អាជ្ញាធរ «គួរ​អនុវត្ត​ច្បាប់​និង​បើកចំហ» ឱ្យ​សកម្មជន​បាន​ចុះ​ល្បាត​ព្រៃ​ដោយ​សេរី​នៅ​ក្នុង​ឆ្នាំថ្មី

0:00 / 0:00

ក្រុម​អ្នក​ស្រឡាញ់​ធនធាន​ធម្មជាតិ​ចង់​ឃើញ​អាជ្ញាធរ​ពាក់ព័ន្ធ​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​ទៅ​លើ​ជនល្មើស និង​អ្នក​ជាប់​ពាក់ព័ន្ធ​ប្រព្រឹត្តិ​បទល្មើស​ព្រៃឈើ ព្រមទាំង​បើកចំហ​ឲ្យ​ពួកគេ​បាន​ចុះ​ល្បាត​ព្រៃ​នៅ​តំបន់​ការពារ​ដោយ​សេរី ក្នុង​ឆ្នាំ​ថ្មី​ខាងមុខនេះ​។ ចំណែក​មន្ត្រី​សង្គម​ស៊ីវិល​យល់​ឃើញ​ថា មន្ត្រី​រដ្ឋាភិបាល​គួរ​សហការ​ជាមួយ​អ្នក​ស្រឡាញ់​ធនធាន​ធម្មជាតិ ដើម្បី​ទប់ស្កាត់​បទល្មើស​និង​ថែរក្សា​សម្បត្តិ​ជាតិ​ឲ្យ​បាន​គង់វង្ស។

ក្រុម​អ្នក​ធ្វើ​ការ​ការពារ​ធនធាន​ធម្មជាតិ និង​ស្រឡាញ់​ធនធាន​ធម្មជាតិ​នៅតែ​ទទូច​ទៅ​មន្ត្រី​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព និង​ត្រូវ​បើកចំហ​ឲ្យ​ពួកគេ​បាន​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ​ឲ្យ​បាន​ពេញលេញ​ឡើង​វិញ​នៅ​ឆ្នាំ​២០២៤ ។ ពួកគេ​បន្ត​ថា នៅក្នុង​ឆ្នាំ​២០២៣ មិនទាន់​ឃើញ​មន្ត្រី​របស់​រដ្ឋាភិបាល​បង្ក្រាប និង​ចាត់វិធានការ​ទៅ​លើ​ជនល្មើស និង​អ្នក​ជាប់​ពាក់ព័ន្ធ​បទល្មើស​ធនធានធម្មជាតិ​ពិតប្រាកដ​នោះ​ទេ ផ្ទុយទៅវិញ​អាជ្ញាធរ​ពាក់ព័ន្ធ​តាម​ធ្វើទុក្ខបុកម្នេញ​ទៅលើ​ក្រុម​អ្នក​ការពារ​ធនធាន​ធម្មជាតិ ទាំង​ការ​គំរាមកំហែង​តាមផ្លូវ​ច្បាប់ និង​គំរាមកំហែង​ផ្ទាល់។

បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្តព្រះវិហារ ដែល​តែងតែ​ចុះ​ល្បាត​និង​សិក្សា​ស្រាវជ្រាវ​រក​បទល្មើស​នៅ​តំបន់​ព្រៃ​ឡង់ លោក ខេម សុឃី ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២៧ ខែ​ធ្នូ ថា នៅ​ក្នុង​ឆ្នាំ​២០២៣ លោក​មិនទាន់​ឃើញ​អាជ្ញាធរ​ពាក់ព័ន្ធ បង្ក្រាប​និង​ចាត់​វិធានការ​ទៅលើ​ជនល្មើស និង​អ្នក​ជាប់​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់​ជា​ដុំកំភួន​អ្វី​នោះ​ទេ បើ​ទោះ​បី​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ បាន​រាយការណ៍​និង​បង្ហាញ​ភស្តុតាង​ជាប់​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​នៅ​តំបន់​ព្រៃឡង់ ជា​បន្ត​បន្ទាប់​យ៉ាងណាក្ដី។ លោក​សង្ឃឹម​ថា នៅ​ឆ្នាំ​២០២៤ អាជ្ញាធរ​ពាក់ព័ន្ធ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់​ឲ្យ​សកម្ម​ជាង​ឆ្នាំ​២០២៣ ព្រមទាំង​អនុញ្ញាត​ឲ្យ​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​បាន​ចុះ​ល្បាត​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដោយ​សេរី និង​មិន​ធ្វើទុក្ខបុកម្នេញ​ទៅលើ​ពួកគេ​ថែម​ទៀត។

