សកម្មជន​ទាមទារ​ឲ្យ​លុប​ចោល​គម្រោង​អាង​ស្តុក​ទឹក​នៅ​ឧទ្យានជាតិ​ជួរ​ភ្នំ​ក្រវាញ​ខេត្ត​ពោធិ៍សាត់

0:00 / 0:00

សកម្មជន​បរិស្ថាន​ទាមទារ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​លុប​ចោល​គម្រោង​សាងសង់​អាង​ស្តុក​ទឹក ដែល​នាំ​ឲ្យ​មាន​ការ​បំផ្លិចបំផ្លាញ​ព្រៃឈើ​ជាង ៧​ពាន់​ហិកតារ ស្ថិត​ក្នុង​ឧទ្យានជាតិ​ជួរ​ភ្នំ​ក្រវាញ​ខេត្ត​ពោធិ៍សាត់។ ការ​ទាមទារ​នេះ ធ្វើ​ឡើង​ក្រោយ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បង្កើត​គម្រោង​សាងសង់​អាង​ស្តុក​ទឹក​មួយ​ដោយ​ស្ងាត់ៗ​ក្នុង​តំបន់​ស្នូល​នៃ​ឧទ្យានជាតិ​ជួរ​ភ្នំ​ក្រវាញ។

សកម្មជន​បរិស្ថាន និង​អង្គការ​សង្គម​ស៊ីវិល មិន​គាំទ្រ​គម្រោង​សាងសង់​អាង​ស្តុក​ទឹក ក្នុង​ឧទ្យានជាតិ​ជួរ​ភ្នំ​ក្រវាញ​កណ្ដាល ស្ថិត​នៅ​ភូមិ​សាស្ត្រ ឃុំ​រកាត ស្រុក​ក្រវាញ ខេត្ត​ពោធិ៍សាត់ ជាង​៧​(៧.៣១២)​ពាន់​ហិកតារ​នោះ​ទេ។ ពួកគាត់​ស្នើ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​លុប​ចោល​គម្រោង​មួយ​នេះ ដោយ​សំអាង​ថា គម្រោង​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ព្រៃ​ស្រោង ដែល​មាន​ដើម​ឈើ​ធំ​ៗ និង​សត្វ​ព្រៃ​ជា​ច្រើន​ប្រភេទ​នៅ​តំបន់​នោះ។

សកម្មជន​រិះគន់​គម្រោងអាង​ស្តុក​ទឹក​​នេះ

សកម្មជន​សិទ្ធិមនុស្ស និង​បរិស្ថាន កញ្ញា លឹម គឹមសួរ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ​ថា គម្រោង​អាង​ស្តុក​ទឹក​ខេត្ត​ពោធិ៍សាត់​នេះ គឺ​ជា​លេស​របស់​រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ ដើម្បី​ឲ្យ​ក្រុមហ៊ុន​ឯកជន និង​ក្រុម​ឈ្មួញ​ខិលខូច​រកស៊ី​អាជីវកម្ម​ឈើ​ទ្រង់ទ្រាយ​ធំ​នៅ​តំបន់​នោះ​តែ​ប៉ុណ្ណោះ ពីព្រោះ​បច្ចុប្បន្ន​ព្រៃឈើ​ដែល​មាន​តម្លៃ​នៅ​សល់​តែ​តំបន់​ឧទ្យានជាតិ​ជួរ​ភ្នំ​ក្រវាញ។ កញ្ញា​បន្ថែម​ថា សព្វ​ថ្ងៃ​មាន​គម្រោង​វារីអគ្គិសនី​ធំ​ៗ​ចំនួន​២ ក្នុង​ខេត្ត​កោះកុង និង​ខេត្ត​ពោធិ៍សាត់ ដែល​កំពុង​គំរាមកំហែង​ដល់​ព្រៃឈើ​នៅ​តំបន់​នោះ​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ប្រសិនបើ​រដ្ឋាភិបាល​អនុវត្ត​គម្រោង​អាង​ស្តុក​ទឹក​ខេត្ត​ពោធិ៍សាត់​មែន​នោះ រដ្ឋាភិបាល​នៅ​តែ​គ្មាន​ឆន្ទៈ​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ​​ដដែល។

កញ្ញា លឹម គឹមសួរ៖ «យល់​ថា​វា​ជា​លេស​មួយ​ពី​រដ្ឋាភិបាល​ក៏​ដូច​ជា​ក្រុមហ៊ុន​ដែល​ចង់​បាន​ផល​ពី​ធនធាន​ធម្មជាតិ​នៅ​តំបន់​នោះ ដើម្បី​រក្សា​បាន​នូវ​គម្រប​ព្រៃឈើ ក៏​ដូច​ជា​ថែរក្សា​ព្រៃឈើ​នៅ​តំបន់​នោះ​ខ្ញុំ​គិត​ថា​រដ្ឋាភិបាល​គួរ​តែ​បញ្ឈប់​គម្រោង​នឹង ហើយ​ព្យាយាម​សាកល្បង​បក​ត្រឡប់​មក​ទន្លេសាប​វិញ ស្វែង​វិធីសាស្ត្រ​សំអាត​ទន្លេសាប​ដើម្បី​យក​ទឹក​មក​ប្រើប្រាស់ ជៀសវាង​ជីក​អាងស្តុកទឹក​នៅ​ក្នុង​តំបន់​មួយ​ដែល​ធ្វើ​អោយ​រង​ផល​ប៉ះពាល់​ដល់​ធនធាន​ធម្មជាតិ​យើង»។

