សកម្មជន​បរិស្ថាន​ស្នើ​ឱ្យ​អាជ្ញាធរ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​ក្នុង​ឧទ្យាន​ជាតិ​វីរៈជ័យ ខេត្ត​រតនគិរី

0:00 / 0:00

សកម្មជន​ការពារ​បរិស្ថាន​ និង​មន្ត្រី​សង្គម​ស៊ីវិល អំពាវនាវ​អាជ្ញាធរ​ខេត្ត​រតនគិរី​ បង្ក្រាប​បទល្មើស​ព្រៃ​ឈើ ដែល​កាប់​ចេញ​ពី​តំបន់​ឧទ្យាន​ជាតិ​វីរ:ជ័យ​ដឹក​ជញ្ជូន​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម។ ពួក​គាត់​អះអាង​ថា​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ទាំង​នេះ នៅ​តែ​បន្ត​កើត​ឡើង​ដោយ​ការ​លួច​លាក់ និង​ប្រុង​ប្រយ័ត្ន​ខ្ពស់។

ប្រជា​ពលរដ្ឋ​ ​សកម្មជន​ការពារ​បរិស្ថាន​ និង​ មន្ត្រី​សង្គម​ស៊ីវិល​បាន​ចាត់​ទុក​ការ​បណ្ដែត​បណ្ដោយ​ឱ្យ​នាំ​ឈើ​ចេញ​ពី​តំបន់​ឧទ្យាន​ជាតិ​វីរៈជ័យ​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ​តាម​ច្រក​របៀង​ស្រុក​អណ្ដូង​មាស​ ក្នុង​ខេត្ត​រតនគិរី​ គឺ​ជា​ទង្វើ​មើលស្រាល អនុ​សាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ពួក​គាត់​អះអាង​ថា កន្លង​ទៅ​ប្រ​មុខ​ដឹកនាំ​រូប​នេះ​បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​បិទ​ការ​នាំ​ឈើ​ចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម និង​ព្រមាន​ដក​ដំណែង​អភិបាល​ខេត្ត​សាមី។

ពលរដ្ឋ​រស់​នៅ​ស្រុក​អណ្ដូង​មាស​លោក សល់ សើយ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា​ស្ទើរ​ជា​រៀង​រាល់​ថ្ងៃ​មាន​រថយន្ត និង​ម៉ូតូ​ជាច្រើន​គ្រឿង​ដឹក​ឈើ​ចេញ​ពី​តំបន់​ឧទ្យាន​ជាតិ​វីរ:ជ័យ​ យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រក​របៀង​មួយ​ចំនួន ក្នុង​ឃុំ​ញ៉ាង ស្រុក​អណ្ដូង​មាស។

លោក​បញ្ជាក់​ថា​បទល្មើស​ព្រៃឈើ​ទាំង​នេះ​ កើត​ឡើង​ដដែលៗ ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​ក្រុម​ជន​ល្មើស​ បាន​យក​ម៉ូតូ​កែច្នៃ​ដើម្បី​ងាយ​ស្រួល​ដឹក​ឈើ​ជ្រុង ដោយ​ម៉ូតូ​មួយ​គ្រឿង​ផ្ទុក​ឈើ​ជិត ១ម៉ែត្រ​គូប។ លោក​បន្ថែម​ថា​ប្រភេទ​ឈើ​ដែល​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ដូចជា​សុក្រំ​ កកោះ​ និង​ស្រឡៅ​ជាដើម។

លោក សល់ សើយ៖ «៩ផ្លាន(ជិត ១ម៉ែត្រគូប)ម៉ូតូ​មួយៗ​គេ​ដឹក​ឈើ​ឃ្លុំ ​ប្រវែង​៣ម៉ែត្រ មុខ​៤​តឹក​ជុំ ​​​ដឹក​រ៉ុយ​ ទៅ​វៀតណាម​១០ ទៅ ២០ម៉ូតូ គេ​ទៅ ​ព្រោង​ព្រាត»។

