សកម្មជន​បរិស្ថាន​ប្រតិកម្ម​នឹង​រដ្ឋាភិបាល​កម្ពុជា​ទាមទារ​អាមេរិក​ឱ្យ​ដោះ​លែង​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​កសិកម្ម ដែល​ជួញ​ដូរ​សត្វ​ស្វា

0:00 / 0:00

សកម្មជន​បរិស្ថាន​រិះគន់​រដ្ឋាភិបាល លោក ហ៊ុន សែន ថា ការ​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​អាមេរិក​ដោះ​លែង​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​កសិកម្ម​ជុំវិញ​ករណី​ជួញដូរ​ស្វា​ខុស​ច្បាប់ ជា​រឿង​គួរ​ឱ្យ​អាម៉ាស់​សម្រាប់​កម្ពុជា។ ពួក​គាត់​ថា រដ្ឋាភិបាល​កម្ពុជា​គួរ​សហការ​ជាមួយ​អាមេរិក​ដំណើរការ​នីតិវិធី​តាម​ផ្លូវច្បាប់ ដើម្បី​រក​ការ​ពិត ប្រសើរ​ជាង​ប្រកែក​មិន​ទទួល​ស្គាល់​កំហុស។ អ្នក​សិក្សា​ផ្នែក​ច្បាប់​យល់​ថា ក្រសួង​កសិកម្ម​គួរ​ស្វែងរក​ភស្តុតាង​បញ្ជាក់​ថា មន្ត្រី​របស់​ខ្លួន​គ្មាន​កំហុស និង​សហការ​ជាមួយ​តុលាការ​អាមេរិក​ទៅ​តាម​ផ្លូវ​ច្បាប់។

សកម្មជន​បរិស្ថាន​លើក​ឡើង​ថា វា​គឺជា​រឿង​ដ៏​គួរ​ឱ្យ​អាម៉ាស់ សម្រាប់​កម្ពុជា​បន្ទាប់​ពី​រដ្ឋាភិបាល តាម​រយៈ​ក្រសួង​ការ​បរទេស កាល​ពី​ថ្ងៃ​ទី១៨ វិច្ឆិកា បាន​ចេញ​លិខិត​រក្សា​គោលជំហរ​ជំទាស់​ទៅ​នឹង​ការ​ចាប់​ខ្លួន​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​កសិកម្ម​ជុំវិញ​ករណី​រត់​ពន្ធ​សត្វ​ស្វា​ក្ដាម ពេល​ដែល​ភាគី​អាមេរិក​មាន​ទាំង​ភស្តុតាង និង​លទ្ធផល​ស្រាវជ្រាវ​ច្បាស់លាស់។

ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ លោក អាឡិច ហេនដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២១ ​វិច្ឆិកា​ថា នេះ​ជា​រឿង​អាម៉ាស់ និង​ជា​រឿង​ដដែលៗ នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន សម្រាប់​មន្ត្រី​ក្នុង​ក្រសួង​នានា ដែល​តែងតែ​ឃុបឃិត​គ្នា​រកស៊ី​ខុស​ច្បាប់។ លោក​បន្ត​ថា ការ​ស្នើសុំ​ដោះលែង​មន្ត្រី​រូប​នេះ​នៅ​ក្រៅ​ឃុំ ​ប្រៀប​បាន​នឹង​កម្ពុជា​ស្នើ​ឱ្យ​រដ្ឋាភិបាល​អាមេរិក​រំលោភ​លើ​ឯករាជភាព​តុលាការ ដែល​វា​ជា​រឿង​មិន​អាច​ទៅ​រួច​នោះ​ឡើយ ​ត្បិត​ប្រព័ន្ធ​តុលាការ​នៅ​អាមេរិក​មាន​ភាព​តឹងរ៉ឹង ​ខណៈ​ករណី​នេះ​គឺជា​រឿងក្ដី​ធ្ងន់ធ្ងរ ​ថែមទាំង​មាន​ភស្តុតាង​រឹង​មាំ​ទៀត​ផង។ ផ្ទុយពី​ការ​ប្រឹង​លាង​ជម្រះ​ខ្លួន​បែប​នេះ ​លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ព្រម​ទទួល​ស្គាល់ និង​សហការ​ជាមួយ​តុលាការ​អាមេរិក ដោយ​ឱ្យ​មន្ត្រី​រូប​នោះ​ចូលរួម​ផ្ដល់​ចម្លើយ ​និង​ទម្លាយ​ព័ត៌មាន ដើម្បី​វែកមុខ​រក​មេខ្លោង​ជួញ​ដូរ​ដទៃ​ទៀត៖

