សកម្មជន​បរិស្ថាន​បារម្ភ​ថា ការ​លុប​ផ្ទៃ​បឹង​តាមោក​ជាង ៤០០​ហិកតារ​ថែម​ទៀត នឹង​នាំ​ផល​លំបាក​ធ្ងន់ធ្ងរ​ដល់​ក្រុង​ភ្នំពេញ

0:00 / 0:00

សកម្មជន​បរិស្ថាន​ព្រួយ​បារម្ភ​ថា ការ​បន្ត​លុប​បឹង​តាមោក ឬ​បឹង​ទំនប់​កប់​ស្រូវ ដោយ​គ្មាន​តម្លាភាព ជាង​បួន​រយ (៤២៥) ហិច​តារ​ថែមទៀត នឹង​ធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ​ជួបប្រទះ​បញ្ហា​បរិស្ថាន​កាន់តែ​លំបាក​ធ្ងន់ធ្ងរ។ សង្គម​ស៊ីវិល ជឿ​ថា រដ្ឋាភិបាល​នឹង​កាត់​ផ្ទៃ​បឹង​តាមោក​នេះ​ម្ដង​បន្តិច រហូត​ដល់​លុប​បឹង​បាត់​ទាំងស្រុង​តែម្ដង។

ផ្ទៃ​បឹង​តា​មោកជាង ៤០០ (៤២៥) ហិកតារ​ទៀត នឹង​ត្រូវ​ចាក់​ខ្សាច់​លុប​នៅពេល​ឆាប់ៗ​នេះ ក្រោយ​ពេល​ដែល​ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន ចេញ​អនុក្រឹត្យ​ស្ងាត់ៗ កាត់​ផ្ទៃ​បឹង​នេះ​ចែក​ឲ្យ​ទៅ​ឲ្យ​ឈ្មួញ​មាន​ងារ​ជា​ឧកញ៉ា និង​សាច់ញាតិ​របស់​មេ​យោធា​នៃ​កងទ័ព​ឆ័ត្រ​យោង «​ង​៧០» រួចរាល់​អស់​ហើយ។

សកម្មជន​បរិស្ថាន ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ជាង​១​ឆ្នាំ ដោយសារ​ការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​លុប​បឹង​តាមោក​គឺ កញ្ញា ឡុង គន្ធា ភ្ញាក់ផ្អើល​នៅ​ពេល​ឃើញ​សកម្មភាព​ការ​ចាប់​ដី​លុប​ផ្ទៃ​បឹង​កើនឡើង​យ៉ាង​គំហុក​បែប​នេះ។ កញ្ញា​រក្សា​ជំហរ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​លុប​បឹង​តា​មោក​ទេ ព្រោះ​សកម្មភាព​នេះ​នឹង​នាំ​ផល​លំបាក​សម្រាប់​ក្រុងភ្នំពេញ ទៅ​ថ្ងៃក្រោយ​។ កញ្ញា​នៅតែ​ទទូច​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ដកហូត​សេចក្ដី​សម្រេច​នានា​ស្ដីពី​ការ​លុប​បឹង​នេះ​វិញ ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ​រស់នៅ​ក្នុង​ក្រុង និង​តំបន់​ជាយក្រុង​ភ្នំពេញ៖ «ខ្ញុំ​នៅតែ​បារម្ភ​ដូច​បាន​លើក​ឡើង​កន្លង​មក​អ៊ីចឹង​ពី​ផល​ប៉ះពាល់​នៃ​ការ​លុប​បឹង​ហ្នឹង ហើយក៏​ភ្ញាក់ផ្អើល​ដែរ នៅពេល​ចេញ​ (​ ពី​ពន្ធនាគារ​ )​ ។ កាល​ពេល​ខ្ញុំ​ត្រូវ​បាន​គេ​ចាប់ខ្លួន គេ​ទើប​លុប​តិចៗ​ទេ ដល់ពេល​ចេញ​មក​វិញ​រក​បឹង​សឹង​អត់​ឃើញ»។

ការ​បញ្ចេញ​ប្រតិកម្ម​របស់​អ្នកការពារ​បរិស្ថាន​បែបនេះ ធ្វើឡើង​ក្រោយពេល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​ចំនួន​៤​ច្បាប់ កាល​ខែ ធ្នូ ឆ្នាំ ២០២១ ដែល​ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ​ថ្មីៗ​នេះ ដោយ​សម្រេច​កាត់​ផ្ទៃ​បឹង​របស់​រដ្ឋ​ប្រគល់​ឲ្យ​បុគ្គល​ឯកជន គឺ លោកស្រី អ៊ុំ បុប្ឆា ទទួល​បាន​ផ្ទៃ​បឹង​តាមោក ក្នុង​សង្កាត់​ពន្សាំង​ជិត​ពីរ​រយ (១៨០​ហិកតារ ៧​អារ​) ហិកតារ លោកស្រី ឈូ សុខយូ ទទួល​បាន​ផ្ទៃ​បឹង​តាមោក ជាង​ហុកសិប​ប្រាំ (៦៥​.៤​ហិកតារ​) ហិកតារ ស្ថិតនៅ​សង្កាត់​សំរោង។

