ក្រុមយុវជនសកម្មជន និងពលរដ្ឋស្រឡាញ់ធម្មជាតិនាំគ្នាពហិការមិនប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុនអ្នកស្រី ជឹង សុគន្ធារី ត្រូវជាកូនស្រីអ្នកស្រី ជឹង សុភាព ហៅយាយភូ បន្ទាប់ពីប្រធានក្រុមហ៊ុនមួយនេះទទួលបានសិទ្ធិអភិវឌ្ឍលើដីតំបន់ឧទ្យានជាតិគិរីរម្យ។ សង្គមស៊ីវិលគាំទ្រការធ្វើពហិការរបស់យុវជនដើម្បីឱ្យរដ្ឋាភិបាលពិចារណាឡើងវិញ ពីផលប៉ះពាល់បរិស្ថាននិងធ្វើឱ្យបាត់បង់ប្រយោជន៍រួម។
បើនិយាយពីការលុបបឹង និងរំលោភយកដីពលរដ្ឋនោះ គេនឹងនឹកទៅដល់អ្នកស្រី ជឹង សុភាព ហៅយាយភូ ដែលស្និទ្ធនឹងគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាបុគ្គលមានតែងតែទទួលដីសម្បទានឥត ឈប់ឈរពីរដ្ឋាភិបាល។ យាយភូកេរ្តិ៍ឈ្មោះដែលល្បីថា ពាក់ព័ន្ធនឹងការរំលោភសិទ្ធិដីធ្លីពលរដ្ឋ និងបំផ្លាញធនធានធម្មជាតិបានបន្តមកដល់កូនស្រីយាយភូ គឺលោកស្រី ជឹង សុគន្ធារី ដែលទើបទទួលបានដីសម្បទាននៅឧទ្យានជាតិគិរីរម្យជាង ២រយហិកតារ កាលពីឆ្នាំ២០២២កន្លងទៅ។
ថ្មីៗនេះក្រុមយុវជន សកម្មជនបរិស្ថាននិងប្រជាពលរដ្ឋបាននាំគ្នាបង្ហោះសារធ្វើពហិការនៅលើបណ្ដាញសង្គមព្រោងព្រាតដើម្បីទាមទារឱ្យរដ្ឋាភិបាលដកសិទ្ធិអភិវឌ្ឍដីឧទ្យានជាតិគិរីរម្យពីអ្នកស្រី ជឹង សុគន្ធារី មកវិញ។
សកម្មជនចលនាមាតាធម្មជាតិកញ្ញា មាន លីសា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៣ ឧសភា ថា កញ្ញាធ្វើពហិការនេះដោយសារកញ្ញាបារម្ភថា ក្រុមហ៊ុនអ្នកស្រី ជឹង សុគន្ធារី ដែលត្រូវជាកូនអ្នកស្រី ជឹង សុភាព អាចនឹងដើរតាមគន្លងរបស់ម្ដាយខ្លួនដោយបង្កវិនាសកម្មដល់ព្រៃឈើ និងបាត់បង់ទេសភាពធម្មជាតិតំបន់ឧទ្យានជាតិគិរីរម្យ។
កញ្ញា មាន លីសា៖ «ការឆ្លើយតបរបស់រដ្ឋាភិបាល គឺនៅពេលដែលយើងខំនាំគ្នាស្រែកអ៊ីចឹង វាទៅជាប្រទេសមួយដែលអត់យកច្បាប់ជាធំទេ វាទៅជាទាល់តែប្រជាពលរដ្ឋប៉ះប្រជាពលរដ្ឋធ្វើការតវ៉ាបានមានការឆ្លើយតប។ វាទៅជាគ្មានទំនួលខុសត្រូវ។ មួយទៀតគឺក្រុមហ៊ុនឯកជនអត់មានទំនួលខុសត្រូវទៀតសោត ដែលនៅពេលធ្វើការអភិវឌ្ឍនៅកន្លែងណាមួយខ្លួនឯងអត់បញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួនឯងទេ គឺបញ្ចេញនូវគោលបំណងគោលដៅខ្លួនឯងចង់ធ្វើអីនៅទីនោះ ហើយការបញ្ចេញឱ្យច្បាស់ការវាយតម្លៃពីការប៉ះពាល់បរិស្ថានគឺសំខាន់»។
