សកម្មជនការពារព្រៃឈើរកឃើញដើមឈើផលិតជ័រទឹក ឬដើមច្បោះជ័រប្រមាណជាង ៥ពាន់ដើមត្រូវគេកាប់ផ្ដួល ដើម្បីធ្វើអាជីវកម្ម ឋិតក្នុងដែនជម្រកសត្វ ព្រៃព្រះរកា ក្នុងខេត្តព្រះវិហារ នៅរយៈពេលជាង ៣ខែចុងក្រោយនេះ។ ការលើកឡើងនេះ ក្រោយពីពួកគេបានចុះស្រាវជ្រាវពីឧក្រិដ្ឋកម្មព្រៃឈើនៅតំបន់នោះអស់ជាច្រើនសប្ដាហ៍ ចាប់តាំងពីចុងឆ្នាំ២០២១ រហូតដល់ខែមីនា ឆ្នាំ២០២២។
សកម្មជនការពារព្រៃឈើអះអាងថា ដើមឈើផលិតជ័រទឹក ដែលគេកាប់រំលំយកដើមលក់ទាំងនេះ មានមុខកាត់ចាប់ពី ៥តឹក ដល់ជាង ១ម៉ែត្រ ប្រវែងចាប់ពី ៦ម៉ែត្រ ដល់ជាង ២០ម៉ែត្រ ត្រូវគេកាប់ផ្ដួល ឋិតនៅ ៨ចំណុចផ្សេងៗ គ្នា ក្នុងដែនជម្រកសត្វ ព្រៃព្រះរកា។
ពួកគេស្ដាយស្រណោះសម្បត្តិធម្មជាតិដ៏មានតម្លៃបន្សល់ចុងក្រោយនេះ ដែលជាប្រភពចំណូលសេដ្ឋកិច្ចយ៉ាងសំខាន់របស់ពលរដ្ឋ នៅតែទទួលរងការកាប់បំផ្លិចបំផ្លាញអស់ជាច្រើនពាន់ដើម គិតចាប់ពីចុងខែធ្នូ ឆ្នាំ២០២១ រហូតដល់ដើមខែមីនា ឆ្នាំ២០២២ នេះ។
សកម្មជនការពារបរិស្ថានដែលចុះសង្កេតរឿងនេះ លោក ហេង ស្រស់ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២០ ខែមីនាថា ពួកលោកបានប្រើពេលជាច្រើនសប្ដាហ៍ ដើម្បីស្រាវជ្រាវ និងស៊ើបអង្កេតក្នុងព្រៃព្រះរកា ដោយរាប់គល់ឈើ និងសម្ភាសម្ចាស់ច្បោះជ័រ ដែលពួកគាត់ បានបង្ខំចិត្តលក់ដើមឈើទាលដែលខ្លួនកំពុងអាស្រ័យផល។
លោកបន្តថា ពួកលោករកឃើញពលរដ្ឋ ១៥គ្រួសារ បានលក់ដើមច្បោះ ជ័រទឹកក្នុងព្រៃអភិរក្សនេះ ដោយក្នុងម្នាក់ៗ មានដើមច្បោះជ័រ ក្នុងចន្លោះចាប់ពី ៣០០ ទៅ ៥០០ដើម ហើយក្នុងមួយដើម មានតម្លៃចន្លោះចាប់ពី ៤ម៉ឺនរៀល ដល់ ១០ម៉ឺនរៀល។ លោកបន្ថែមថា មូលហេតុចម្បង ដែលពលរដ្ឋបង្ខំចិត្តលក់ដើមច្បោះជ័រឱ្យឈ្មួញ ដោយសារពួកគាត់គ្មានលទ្ធភាពការពារ៖ «ស្នើទៅរដ្ឋាភិបាលឱ្យមានចំណាត់ការម៉ឺងម៉ាត់ លើយន្តការការពារព្រៃឈើ នៅតំបន់ព្រៃព្រះរកា ព្រោះយើងមើលឃើញថា រយៈពេល ៧ឆ្នាំសោះ បែរជាតំបន់ព្រៃព្រះរកា បានក្លាយជា ព្រៃតម្រូវការទៅហើយ។ គ្រប់ច្រកទាំងអស់ សុទ្ធតែមានគោយន្តចូលដឹកឈើ ចេញពីដែនជម្រកសត្វព្រៃព្រះរកា » ។