លោក ខេម សុឃី៖ «ស​បញ្ជាក់​ថា ការ​អនុវត្ត​ច្បាប់​ទៅលើ​បទល្មើស​ព្រៃឈើ​នៅក្នុង​តំបន់​ព្រៃឡង់​ដូចជា​មិន​មាន​ប្រសិទ្ធភាព​ប៉ុន្មាន​នោះ​ទេ ការ​អនុវត្ត​ច្បាប់​អត់​ចំ​ទៅលើ​អ្នក​ដែល​កាង​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង»។

ស្រដៀង​គ្នា​នេះ​ដែរ សកម្មជន​ចលនា​មាតា​ធម្មជាតិ លោក លី ចាន់ដារ៉ាវុត ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​ថ្មី​នេះ​រដ្ឋាភិបាល​គួរតែ​ផ្ដល់​សិទ្ធិ​សេរីភាព​ពេញលេញ​ឲ្យ​សហគមន៍ យុវជន សកម្មជន​បរិស្ថាន និង​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការងារ​សកម្ម​ក្នុង​ការពារ​ធម្មជាតិ បាន​អនុវត្ត​សិទ្ធិ​របស់​ពួកគេ ។ ក្រៅពីនោះ​លោក​ស្នើ​តុលាការ​និង​មន្ត្រី​រដ្ឋាភិបាល ទម្លាក់​ចោល​បទចោទប្រកាន់​ទៅលើ​ក្រុម​សកម្មជន​ចលនា​មាតា​ធម្មជាតិ និង​លើកទឹកចិត្ត​ដល់​ពួកគេ ដើម្បី​រួមគ្នា​ការពារ​ទ្រព្យសម្បត្តិ​ឲ្យ​បាន​គង់វង្ស​តទៅ​ទៀត។

លោក លី ចាន់ដារ៉ាវុត៖ «ខ្ញុំ​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​បើក​ចិត្ត​ឲ្យ​ទូលាយ​ទីមួយ​ទម្លាក់​បទ​ចោទប្រកាន់​មក​លើ​សកម្មជន​បរិស្ថាន​សកម្ម​ការពារ​ព្រៃឈើ បើកទូលាយ​ឲ្យ​ពួកគាត់​នឹង​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​ធ្វើការ​ជាពិសេស​សហគមន៍​នៅ​តាម​មូលដ្ឋាន​ដែល​ការពារ​ព្រៃឈើ​របស់​ពួកគាត់ ដូចជា​នៅ​ព្រៃឡង់ ព្រៃ​ព្រះរកា​ជាដើម ហើយ​រដ្ឋាភិបាល​គួរតែ​ចាត់ទុក​សកម្មជន​បរិ​ស្ថាន ឬក៏​សហគមន៍​ព្រៃឈើ​នឹង​ទៅជា​ដៃគូ​អភិវឌ្ឍន៍»។

ចំណែក​អ្នកស្រាវជ្រាវ និង​ឃ្លាំមើល​ធនធានធម្មជាតិ​នៅ​កម្ពុជា លោក សេង សុខហេង ដែល​កំពុង​តាមដាន​បទល្មើស​ធនធាន​ធម្មជាតិ នៅ​ភូមិភាគ​ឦសាន ឲ្យ​ដឹង​ដែរ​ថា បទល្មើស​ព្រៃឈើ​នៅ​ភាគ​ឦសាន បន្ត​កើតមាន​ឥត​ឈប់ឈរ ហើយ​បទល្មើស​ទាំងនោះ​កើតឡើង​នៅ​ចុងឆ្នាំ​ចាស់ និង​ដើមឆ្នាំ​ថ្មី ភាគច្រើន​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​អាជ្ញាធរ​នៅ​តំបន់​នោះ ។ លោក​បន្ត​ថា រដ្ឋាភិបាល​ត្រូវ​ចុះ​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​ត្រឹមត្រូវ និង​ត្រូវ​ដាក់​ពិន័យ​និង​ដាក់ទោស​ទៅតាម​ច្បាប់ ចំពោះ​អាជ្ញាធរ​ពាក់ព័ន្ធ​រូប​ណា​បណ្ដែតបណ្ដោយ និង​គប់គិត​ប្រព្រឹត្ត​អំពើពុករលួយ​ជាមួយ​ជនល្មើស​។ បន្ថែម​ពី​នេះ​លោក​ថា កន្លងទៅ​មន្ត្រី​នៅ​តាម​ព្រំដែន​ជា​អ្នក​បើកភ្លើង​ខៀវ​ឲ្យ​ក្រុម​ឧក្រិដ្ឋជន​រកស៊ី​ដឹកជញ្ជូន​ឈើ​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម។

