សកម្មជន​បរិស្ថាន​ និង​សង្គម​ស៊ីវិល​រិះគន់​អភិបាល​ស្រុក​ព្រៃ​នប់​ខេត្ត​ព្រះសីហនុ​បណ្ដោយ​ឱ្យ​ក្រុម​ឈ្មួញ​លុប​ឆ្នេរ​សមុទ្រ​រាម​ធ្វើ​ជា​ដី​ឡូត៍​លក់

0:00 / 0:00

សកម្មជន​បរិស្ថាន​ និង​សង្គម​ស៊ី​វិលរិះ​គន់​អភិបាល​ស្រុក​ព្រៃ​នប់​ខេត្ត​ព្រះ​សីហនុ​ដែល​បណ្ដោយ​ឱ្យ​ក្រុម​ឈ្មួញ​អចល​ទ្រព្យ​លុប​ដី​ឆ្នេរសមុទ្រ​រាម ដែល​ជាប់​នឹង​រង្វង់​មូល​ព្រះ​សេវៈ លក់​ចេញ​ជា​ដី​ឡូត៍ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន។ ការ​រិះគន់​នេះ​ក្រោយ​ពី​ពួក​គេ​មើល​ឃើញ​ថា​ អាជ្ញាធរ​ពាក់​ព័ន្ធ​មិន​អើពើ​ទប់​ស្កាត​ការ​លុប​ឆ្នេរ​សមុទ្រ​នេះ​ឱ្យ​បាន​ត្រឹម​ត្រូវ​ឡើយ។

សកម្មជន​បរិស្ថាន និង​សង្គម​ស៊ីវិល លើក​ឡើង​ថា ឆ្នេរ​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ អាច​នឹង​ក្លាយ​ជា​ដី​គោក​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ប្រសិន​បើ​អាជ្ញាធរ​នៅ​តែ​បណ្ដែត​បណ្ដោយ​ឱ្យ​ជន​ខិល​ខូច​ចាក់​ដី​លុប​ឆ្នេរ​ដូច​បច្ចុប្បន្ន​នោះ។

មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​ហៅ​កាត់​ថា CYN លោក ម៉ា ចិត្រា ឱ្យ​ដឹង​ថា​ ការ​លុប​ឆ្នេរ​សមុទ្រ​នៅ​កម្ពុជា​ ហាក់​ដូច​ជា​ធ្វើ​តាម​តែ​អំពើ​ចិត្ត​របស់​អ្នក​មាន​អំណាច​ដោយ​មិន​បាន​គិត​ឱ្យ​បាន​ស៊ី​ជម្រៅ​ជុំវិញ​បញ្ហា​ប៉ះ​ពាល់​ដល់​បរិស្ថាន។ លោក​មើល​ឃើញ​ថា​ បើ​សិន​ជា​បញ្ហា​នេះ​នៅ​តែ​បន្ត​កើត​មាន​ជា​ហូរ​ហែ​បែប​នេះ ​នឹង​ធ្វើ​ឱ្យ​ខូច​សោភ័ណ​ភាព​ឆ្នេរ​ រួម​នឹង​សម្បត្តិ​សាធារណៈ ​ដែល​អាជ្ញាធរ​ពាក់​ព័ន្ធ​គួរ​តែ​ត្រូវ​បាន​ថែ​រក្សា​ជា​រួម​មិន​គួរ​លក់​ឱ្យ​ក្រុម​ឯកជន​ណា​មួយ​នោះ​ទេ៖ « ចំពោះ​ខ្ញុំ​យល់​ថា ​វា​ពុំ​គួរ​ចាំ​បាច់​អ៊ី​ដល់​ថ្នាក់​វិនិយោគ​តំបន់​ឆ្នេរ​ឱ្យ​ឯកជន​ធ្វើ​ជា​ដី​ឡូត៍ ឬ​សាងសង់​ជា​ផ្ទះ​ទេ ​គួរ​តែ​ទុក​ឆ្នេរ​សមុទ្រ​ ដើម្បី​ជា​ប្រយោជន៍​សាធារណៈ​វិញ​ល្អ​ជាង​ ហើយ​បើ​អាច​គួរ​តែ​ធ្វើ​ឱ្យ​ឆ្ងាយ​ពី​ឆ្នេរ​សមុទ្រ​ហ្នឹង​យ៉ាង​ហោច​ណាស់​ ក៏​គួរ​បាន ​៣០​ម៉ែត្រ​នោះ​ដែរ។ ចន្លោះ ​៣០​ម៉ែត្រ​អាច​ធ្វើ​ផ្លូវ​តាម​មាត់​សមុទ្រ​ឬ​ក៏​ទុក​ឆ្នេរ​សម្រាប់​ឱ្យ​សាធារណជន​បាន​ទស្សនា​ផង​ដែរ »