លោក ហ៊ុន សែន ក៏បាន​កាត់​ផ្ទៃ​បឹង​ចំនួន​មួយរយ (១០០) ហិកតារ​ទៀត ដែល​លាតសន្ធឹង​លើ​សង្កាត់​គោក​រកា សង្កាត់​ពញាពន់ និង​សង្កាត់​សំរោង ប្រគល់​ឱ្យ​អ្នកស្រី ជឹង ធានសេង ជា​ប្អូនស្រី​បង្កើត​របស់​ឈ្មួញ​រកស៊ី​ដី​សម្បូរ​រឿងអាស្រូវ​នៅ​ស្រុក​ខ្មែរ​ម្នាក់​គឺ អ្នកស្រី ជឹង សុភាព ហៅ​យាយ​ភូ។ តាម​អនុក្រឹត្យ​ដដែល​នោះ ឈ្មួញ​ដី​ម្នាក់ទៀត​មាន​ងារ​ជា​ឧកញ៉ា និង​ជា​សមាជិក​ព្រឹទ្ធិ​សភា​គណបក្ស​ប្រជាជន​កម្ពុជា​លោក កុក អាន ក៏​ទទួល​បាន​ផ្ទៃ​បឹង​ជាង​មួយរយ​ហាសិប (១៥៥)​ហិកតារ​ដែរ នៅ​ម្ដុំ​ដី​របស់​ក្រសួងការពារជាតិ​ក្នុង​សង្កាត់​គោក​រកា។

បន្ថែម​ពី​នេះ លោក ហ៊ុន សែន ក៏​បាន​កាត់​ផ្ទៃ​បឹង ៤ កន្លែង​ផ្សេងទៀត ក្នុង​សង្កាត់​សំរោង សង្កាត់​ពញាពន់ និង​សង្កាត់​គោករកា ដែល​សរុប​ចំនួន​ចិតសិប​ប្រាំ (៧៥)​ហិកតារ ឲ្យ​ភរិយា​របស់​ឧត្ដមសេនីយ៍​ផ្កាយ​២ នៃ​អង្គភាព​កងទ័ព​ពិសេស​ឆ័ត្រ​យោង «​ង​៧០» លោក ភឿង ផល្លា គឺ​លោកស្រី សាយ សោភា ដែរ​។ ការ​ផ្ដល់​ផ្ទៃ​បឹង​៧៥​ហិកតារ​បន្ថែម​ទៀត​នេះ បាន​ធ្វើ​ឲ្យ​លោកស្រី សាយ សោភា មានកម្ម​សិទ្ធិ​ផ្ទៃ​បឹង​តា​មោក​ជាង​មួយរយ (១០០)​ហិកតារ​ដែរ​ហើយ។

ទន្ទឹមគ្នា​នេះ លោក ហ៊ុន សែន បាន​កាត់​ផ្ទៃ​បឹង​តាម​មោក​ចំនួន ៣​ហិកតារ នៅ​សង្កាត់​ពញា​ពន់ ឲ្យ​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​ឬ គ.ជ.ប​)ដែរ ខណៈ​ដី​ត្រៀម​សាងសង់​ទីស្នាក់ការ គ.ជ.ប នៅ​បញ្ឆិត​រដ្ឋសភា និង​ទល់មុខ​ពុទ្ធសាសនបណ្ឌិត្យ ត្រូវ​គេ​សង្ស័យ​ថា អាជ្ញាធរ​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​បន​ល្បែង ដើម្បី​សាងសង់​អគារ​កាស៊ីណូ​ណាហ្គាវើលដ៍ (Nagaworld) ទី​២។