សកម្មជន​ការពារ​បរិស្ថាន​លោក ថុន រដ្ឋា សង្កេត​ឃើញ​ថា​បច្ចុប្បន្ន​ឧក្រិដ្ឋ​កម្ម​ព្រៃ​ឈើ​នៅ​បន្ត​កើត​មាន​ច្រើន​នៅ​តំបន់​ដាច់​ស្រយាល​ដូចជា​តំបន់​ឧទ្យាន​ជាតិ​វីរៈជ័យ​ជាដើម ដែល​អាជ្ញាធរ​ងាយ​ស្រួល​លាក់​បាំង​ព័ត៌មាន​ និង​អសកម្ម ​ក្នុង​ភារកិច្ច​ការ​ពារ​ព្រៃ​ឈើ។ លោក​ស្នើ​ឱ្យ​ក្រសួង​បរិស្ថាន​ គួរតែ​ផ្តល់​សិទ្ធិ​ឱ្យ​សហគមន៍​មូលដ្ឋាន​ល្បាត​ព្រៃ​ឡើង​វិញ​ដើម្បី​ជា​ភ្នែក​ច្រមុះ​រាយការណ៍​ពី​បទល្មើស​ព្រៃឈើ​ដែល​មន្ត្រី​ខិលខូច​បណ្ដែត​បណ្ដោយ។

លោក ថុន រដ្ឋា៖ «បើ​សិន​ជា​ក្រសួង​បរិស្ថាន​នៅតែ​បន្ត​សកម្មភាព​ចោទ​ប្រកាន់​លាប​ពណ៌​ហើយ​មិន មាន​ការ​លើក​ទឹក​ចិត្ត​ណា​មួយ​ ទៅ​កាន់​យុវជន ​និង​សហគមន៍​ ឱ្យ​ចូលរួម​ឈឺ​ឆ្អាល​ការពារ​ព្រៃឈើ​ទេ​ បទ​ល្មើស​បន្ត​បន្ទាប់​ទៀត​ នឹង​កើត​មាន​មិន​មែន​តែ​ឧទ្យាន​ជាតិ​វីរ់ជ័យ​ទេ»។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​រតន​គិរី លោក នាង សំអាត និង​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា បាន​នៅ​ឡើយ​ទេ។ ចំណែក​អ្នក​នាំ​ពាក្យ​គណៈកម្មការ​ជាតិ​ទប់​ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ធន​ធាន​ធម្មជាតិ​លោក អេង ហ៊ី ក៏​វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​បាន​ដែរ​នៅ​ថ្ងៃ​ទី១៣ មីនា​នេះ ដោយ​ទូរ​សព្ទ​ហៅ​ចូល​ តែ​គ្មាន​អ្នក​លើក។​

កន្លង​ទៅ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​លោក សៅ សុខា មេ​បញ្ជាការ​អាវុធ​ហត្ថ ​ឲ្យ​ប្រើ​គ្រាប់​រ៉ុកកែត​បាញ់​កម្ទេច​ក្រុម​ឈ្មួញ​រក​ស៊ី​ព្រៃ​ឈើ​ដែល​ព្រហើន។ លោក​ទទួល​ស្គាល់​ថា ការ​កាប់​ព្រៃ​ឈើ​​ត្រូវ​តែ​មាន​ទោស និង​ត្រូវ​តែ​បង្ក្រាប​ហើយ​លោក​បាន​ផ្តល់​ឧទ្ធម្ភាគចក្រ​ពីរ​គ្រឿង ឱ្យ​លោក សៅ សុខា ដែល​មិន​ទាន់​បាញ់​មួយ​គ្រាប់​នៅ​ឡើយ​ទេ។

លោក សល់ សើយ បន្ថែម​ថា បទល្មើស​ព្រៃឈើ​ទាំង​នេះ ពុំ​ឃើញ​មន្ត្រី​អាវុធហត្ថ និង​សមត្ថកិច្ច​ជំនាញ​បង្ក្រាប​នៅ​ឡើយ​ទេ តែ​បែរ​ជា​ទៅ​បង្ក្រាប​ឈើ​បន្ទះ​ក្ដារ ដែល​ពលរដ្ឋ​យក​ទៅ​សង់​ស្ពាន​ទៅ​វិញ។

លោក​បញ្ជាក់​ថា​នៅ​ល្ងាច​ថ្ងៃ​ទី១៣ ខែ​មីនា​មន្ត្រី​អាវុធហត្ថ​ជាច្រើន​នាក់ បាន​ចុះ​ចាប់ ឈើ​បន្ទះ​ក្ដារ​ចំនួន ៣០ដុំ ដែល​ក្រុមហ៊ុន​វៀតណាម ឈ្មោះ ហ័ងអាញ់ យ៉ាឡាយ (HAGL) យក​ទៅ​ជួស​ជុល​ស្ពាន​ដើម្បី​ងាយស្រួល​ធ្វើ​ដំណើរ។​