ចំណែក​សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​ ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​កន្លង​ទៅ គឺកញ្ញា ឡុង គន្ធា លើក​ឡើង​ថា បញ្ហា​លុប​ឆ្នេរ​ឬ​បឹង​ធម្មជាតិ​នេះ​ជា​រឿង​ធម្មតា​ទៅ​ហើយ ​បើ​ទោះ​បី​ជា​ដឹង​ថា​ ការ​លុប​បឹង ឬ​ឆ្នេរ​ផ្សេងៗ ​កន្លង​មក​ រង​ផល​ប៉ះ​ពាល់​ជា​ហូរ​ហែ​ក៏​ដោយ។ កញ្ញា​អះ​អាង​ថា អាជ្ញាធរ​គួរ​តែ​គិត​ឡើង​វិញ ​ដើម្បី​ផ្លាស់​ប្ដូរ​ឥរិយាបថ​ក្នុង​ការ​អភិវឌ្ឍ​បំផ្លាញ​សម្បត្តិ​ធម៌​ជាតិ​នេះ ​ព្រោះ​ទង្វើ​ទាំង​នោះ​ផ្ដល់​នូវ​គំរូ​អាក្រក់​ដល់​ឈ្មួញ​រក​ស៊ី​មួយ​ចំនួន ​នៅ​ពេល​បច្ចុប្បន្ន៖ « សម្រាប់​ខ្ញុំ​ ការ​អភិវឌ្ឍ​បែប​ហ្នឹង ​វា​មិន​មែន​ជា​ការ​អភិវឌ្ឍ​មួយ ​ដែល​វា​មាន​និរន្ត​ភាព​នោះ​ទេ ​ហើយ​វា​ជា​គំរូ​អត់​ល្អ​ទេ​ ដែល​អ្នក​ដែល​គាត់​រំលោភ​យក​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ ​រំលោភ​យក​ដី​ឆ្នេរ​ទាំង​អស់​ហ្នឹង​ បែរ​ជា​គាត់​អត់​ត្រូវ​បាន​មាន​ចំណត​ការ​ណា​មួយ​ពី​ភាគី​រដ្ឋាភិបាល​ ឬ​ក៏​ពី​ខាង​ផ្លូវ​ច្បាប់​ ទាំង​ដែល​គាត់​ធ្វើ​ខុស​ច្បាប់​ បែរ​ជា​រួច​ផុត​ពី​ការ​អនុវត្ត​ច្បាប់។ អ៊ីចឹង​ វា​មាន​អារម្មណ៍​ថា ​វា​ទៅ​ជា​គំរូ​មួយ​ដល់​អ្នក​ផ្សេង​ទៀត ​ដែល​គាត់​មាន​លុយ​មាន​អំណាច​យក​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​ហ្នឹង»។

ឆ្លើយ​តប​នឹង​បញ្ហា​ខាង​លើក​នេះ​ អភិបាលស្រុក​ព្រៃ​នប់ លោក ស កក្កដា ប្រាប់​វិទ្យុអាស៊ីសេរី​យ៉ាង​ខ្លី​ថា លោក​មិន​ដឹង​រឿង​លុប​ឆ្នេរ​អ្វី​នោះ​ទេ ព្រោះ​មិនមែន​ជា​កិច្ច​ការងារ​របស់​លោក៖ «ការងារ​ទាំង​អស់​នេះ ​បង​អាច​ខល​ទៅ​សួរ​គេ​បាន​សួរ​ម្ចាស់​ដី​ឡូត៍ ព្រោះ​ឃើញ​គេ​មក​សួរ​ខ្ញុំ​ដែរ​។ អាច​សួរ​អ្នក​បង្ហោះ​លើ​គណនី​ហ្វេសប៊ុក​ថា​ គាត់​បាន​ដី​មក​ពី​ណា​បង្ហោះ​ហ្នឹង »

ជុំ​វិញ​ការ​រិះគន់​នេះ វិទ្យុអាស៊ីសេរី​នៅ​មិន​ទាន់​ទាក់​ទង​អភិបាល​ខេត្ត ព្រះសីហនុ លោក កួច ចំរើន ដើម្បី​សុំ​អត្ថាធិប្បាយ​បន្ថែម​ជុំ​វិញ​ពី​ការ​លុប​ឆ្នេរ​នេះ​បាន​​ទេ នៅ​ថ្ងៃ​ទី​៣១ កក្កដា​ ដោយ​សារ​ទូរស័ព្ទ​ចូល ​តែ​គ្មាន​អ្នក​ទទួល។

