សកម្មជនបរិស្ថាន និងប្រជាពលរដ្ឋរស់នៅជុំវិញបឹងតាមោកចោទថា រដ្ឋាភិបាលកំពុងបំផ្លាញជីវភាពនិងការរស់នៅរបស់ពលរដ្ឋក្រីក្រ តាមរយៈការកាត់ដីបឹងជាបន្តបន្ទាប់ឱ្យទៅអ្នកជំនួញធំៗនិង អ្នកមានអំណាច។ មន្ត្រីសង្គមស៊ីវិលថា រដ្ឋាភិបាលគួរបញ្ឈប់ការអភិវឌ្ឍបែបបំផ្លាញធនធានធម្មជាតិ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយត្រូវសិក្សាពីផលប៉ះពាល់ និងផ្ដល់សំណងសមស្របដល់អ្នករងគ្រោះ ចៀសវាងការបណ្ដេញចេញដោយបង្ខិតបង្ខំ។
សកម្មជនបរិស្ថាន និងប្រជាពលរដ្ឋរស់នៅតំបន់ជុំវិញបឹងតាមោក ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ព្រួយបារម្ភកាន់តែខ្លាំងពីអំពីវាសនាបឹងមួយនេះ និងជីវភាពរស់នៅ បន្ទាប់ពីរដ្ឋាភិបាលនៅតែបន្តកាត់ផ្ទៃដីបឹងឱ្យទៅក្រុមហ៊ុនឯកជន និងអ្នកមានអំណាច ដោយមិនខ្វល់ពីទំហំនៃផលប៉ះពាល់ដែលពួកគាត់ទទួលរងនោះឡើយ។
សកម្មជនចលនាមាតាធម្មជាតិ លោក លី ចាន់ដារាវុធ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៩ តុលា ថា ការកាត់ដីបឹងតាមោកជាបន្តបន្ទាប់បានធ្វើឱ្យផ្ទៃបឹងកាន់តែរួមតូចទៅ និងនៅសេសសល់តិចតួចបំផុត។លោកបន្តថា ការវិនាសហិនហោចនេះ មិនត្រឹមតែប៉ះពាល់ដល់ធនធានធម្មជាតិដែលកំពុងមានតិចតួចនោះនោះទេ តែវាបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរបស់ប្រជាពលរដ្ឋជុំវិញនោះ។សកម្មជនបរិស្ថានវ័យក្មេងរូបនេះ ឱ្យដឹងថា អ្នករស់នៅជុំវិញបឹងតាមោកភាគច្រើនប្រកបរបរដោយពឹងផ្អែកលើធនធានក្នុងបឹងនេះ សម្រាប់លក់ដូរផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងការសិក្សារបស់កូនៗ។ប៉ុន្តែការផ្ដល់ដីសម្បទានដល់អ្នកមានអំណាច អ្នកជំនួញធំៗ បានធ្វើឱ្យពលរដ្ឋបាត់បង់មុខរបរ និងបង្ខំឱ្យពួកគាត់ផ្លាស់ប្ដូរទីលំនៅ តាមរយៈការបណ្ដេញចេញជាមួយសំណងមិនសមស្រប។ លោកបន្ថែមថា រដ្ឋាភិបាលគួរគិតគូរនិងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្រីក្រ ជាជាងការប្រើពាក្យថាអភិវឌ្ឍ ប៉ុន្តែបម្រើផលប្រយោជន៍ឱ្យតែអ្នកមានអំណាច និងបក្សពួក៖
« វាគឺជារឿងអយុត្តិធម៌ ដោយសារតែអ្នកក្រគាត់អត់មានសិទ្ធិរស់នៅលើផ្ទៃបឹងហ្នឹងទេ ដោយគេសំអាងថា ជាដីសាធារណៈរបស់រដ្ឋ។ ប៉ុន្តែនៅពេលបណ្ដេញអ្នកក្រចេញបែរជាយកដីហ្នឹងទៅឱ្យអ្នកមាន។ វាបង្កើតបានជាវិសមភាពសង្គម និងការអនុវត្តច្បាប់ស្តង់ដារពីរ។ មានន័យថាអ្នកមានលុយ គាត់អាចរស់នៅពីលើច្បាប់ គេអាចសម្រួលឱ្យគាត់នៅកន្លែងណាដែលប្រជាជនសាមញ្ញមិនអាចរស់នៅបាន ហើយគាត់មានឱកាសច្រើននៅក្នុងការធ្វើឱ្យខ្លួនឯងកាន់តែមាន »។
ពលរដ្ឋរស់នៅជុំវិញបឹងតាមោក លោកស្រី ផន សុខុម ឱ្យដឹងថាលោកស្រីរស់នៅទីនេះតាំងពីឆ្នាំ១៩៩០មក ដោយប្រកបរបរដកព្រលិត បេះឈូក នេសាទ និងចិញ្ចឹមត្រីនៅក្នុងបឹង។ ប៉ុន្តែចាប់តាំងពីមានការកាត់ដីដោយរដ្ឋាភិបាលឱ្យក្រុមអ្នកមានលុយ មានអំណាច លោកស្រីឱ្យដឹងថាជីវភាពគ្រួសារលោកស្រីបានធ្លាក់ចុះស្ទើរតែដល់ចំណុចសូន្យ។ លោកស្រីថា ការចាក់ដីលុបបឹង ធ្វើបានឱ្យប៉ះពាល់ដល់ជីវចម្រុះ និងកន្លែងចិញ្ចឹមត្រី បណ្ដាលឱ្យងាប់ត្រីអស់រាប់រយក្បាល។ លោកស្រីបន្តថា ទោះបីមានការអង្វរករ និងតវ៉ាយ៉ាងណាក្ដីក៏មិនអាចបញ្ឈប់សកម្មភាពទាំងនោះបានឡើយ ខណៈអាជ្ញាធរមូលដ្ឋានគ្មានដំណោះស្រាយ និងបានប្រើកម្លាំងមកតទល់ជាមួយប្រជាពលរដ្ឋវិញ៖
« ឥឡូវពួកខ្ញុំលើកដៃសំពះ ( អង្វរ ) យ៉ាងម៉េចក៏គាត់ ( អាជ្ញាធរ ) មិនស្ដាប់ដែរ គាត់រុញពីមួយទៅមួយ។ ជីវភាពដុនដាបមែនទែនឥឡូវនេះ។ រាល់ថ្ងៃខ្ញុំភ័យព្រួយជាងគេគឺលំនៅឋានរបស់ខ្ញុំ »។
តំណាងប្រជាពលរដ្ឋសហគមន៍បឹងតាមោក សំរោងត្បូង លោកស្រី ប្រាក់ សុភា លើកឡើងថា មកទល់ពេលនេះការខូចខាតផលប្រយោជន៍ពលរដ្ឋដែលបណ្ដាលមកពីចាក់ដីលុបបឹងនៅមិនទាន់មានសំណងនោះទេ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋត្រូវប្រឈមនឹងបញ្ហាផ្លាស់ប្ដូរទីលំនៅ និងការបណ្ដេញចេញ ខណៈរដ្ឋាភិបាល និងអាជ្ញាធរមិនទាន់ផ្ដល់ដំណោះស្រាយសមស្រប ហើយថែមទាំងប្ដឹងពួកគាត់ឡើងតុលាការទៅវិញ។ លោកស្រីឱ្យដឹងថា ក្នុងរយៈពេលកន្លងនេះ ពលរដ្ឋជុំវិញបឹងតាមោកមិនបានប្រកបរបររកស៊ីអ្វីនោះទេ ដោយត្រូវចំណាយពេលទៅទប់ស្កាត់ការចាក់លុបបឹង និងទាមទាររកដំណោះស្រាយ ដែលធ្វើឱ្យជីវភាពកាន់តែធ្លាក់ចុះបន្ថែមទៀត៖
« ពីរបីថ្ងៃនេះគឺនៅលុបបន្ត ប្រជាសហគមន៍នាំគ្នាទៅទប់ទល់នៅកណ្ដាលបឹង ដូចអ៊ុយក្រែននិងរុស្សីអ៊ីចឹង »។
បឹងតាមោកក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ត្រូវបានសកម្មជន និងអ្នកឃ្លាំមើលបរិស្ថាន សង្កេតឃើញថា មានទំហំរួមតូចទៅៗ ក្រោមរូបភាពនៃការចាក់ខ្សាច់លុបរាប់ម៉ឺនឡាន ក្រោមពាក្យថា ដើម្បីធ្វើការអភិវឌ្ឍ។ រដ្ឋាភិបាលបានបន្តពុះច្រៀកផ្ទៃបឹងជាចំណែកៗ ឱ្យក្រុមអ្នកជំនួញ មន្ត្រីធំៗគ្រាក់ៗ បុគ្គលស្និទ្ធស្នាលរដ្ឋាភិបាល តារាចម្រៀង រួមទាំងសមាជិកគ្រួសារត្រកូលហ៊ុន។
ជាក់ស្ដែង តាមអនុក្រឹត្យមួយរបស់រដ្ឋាភិបាលដែលផ្សព្វផ្សាយជាសាធារណៈកាលពីសប្ដាហ៍មុនឱ្យដឹងថា ក្រោមការចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែឧសភា បានសម្រេចកាត់ដីបឹងតាមោកទំហំ៦៧ ហិកតារ ក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ទៅឱ្យលោក នុត តុន ដែលត្រូវបានស្គាល់ថា ជានាយកក្រុមហ៊ុនអ័រគីដេ វីឡា (Orkide Villa)។ ក្រុមហ៊ុនអចលនទ្រព្យ លក់បុរី ផ្ទះល្វែង អ័រគីដេ វីឡា (Orkide Villa) ត្រូវបានគេដឹងថា ស្ថិតក្រោមការគ្រប់គ្រងរបស់កូនស្រីបង្កើត លោក ហ៊ុន សែន គឺអ្នកស្រី ហ៊ុន ម៉ាណា ខណៈកូនស្រីម្នាក់ទៀត គឺអ្នកស្រី ហ៊ុន ម៉ាលី មានភាគហ៊ុននៅក្នុងក្រុមហ៊ុននេះដែរ។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន និងចៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ លោក ឈួន ឆាំ ដើម្បីសុំការបកស្រាយបាននោះទេ នៅថ្ងៃទី១៩ តុលា។
បច្ចុប្បន្ន ប្រជាពលរដ្ឋចំនួន២៥០គ្រួសារ រស់នៅលើផ្ទៃដីបឹងតាមោកទំហំ៥ហិកតារមានចំនួន១០៩ខ្នងផ្ទះ ក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ កំពុងប្រឈមនឹងការបណ្ដេញចេញ ខណៈពួកគាត់កំពុងដង្ហោយហៅរកដំណោះស្រាយពីគ្រប់ស្ថាប័នពាក់ព័ន្ធ។
ទាក់ទិនបញ្ហានេះ ប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ លើកឡើងថា រដ្ឋាភិបាលគួរសិក្សាទៅលើផលប៉ះពាល់នៅពេលមានគម្រោងអភិវឌ្ឍ ឬផ្ដល់ដីសម្បទានឱ្យក្រុមហ៊ុនឯកជនណាមួយ។ លោកបន្តថា ការធ្វើបែបនេះគឺដើម្បីបញ្ចៀសបញ្ហាដែលអាចកើតមានឡើងលើប្រជាពលរដ្ឋ និងធនធានធម្មជាតិនៅតំបន់នោះ។ លោកបន្តទៀតថា ប៉ុន្តែជាក់ស្ដែង រដ្ឋាភិបាលមិនបានគិតគូរដល់បញ្ហាទាំងអស់នោះឡើយ ផ្ទុយទៅវិញមានតែប្រើកម្លាំង និងប្រព័ន្ធតុលាការបង្ក្រាបទៅលើប្រជាពលរដ្ឋនៅពេលមានការតវ៉ាម្ដងៗ។ លោកបន្ថែមថា បញ្ហាទាំងនេះគឺបណ្ដាលមកពីអំពើពុករលួយ ដែលបានចាក់ស្រេះទៅក្នុងសង្គមកម្ពុជា៖
« អំពើពុករលួយហ្នឹង វានៅចាក់ស្រេះ។ វាតែងតែធ្វើឱ្យពួកមន្ត្រីខិលខូចនៅតែមានមានឱកាសយករឿងទាំងអស់ហ្នឹងកេងទៅជាផលប្រយោជន៍ »។
កាលពីខែមេសា ឆ្នាំ២០២២ លោកហ៊ុន សែន បានសម្រេចកាត់ផ្ទៃដីបឹងតាមោក ឱ្យទៅលោក ព្រាប សុវត្ថិ ចំនួន៣ហិកតា និងនៅខែឧសភា កាត់ទំហំ៣ហិកតារឱ្យទៅបុគ្គលឈ្មោះ តាន់ វណ្ណា និង៨ហិកតារផ្សេងទៀតឱ្យទៅឈ្មោះ តាំង ច័ន្ទពុទ្ធាវី។
គិតត្រឹមឆ្នាំ២០១៨ ដល់ឆ្នាំ២០២១ ទំហំដីបឹងតាមោកជាង២ពាន់ហិកតារ ក្នុងទំហំសរុបជាង៣ពាន់ហិកតា (៣.២៣៩) ត្រូវបានរដ្ឋាភិបាលកាត់ឆ្វៀល និងដោះដូរ ទៅឱ្យស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជនអ្នកមានលុយមានអំណាច និងក្រុមគ្រួសាររបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ខណៈផ្ទៃដីបឹងដែលនៅសេសសល់ត្រូវបានគេប៉ាន់ប្រមាណថានៅសល់ជាង១ពាន់ហិកតារទៀតប៉ុណ្ណោះ។ គ្រប់ពេលកាត់ឆ្វៀលដីម្ដងៗ រដ្ឋាភិបាលតែលើកឡើងថា ជាការធ្វើដើម្បីអភិវឌ្ឍន៍ ដោយកសាងអគារ បុរី វីឡា ខុនដូទំនើបៗ ខណៈប្រជាពលរដ្ឋមិនបានទទួលផលប្រយោជន៍ពីការអភិវឌ្ឍទាំងនោះ និងប្រឈមបណ្ដេញចេញទាំងបង្ខំគ្រប់ពេល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។