យុទ្ធនាការពហិការរបស់ក្រុមយុវជនសកម្មជននិងប្រជាពលរដ្ឋនេះធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយពីអនុក្រឹត្យរបស់រដ្ឋាភិបាលកាលពីខែមិថុនា ឆ្នាំ២០២២បានកាត់ដីនៅតំបន់ដីព្រៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ជាង៦០០ហិកតារ(៦៤១) និងដីព្រៃឧទ្យានជាតិគិរីរម្យជាង២០០ហិកតារ(២២១)ទៅឱ្យក្រុមហ៊ុនវ័នម៉រ លីមីតធីត (One More LTD.) របស់អ្នកស្រី ជឹង សុគន្ធារី ដែលត្រូវជាកូនស្រីរបស់លោកស្រី ជឹង សុភាព ហៅយាយភូគឺជាប្រពន្ធរបស់លោក ឡៅ ម៉េងឃីន សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជាដែលល្បីឈ្មោះខាងយកដីពលរដ្ឋលុបបឹង លុបឆ្នេរ និងបំផ្លាញធនធានធម្មជាតិ។
នៅក្នុងផ្ទាំងរូបភាព ឬបដាដែលក្រុមយុវជនបង្ហោះនៅលើបណ្ដាសង្គមអមដោយសញ្ញាខ្វែងពណ៌ក្រហម លើរូបថតអ្នកស្រី ជឹង សុគន្ធារី ភ្ជាប់ជាមួយឃ្លា«យើងនាំគ្នាពហិការមិនប្រើប្រាស់ផលិតផលទាំងអស់នេះ ដើម្បីសង្គ្រោះឧទ្យានជាតិគិរីរម្យ និងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់»។
រូបភាពមួយសន្លឹកនេះបានបង្ហាញពីការរក្សាជំហរមិនប្រើប្រាស់និងគាំទ្រផលិតផលក្រុមហ៊ុនវ័ន ម៉រ (One More Group) របស់អ្នកស្រី ជឹង សុគន្ធារី តទៅទៀតរួមមានផលិតផលទឹកសុទ្ធវីតាល់ មីជាតិនៃក្រុមហ៊ុនផលិតចំណីអាហារនិងភេសជ្ជៈអិន.វី.ស៊ី (N.V.C Corporation Co.,LTD) និងសេវាកម្មក្រុមហ៊ុនលក់និងទីផ្សារវ័ន ហ្វ្រេតធើនីធី (One Fraternity Co,.LTD)ជាដើម។
ពលរដ្ឋរស់នៅរាជធានីភ្នំពេញកញ្ញា រុំ ស្រីណាត ឱ្យដឹងថា កញ្ញាឈប់គាំទ្រផលិតផលរបស់ក្រុមហ៊ុនគ្រួសារអ្នកស្រី ជឹង សុភាព ហៅយាយភូ នេះយូរណាស់មកហើយ បន្ទាប់ពីឧកញ៉ារូបនេះដើរយកដីប្រជាពលរដ្ឋ និងបំផ្លាញធនធានធម្មជាតិ។ កញ្ញាបន្តថា កញ្ញានឹងចូលរួមធ្វើពហិការតាមបណ្ដាញសង្គមឱ្យកាន់តែផុសផុលបន្ថែមទៀត ដើម្បីបង្ហាញពីការមិនគាំទ្រឱ្យមានការអភិវឌ្ឍដែលបង្កផលប៉ះពាល់ដល់ធនធានធម្មជាតិលើភ្នំគិរីរម្យ។
កញ្ញា រុំ ស្រីណាត៖ «បើគិរីរម្យគេយកទៅធ្វើរីសត អូខេ ទទួលស្គាល់ថា ធ្វើហើយអាចរកចំណូលបានច្រើនទាក់ទាញភ្ញៀវទេសចរអី ប៉ុន្តែសួរថា ចំណូលហ្នឹងបានទៅអ្នកណា?បានទៅប្រជាពលរដ្ឋឬក៏សហគមន៍ដែលគាត់នៅហ្នឹងអត់?បើសិនជាអត់ទេខ្ញុំគិតថា មិនគួរអភិវឌ្ឍទេ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន និងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ដើម្បីសុំការបកស្រាយរឿងនេះបានទេ នៅថ្ងៃទី៣ ឧសភា។ ចំណែកតំណាងក្រុមហ៊ុន អ៊ិន.វី.ស៊ី របស់ក្រុមហ៊ុនផលិតទឹកបរិសុទ្ធវីតាល់ (Vital) និងក្រុមហ៊ុនវ័ន ហ្វ្រេតធើនីធី (One Fraternity Co., Ltd) ក៏មិនអាចទាក់ទងសុំការឆ្លើយតបបានដែរ។