ច្បាប់​ភូមិបាល​ មាត្រា១៦ ​ចែង​ថា ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​មិន​អាច​លក់ដូរ យក​ធ្វើជា​កម្មសិទ្ធិ​បាន​ឡើយ ហើយ​កម្មសិទ្ធិ​នៃ​ទ្រព្យ​ទាំងនោះ ​ក៏​មិន​អាច​កំណត់​អាជ្ញាយុកាល​បាន​ដែរ។ លើស​ពី​នេះ ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ គឺ​បាន​រាប់បញ្ចូល​នូវ​ទ្រព្យសម្បត្តិ​ទាំងឡាយ​ណា ​ដែល​កើត​ចេញពី​ធម្មជាតិ​ ​ដូចជា ​ព្រៃឈើ ផ្លូវទឹក ​ដែល​នាវា ​ក្បូន​ចេញចូល​បាន បឹង​ធម្មជាតិ ច្រាំងទន្លេ ប្រឡាយ ស្ទឹង សមុទ្រ ជាដើម។

តែ​យ៉ាង​ណា​​ក្ដី សកម្មជន និង​សង្គម​ស៊ីវិល​មើល​ឃើញ​ថា​ ទោះ​បី​ជា​ច្បាប់​ចែង​នៅ​លើ​ក្រដាស​យ៉ាងនេះ​ក្តី ប៉ុន្តែ​ សកម្មភាព​លុប​បឹង​ធម្មជាតិ ច្រាំងទន្លេ ព្រែក ប្រឡាយ​ទឹក ស្ទឹង រហូតដល់​ឆ្នេរសមុទ្រ​ផង​នោះ កើត​មាន​ជា​ហូរហែ​ទាំង​ក្នុង​ក្រុងភ្នំពេញ និង​តាម​បណ្តា​ខេត្ត មាន​ទាំង​ការ​លុប​ដែល​ផ្តល់​ដោយ​អាជ្ញាធរ​រដ្ឋាភិបាល និង​ការ​លុប​រំលោភ​ពីសំណាក់​បុគ្គល​ឯកជន។

ការ​លុប​ឆ្នេរ​សមុទ្រ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​នេះ​ មិន​មែន​ទើប​តែ​កើត​មាន​នោះ​ទេ ដូចជា ​នៅ​ចំណុច​ឆ្នេរ​ព្រែក​ត្រែង​ កាលពី​ខែកញ្ញា​ ឆ្នាំ២០១៨ ក៏​មាន​ការ​លុប​ឆ្នេរ​ពី​សំណាក់​ក្រុមហ៊ុន​របស់​អ្នកស្រី ជឹង សុភាព ភរិយា​របស់​ឧកញ៉ា ឡៅ ម៉េ​ងឃីន សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្សប្រជាជន​កម្ពុជា​ដែរ។

នៅ​ចុងឆ្នាំ២០១៨ ដដែល អតីត​អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន ធ្លាប់​បាន​ស្នើ​ទៅ​ឧកញ៉ា​ម្នាក់ទៀត​ឱ្យ​បញ្ឈប់​សកម្មភាព​ចាក់​ដី​បំពេញ​តាម​ដងព្រែក​កោះ​ខ្យង ក្នុង​តំបន់​ឧទ្យានជាតិ​ព្រះសីហនុ «រាម» ស្ថិតនៅ​ឃុំ​អូរជ្រៅ ស្រុក​ព្រៃនប់ ជាបន្ទាន់ ដោយ​ថា ការ​ចាក់​ដី​នោះ ធ្វើ​ឱ្យ​ខូច​ទី​ជម្រាល ប៉ះពាល់​ជីវចម្រុះ​ និង​ប្រព័ន្ធ​អេកូឡូស៊ី​ក្នុង​តំបន់ឆ្នេរ ប៉ុន្តែ​ អតីត​អភិបាលខេត្ត​រូប​នោះ ​និង​អភិបាលខេត្ត​បច្ចុប្បន្ន​ មិនទាន់​​មាន​វិធានការ​ច្បាប់​ដល់​ពួក​គេ​ទាំងនោះ​ទេ។

នៅ​ក្រុង​ព្រះសីហនុ​ឯណោះ​វិញ​ ឆ្នេរ​សមុទ្រ​នៅ​ជាប់​នឹង​រង្វង់​មូល​ព្រះ​ថោង​តោង​ស្បៃ​ កំពុង​តែ​រង​ការ​ចាក់​ដី​អភិវឌ្ឍន៍​ ដែល​មាន​ទំហំ​ដី​ជិត​ ៣០គីឡូម៉ែត្រ ៤​ជ្រុង និង​ជម្រៅ​ ៥​ម៉ែត្រ​ចុះ​ក្រោម​ ដែល​បង្ក​ឱ្យ​ប៉ះពាល់​ដល់​មុខ​របរ​ប្រជា​នេសាទ​រាប់​រយ​គ្រួសារ និង​ប៉ះ​ពាល់​សម្រស់​ឆ្នេរ​ធម្មជាតិ។ ការ​លុប​ឆ្នេរ​សមុទ្រ​នេះ​ទំនង​ជា​សាង​សង​កំពង់​ផែ និង​អាគា​រធំ​ៗ ដែល​មាន​ការ​វិនិយោគ​ដោយ​ជន​ជាតិ​ចិន​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។