សកម្មជន​បរិស្ថាន​សាទរ​ជាមួយ​ព្រះរាជក្រឹត្យ​ការពារ​ព្រៃ​តំបន់​ភ្នំ​តាម៉ៅ

សកម្មជន​បរិស្ថាននិង​សង្គម​ស៊ីវិល​សាទរ​ចំពោះ​ព្រះរាជក្រឹត្យដែល​ដាក់​ព្រៃ​តំបន់ភ្នំតាម៉ៅ​នេះឱ្យ​ទៅ​ជា​ឧទ្យាន​សួន​សត្វព្រៃ​ការពារនិង​សួន​ភូតគាម​ភ្នំ​តាម៉ៅ។ សកម្មជន​និង​មន្ត្រី​សង្គម​ស៊ីវិល​យល់​ឃើញ​ថាការ​ចេញ​ព្រះរាជក្រឹត្យ​នេះគឺ​ជា​អំណះអំណាង​បញ្ជាក់​កាន់​តែ​ច្បាស់​ថាព្រៃតំបន់​ភ្នំ​តាម៉ៅនឹង​ត្រូវ​បាន​ការពារក៏​ប៉ុន្តែ​ពួកគេ​ស្នើសុំ​ឱ្យ​ក្រុម​កងអង្គរក្ស​ដែល​យាម​កាម​តំបន់​នោះអនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋនិង​អ្នកកាសែត​ចូលរួម​តាមដាន​ការ​អភិវឌ្ឍ​នៅ​តំបន់​នោះ​ផង។

សកម្មជន​ចលនាមាតា​ធម្មជាតិ​កញ្ញា ភួន កែវរស្មី ប្រាប់​វិទ្យុ​អាស៊ីសេរី​ថាកញ្ញា​រីករាយ​នៅ​ពេល​បាន​ឃើញ​ព្រះរាជក្រឹត្យព្រោះ​វា​គឺ​ជា​ឯកសារ​ផ្លូវ​ច្បាប់​មួយ​ដែល​បញ្ជាក់​យ៉ាង​ច្បាស់​ថាព្រៃ​នៅ​តំបន់​ភ្នំតាម៉ៅនឹង​ត្រូវ​បាន​អភិរក្ស។ កញ្ញា ភួន កែវរស្មី បន្ថែមថា ទោះជា​យ៉ាង​ណា​ព្រះរាជក្រឹត្យ​នេះ​គ្រាន់​តែ​ជា​ឯកសារ​ផ្លូវ​ច្បាប់​តែ​ប៉ុណ្ណោះហើយ​មហាជន​គួរ​បន្តចូលរួម​តាមដាន​ដំណើរ​ការ​អភិវឌ្ឍ​ដី​តំបន់​ភ្នំ​តាម៉ៅ​ទៀតពីព្រោះ​កន្លង​មកបើ​ទោះបី​ជា​ដី​ព្រៃ​អភិរក្ស​ដែល​មាន​ព្រះរាជក្រឹត្យ​ការពារក្ដីក៏​ត្រូវ​បាន​ក្រុមហ៊ុន​ឯកជន​កាប់​ព្រៃ​យក​ធ្វើជា​ដី​ឯកជន​បាន​ដែរ។ ជា​មួយ​គ្នា​នេះកញ្ញា​ក៏បាន​សំណូមពរ​ដល់​សាធារណៈ​ឱ្យ​ចូលរួម​បញ្ចេញ​មតិស្នើសុំដល់​រដ្ឋាភិបាល​ដក​ហូត​កោះកុងក្រៅ​ពី​ក្រុមហ៊ុន​ឯកជន​មក​ជា​ទ្រព្យ​សម្បត្តិ​រដ្ឋ​វិញ​ផងដែរ៖ « ពួកយើង​ក៏កំពុង​តែមាន​យុទ្ធនាការ​មួយ​ក្នុង​ការទាមទារ​ឱ្យ​មាន​ការ​ដាក់​កោះកុង​ក្រៅ​ជា​ឧទ្យាន​សមុទ្រ​ដូចគ្នាអញ្ចឹង​យើង​សង្ឃឹម​ថានឹង​ទទួល​បាន​ការទាមទារ​ទាំង​អស់​ហ្នឹងពី​ប្រជាពលរដ្ឋ​​ដូចគ្នាព្រោះ​កោះកុងក្រៅ​ក៏​ជា​សម្បត្តិ​ធនធាន​ក្នុង​ស្រុក​ខ្មែរ​ដូចគ្នា»

