស្រុក​ទៅ​វិញ។ ក្រុមហ៊ុន​នាំ​ខ្សាច់​ទាំង​នេះ បាន​នាំ​ខ្សាច់​ចេញ​តាម​ច្រក​ព្រំ​ដែន​ទឹក កម្ពុជា វៀតណាម ក្អម​សំណ ខេត្ត​កណ្ដាល។

វិទ្យុអាស៊ីសេរី​នៅ​ពុំ​ទាន់​អាច​ទាក់​ទង​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ធន​ធាន​រ៉ែ​នៃ​ក្រសួង​រ៉ែ និង​ថាមពល លោក អ៊ឹង ឌីប៉ូឡា ដើម្បី​សុំ​ការ​ឆ្លើយ​តប​នឹង​ការ​រិះ​គន់​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​២៨ តុលា ដោយ​ទូរស័ព្ទ​ចូល​តែ​មិន​មាន​អ្នក​ទទួល។

ទោះ​ជា​យ៉ាង​ណា នៅ​ក្នុង​ពេល​ធ្វើ​បទ​បង្ហាញ​លទ្ធផល​ការងារ​របស់ ក្រសួង​រ៉ែ និង​ថាមពល កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា លោក អ៊ឹង ឌីប៉ូឡា បាន​លើក​ឡើង​ថា ក្រសួងរ៉ែ និង​ថាមពល​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​ច្បាស់​លាស់ មុន​នឹង​ផ្ដល់​អាជ្ញាប័ណ្ណ​បូម​ខ្សាច់​ដល់​ក្រុម​ហ៊ុន​នី​មួយៗ។ លោក​ថា ក្រសួង​បាន​ផ្ដល់​អាជ្ញាប័ណ្ណ​ឱ្យ​ក្រុម​ហ៊ុន​បូម​ខ្សាច់​ត្រឹម​តែ​៣ភាគរយ (៣%) ឬ​ស្មើ​នឹង​២ពាន់ហិកតារ (២,០០០ហិកតារ) តែ​ប៉ុណ្ណោះ បើ​ប្រៀប​នឹង​ផ្ទៃ​ទឹក​ទន្លេ និង​ស្ទឹង​ក្នុង​ប្រទេស​កម្ពុជា។ លោក​អះ​អាង​ទៀត​ថា ការ​បូម​ខ្សាច់​បាន​ជួយ​សម្រួល​ដល់​ផ្លូវ​នាវាចរណ៍ និង​ជា​វិធានការ​ជួយ​ទប់​ស្កាត់​កុំ​ឱ្យ​បាក់​ច្រាំង​ទន្លេ​ដែរ។

ជុំវិញ​រឿង​នេះ មន្ត្រី​ផ្នែក​តស៊ូ​មតិ​នៃ​គម្រោង​អ្នក​ការពារ​ព្រៃឈើ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក សាន់ ម៉ាឡា យល់​ឃើញ​ថា ដើម្បី​ឱ្យ​ប្រទេស​កម្ពុជា ទទួល​បាន​ផល​ប្រយោជន៍​ពី​ការ​ទាញ​យក​រ៉ែ​ខ្សាច់ លុះ​ត្រា​តែ​រដ្ឋាភិបាល​លុប​បំបាត់​អំពើ​ពុក​រលួយ​ក្នុង​វិស័យ​ធនធាន​រ៉ែ​ជា​មុន​សិន។ លោក​បន្ថែម​ថា ដោយសារ​បញ្ហា​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ ក្រុម​ហ៊ុន​តែង​តែ​លួច​បូម​ខ្សាច់​ខុស​ពី​បទដ្ឋាន​ដែល​ក្រសួង​អនុញ្ញាត​ឱ្យ ហើយ​លោក​យល់​ថា ដើម្បី​ធានា​តម្លាភាព​ក្នុង​ការ​បូម​ខ្សាច់ ទាំង​ក្រុម​ហ៊ុន និង​រដ្ឋាភិបាល​ត្រូវ​បង្ហាញ​ឯកសារ​ផ្ដល់​ការ​អនុញ្ញាត​បូម​ខ្សាច់ និង​ចំនួន​ខ្សាច់​ដែល​បាន​ទាញ​យក ទៅ​ដល់​សាធារណៈ​ជន​បាន​ដឹង៖

