ក្រុមសកម្មជន និងអ្នកឃ្លាំមើលបរិស្ថាន រួមគ្នាប្រកាសធ្វើពហិការ ឈប់ប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ព្រមទាំងក្រុមហ៊ុនពាក់ព័ន្ធដទៃទៀត បន្ទាប់ពីក្រុមហ៊ុនទាំងនោះបានឈូសឆាយដីព្រៃភ្នំតាម៉ៅ។ ពួកគេថា ពហិការនេះធ្វើឡើង ដើម្បីឱ្យក្រុមហ៊ុន និងរដ្ឋាភិបាលពិចារណាឡើងវិញ និងត្រូវបញ្ឈប់សកម្មភាពឈូសឆាយដីព្រៃជាបន្ទាន់ បើពុំនោះទេ វានឹងបណ្ដាលឱ្យបាត់បង់ផលប្រយោជន៍ធំធេងទាំងក្រុមហ៊ុន និងប្រទេសជាតិ។ ប៉ុន្តែភាគីក្រុមហ៊ុនបានបដិសេធថា ខ្លួនមិនបាននៅក្នុងចំណែកឈូសឆាយដីព្រៃភ្នំតាម៉ៅនោះឡើយ។
ក្រុមយុវជន សកម្មជន អ្នកឃ្លាំមើលបរិស្ថាន ព្រមទាំងអង្គការសង្គមស៊ីវិលនៅថ្ងៃទី៣ សីហា បានប្រកាសគោលជំហររបស់ខ្លួននៅតាមបណ្ដាញសង្គមហ្វេសប៊ុកពីការធ្វើពហិការ ដោយបញ្ឈប់នូវរាល់ការប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនចំនួនពីរ គឺក្រុមហ៊ុន ឡេង ណាវ៉ាត្រា និងក្រុមហ៊ុន ធីភី ម៉ូរ៉ល ហ្រ្គុប (TP Moral Group) ដែលបានឈូសឆាយវាតទីលើដីព្រៃភ្នំតាម៉ៅ កាលពីថ្ងៃទី១ សីហា។ យុទ្ធនាការពហិការទាំងនោះ រួមមាន ការបង្ហោះនៅលើបណ្ដាញសង្គម ដោយដាក់សញ្ញាទ្រុងជ្រូក និងសរសេរអក្សរថា សង្គ្រោះភ្នំតាម៉ៅ» និងពហិការណាវ៉ាត្រា»។
យុវតីម្នាក់រស់នៅរាជធានីភ្នំពេញ កញ្ញា ធួន ស្រីពៅ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៣ សីហាថា កញ្ញាចូលរួមក្នុងការធ្វើពហិការនេះ ដើម្បីបង្ហាញពីឆន្ទៈ ស្មារតីស្រឡាញ់ និង ការពារធនធានធម្មជាតិ ដែលកំពុងរងការគំរាមកំហែងពីឈ្មួញទាំងនោះ។ នៅលើបណ្ដាញសង្គមរបស់កញ្ញាបានសរសេរថា «ចាប់ពីវិនាទីនេះតទៅ ខ្ញុំធ្វើពហិការ ឈប់ស្ដាប់ ឈប់គាំទ្របទចម្រៀងនៃក្រុមហ៊ុន Galaxy Navatra ព្រមទាំងគម្រោងអចលនវត្ថុទាំងឡាយរបស់ក្រុមហ៊ុននេះ រួមទាំង ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ជាដើម។
កញ្ញាបន្តថា ការធ្វើបែបនេះ គឺដើម្បីឱ្យក្រុមហ៊ុនលែងទទួលបានការគាំទ្រ និងបាត់បង់ប្រាក់ចំណូល ព្រមទាំងបង្ហាញថា ប្រជាជនខ្មែរមិនពេញចិត្ត ចំពោះការបំផ្លិចបំផ្លាញធនធានធម្មជាតិនៅពេលនេះទេ។ ទន្ទឹមគ្នានេះ កញ្ញាជឿជាក់ថា បើប្រជាពលរដ្ឋខ្មែរចូលរួមក្នុងការធ្វើពហិការនេះកាន់តែច្រើន នោះវានឹងអាចធ្វើឱ្យក្រុមហ៊ុនទាំងនេះ បញ្ឈប់ការឈូសឆាយព្រៃបានជាក់ជាមិនខាន។ កញ្ញាបន្តថា សកម្មភាពឈូសឆាយព្រៃឈើនៅភ្នំតាម៉ៅ កំពុងបង្កជាវិនាសកម្មថ្មីមួយទៀតដល់សត្វព្រៃ និងប្រជាពលរដ្ឋ ដែលទាញប្រយោជន៍ពីព្រៃនេះ តាមរយៈអនុផលព្រៃឈើ និងទេសចរណ៍។ យុវតីរូបនេះបន្ថែមថា បើក្រុមហ៊ុន ឡេង ណាវ៉ាត់ត្រា នៅតែបន្តបំផ្លាញធនធានធម្មជាតិ នៅតំបន់ភ្នំតាម៉ៅបន្តទៀតនោះ ក្រុមហ៊ុននឹងរងការស្អប់ខ្ពើមពីប្រជាជនខ្មែរកាន់តែខ្លាំង៖ « សម្រាប់ខ្ញុំៗ ចាត់ទុកការឈូសឆាយវាតទីជម្រកសត្វព្រៃភ្នំតាម៉ៅនេះ ជារឿងដែលអាក្រក់បំផុត ដែលរឿងដែលមនុស្សធម្មតាធ្វើមិនបាន។ ដែលចូលរួមថែរក្សា ឬអត់ ? ដែលចូលរួមដាំទុកពីអង្កាល់អត់ ? ដែលមកឈូសឆាយឆៅៗ នេះ។ គេថែរក្សារាប់ឆ្នាំហើយ មកឈូសឆាយប្រើរយៈពេលមួយថ្ងៃពីរថ្ងៃ ហើយដូចជាអត់ស្រឡាញ់ធនធានធម្មជាតិសូម្បីតែបន្តិច។ […] បំផ្លាញ ដើម្បីសូម្បីតែជម្រកសត្វ ហើយថ្លៃថ្នូរប៉ុណ្ណាទៀត មានតម្លៃអីទៀត » ។
ស្ថាបនិកចលនាមាតាធម្មជាតិ លោក អាឡិច ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) គាំទ្រ យុទ្ធនាការពហិការរបស់ក្រុមយុវជន និងចាត់ទុកថា នេះជាទង្វើមួយបង្ហាញពីការការពារធនធានធម្មជាតិដោយអហិង្សា។ លោកបន្តថា មានតែការធ្វើពហិការនេះតែមួយគត់ ដែលជាជម្រើសល្អក្នុងការតតាំងនឹងការបំផ្លិចបំផ្លាញមួយនេះ នៅក្នុងប្រទេស ដែលមិនគោរពគោលការណ៍សិទ្ធិមនុស្ស និងសេរីភាពនៃការបញ្ចេញមតិ។
ជាមួយគ្នានេះ លោកចាត់ទុកថា ការឈូសឆាយដីព្រៃភ្នំតាម៉ៅនៅពេលនេះ ជាកំហុសធ្ងន់ធ្ងរ និងជាឧក្រិដ្ឋកម្មព្រៃឈើមួយទៀតរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ដែលគប់គិតជាមួយបុគ្គល ដែលផ្ដល់ផលប្រយោជន៍ឱ្យលោក។ លោកថា បណ្ដាឈ្មួញទទួលបានសិទ្ធិក្នុងការឈូសឆាយព្រៃភ្នំតាម៉ៅ គឺសុទ្ធតែជាអ្នកធ្លាប់បរិច្ចាគលុយវាល់លានដុល្លារទៅឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន កន្លងមក។ លោកបន្តទៀតថា ទោះបីជាប្រជាពលរដ្ឋមិនពេញចិត្តយ៉ាងណាក៏ដោយ ក៏រដ្ឋាភិបាលនៅតែអនុម័តឱ្យក្រុមហ៊ុនទាំងនោះធ្វើការឈូសឆាយព្រៃភ្នំតាម៉ៅ ដោយសារតែផលប្រយោជន៍បក្សពួករបស់លោក ហ៊ុន សែន៖ « រឿងអាទិភាពហ្នឹង គឺលុយ ហើយនៅក្នុងអាលុយហ្នឹង គឺមានប្រយោជន៍ហិរញ្ញវត្ថុ ប្រយោជន៍សេដ្ឋកិច្ចរបស់ក្រុមហ៊ុនឯកជន ដូចក្រុមហ៊ុន ឡេង ណាវ៉ាត្រា ជាដើម » ។
ក្រុមសកម្មជនបរិស្ថាន អះអាងថា រដ្ឋាភិបាលបានធ្វើអនុបយោគដីព្រៃតំបន់ភ្នំតាម៉ៅ ឱ្យទៅក្រុមហ៊ុនអចលនទ្រព្យ ឡេង ណាវ៉ាត្រា របស់លោក ឡេង ភត្រា ដែលគេស្គាល់ថា ជាឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមហ៊ុនសំណង់ ធីភី ម៉ូរ៉ល ហ្រ្គុប (TP Moral Group) របស់លោក ឃុន សៀ សម្រាប់វិនិយោគធ្វើជាផ្ទះល្វែង ខុនដូលក់។ វាមិនខុសពីរាល់ដងនោះឡើយ ដែលពួកគេចាត់ទុកការឈូសឆាយដីព្រៃ ឬលុបបឹងយកសាងសង់លំនៅឋានប្រណិតៗ លក់ទៅឱ្យអ្នកមានក្រោមរូបភាពអភិវឌ្ឍន៍ប្រទេសនោះ។