ស្រដៀង​គ្នា​នេះ​ដែរ​សកម្មជនខ្មែរ​ថាវរៈ​កញ្ញា ឈឿន ដារ៉ាវី សាទរចំពោះ​ព្រះរាជក្រឹត្យ​ដែល​ការពារព្រៃ​តំបន់​ភ្នំតាម៉ៅ។កញ្ញា​និយាយ​ថាព្រះរាជក្រឹត្យ​នេះគឺជា​លទ្ធផល​បាន​មក​ពី​សំឡេង​មហាជន​ដែល​មាន​ភាព​ក្លាហានហ៊ាន​បញ្ចេញ​មតិយោបល់​តាម​បណ្ដាញ​សង្គមរហូត​ដល់​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ផ្លាស់​ប្ដូរ​គំនិត។ កញ្ញា ឈឿន ដារ៉ាវី បន្ថែមថា ទោះជា​យ៉ាងនេះ​ក្ដីរដ្ឋាភិបាល​គួរអនុញ្ញាត​ឱ្យ​សកម្មជន​បរិស្ថាន​ផ្សេងៗនិង​ប្រជាពលរដ្ឋ​ទូទៅ​បាន​ចូលរួម​ដាំដើមឈើ​ឬក៏​ចូល​ទៅ​តំបន់​ព្រៃ​ដែល​បាន​ឈូសឆាយ​ផងព្រោះ​នេះ​គឺ​ជា​គោលការណ៍​គ្រឹះ​ក្នុង​លទ្ធិប្រជាធិបតេយ្យដែល​ការ​អភិវឌ្ឍន៍​ទាមទារ​ឱ្យ​មាន​ការ​ចូលរួម​ពី​គ្រប់ភាគី៖ « រដ្ឋទាល់​តែ​ប្រជាពលរដ្ឋ​ទាមទារ ទើប​បាន​ផ្ដល់​ឱ្យ​នូវ​រាល់ការ​ទាមទារ​ហ្នឹង អញ្ចឹង​នេះ​គឺ​ជាលើកដំបូង​មួយ ដែល​ពលរដ្ឋ​ខ្មែរ​ជាច្រើន​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​មែន​ទែន ទើប​មាន​ដំណោះ​ស្រាយ »

ព្រះមហាក្សត្រ​ព្រះបាទ នរោត្ដម សីហមុនី បាន​ចេញ​ព្រះរាជក្រឹត្យ​កាល​ពី​ថ្ងៃទី១៩ ខែសីហា ដាក់​ដី​ព្រៃ​តំបន់​ភ្នំតាម៉ៅទៅ​ជា​ឧទ្យាន​សួន​សត្វ ព្រៃការពារ និង​សួនភូតគាម ភ្នំតាម៉ៅ លើ​ផ្ទៃដី​ទំហំ​ជាង ២ពាន់​ហិកតា​(២,០៤៥ ហិកតា) ក្នុង​គោល​បំណង​សំខាន់​៣​គឺ ទី១. ថែរក្សា​ព្រៃ​តំបន់​នេះ​ដើម្បី​អភិវឌ្ឍន៍​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្រ្ដ ទី២.ផ្ដល់ការ​ថែរក្សា​សង្គ្រោះ​សត្វព្រៃ ព្យាបាល និង​ស្ដារ​លទ្ធភាព​សត្វព្រៃចំណែក​ទី៣​វិញគឺ​អភិរក្ស​ប្រភេទ​សត្វនិង​រុក្ខជាតិជិត​ផុត​ពូជនិង​បង្កើត​ពូជ​ឈើ​ប្រណិត​ក្នុង​ព្រៃ​តំបន់​នេះ។