ពាក់ព័ន្ធ​នឹង​ការសម្រេច​កាត់​ផ្ទៃ​បឹង​រដ្ឋ​បន្ថែម​ទៀត​នេះ វិទ្យុ​អាស៊ីសេរី​មិនអាច​សុំ​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាស​ភក្ដី និង​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទេ នៅ​ថ្ងៃទី​០៦ ខែ កុម្ភៈ​។ តែ​យ៉ាងណា​លោក ផៃ ស៊ីផាន ប្រាប់​សារព័ត៌មាន​VODថា ការ​កាត់​ផ្ទៃ​បឹង​តា​មោក​ឱ្យ​ក្រុមហ៊ុន​ឯកជន និង​ឧកញ៉ា អាច​បណ្ដាលមកពី​ពលរដ្ឋ​ធ្លាប់​អាស្រ័យ​ផល​នៅ​ទីតាំង​នោះ លក់​ឲ្យ​ក្រុមហ៊ុន​ឯកជន និង​ឧកញ៉ា​ទាំងនោះ​។ ចំណែក ផ្ទៃ​បឹង​ដែល​កាត់​ឱ្យ​ក្រសួង ស្ថាប័នរដ្ឋ គឺ​ដើម្បី​សាងសង់​អគារ​សម្រាប់​ធ្វើការ​ឱ្យ​​​បាន​ត្រឹមត្រូវ។

ប៉ុន្តែ​រឿង​នេះ មន្ត្រី​សង្គម​ស៊ីវិល យល់​ថា រដ្ឋាភិបាល​មិន​គួរ​លុប​បឹង​ធម្មជាតិ​ទេ ដោយ​គួរ​ជ្រើស​ទីតាំង​ផ្សេង​សម្រាប់​សាងសង់​អគារ​រដ្ឋ​វិញ​។ ដោយឡែក​ចំពោះ សកម្មភាព​ទិញ លក់ ផ្ទៃ​បឹង​រដ្ឋ គឺជា​អំពើ​ល្មើសច្បាប់ ហើយ​ប្រសិនបើ​អាជ្ញាធរ​សាធារណៈ ចូលរួម​ទទួលស្គាល់​សកម្មភាព​ល្មើសច្បាប់​ទាំងនោះ ក៏​ត្រូវ​មានទោស​ដែរ​។​

ប្រធាន​គម្រោង​សិទ្ធិ​លំនៅឋាន និង​ស្រាវជ្រាវ នៃ​អង្គការ​សមាគម​ធាងត្នោត លោក ស៊ាង មួយឡៃ សោកស្ដាយ​ចំពោះ​រដ្ឋាភិបាល​ក្នុង​ការ​សម្រេច​កាត់​ផ្ទៃ​បឹង​តា​មោក​ជា​បន្តបន្ទាប់ ដោយ​គ្មាន​ផែនការ​ជាក់លាក់ និង​គ្មាន​តម្លាភាព ខណៈ​ក្រុម​មន្ត្រី​ខ្លះ អះអាង​ថា ពួកគេ​បាន​ធ្វើ​សកម្មភាព​ទិញ​ផ្ទៃ​បឹង​ពី​ពលរដ្ឋ។ លោក​ជឿជាក់ រដ្ឋាភិបាល​នឹង​លុប​បឹង​តា​មោក​នេះ​ទាំងស្រុង​ដូច​បឹង​ក្នុង​ក្រុង​ផ្សេង​ទៀត​ដែរ ដោយ​មិន​រក្សាទុក​ធារទឹក ឬ​កន្លែង​ស្ដុក​ទឹក​ជ្រៅ​នោះ​ទេ ព្រោះ​តាម​អនុក្រឹត្យ​កន្លងមក រដ្ឋាភិបាល​បាន​កាត់​ជ្រៀក​ផ្ទៃ​បឹង​តាមោក សុស​កន្លែង​អស់​ទៅ​ហើយ។