លោក ឡេង ណាវ៉ាត្រា ត្រូវបានគេស្គាល់ថា ជាឧកញ៉ាមួយរូប ដែលបានបរិច្ចាគថវិការាប់លានដុល្លារទៅឱ្យរដ្ឋាភិបាល ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ បន្ទាប់ពីលោកទទួលបានងារជាឧកញ៉ាកាលពីខែកក្កដា ឆ្នាំ២០១៨។ ក្នុងនោះលោកបានបរិច្ចាគទៅកាន់រដ្ឋាភិបាលទ្រង់ទ្រាយធំៗ ចំនួន ៥ដង ដោយសរុបជាទឹកប្រាក់ចំនួន ៥លាន ៦២ម៉ឺន ដុល្លារអាមេរិក (៥.៦២០.០០០ដុល្លារអាមេរិក)។
ក្រោយពីការបរិច្ចាគរួចមក គេសង្កេតឃើញលោកឧកញ៉ារូបនេះទទួលបានការផ្ដល់ដីសម្បទានពីរដ្ឋាភិបាលសម្រាប់សាងសង់លំនៅឋាន ផ្ទះល្វែង និងលក់ជាដីឡូត៍យ៉ាងគគ្រឹកគគ្រេង។
ទាក់ទិនរឿងនេះ វិទ្យុអាស៊ីសេរីនៅពុំទាន់អាចទាក់ទងតំណាងក្រុមហ៊ុន ឡេង ណាវ៉ាត្រា និងរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សុខុន ដើម្បីសាកសួរព័ត៌មានលម្អិតបាននៅឡើយនោះទេ នៅថ្ងៃទី៣ សីហា។
ដោយឡែក នាយកក្រុមហ៊ុនសំណង់ ធីភី ម៉ូរ៉ល ហ្រ្គុប (TP Moral Group) លោក ឃុន សៀ បដិសេធថា ក្រុមហ៊ុនរបស់លោកមិនមែនជាអ្នកឈូសឆាយដីព្រៃតំបន់ភ្នំតាម៉ៅនោះឡើយ៖ « សួរឱ្យច្បាស់ទៅថា អ្នកកាប់ជាអ្នកណា ? សួរសិនថា អ្នកណាជាអ្នកកាប់ ហើយឱ្យច្បាស់បន្តិចទៅថា អ្នកណាកំពុងតែកាប់ហ្នឹង សួរឱ្យច្បាស់បន្តិចសិនទៅ។ ចុះបើមិនមែនខ្ញុំកាប់អាហ្នឹងម៉េចវិញ អាហ្នឹងសួរឱ្យបងឯងសួរឱ្យច្បាស់ » ។
សារព័ត៌មានក្នុងស្រុកឱ្យដឹងថា ផ្ទៃដី ៧០០ហិកតា ត្រូវបានស្នើសុំដោយក្រុមហ៊ុន TP Moral Group របស់ឧកញ៉ា ឃុន សៀ ខណៈផ្ទៃដីមួយដែលមិនត្រូវបានប្រាប់ឱ្យដឹងទំហំ និងបញ្ជាក់ថា ជាផ្ទៃដីដែលមានទំហំធំជាងគេ ត្រូវបានលក់ទៅឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ និងម្ចាស់ផលិតកម្មចម្រៀងកាឡាក់ស៊ី របស់ឧកញ៉ា ឡេង ណាវ៉ាត្រា។ ជាមួយគ្នានេះ គេគ្រោងឈូសព្រៃភ្នំតាម៉ៅក្នុងទំហំប្រមាណ ១.៥០០ហិកតា ដោយផ្ទៃដីទាំងមូលមានទំហំជាង ២.៥០០ហិកតារប៉ុណ្ណោះ។
ក្រុមយុវជន សកម្មជន អ្នកឃ្លាំមើលបរិស្ថាន ព្រមទាំងអង្គការសង្គមស៊ីវិលចាត់ទុកថា ក្រុមហ៊ុនទាំងនេះកំពុងទទួលសិទ្ធិពេញទំហឹងពីរដ្ឋាភិបាល ក្នុងការបំផ្លិចបំផ្លាញធនធានធម្មជាតិ ដែលនៅសេសសល់តិចតួចក្រោមពាក្យថា អភិវឌ្ឍ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។