លោក សេង សុខហេង៖ «សកម្មភាព​នៅតែ​កើត​មាន​វា​គ្មានអ្វី​ខុសពី​ឆ្នាំ​មុខៗ​គឺ​វា​នៅ​ដដែល​គឺ​កាប់​ធ្វើ​អាជីវកម្ម​យ៉ាង​អនាធិបតេយ្យ​ដោយសារ​កត្តា​ផ្សេងៗ​ការ​គប់​គិត​ពី​មន្ត្រី​នៅ​តាម​តំបន់​ព្រៃ​ហ្នឹងឯង ផ្ដល់​តំបន់​ព្រៃឈើ​គម្រប​ព្រៃឈើ ដោយ​ស្របច្បាប់​ពី​រដ្ឋាភិបាល​ទៅ​ឲ្យ​ឯកជន អ៊ីចឹង​រូបភាព​ទាំងអស់​ហ្នឹង​ដែល​យើង​មើល​ឃើញ​ថា វា​ជា​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​វិស័យ​ព្រៃឈើ​នៅក្នុង​ប្រទេស​កម្ពុជា»។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា និង​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក ផៃ ប៊ុនឈឿន ដើម្បី​សុំ​ការ​ឆ្លើយ​តប​បាន​ទេ នៅ​ថ្ងៃទី​២៧ ខែ​ធ្នូ ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​បណ្ដាញ​យុវជន​កម្ពុជា លោក ហេង គឹមហុង យល់​ឃើញ​ថា រដ្ឋាភិបាល​ត្រូវតែ​អនុវត្ត​ច្បាប់​ឲ្យ​តឹងរ៉ឹង និង​ការពារ​ធនធានធម្មជាតិ ឲ្យ​មាន​ប្រសិទ្ធភាព​ជាង​ឆ្នាំ​ចាស់ ពីព្រោះ​កន្លងទៅ​មន្ត្រី​របស់​រដ្ឋាភិបាល​តែងតែ​រង​ការរិះគន់​ពី​មហាជន​ថា បាន​គប់គិត​ជាមួយ​ជនល្មើស បណ្ដែតបណ្ដោយ​ឲ្យ​មានការ​កាប់​បំផ្លាញ​ព្រៃឈើ​និង​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ នៅក្នុង​តំបន់​ការពារ​របស់​ខ្លួន។ លោក​សង្ឃឹម​ថា នៅក្នុង​ឆ្នាំ​ថ្មី​នេះ រដ្ឋាភិបាល​ធ្វើ​ការ​ការពារ​ធនធាន​ធម្មជាតិ​ពិតប្រាកដ​នឹង​បើក​ចិត្ត​ឲ្យ​ទូលាយ​ដល់​អ្នក​ដែល​ស្រឡាញ់​និង​ចង់​ការពារ​ធនធានធម្មជាតិ មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ចូលរួម​ការពារ​ទ្រព្យសម្បត្តិ​ជាតិ​ទាំងអស់គ្នា។