លោក លើក​ឡើងជា​ចម្ងល់​ថា ហេតុអ្វី​រដ្ឋាភិបាល​អាច​កាត់​ផ្ទៃ​បឹង​ជា​កម្មសិទ្ធិ​របស់​រដ្ឋ ឲ្យ​ទៅ​បុគ្គល​ឯកជន​បាន ខណៈ​ច្បាប់​ចែង​ពី​ការ​ផ្ដល់​ដី​រដ្ឋ​ឲ្យ​ទៅ​វិស័យ​ឯកជន អាច​ធ្វើ​បានតែ​២​លក្ខខណ្ឌ​ប៉ុណ្ណោះ គឺ​សម្បទាន​សង្គមកិច្ច សំដៅ​ការ​ផ្ដល់​ដី​ឲ្យ​ពលរដ្ឋ​ទីទ័លក្រ និង​សម្បទាន​សេដ្ឋកិច្ច សំដៅ​ការ​ផ្ដល់​ដី​ឲ្យ​ឈ្មួញ​ធ្វើ​វិនិយោគ។ ទោះជា​យ៉ាងណា សង្គម​ស៊ីវិល​រូប​នេះ សង្កេត​ឃើញ​ថា ផលប្រយោជន៍​នៃ​ការ​កាត់​ផ្ទៃ​បឹង​តា​មោក​កន្លង​មក​នេះ ធ្លាក់​លើ​ដៃ​ក្រុមហ៊ុន ឬ​បុគ្គល​ឯកជន​សុទ្ធសាធ​។ លោក​បារម្ភ​ថា ក្រោយ​ការ​ដឹក​ដី និង​ការ​បូម​ខ្សាច់​លុប​បឹង​នេះ​រួច ផល​លំបាក​ធ្ងន់ធ្ងរ​នឹង​ត្រូវ​ធ្លាក់​លើ​ពលរដ្ឋ៖ «ទីតាំង​កន្លែង​ហ្នឹង ជា​ផ្ទៃ​បឹង​ដែល​មាន​ទឹក​រាប់​ទសវត្ស​ន៍​មក​ហើយ​ណា​។ ជា​សំណួរ​មួយ​ថា តើ​ការទិញ​របស់​គាត់​(​បុគ្គល​ឯកជន​) ទិញ​របៀប​ម្ដេច ការទិញ​លើ​ផ្ទៃ​បឹង​ហ្នឹង​។ គិត​ក្នុង​ន័យ​ច្បាប់ វា​ជា​ការទិញ​ដី​ដែល​ខុសច្បាប់ ហើយ​ការទិញ​ខុសច្បាប់​ហ្នឹង ការទិញ​លើ​ផ្ទៃ​បឹង​ហ្នឹង ទាំង​អ្នកលក់ អ្នកទិញ ហើយ​អ្នកទទួល​ស្គាល់​ការ​លក់​ទិញ​ហ្នឹង សុទ្ធតែ​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់។

បឹង​តាមោក ស្ថិតនៅ​ខាងលិច​ឆៀង​ខាងជើង​ក្រុង គឺជា​បឹង​ធំ​ចុងក្រោយ​គេ​បង្អស់​របស់​ក្រុងភ្នំពេញ ដែល​មាន​ទំហំ​សរុប​ជាង​បី​ពាន់​ហិកតារ (៣.២៣៩​ហិកតារ ៧​អារ​) លាតសន្ធឹង​លើ​សង្កាត់​ចំនួន​៦ នៃ​ខណ្ឌ​ព្រែកព្នៅ និង​ខណ្ឌ​សែន​សុខ​។ ចាប់តាំងពី​ឆ្នាំ​២០១៨​មក រដ្ឋាភិបាល​បង្កើន​ការ​ចេញ​អនុក្រឹត្យ​កាត់​ជ្រៀក ពុះ​ផ្ទៃ​បឹង​នេះ យ៉ាង​តិច​ជាង​សែសិប (៤២) ដង​ហើយ ប្រគល់​ឲ្យ​វិស័យ​ឯកជន ឈ្មួញ​ដី មេ​យោធា សាច់ញាតិ​របស់​មន្ត្រី​ធំៗ​ក្នុង​ជួរ​បក្ស​អំណាច និង​ស្ថាប័នរដ្ឋ។

គេហទំព័រ​អង្គការ​សមាគម​ធាងត្នោ​ង ចុះផ្សាយ​ថា រដ្ឋាភិបាល​បាន​កាត់​ផ្ទៃ​បឹង​តា​មោក អស់​ជាង​ពាក់កណ្ដាល​(១.៦៦៩​ហិកតារ) ហើយ គិត​ត្រឹម​ចុងឆ្នាំ​២០២១​។ នៅ​ជុំវិញ​បឹង​នេះ មាន​ប្រជាពលរដ្ឋ​រស់នៅ និង​អាស្រ័យ​ផល​ពី​បឹង ប្រហែល​បី​រយ (៣០០)​គ្រួសារ ដែល​សរុប​មនុស្ស​ប្រមាណ​មួយ​ពាន់ (១.០០០)​នាក់​។ ពួកគេ​ភាគច្រើន​ប្រកបមុខរបរ​នេសាទ ចិញ្ចឹម​ត្រី ដាំ​ឈូក ដក​ព្រលិត បេះ​ត្រកួន ធ្វើស្រែ​ចម្ការ និង​លក់ដូរ​តាម​ផ្ទះ​តិចតួច​។ ក្រៅពី​មនុស្ស​ហើយ​នោះ បឹង​នេះ​ក៏​ជាទី​អាស្រ័យ​សម្រាប់​សត្វ​ស្លាប​ច្រើន​ប្រភេទ និង​ជា​អាង​ស្តុក​ទឹកធម្មជាតិ​ដ៏​សំខាន់​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។