សកម្មជន​បរិស្ថាន​រិះគន់​រដ្ឋាភិបាល​​ ដែល​កាត់​ដី​​ឧទ្យានជាតិ​បទុមសាគរ​ឱ្យ​ឧកញ៉ា គិត ម៉េង

0:00 / 0:00

សកម្មជន​បរិស្ថាន​សោក​ស្ដាយ​ ដែល​រដ្ឋាភិបាល​បន្ត​កាត់​ដី​ឧទ្យានជាតិ​បទុមសាគរ​ជា​បន្តបន្ទាប់​រហូតដល់​ជាង​ ១៥ម៉ឺន​​ (១៥៨.២៥២)ហិកតារ ឬ​ប្រមាណ​ជិត​​ ​៨៧ភាគ​រយ​នៃ​ឧទ្យានជាតិ​​បទុមសាគរ​ ឬ​​​មាន​ទំហំ​ធំ​ជាង​ពីរ​ដង (២,៣) នៃ​ផ្ទៃ​ដី​រាជធានី​ភ្នំពេញ​ ​​ឱ្យ​ទៅ​ក្រុម​ឧកញ៉ា​មួយ​ចំនួន​ ដូច​ជា​ ឧកញ៉ា​ គិត ម៉េង ដែល​ធ្វើ​ឱ្យ​បាត់​បង់​ព្រៃឈើ​ និង​ដី​ធ្លី​ផ្ទះ​សម្បែង​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ។ សកម្មជន​បរិស្ថាន​ទទូច​ដល់​ប្រជាពលរដ្ឋ​ប្រើប្រាស់​សិទ្ធិ​​​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដក​ហូត​ដី​សម្បទាន​មក​វិញ​ ដើម្បី​បញ្ឈប់​​ការ​បំផ្លាញ​​ឧទ្យាន​ជាតិ​បទុមសាគរ។

សកម្មជន​បរិស្ថាន​ប្រតិកម្ម​ ចំពោះ​រដ្ឋាភិបាល​មុន ​​ដឹកនាំ​ដោយ​ លោក​ ហ៊ុន សែន ដែល​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មករា​ បាន​ចេញ​អនុក្រឹត្យ​កាត់​ដី​ ឧទ្យានជាតិ​ជាតិ​បទុមសាគរ​ជា​លើក​ទីពីរ​ឱ្យ​ក្រុម​ហ៊ុន​ រ៉ូយ៉ាល់​​ គ្រុប​ របស់​លោក គិត ម៉េង ទំហំ​ជិត​ ១ម៉ឺន​​ (៩.៩៦៨)ហិកតារ ​ខណៈ​ក្រុម​ហ៊ុន ​រ៉ូយ៉ាល់​ គ្រុប ដដែល​បាន​ទទួល​ដី​សម្បទាន​ទំហំ​ជាង​ ៨ពាន់​ (៨.៦៣១)ហិកតារ រួច​ទៅ​ហើយ​ពី​ឧទ្យាន​ជាតិ​បទុមសាគរ កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០២១។
សកម្មជន​ចលនា​មាតា​ធម្មជាតិ លោក លី ចាន់ដារ៉ាវុធ ថ្លែង​ថា ការ​កាត់​ឧទ្យានជាតិ​បន្តបន្ទាប់​ស្ទើរ​តែ​ទាំង​ស្រុង​ឱ្យ​ទៅ​ឧកញ៉ា​ និង​ក្រុម​ហ៊ុន​ឯកជន គឺ​បង្ហាញ​អំពី​ប្រព័ន្ធ​ដឹក​នាំ​រដ្ឋ​ ដែល​ផ្ដល់​ផល​ប្រយោជន៍​ទៅ​ឱ្យ​អ្នក​មាន​លុយ​ មាន​អំណាច​ ប៉ុន្តែ​ប្រព័ន្ធ​ដឹក​នាំ​នេះ​កំពុង​បំផ្លាញ​សម្បត្តិធម្មជាតិ​​របស់​ពលរដ្ឋ​ខ្មែរ។