លោក ហេង គឹមហុង៖ «អ៊ីចឹង​រឿង​នេះ​សំខាន់​មែនទែន​ដែល​រដ្ឋាភិបាល​គួរ​កំណត់​យក​ជា​អាទិភាព ហើយ​ជា​ការ​ស្ដារ​មុខមាត់​ជា​ការ​ជំរុញ​ឲ្យ​មានការ​លើកទឹកចិត្ត​ជា​ការ​ទាក់ទាញ​ប្រជាប្រិយភាព​និង​ការ​គាំទ្រ​ផង ខ្ញុំ​ជឿជាក់​ថា ប្រសិន​បើ​រដ្ឋាភិបាល​មាន​ការ​ប្ដេជ្ញាចិត្ត​ពិតប្រាកដ​ក្នុង​ការ​អនុវត្ត​ហើយ នឹង​ធ្វើ​ការ​កំណែទម្រង់​ផ្ទៃក្នុង​ការ​ធ្វើ​អធិការកិច្ច​នូវ​គុណភាព​មន្ត្រី​របស់​ខ្លួន​នោះ ការ​ការពារ​ធនធាន​ធម្មជាតិ​នឹង​កាន់​តែ​មាន​ប្រសិទ្ធភាព​ជាង​មុន​ទៅ​ទៀត»។

ទោះ​ជា​យ៉ាងណា កាលពី​ថ្ងៃទី​១៧ ខែ​តុលា ក្រោយ​ពី​រដ្ឋមន្ត្រី​ថ្មី​ក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត ចូល​កាន់​តំណែង​ក្រសួង​បរិស្ថាន​បាន​ប្រកាស​ដាក់ចេញ​វិធានការ​ចំនួន​៤​ដើម្បី​ទប់ស្កាត់​និង​ការ​ការពារ​ធនធានធម្មជាតិ​ឲ្យ​បាន​១០០​ភាគរយ ត្រូវ​អនុវត្ត​ច្បាប់ និង​មិន​លើកលែង​ឲ្យ​ជនល្មើស​ទៀត​នោះ​ទេ ជំរុញ​ឲ្យ​ការ​ដាំដុះ​គម្រប​ព្រៃឈើ​ឡើងវិញ​ឲ្យ​បាន​៦០% នៅ​ឆ្នាំ​២០៥០។ លើស​ពី​នេះ នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ ពាក់ព័ន្ធ​និង​បរិស្ថាន លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ចេញ​បទបញ្ជា​ឱ្យ​លោក សៅ សុខា ប្រធាន​គណៈកម្មាធិការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ និង​ក្រសួង​ពាក់ព័ន្ធ​ត្រូវ​រួមគ្នា អនុវត្ត​ច្បាប់​ព្រៃឈើ ឲ្យ​បាន​តឹងរ៉ឹង​បំផុត។

កាលពី​ឆ្នាំ​២០២២ អង្គការ​គំនិត​ផ្ដួចផ្ដើម​សាកល​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន (Global Initiative Against Transnational Organized Crime) បាន​ចេញ​របាយការណ៍​ស្រាវជ្រាវ​មួយ ពី​មែក​ធាង​អំពើ​ខុសច្បាប់ នៃ​រចនាសម្ព័ន្ធ​កាប់​ឈើ​ខុសច្បាប់​នៅ​កម្ពុជា (Branches Of Illegality Cambodia's illegality structures) បង្ហាញ​ថា ប្រព័ន្ធ​ការពារ​គ្នា​ទៅវិញទៅមក ដែល​បង្កើត​ឡើង​ដោយ​គ្រួសារ​អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ជាមួយ​ក្រុម​ឧកញ៉ា និង​កងកម្លាំងប្រដាប់អាវុធ​ធ្វើ​ឱ្យ​មាន​វិនាសកម្ម​ព្រៃឈើ​នៅ​កម្ពុជា។

សកម្មជន​បរិស្ថាន និង​ក្រុម​អង្គការ​ជាតិ​-​អន្តរជាតិ នៅតែ​មើល​ឃើញ​ថា ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​កម្ពុជា​នៅតែ​មិន​មាន​ប្រសិទ្ធភាព​។ ផ្ទុយទៅវិញ​បទល្មើស​ព្រៃឈើ នៅតែ​បន្ត​កើនឡើង​ទ្រង់ទ្រាយ​ធំ ហើយ​អ្នក​ប្រព្រឹត្ត​ទាំងនោះ​ភាគច្រើន ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​លោក ហ៊ុន ម៉ាណែត តែម្ដង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។