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ពោធិ៍សាត់ លោក អេង រស្មី ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ។

អាជ្ញាធរ​​មិន​ទាន់​ចុះ​សិក្សា​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​នៅ​តំបន់​នោះ

រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​ពាក់ព័ន្ធ​មិន​ទាន់​ចុះ​សិក្សា​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​នៅ​តំបន់​នោះ និង​ផ្សព្វផ្សាយ​គម្រោង​អាង​ស្តុក​ទឹក​ទុក​ខេត្ត​ពោធិ៍សាត់​នេះ ជា​សាធារណៈ​នៅ​ឡើយ​នោះ​ទេ បន្ទាប់​ពី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម កាល​ពី​ខែ​កក្កដា ឆ្នាំ​២០២៤ បាន គ្រោង​យក​ដី​ព្រៃ​ស្រោង​ក្នុង​ឧទ្យានជាតិ​ជួរ​ភ្នំក្រវាញ​កណ្ដាល នៅ​ស្រុក​ក្រវាញ ខេត្ត​ពោធិ៍សាត់ ជាង​៧ (៧.៣១២) ពាន់​ហិកតារ ដើម្បី​ធ្វើ​ជា​អាងស្តុកទឹក​​ទុក​ដោយ​អះអាង​ដើម្បី​ប្រើប្រាស់​ទៅ​តាម​ប្រព័ន្ធ​ធារាសាស្ត្រ​នានា​ក្នុង​ខេត្ត​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ នាយក​ប្រតិបត្តិ នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក ហេង គឹមហុង លើក​ឡើង​ថា អាជ្ញាធរ​ត្រូវ​សិក្សា​វាយ​តម្លៃ​អំពី​ផល​ប៉ះពាល់​ឲ្យ​បាន​ត្រឹមត្រូវ និង​ត្រូវ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ។ លោក​ថា ប្រសិនបើ​គម្រោង​មួយ​នេះ​បង្ក​ឲ្យ​ផល​ប៉ះពាល់​ទៅ​ដល់​ធនធាន​ធម្មជាតិ និង​ជីវចម្រុះ​នៅ​តំបន់​នោះ​ធ្ងន់ធ្ងរ រដ្ឋាភិបាល​គួរ​តែ​ពិចារណា​លុប​ចោល​នូវ​គម្រោង​អាងស្តុកទឹក​នេះ។

លោក ហេង គឹមហុង៖ «ជា​ចំណុច​សំខាន់​ដែល​ខ្ញុំ​គិត​ថា​សំខាន់​ត្រូវ​តែ​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​វិភាគ ជជែក​ពិភាក្សា​ជាមួយ​ពី​ភាគី​ពាក់ព័ន្ធ​បន្ថែម​ទៀត​ដែរ នឹង​ជា​អ្វី​ដែរ​ខ្ញុំ​លើក​ទឹក​ចិត្ត​អោយ​មាន​ការ​គិតគូរ ហើយ​បើ​សិន​ជា​រក​ឃើញ​អំពី​ទំហំ​នៃ​ផល​ប៉ះពាល់​វា​តិច​ជាង​ផល​ប្រយោជន៍ អាច​ប្រឈម​មុខ វា​ផល​ប៉ះពាល់​ដល់​តំបន់​ស្នូល​ជីវចម្រុះ តំបន់​ដែល​មាន​សក្ដានុពល​គួរ​តែ​ពិចារណា​ឲ្យ​មាន​ការ​លុប​ចោល​គម្រោង​នេះ។

អត្ថបទ​ដែល​ទាក់ទង៖

ពលរដ្ឋ​ខេត្ត​កំពង់ស្ពឺ​ជាង ៨០​គ្រួសារ​ប្ដេជ្ញា​ការពារ​ព្រៃ​នៅ​ជួរ​ភ្នំ​ក្រវាញ​កណ្តាល ដើម្បី​ទាក់ទាញ​​ទេសចរOpens in new window ]

តើ​រាជរដ្ឋាភិបាល​អាច​បោះបង់​មហិច្ឆតា​សាងសង់​ទំនប់​វារីអគ្គិសនី​អារ៉ែង​ឬ​ទេ?Opens in new window ]

ឧទ្យានជាតិ​ជួរ​ភ្នំក្រវាញ ជា​តំបន់​អភិរក្ស​ព្រៃ​ឈើ និង​សត្វ​ព្រៃ​ដ៏​សំខាន់​របស់​កម្ពុជា ដែល​មាន​ផ្ទៃ​ដី​ជាង​៤សែន (៤០១.៣១៣)ហិកតារ ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​ជាប់​ខេត្ត​កោះកុង ខេត្ត​ពោធិ៍សាត់ ខេត្ត​កំពង់ស្ពឺ។ ឧទ្យានជាតិ​មួយ​នេះ សម្បូរ​ទៅ​ដោយ តំបន់​ទេសចរណ៍​ធម្មជាតិ តំបន់​ការពារ​ទេសភាព និង​ជា​តំបន់​វប្បធម៌ ប្រពៃណី​របស់​ជនជាតិ​ដើម​ភាគតិច និង​ព្រៃឈើ​ដ៏​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ ដែល​មាន​សត្វព្រៃ​កម្រ​គ្រប់​ប្រភេទ ដូចជា ដំរីអាស៊ី ខ្លាពពក ក្រពើភ្នំ ខ្លាឃ្មុំធំ ខ្លា​ឃ្មុំ​តូច និង​សត្វ​កែះ ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។