ទិន្នន័យរបស់អង្គការសហប្រជាជាតិ យូអិន ខមថ្រេដ (UN Comtrade) បង្ហាញថា សត្វស្វារាប់ម៉ឺនក្បាល ត្រូវបាននាំចេញពីកម្ពុជា ដោយមិនបានរាយការណ៍ចុះក្នុងបញ្ជី នៅរយៈពេល១០ឆ្នាំចុងក្រោយនេះ។ សកម្មជនបរិស្ថានសង្ស័យលើករណីនាំចេញសត្វស្វានេះ ថា ជាករណីខុសច្បាប់ ដែលជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលព្រៃឈើ រដ្ឋការគយ និងមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលមួយចំនួនទៀត។
ទិន្នន័យរបស់អង្គការសហប្រជាជាតិ យូអិន ខមថ្រេដ បានបង្ហាញថា កម្ពុជាបាននាំចេញសត្វស្វាជាង ១០ម៉ឺនក្បាល (១១០,១៤៧) ដែលមានតម្លៃជាង ៣៣៤លានដុល្លា (៣៣៤,០០០,០០០ដុល្លា) ចាប់ពីឆ្នាំ២០១២ ដល់២០២១។ ទិន្នន័យនេះបង្ហាញថា ប្រទេសដែលបានរាយការណ៍ពីការនាំចូលសត្វស្វាពីកម្ពុជារួមមាន អាមេរិក កាណាដា (Canada) កូរ៉េខាងត្បូង (South Korea) ជប៉ុន (Japan) សិង្ហបុរី (Singapore) ចិន(China) និងប្រទេសថៃ(Thai) ជាដើម។ ក្នុងនោះ សហរដ្ឋអាមេរិកនាំចូលសត្វស្វាពីកម្ពុជាច្រើនជាងគេ មានចំនួនជិត ៧ម៉ឺនក្បាល (៦៧,៧៦០ក្បាល) គិតជាទឹកប្រាក់ជាង ២រយលានដុល្លារ (២០៥,៧០៤,០១២ដុល្លារ)។
ចំពោះទិន្នន័យការនាំចេញសត្វស្វារាប់ម៉ឺនក្បាលទៅក្រៅប្រទេសនេះ ខាងភាគីកម្ពុជាដែលជាប្រទេសនាំចេញ មិនបានរាយការណ៍ទៅស្ថាប័ន យូអិន ខមថ្រេដ ដើម្បីដាក់ទៅក្នុងទិន្នន័យការនាំចេញឡើយ។
ការបង្ហាញទិន្នន័យនេះ ធ្វើឡើងបន្ទាប់ពីប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះ លោក គ្រី ម៉ះផល ត្រូវបានសមត្ថកិច្ចអាមេរិកចាប់ខ្លួន កាលពីថ្ងៃទី១៦ វិច្ឆិកា នៅអាកាសយានដ្ឋានអន្តរជាតិ ចន អេហ្វ កេណ្ណេឌី (John F. Kennedy) ក្នុងរដ្ឋញូវយ៉ក សហរដ្ឋអាមេរិក ពាក់ព័ន្ធការរត់ពន្ធសត្វស្វាព្រៃ ឬស្វាក្តាមខុសច្បាប់។ ក្នុងនោះ អគ្គនាយករដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម លោក កែវ អូម៉ាលីស និងបុគ្គលិក ៦នាក់របស់ក្រុមហ៊ុនវ៉ាន់នី បៃអូ រីស៊ើច (Vanny Bio Research) ក៏ត្រូវបានត្រូវបានអាជ្ញាធរអាមេរិកដាក់ការសង្ស័យ ដោយរកឃើញថា ជាប់ពាក់ព័ន្ធករណីនេះដែរ។
ទាក់ទិននឹងរឿងនេះ អ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា ប្រាប់វិទ្យុអាស៊ីសេរី ដោយស្រង់សម្ដីរបស់រដ្ឋមន្ត្រី ក្រសួងកសិកម្ម លោក ឌិត ទីណា លើបណ្ដាញ ធ្វីធ័រ (Twitter) ថា ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ កម្ពុជាបាននាំចេញសត្វស្វាចំនួនជិត៧ម៉ឺនក្បាល (៦៨,០៧៦ក្បាល)។ ហើយការនាំចេញនេះ ក្រសួងបានអនុវត្តតាមគោលការណ៍ ស្របតាមអនុសញ្ញាស្ដីពីការហាមប្រាមការធ្វើពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វ និងរុក្ខជាតិព្រៃដែលប្រឈមនឹងការជិតផុតពូជហៅថា សាយតេស (CITES)។ កញ្ញាបញ្ជាក់ថា ដោយគោរពតាមអនុសញ្ញាសាយតេស សូម្បីតែស្វាវត្តភ្នំក៏មិនត្រូវបាននាំចេញដែរ។ ហើយមានតែកូនស្វាជំនាន់ក្រោយដែលចិញ្ចឹមនៅកសិដ្ឋានប៉ុណ្ណោះដែលអាចនាំចេញ និងសម្រាប់គោលដៅស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រតែប៉ុណ្ណោះ។