ជុំវិញ​រឿងនេះ​ដែរអគ្គលេខាធិការ​សមាគម​សម្ព័ន្ធនិស្សិត​បញ្ញវន្តខ្មែរ លោក ថន ស័ក្ដិដា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថាការ​ចេញ​ព្រះរាជក្រឹត្យ​នេះគឺជា​ការ​ធ្វើឱ្យ​មហាជន​ស្ងប់ចិត្តកុំ​ឱ្យ​មាន​ការ​សង្ស័យ​ថាដីព្រៃ​នៅតំបន់​ភ្នំតាម៉ៅនឹង​ត្រូវ​កាន់​កាប់​ដោយ​ក្រុមហ៊ុន​ឯកជនឬ​ក្រុម​អង្គរក្ស​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក ថន ស័ក្ដិដា បន្ថែមថា តាមរយៈ​បទពិសោធន៍​ករណី​ដី​ព្រៃ​នៅ​តំបន់​ភ្នំតាម៉ៅនេះ​បង្ហាញ​ឱ្យ​ឃើញ​ថានៅពេល​ថ្នាក់ដឹកនាំទទួល​យក​គំនិត​រិះគន់​របស់​សកម្មជន​បរិស្ថាននិង​ប្រជាពលរដ្ឋនោះការ​អភិរក្ស​ធនធានធម្មជាតិ​ក្នុង​ប្រទេស​កម្ពុជា​នឹង​មាន​ភាព​ល្អ​ប្រសើរហើយ​លោក​ស្នើឱ្យ​រដ្ឋាភិបាល​គួរ​ផ្ដល់​ការ​កោតសរសើរ​ដល់​យុវជន​បរិស្ថានជា​ជាង​ដាក់​ទោសទណ្ឌ​ទៅ​លើ​ពួកគេ៖ « មិន​ត្រឹម​តែ​លើកសរសើរ​ទេ គួរតែ​មាន​ពាន​កិត្តិយស​ឱ្យ​មួយ​ជូន​ទៅ​គាត់ ឧទាហរណ៍​ដូច​ក្រុម​យុវជន​ខ្មែរថាវរៈ ក្រុម​យុវជន​មាតា​ធម្មជាតិ​ហ្នឹង គួរតែ​ផ្ដល់​ពានរង្វាន់​ដល់​គាត់​ទៅ ហើយ​នេះ​គាត់​មិនមែន​ចេះ​តែ​ធ្វើ​លេងៗ​ទេ វា​ចេញ​ពី​បេះដូង វា​ចេញ​ពី​ឆន្ទៈ និង​ឧត្ដមគតិ​ជាតិ​របស់​ពួកគាត់ »

ដីព្រៃ​តំបន់​ភ្នំតាម៉ៅត្រូវបាន​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ឈូសឆាយ​អស់​ជាង​៥​រយហិកតា(៥០០ ហិកតា) ​កាល​ពី​ដើម​ខែសីហា។ ក្រោយពី​មាន​ការ​រិះគន់​ពី​សំណាក់​មហាជនលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ បាន​បញ្ជា​ឱ្យ​បញ្ឈប់​ជា​បន្ទាន់​ការ​ឈូសឆាយអភិវឌ្ឍ​ដី​ព្រៃ​នៅ​តំបន់​ភ្នំតាម៉ៅ នៅថ្ងៃទី៧ ខែសីហា។ ព្រះរាជក្រឹត្យ ការពារ​ព្រៃ​តំបន់​ភ្នំតាម៉ៅត្រូវបាន​ធ្វើ​ឡើង​ក្រោយ​ពី​មាន​ការ​សង្ស័យ​ពី​សាធារណៈជន​ថាដី​ដែល​ឈូសឆាយ​រួច​នឹង​ត្រូវ​អភិវឌ្ឍន៍ហើយ​ក្រុមអង្គរក្ស​លោក ហ៊ុន សែន ដែល​បាន​យាមកាម​នៅ​តំបន់​នោះក៏បាន​ប្រើប្រាស់​អំពើ​ហិង្សានិង​ចាប់ខ្លួន​សកម្មជន​បរិស្ថានក្រុម​យុវជន​ខ្មែរថាវរៈ៤នាក់និង​អ្នក​យកព័ត៌មាន វីអូឌី (VOD)​៥នាក់ មិនឱ្យចូល​ទៅកន្លែង​ដែល​បាន​ឈូសឆាយ​ដីព្រៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។