យុទ្ធនាការពហិការផលិតផលក្រុមហ៊ុនវ័នម៉រ (One More group) នៅពេលនេះស្រដៀងទៅនឹងពហិការប្រើប្រាស់ផលិតផលនិងសេវាកម្មរបស់ក្រុមហ៊ុនលោកឧកញ៉ា ឡេង ណាវ៉ាត្រា កាលពីខែសីហាឆ្នាំ២០២២ ដែរ បន្ទាប់ពីលោកទទួលបានសិទ្ធិអភិវឌ្ឍនៅតំបន់ព្រៃភ្នំតាម៉ៅ និងបានឈូសឆាយព្រៃទាំងថ្ងៃទាំងយប់អស់ជាង៤រយហិកតារ កាលពីឆ្នាំ២០២២។ ពហិការនៅពេលនោះមានការចូលរួមពីប្រជាពលរដ្ឋស្ទើរពេញផ្ទៃប្រទេសនៅលើបណ្ដាញសង្គមដោយបញ្ឈប់ការស្ដាប់ចម្រៀងនិងឈប់ប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនលោក ឡេង ណាវ៉ាត្រា រហូតដល់រដ្ឋាភិបាលលោក ហ៊ុន សែន ប្រកាសដកសិទ្ធិអភិវឌ្ឍពីក្រុមហ៊ុននេះ និងដាក់បញ្ចូលព្រៃភ្នំតាម៉ៅជាតំបន់ព្រៃការពារវិញ។
ជុំវិញរឿងនេះមន្ត្រីកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជាលោក ហេង គឹមហុង គាំទ្រការធ្វើពហិការរបស់យុវជនដើម្បីឱ្យលោកស្រី ជឹង សុគន្ធារី និងរដ្ឋាភិបាលពិចារណាឡើងវិញពីផលប៉ះពាល់បរិស្ថាននិងបាត់បង់ប្រយោជន៍រួមដោយសារគម្រោងអភិវឌ្ឍរបស់ក្រុមហ៊ុនឯកជន។
លោក ឡេង ណាវ៉ាត្រា៖ «យើងឃើញថា អ្នកដែលទទួលបាននោះមិនមែនជាពលរដ្ឋក្រីក្រមិនមែនជាការសម្បទានជាទម្រង់សង្គមកិច្ចទេ គឺជាទម្រង់មួយដែលកាត់ទៅឱ្យអ្នកមានលុយ មានកាក់ស្រាប់ហើយ ដើម្បីយកឱ្យកាសឱ្យគេអភិវឌ្ឍដើម្បីប្រមូលធនធានកើតជាអ្នកមានអ្នកបានបន្តទៀត។ នេះជារឿងមួយដែលធ្វើឱ្យយើងអត់យល់ពីគោលបំណងពិតប្រាកដនៃការជំរុញឱ្យមានការអភិវឌ្ឍនេះដែរ»។
ភ្នំគិរីរម្យមានទីតាំងស្ថិតនៅក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានកំណត់ឱ្យក្លាយជាតំបន់ឧទ្យានជាតិ ដោយ សម្ដេចព្រះ បរមរតនកោដ្ឋ នរោត្តម សីហនុ កាលពីឆ្នាំ១៩៩៣ និងសម្ពោធដាក់ទៅជាឧទ្យានជាតិព្រះសុរាម្រិតកុសមៈ កាលពីខែមិថុនាឆ្នាំ១៩៩៥ ដើម្បីរក្សាទុកជាតំបន់អភិរក្សធម្មជាតិ។ ឧទ្យានជាតិនេះដែលមានផ្ទៃដីជាង ៣ម៉ឺនហិកតារ (៣៥.០០០) បានកំណត់ឱ្យមានការថែរក្សាធនធានធម្មជាតិ និងបម្រើឲ្យវិស័យទេសចរណ៍ដោយមិនឲ្យខូចខាតដល់បរិស្ថាននៅឡើយ។
ក្រុមយុវជន និងសកម្មជនបរិស្ថានរំពឹងថា រដ្ឋាភិបាលនឹងពិចារណាលើបញ្ហានេះ ប្រសិនបើមានការចូលរួមពហិការឱ្យផុសផុលពីប្រជាពលរដ្ឋដូចករណីភ្នំតាម៉ៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។