លោក លី ចាន់ដារ៉ាវុធ៖ «ខ្ញុំ​យល់​ថា​ ការ​កាត់​ដី​ឧទ្យានជាតិ​បទុមសាគរ​ចែក​គ្នា​នៅ​ក្នុង​ចំណោម​អ្នក​ដឹក​នាំ​ខ្មែរ​ ហើយ​​និង​ឧកញ៉ា​នេះ​​បង្ហាញ​ពី​ប្រព័ន្ធ​រក​ស៊ី​មួយ​ ដែល​មិន​បាន​ផ្ដល់​ផល​ប្រយោជន៍​ឱ្យ​ជាតិ​នោះ​ទេ​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ គឺ​ជា​ប្រព័ន្ធ​ដែល​ទាញ​យក​ធន​ធាន​ពី​ប្រទេស​ជាតិ​យ៉ាង​ច្រើន​ ហើយ​ផល​ប្រយោជន៍​ទាំង​អស់​ហ្នឹង​ផ្ដល់​ឱ្យ​តែ​ឧកញ៉ា​ ឬ​អ្នក​ដឹក​នាំ​ដែល​មាន​ផល​ប្រយោជន៍​ជាប់​ពាក់​ព័ន្ធ​តែ​ប៉ុណ្ណឹង​ទេ»។

លោក លី ចាន់ដារ៉ាវុធ បន្ថែម​ថា ផល​ប៉ះពាល់​នៃ​ការ​កាត់​ដី​ឧទ្យានជាតិ​នេះ​​នឹង​កើត​ឡើង​ក្នុង​រយៈ​ពេល​ខ្លី​ និង​រយៈពេល​វែង​ រួម​មាន​ ការ​បាត់​បង់​ព្រៃ​ឈើ​ សត្វព្រៃ​ ដែល​មិន​ងាយ​នឹង​កើត​ឡើង​វិញ​ ឬ​អាច​ផុត​ពូជ​ ចំណែក​វិបត្តិ​សង្គម​វិញ​ គឺ​នឹង​ធ្វើ​ឱ្យ​​គម្លាត​អ្នក​មាន​ និង​អ្នក​ក្រ​កាន់​តែ​កើន​ឡើង​ ហើយ​​ពលរដ្ឋ​ខ្មែរ​រាប់​សែន​នាក់​បាត់​បង់​​ទី​ជម្រក និង​ដី​ស្រែ​ចម្ការ​​ ប៉ុន្តែ​មនុស្ស​មួយ​ក្រុម​កំពុង​កាន់​កាប់​ដី​រាប់​សែន​ហិកតារ​ទៅ​វិញ។ លោក លី ចាន់ដារ៉ាវុធ ទទូច​ដល់​ពលរដ្ឋ​ខ្មែរ​​ឱ្យ​ប្រើ​សិទ្ធ​ក្នុង​នាម​ពលរដ្ឋ​ក្នុង​ការ​ចូលរួម​​ទាមទារ​​រដ្ឋាភិបាល​​ឱ្យ​បញ្ឈប់​ការ​អភិវឌ្ឍ​ឧទ្យាន​ជាតិ​ ដែល​នៅ​សល់​ព្រៃ​តិច​តួច​ចុង​ក្រោយ​នេះ។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពីអភិបាល​ខេត្ត​កោះកុង អ្នក​ស្រី មិថុនា ភូថង និង​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ លោក អាង សុផល្លែត បានទេ នៅ​ថ្ងៃទី២៦ ខែ​សីហា ។

សកម្មជន​សិទ្ធិ​មនុស្ស និង​ជា​អ្នកការពារ​បរិស្ថាន​លោក សាន់ ម៉ាឡា មាន​ប្រសាសន៍​ថា ការ​​កាត់​ដី​ពី​ឧទ្យានជាតិ​បទុមសាគរ​ ឬ​តំបន់​ការពារ​ធនធាន​ធម្មជាតិ​ផ្សេងទៀត​ ​រដ្ឋាភិបាល​​មិន​ដែល​ជូន​ដំណឹង​ជា​​សាធារណៈ​អំពី​ផល​ប៉ះពាល់​ ឬ​ផល​ចំណេញ​ពី​ការ​កាត់​ធនធាន​ធម្មជាតិ​ទាំង​នោះ​ទេ។