លោក សល់ សើយ៖ «ខ្ញុំ​ក៏​មិន​យល់​ដែរ​ ខ្ញុំ​ថា គេ​ដឹក​ទាំង​ឡាន​មិន​ចាប់ ​បែរ​ជា​ចាប់​ឈើ​គេ​ធ្វើ​ស្ពាន ​ពល​រដ្ឋ​ដើរ​រាល់​ថ្ងៃ​ហ្នឹង។ ខ្ញុំ​ឃើញ​មិញ»។

ឧទ្យាន​ជាតិ​វីរៈជ័យ ឋិត​ក្នុង​ស្រុក​សៀមប៉ាង ​ខេត្តស្ទឹងត្រែង​ និង​ស្រុក​អណ្ដូង​មាស ស្រុក​តាវែង​ក្នុង​ខេត្ត​រតនគិរី ត្រូវ​បាន​អតីត​ព្រះ​មហាក្សត្រ ​ព្រះ​បុរមរតនៈ ព្រះបាទ នរោត្តម សីហនុ ចេញ​ព្រះរាជ​ក្រឹត្យ​កំណត់​ជា​ព្រៃ​អភិរក្ស​ដែល​មាន​ផ្ទៃ​ដី​ជាង​៣៣​ម៉ឺន​ហិកតារ (៣៣២.៥០០) ​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ១៩៩៣។​

ព្រៃ​អភិរក្ស​នេះ​មាន​ព្រំ​ប្រទល់​ជាប់​ប្រទេស​ឡាវ និង​ប្រទេស​វៀតណាម ហើយ​ប្រមុខ​មេ​ដឹក​នាំ​ឯក​បក្ស​ លោក ហ៊ុន សែន បាន​បញ្ជូន​ឆ្មាំ​អភិរក្ស​ជា​ច្រើន​នាក់ ប្រចាំការ​នៅ​តំបន់​នោះ​និង​សាង​សង់​ទី​ស្នាក់​ការ។

ជុំវិញ​រឿង​នេះ មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ សង្កេត​ឃើញ​ថា តំបន់​ឧទ្យាន​ជាតិ​វីរៈជ័យ​កើត​មាន​បទ​ល្មើស​ព្រៃ​ឈើ​តាំង​ពី​ឆ្នាំ២០២១ រហូត​មក​ទល់​ពេល​នេះ រដ្ឋាភិបាល​គ្មាន​ភាព​ច្បាស់​លាស់​ ការ​ពារ​ឱ្យ​គង់វង្ស​នៅ​ឡើយ​ទេ។

លោក​ថា មន្ត្រី​បរិស្ថាន​ដែល​ឈរ​ជើង​យាម​ព្រៃ​នៅ​តំបន់​នោះ​ រដ្ឋាភិបាល​ត្រូវ​ចាត់​វិធាន​ការ​ច្បាប់ ​ករណី​បណ្ដែត​បណ្ដោយ​ឱ្យ​កើត​មាន​ឧក្រិដ្ឋ​កម្ម​ព្រៃឈើ​ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។​

លោក ប៉ែន ប៊ុណ្ណារ៍៖«យើង​និយាយ​អ៊ីចឹង ​អ្នក​ដែល​កាប់​ហ្នឹង​គឺ​អ្នក​មាន​និន្នាការ​គាំ​ទ្រ​រដ្ឋាភិបាល​ ​អត់​មាន​ផ្តន្ទា​ទោស​សោះ​ និទ្ទណ្ឌភាព​ពេញ​ទឹក​ពេញ​ដី»។

កាល​ពី​ឆ្នាំ២០០៦ តុលាការ​កំពូល​បាន​កាត់​ទោស​អតីត​អភិបាល​ខេត្ត​រតនគិរី លោក ខាំ ខឿន ឲ្យ​ជាប់​ពន្ធនាគារ ១៧ឆ្នាំ ពាក់ព័ន្ធ​បទ​ល្មើស​ឧក្រិដ្ឋ​ដឹក​ឈើ​ពី​តំបន់​ព្រៃ​ឧទ្យាន​ជាតិ​វីរៈជ័យ ៥០០រថយន្ត​ធំៗ​ ហើយ​រហូត​ដល់​ឆ្នាំ២០១៧ ព្រះ​មហាក្សត្រ​ទ្រង់​ឡាយ​ព្រះ​ហត្ថ​លេខា​លើក​លែង​ទោស​អតីត​អភិបាល​ខេត្ត​រូប​នោះ​ឱ្យ​មាន​សេរី​ភាព​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។