«ចំណុច​មួយ​ទៀត​ដែល​ខ្ញុំ​ចង់​និយាយ​គឺ ទាក់ទង​ជាមួយ​នឹង​អ្វី ដែល​ខ្ញុំ​ធ្លាប់​និយាយ​ពី​មុន​ដែរ ដែល​តែងតែ​និយាយ​ជា​រឿយៗ ថា ដរាបណា​គណបក្ស​ប្រជាជន​កាន់​អំណាច គឺ​អស់​សង្ឃឹម​ហើយ​សម្រាប់​ព្រៃឈើ​សម្រាប់​សត្វ​ហ្នឹង។ ឥឡូវ​យើង​មើលខ្លួន​ឯង​ទៅ​មើល សូម្បី​មេ​រដ្ឋបាល​ព្រៃឈើ​ក៏​ឃុបឃិត​គ្នា​ជាមួយ​ក្រុមហ៊ុន​ហ្នឹង ដើម្បី​ជួញ​ដូរ​សត្វ​ស្វា​ទៅ​អាមេរិក​ហ្នឹង។ ​អ៊ីចឹង​នៅ​ពេល​ដែល​គណបក្ស​ប្រជាជន​កាន់​អំណាច​ទៅ​មុខ​ទៀត យើង​ឃើញ​ច្បាស់​ហើយ សត្វ​ក៏​អស់ ព្រៃ​ក៏​អស់ ​ធនធាន​ធម្មជាតិ​ក៏​អស់»។

Alex_RFA_Live_033121_6.JPG
លោក អាឡិច ហេនដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ។ រូប៖ RFA 2021-03-31

ប្រធាន​នាយកដ្ឋាន​សត្វព្រៃ ​និង​ជីវៈ​ចម្រុះ លោក គ្រី ម៉ះផល ត្រូវ​បាន​សមត្ថកិច្ច​អាមេរិក​ចាប់​ខ្លួន ​កាល​ពី​ថ្ងៃ​ទី១៦ ខែវិច្ឆិកា ​ឆ្នាំ២០២២ ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ ចន អេហ្វ កេណ្ណេឌី (John F. Kennedy​) ​ក្នុង​រដ្ឋ​ញូវយ៉ក ​សហរដ្ឋអាមេរិក ​ពាក់ព័ន្ធ​ការ​រត់​ពន្ធ​សត្វ​ស្វា​ព្រៃ ​ឬ​ស្វាក្តាម​ខុសច្បាប់ ​ក្នុងពេលដែល​លោក​កំពុង​ធ្វើដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​លើក​ទី១៩ ​នៃ​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​ការ​ការពារ​សត្វ ​និង​រុក្ខជាតិ​ជិត​ផុតពូជ ​សាយតេស​ (​CITE​S) ​ដែល​ធ្វើឡើង​នៅ​ប្រទេស​ប៉ា​ណា​ម៉ា។ ​ក្នុង​នោះ ​អគ្គនាយក​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម លោក កែវ អូម៉ាលីស និង​បុគ្គលិក ៦នាក់​របស់​ក្រុមហ៊ុន Vanny Bio Research ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​នៅ​ក្នុង​ករណី​នេះ​ដែរ។

បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន ក្រសួង​ការ​បរទេស​កម្ពុជា និង​ក្រសួង​កសិកម្ម​នៅ​ថ្ងៃ​ទី១៧ វិច្ឆិកា បាន​បង្ហាញ​ការ​ខក​ចិត្ត និង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​អាមេរិក​ដោះ​លែង​លោក គ្រី ម៉ះផល ជា​បន្ទាន់ និង​ថែម​ទាំង​ប្ដេជ្ញា​ស្វែងរក​យុត្តិធម៌​ឱ្យ​មន្ត្រី​ទាំង​ពីរ​រូប​របស់​ខ្លួន​ទៀត​ផង។

ក្រសួងការបរទេស​កម្ពុជា​សរសេរ​ថា រដ្ឋាភិបាល​កម្ពុជា៖ «ជំរុញ​ឱ្យ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ធ្វើ​ការ​ដោះលែង ​លោក គ្រី ម៉ះផល ពី​ការ​ឃុំ​ខ្លួន​ជា​បន្ទាន់ និង​អនុញ្ញាត​ឱ្យ​លោក​ស្នាក់​នៅ​ក្នុង​ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ទី​រដ្ឋធានី​វ៉ាស៊ីនតោន ​ឌី.ស៊ី ​អំឡុង​ពេល​កំពុង​រង់ចាំ​ការ​កាត់​ទោស​នៅ​តុលាការ​ប្រចាំ​តំបន់ នៃ​ភាគ​ខាង​ត្បូង​នៃ​រដ្ឋផ្លរីដា (Florida)»។