លោក សាន់ ម៉ាឡា ថា​ ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ដែល​ជា​ម្ចាស់​វាសនា​ប្រទេសជាតិ​ ត្រូវ​តែ​ហ៊ាន​ប្រើ​សិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​ទាមទារ​តវ៉ា​រដ្ឋាភិបាល​ឱ្យ​បញ្ឈប់​គម្រោង​អភិវឌ្ឍន៍​ជា​បន្ទាន់​ ទាំង​ក្នុង​ឧទ្យានជាតិ​បទុមសាគរ ឬ​តំបន់​ការពារ​ធាន​ធាន​ធម្មជាតិ​ផ្សេង​ទៀត ព្រោះ​ធនធាន​ទាំង​អស់​នេះ​ មិនមែន​ជា​របស់​ឧកញ៉ា​ និង​អ្នក​មាន​អំណាច​ទាំង​អស់​នោះ​ទេ។

លោក សាន់ ម៉ាឡា៖ «ក្នុង​ស្ថាន​ភាព​បែប​នេះ​ ប្រសិន​បើ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តែ​បន្ត​នៅ​ស្ងៀម​មិន​នាំ​គ្នា​ប្រតិកម្ម​ មិន​នាំ​គ្នា​​ធ្វើ​សកម្មភាព​ដោយ​ផ្ទាល់​ ដើម្បី​បញ្ឈប់​បទ​ល្មើស​នៃ​ការ​ឈូស​បំផ្លិច​បំផ្លាញ​ធន​ធាន​ធម្មជាតិ​នេះ​ទេ​ រដ្ឋាភិបាល​ប្រហែល​ជា​គេ​មិន​ស្ដាប់​ គេ​មិន​មាន​ទម្ងន់​អ្វី​ពិចារណា​ ឬ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ម្ដង​ទៀត​ ដើម្បី​បញ្ឈប់​ផែន​ការ​នៅ​ក្នុង​​ការ​ផ្ដល់​ ឬ​ការ​កាត់​ប្រគល់​ដី​តាម​តំបន់​ការពារ​ធម្មជាតិ​នេះ​ទៅ​ឱ្យ​វិស័យ​ឯកជន​នោះ​ទេ»។

ឧទ្យានជាតិ​បទុម​សាគរ​បាន​ចុះ​បញ្ជី​ជា​តំបន់​អភិរក្ស ដោយ​ព្រះ​រាជក្រឹត្យ​ព្រះបាទ នរោត្តម សីហនុ កាល​ពី​ឆ្នាំ១៩៩៣ មាន​ផ្ទៃ​ដី​ជិត ២​សែន​ហិកតារ (១៨៣.៤០៨)​។ ប៉ុន្តែ ​លោក ហ៊ុន សែន កាត់ឧទ្យានជាតិ​នេះ​ចេញ​ជា​បន្តបន្ទាប់ ដូច​ជា ​​កាត់​ដី​ដល់​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​ចិន​ (UDG) ចំនួន​ជិត​មួយ​ម៉ឺន​ (៩.១០០)ហិកតារ​​នៅ​ក្នុង​ឆ្នាំ​២០១១ និង​កាត់​ដី​ឱ្យ​ក្រុមហ៊ុន​​កូន​ប្រុស​របស់​អ្នក​ឧកញ៉ា លី យ៉ុងផាត់ ចំនួន​ជាង ៦ពាន់​ (៦.២៣៤)ហិកតារ​ក្នុង​ឆ្នាំ​២០២៣​ ជា​ដើម​។ ដូច្នេះ ​បើ​បូក​ទាំង​​ការ​កាត់​ដី​ឧទ្យានជាតិ​បទុមសាគរ​ចំនួន​ពីរ​លើក​ឱ្យ​មហាសេដ្ឋី គិត ម៉េង ចំនួន​ជិត ២ម៉ឺន​ ហិកតារ​ទៀត​នោះ​ ​ធ្វើ​ឱ្យ​ឧទ្យានជាតិ​បទុមសាគរ​កាន់​តែ​រួញ​តូច​បំផុត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។