«ខ្ញុំ​គិត​ថា​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ទាំង​អស់​គ្នា គឺ​ជា​ម្ចាស់​ធន​ធាន ម្ចាស់​ទ្រព្យ​សម្បត្តិ​នៃ​ធនធាន​ធម្មជាតិ​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​របស់​យើង ហើយ​ដើម្បី​អាច​រក្សា​បាន​នូវ​តម្លាភាព និង​ការ​ទាញ​យក​ប្រយោជន៍​ចូល​ជាតិ​ពិត​ប្រាកដ ខ្ញុំ​សំណូមពរ​ឱ្យ​ ក្រសួង​រ៉ែ និង​ថាមពល និង​រដ្ឋាភិបាល​ហ្នឹង មេត្តា​បើក​ទូលាយ​នូវ​ព័ត៌មាន ឯកសារ​ពាក់ព័ន្ធ​ទាំង​អស់ ជា​ពិសេស​គឺ​ទទួល​យក​មតិ​យោបល់​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាជន​មូលដ្ឋាន»។

រដ្ឋធម្មនុញ្ញ​មាត្រា ៥៩ ចែង​ថា រដ្ឋ​ត្រូវ​រក្សា​ការពារ​បរិស្ថាន និង​តុល្យភាព នៃ​ភោគទ្រព្យ​ធម្មជាតិ ហើយ​ត្រូវ​ចាត់​ចែង​ឱ្យ​មាន​ផែនការ​ច្បាស់​លាស់​ក្នុង​ការ​គ្រប់​គ្រង​មាន​ជា​អាទិ៍ ដីធ្លី ទឹក ខ្យល់ រ៉ែ ថាមពល ប្រេងកាត និង​ឧស្ម័ន ថ្ម ខ្សាច់ ព្រៃឈើ និង​អនុផល​ព្រៃឈើ ពពួក​សត្វព្រៃ ព្រម​ទាំង​ធនធាន​ជល​ផល​ជាដើម។

សកម្មជន​បរិស្ថាន និង​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា មិន​បាន​ធានា​ឱ្យ​មាន​តម្លាភាព​ក្នុង​ការ​ទាញ​យក​ធន​ធាន​រ៉ែ​ឡើយ។ ជុំវិញ​បញ្ហា​នាំ​ចេញ​រ៉ែ​ខ្សាច់​នេះ កម្ពុជា​ក៏​ធ្លាប់​មាន​រឿង​អាស្រូវ បាត់​ទឹក​ប្រាក់​ជាង ៧រយ​លាន​ដុល្លារ (៧០០លាន​ដុល្លារ​អារិក) ក្នុង​ការ​លក់​រ៉ែ​ខ្សាច់​ទៅ​ឱ្យ​ប្រទេស​សឹង្ហ​បុរី​ដែរ ដោយ​កាល​នោះ ទិន្នន័យ​ពាណិជ្ជកម្ម​របស់​អង្គការ​សហប្រជាជាតិ បង្ហាញ​ពី​ភាព​ខុស​គ្នា​នៃ​តួលេខ​របស់​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​សិង្ហបុរី ស្ដី​ពី​ពាណិជ្ជកម្ម​ខ្សាច់​រវាង​ប្រទេស​ទាំង​ពីរ រយៈ​ពេល ៨ឆ្នាំ ពី​ឆ្នាំ២០០៧ ដល់​ឆ្នាំ២០១៥។ តួលេខ​របស់​សិង្ហបុរី ឲ្យ​ដឹង​ថា សិង្ហបុរី នាំ​ចូល​ខ្សាច់​ពី​កម្ពុជា ចំនួន​ជាង ៧៣លានតោន ក៏​ប៉ុន្តែ​តួលេខ​របស់​កម្ពុជា បង្ហាញ​ថា កម្ពុជា​នាំ​ចេញ​ខ្សាច់​ទៅ​សិង្ហបុរី ត្រឹមតែ​ជិត​៣លាន​តោន​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។