ការ​បកស្រាយ​នេះ ​ត្រូវ​បាន​មហាជន ​អ្នក​តម​ដាន​សង្គម ​យល់​ថា រដ្ឋាភិបាល​ព្យាយាម​ដោះសា ដើម្បី​ការពារ​មន្ត្រី​ដែល​ជា​ឈ្មួញ​ជួញ​ដូរ​សត្វ​ស្វា​ដោយ​ខុស​ច្បាប់។ កន្លងទៅ​ក៏​មាន​ករណី​បទ​ល្មើស​ជួញ​ដូរ​ខុស​ច្បាប់​ពី​កម្ពុជា ដែល​រដ្ឋាភិបាល​បរទេស​បង្ក្រាប​បាន ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​ហាក់​មាន​ចេតនា​បិទបាំង និង​បិទ​ព័ត៌មាន​ទាំង​នេះ​មិន​ឱ្យ​ផ្សព្វផ្សាយ​ជា​សាធ​រណៈ​ឡើយ។ ពួក​គេ​ជឿ​ថា ប្រព័ន្ធ​ច្បាប់​សហរដ្ឋ​អាមេរិក​មាន​លក្ខណៈ​យុត្តិធម៌ និង​ត្រឹមត្រូវ​ជាង​ប្រព័ន្ធ​ច្បាប់​កម្ពុជា ដែល​អនុវត្ត​ស្តង់ដារ ២។

​វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក ជុំ សន្ទរី និង​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម លោក ស្រី វុឌ្ឍី ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​បាន​ទេ នៅ​ថ្ងៃ​ទី២១ វិច្ឆិកា​នេះ។

ចំណែក​អ្នក​សិក្សា​ផ្នែក​ច្បាប់​នៅ​កម្ពុជា លោក វ៉ន ចាន់ឡូត វិញ លោក​មើល​ឃើញ​ថា សហរដ្ឋ​អាមេរិក មាន​ប្រព័ន្ធ​ច្បាប់ និង​យុត្តិធម៌​រឹងមាំ ​ថែមទាំង​មាន​ភស្តុតាង​គ្រប់​គ្រាន់ ទើប​ឈាន​ដល់​ការ​ចាប់​ខ្លួន​មន្ត្រី​មួយ​រូប​នេះ និង​ចោទ​ប្រកាន់​លើ​គូកន​ផ្សេង​ទៀត។ លោក​យល់​ឃើញ​ថា ការ​ចាប់​ខ្លួន​មន្ត្រី​កម្ពុជា​នេះ ​អាច​ជា​តម្រុយ​បញ្ជាក់​ថា ​កម្ពុជា​មាន​ការ​ជួញ​ដូរ​ធនធាន​ធម្មជាតិ និង​សត្វ​ខុស​ច្បាប់ ​ដូច​ការ​រិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​អន្តរជាតិ​ពិត​មែន។ លោក​បន្ត​ថា ទោះបី​កម្ពុជា​មាន​សិទ្ធិ​ក្នុង​ការ​ទាមទារ ឬ​ស្នើសុំ​លក្ខខណ្ឌ​ផ្សេងៗ តែ​អាមេរិក​មាន​សិទ្ធិ​យល់​ព្រម​ឬ​បដិសេធ​ទៅ​តាម​ផ្លូវ​ច្បាប់ ព្រោះ​ជា​​ដែន​អធិបតេយ្យ​របស់​សហរដ្ឋ​អាមេរិក។ យ៉ាង​ណា​លោក​ជំរុញ​រដ្ឋាភិបាល​កម្ពុជា ស្វែងរក​ភស្តុតាង​ការពារ​មន្ត្រី​របស់​ខ្លួន តាម​ការ​អះអាង​ដែល​ថា ពួក​គេ​ស្អាតស្អំ​មិន​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​ជួញ​ដូរ​ស្វា​ខុស​ច្បាប់​នេះ៖