សកម្មជនបរិស្ថានរូបនេះបន្ថែមថា ឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថានហាក់មិនខ្វល់ខ្វាយទប់ស្កាត់បទល្មើសព្រៃឈើក្នុងតំបន់អភិរក្សនេះទេ។ លោកថា មន្ត្រីនគរបាលយុត្តិធម៌ ដែលឈរជើងយាមព្រៃនៅទីនោះ អសមត្ថភាពការពារធនធានធម្មជាតិ ដែលច្បាប់ផ្តល់សិទ្ធិឱ្យធ្វើឱ្យព្រៃឈើវិនាសហិនហោច។ លោកបញ្ជាក់ថា ពួកលោកនឹងធ្វើរបាយការណ៍ភ្ជាប់ភស្តុតាងច្បាស់លាស់ ដាក់ជូនក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធជាថ្មីទៀត ដើម្បីរកដំណោះស្រាយឱ្យមានប្រសិទ្ធភាពនៅពេលឆាប់ៗ នេះ។
របាយការណ៍ស្រាវជ្រាវ របស់សកម្មជនបរិស្ថាន បង្ហាញថា ឈើមូលធំៗ ជាង ៥ពាន់ដើម ដែលគេកាប់បំផ្លាញទាំងនេះ ឋិតនៅ ៨ចំណុចផ្សេងៗ គ្នា គឺចំណុចយក្សពើតវាលខ្លុង ដីបូកក្រហមវាលកើបអូរតាម៉ាក់អូរដារអូរចែម៉ាស់និងចំណុចថ្មព្រះ ឋិតក្នុងដែនជម្រកសត្វព្រៃព្រះរកា នៃស្រុកឆែប និងស្រុកត្បែងមានជ័យ។
បេសកកម្មចុះស្រាវជ្រាវនេះ ធ្វើឡើងជាបន្តបន្ទាប់ ចាប់តាំងពីចុងឆ្នាំ២០២១ រហូតដល់ដើមខែមីនា ឆ្នាំ២០២២ ក្នុងបំណងតាមដានពីស្ថានភាពព្រៃអភិរក្សមួយនេះ ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន។
តំណាងសហគមន៍ការពារព្រៃព្រះរកា លោក ហែត ណៃ ចាត់ទុក របាយការណ៍ស្រាវជ្រាវនេះ ឆ្លុះបញ្ចាំងពីការពិត។ លោកសង្កេតឃើញថា អ្នកភូមិជាង ១០គ្រួសារ បានបង្ខំចិត្តលក់ដើមច្បោះជ័រទឹកចន្លោះចាប់ពី ៣រយដើម ទៅជាង ១ពាន់ដើម ព្រោះតែគ្មានជម្រើសដោយក្រុមឈ្មួញតែងតែគំរាមកំហែងដល់ម្ចាស់ច្បោះ។
លោកថា ម្ចាស់ច្បោះទាំងនោះបានសារភាព ប្រាប់ប្រជាសហគមន៍ថា ពួកគាត់មិនអាចការពារដើមឈើផលិតជ័រទឹកទាំងនេះបានទេ។ រីឯប្រជាសហគមន៍ការពារព្រៃព្រះរកា ក៏មិនអាចជួយដោះស្រាយបញ្ហានេះ ជូនអ្នកភូមិបានដែរ ព្រោះអាជ្ញាធរតែងតែហាមប្រាមមិនឱ្យពួកលោកចូលល្បាតព្រៃជិត ៣ឆ្នាំមកហើយ៖ « លួចលក់នេះ ក៏គ្នាបង្ខំចិត្តលក់ដែរ បើមិនលួចលក់ទេ តាមតែគេ ក៏វាកាប់យកតែម្ដង។ ខាងសហគមន៍យើងក៏ជួយការពារគាត់មិនបានដែរ ព្រោះគាត់រារាំង។ នៅឃុំប្រមេរ ឈ្មោះជឿន ដើមច្បោះជ័រគាត់ ៨ពាន់ដើម លក់បាន ៨ពាន់ដុល្លារ » ។
តំណាងសហគមន៍រូបនេះបន្ថែមថា តំបន់ព្រៃព្រះរកា នៅសល់ដើមច្បោះជ័រច្រើនជាងគេ នៅចំណុចអូរទ្រម៉ាក់ អូរទ្រម៉ាក់ខាងក្រោម អូរត្រយោល អូរត្រប់ និងប្រឡាយសង្ខាំ កំពុងឋិតក្នុងស្ថានភាពគ្រោះថ្នាក់ ដោយមានពលរដ្ឋខ្លះលក់ដើមច្បោះជ័រជាច្រើនដើម ដោយទទួលបានប្រាក់ជាង ៧ពាន់ដុល្លារ។ លោកថា អ្នកទិញច្បោះភាគច្រើន គឺប្រមូលទិញទាំងអស់ រួចគេបញ្ជូនកម្លាំងកម្មករប្រើរណាយន្តកាប់រំលំដោយមានការបើកដៃពីឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាន។

វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីប្រធានដែនជម្រកសត្វព្រៃព្រះរកាលោក យ៉ាន់ ប៊ុនសឿន និងអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា បាននៅឡើយទេ នៅថ្ងៃទី ២០ មេសា ព្រោះទូរស័ព្ទហៅចូល តែគ្មានអ្នកលើក។
ចំណែក ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារលោក សុង ចាន់សុជាតិ បដិសេធមិនផ្តល់បទសម្ភាសន៍ប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទនោះទេ ដោយលោកជំរុញឱ្យមកជួបលោកផ្ទាល់៖ «អញ្ជើញមកមន្ទីរមក ខ្ញុំនឹងផ្តល់ជូនបង ឥលូវខ្ញុំកំពង់ប្រជុំដែរ »។
ជុំវិញរឿងនេះ មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ ចាត់ទុកការលក់ដើមច្បោះជ័ររបស់ពលរដ្ឋ គឺជាទង្វើខុសច្បាប់ ដែលអាជ្ញាធរពាក់ព័ន្ធគួរតែហាមឃាត់ និងស្រាវជ្រាវឱ្យច្បាស់លាស់ករណីនេះ។ លោកបញ្ជាក់ថា មន្ត្រីដែលពាក់ព័ន្ធជាមួយពលរដ្ឋលក់ច្បោះជ័រឱ្យឈ្មួញ ក៏រួមចំណែកប្រព្រឹត្តអំពើល្មើសច្បាប់ដែរ។
សកម្មជនការពារបរិស្ថានបន្ថែមថា បច្ចុប្បន្នមានរោងសិប្បកម្មកែច្នៃឈើ និងដេប៉ូប្រមូលទិញឈើរាប់សិបកន្លែង នៅជុំវិញតំបន់ដែនជម្រកសត្វ ព្រៃព្រះរកា ក្នុងស្រុកចំនួន៣ របស់ខេត្តព្រះវិហារ។ ពួកគេអះអាងថា រោងសិប្បកម្មកែច្នៃឈើទាំងនោះ បានប្រមូលទិញឈើពីដែនជម្រកសត្វព្រៃព្រះរកា ដែលជាប្រភពនៃវិនាសកម្មព្រៃឈើ។
ដែនជម្រកសត្វព្រៃព្រះរកា ត្រូវក្រសួងបរិស្ថានដាក់បញចូលជាព្រៃអភិរក្សមានទំហំ ៩ម៉ឺន ៦ពាន់ហិកតារ នៅភូមិសាស្ត្រប្រជុំបីស្រុក គឺស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែប របស់ខេត្តព្រះវិហារ។ ក្រសួងបរិស្ថានធ្លាប់លើកឡើងថា សព្វថ្ងៃ ព្រៃអភិរក្សមួយនេះ មានឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថានចំនួន ១៤នាក់ ដែលឈរជើងការពារព្រៃ ដោយមិនបានសហការជាមួយប្រជាសហគមន៍ការពារព្រៃព្រះរកាជិត ៣ឆ្នាំមកហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។