«ហើយ​បើសិនជា​ក្នុង​នោះ​ពិតជា​ទាក់ទិនទៅនឹង​ការ​ជួញ​ដូរ​សត្វ​ស្វា​ដោយ​ខុសច្បាប់​ពិតមែន ​ខ្ញុំ​គិត​ថា សហរដ្ឋអាមេរិក​គេ​នឹង​អនុវត្ត​ច្បាប់​របស់​គេ​ហើយ ​ព្រោះ​មិន​អាច​នឹង​ធ្វើ​ឱ្យ​ប្រព័ន្ធ​ច្បាប់​របស់​គេ​ខូចខាត ​ដោយសារតែ​ការ​អធ្យាស្រ័យ​ដោយ​ប្រើ​មនោសញ្ចេតនា ​សឹងតែ​ថា​មិន​អាច​កើតមាន​ទេ»។

ក្រសួងយុត្តិធម៌​អាមេរិក ​បាន​បង្ហាញ​ភស្តុតាង​ដាក់​បន្ទុក​ចំនួន៣១ ​រួម​មាន ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ ​និង​ការ​​​ដឹកជញ្ជូន​សត្វ​ស្វា​រាប់​រយ​ក្បាល​ ក្រោម​ឯកសារ​ក្លែង​បន្លំ ​ទៅកាន់​រដ្ឋផ្លរីដា (Florida) ​និង​រដ្ឋ​តិច​សា​ស់ (Texas) នៃ​សហរដ្ឋអាមេរិក ​តាមរយៈ​ក្រុមហ៊ុន​ស្រាវជ្រាវ​ផ្នែក​ជីវសាស្ត្រ​ឯកជន​មួយ​ឈ្មោះ វ៉ាន់នី បៃអូ រីស៊ើច (Vanny Bio Research) របស់​ចិន​ហុងកុង (Hong kong) នៅ​ក្នុង​ខេត្តពោធិ៍សាត់ ប្រទេស​កម្ពុជា។

សេចក្ដីថ្លែង​ការណ៍​ដែល​ចេញ​ដោយ​ការិយាល័យ​មេធាវី​សហរដ្ឋអាមេរិក ​ប្រចាំ​តំបន់​ភាគ​ខាងត្បូង​នៃ​រដ្ឋផ្លរីដា កាលពី​ថ្ងៃ​ទី១៦ ខែវិច្ឆិកា បង្ហាញ​ថា ​ជន​សង្ស័យ​ទាំង ​៨នាក់​ត្រូវ​បាន​ចោទប្រកាន់​ថា ពាក់ព័ន្ធ​នឹង​ការសមគំនិត​ក្នុង​ការនាំចូល​ដោយ​ខុសច្បាប់ ​និង​ការ​រត់​ពន្ធ​សត្វព្រៃ។ ​ក្នុង​នោះ​មាន​សត្វ​ស្វា​ក្តាម​ចំនួន ៣ពាន់​ក្បាល ​ត្រូវ​បាន​អនុញ្ញាត ​ហើយ​មន្ត្រី​ក្រសួង​កសិកម្ម​ក៏​ទទួលការ​ទូទាត់​ជា​សាច់ប្រាក់​ត្រឡប់​មកវិញ​ដែរ។ ​សត្វ​ស្វា​ទាំងនោះ​ត្រូវ​បាន​គេ​នាំចេញ​ក្នុង​គោលដៅ​វេជ្ជសាស្ត្រ ​ធ្វើ​ពិសោធន៍​ដើម្បី​ផលិត​ឱសថ ​វ៉ាក់សាំង ​ឬ​គ្រឿងសម្អាង។​

ក្រសួង​កសិកម្ម​ផ្តល់​អំណះអំណាង​ថា ​សត្វ​ស្វា​ក្ដាម​ទាំងនេះ​ជា​សត្វ​គឺ​ជា​សត្វ​ចិញ្ចឹម ​មាន​ច្បាប់​ត្រឹមត្រូវ ​មិនមែន​ចាប់ពី​ក្នុង​ព្រៃ​ឧទ្យាន​ជាតិ ​និង​តំបន់​ការពារ ​ដូច​ការចោទប្រកាន់​របស់​អាមេរិក​នោះ​ឡើយ។

សត្វ​ស្វា​ក្ដាម ​គឺជា​ប្រភេទ​សត្វព្រៃ​ដែល​ជិត​ផុតពូជ​មួយ​នៅ​លើ​ពិភពលោក ​ដែល​ត្រូវ​បានការ​ពារ​ដោយ​អនុសញ្ញា​ស្ដីពី​ការ​ហាមប្រាម​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​លើ​ប្រភេទ​សត្វ ​និង​រុក្ខជាតិ​ព្រៃ​ ដែល​ប្រឈម​នឹង​ការ​ជិត​ផុតពូជ ​ហៅ​​កាត់​ថា សាយតេស (CITES) និង​ដោយ​ច្បាប់​របស់​សហរដ្ឋ​អាមេរិក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។