ទោះជាយ៉ាងនេះក្ដី សកម្មជនបរិស្ថាន យល់ឃើញថា ទិន្នន័យរបស់ក្រសួងកសិកម្ម គ្មានតម្លាភាព និងគ្មានភាពច្បាស់លាស់ឡើយ។ ពួកគេយល់ឃើញថា នៅក្នុងទិន្នន័យដែលរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា លើកឡើងនោះ មិនបានបញ្ជាក់ពីប្រទេសដែលទទួលទិញ ចំនួនទឹកប្រាក់ និងពន្ធបង់ចូលរដ្ឋ ដែលបានមកពីការនាំចេញនោះឡើយ។ ចំណែកឯការនាំចេញនោះទៀតសោត ក៏ធ្វើឡើងស្ងៀមស្ងាត់ដោយមិនបានរាយការណ៍ក្នុងបញ្ជី យូអិន ខមថ្រេដ ដូច្នេះ នឹងនាំឱ្យមហាជនសង្ស័យថា ជាការលួចនាំចេញដោយគេចពន្ធ។
ផ្ទុយពីការលើកឡើងរបស់ក្រសួងកសិកម្មកម្ពុជា ក្រសួងយុត្តិធម៌អាមេរិកវិញ បានបង្ហាញភស្តុតាងដាក់បន្ទុកចំនួន៣១ រួមមានប្រតិបត្តិការហិរញ្ញវត្ថុ និងការដឹកជញ្ជូនសត្វស្វារាប់រយក្បាលក្រោមឯកសារក្លែងបន្លំ ទៅកាន់រដ្ឋផ្លរីដា(Florida) និងរដ្ឋតិចសាស់ (Texas) នៃសហរដ្ឋអាមេរិក ទៅកាន់ក្រុមហ៊ុនស្រាវជ្រាវផ្នែកជីវសាស្ត្រឯកជនមួយឈ្មោះ វ៉ាន់នី បៃអូ រីស៊ើច របស់ចិនហុងកុង(Hong kong) ក្នុងខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា។
ជុំវិញរឿងនេះ ស្ថាបនិកចលនាមាតាធម្មជាតិ លោក អាឡិច ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) សង្ស័យថា ការជួញដូរសត្វស្វានេះ ពាក់ព័ន្ធនឹងមន្ត្រីក្នុងជួរ រដ្ឋាភិបាល លោក ហ៊ុន សែន ដែលតែងតែឃុបឃិតគ្នារកស៊ីគេចពន្ធខុសច្បាប់។ សកម្មជនបរិស្ថានជនជាតិអេស្ប៉ាញរូបនេះបន្តថា មន្ត្រីរបស់ លោក ហ៊ុន សែន ទំនងកំពុងប្រើល្បិចកលក្នុងការជួញដូរស្វាព្រៃទ្រង់ទ្រាយធំទៅកាន់ក្រៅប្រទេស ដោយបន្លំឯកសារថាជាស្វាចិញ្ចឹម។ ទោះយ៉ាងណា លោកបញ្ជាក់ថា បើភាគីក្រសួងកសិកម្ម ពិតជាស្អាតស្អំមែន គួរតែរាយការណ៍ ពីចំនួនសត្វស្វាដែលនាំចេញទៅកាន់យូអិន ខមថ្រេដ និងបង្ហាញភស្តុតាងទៅកាន់ក្រសួងយុត្តិធម៌អាមេរិកដើម្បីដោះបន្ទុក ប្រសើរជាងការនិយាយតែមាត់យ៉ាងដូច្នេះ។
លោក អាឡិច ហ្គន់សាឡេស ដេវិតសុន៖ «ចុះគាត់ ( ក្រសួងកសិកម្ម ) មានឯកសារទេ ? ហើយមានអ្វីជាអំណះអំណាងទេ ? ដែលថាស្វាហ្នឹង គឺស្វាព្រៃ មិនមែនស្វាគេចិញ្ចឹម ? មានទេ ? មានត្រឹមពាក្យសម្ដីតាម ធ្វីធ័រ ហ្នឹង។ វាអត់គ្រប់គ្រាន់។ ហើយអ្វីដែលយើងមានហ្នឹង គឺជាឯកសារផ្លូវការ។ យើងមានឯកសាររបស់អង្គការសហប្រជាជាតិ។ ដែលថា កម្ពុជាមិនបានរាយការណ៍ថា នាំចេញស្វា១ម៉ឺន ៧ពាន់ក្បាលដូចលោក ឌិត ទីណា អាងទេ។ គ្មានហ្មង !»។
សត្វស្វាក្ដាម គឺជាប្រភេទសត្វព្រៃដែលជិតផុតពូជមួយនៅលើពិភពលោក ដែលត្រូវបានការពារដោយអនុសញ្ញាស្ដីពីការហាមប្រាមការធ្វើពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វ និងរុក្ខជាតិព្រៃដែលប្រឈមនឹងការជិតផុតពូជ ដែលហៅកាត់ថា សាយតេស (CITES) និងដោយច្បាប់របស់សហរដ្ឋអាមេរិក។ ទន្ទឹមគ្នានេះប្រជាពលរដ្ឋបារម្ភថា ពីស្វាទាំងនេះ ត្រូវបានគេនាំយកទៅលក់តាមភោជនីយដ្ឋាន ដើម្បីចោះយកខួរមកបរិភោគ។
ក្រៅពីករណីរត់ពន្ធសត្វស្វាព្រៃ ឬស្វាក្តាមខុសច្បាប់នេះ រដ្ឋាភិបាលកម្ពុជា បានរងការចោទប្រកាន់ពីបទល្មើសជួញដូរខុសច្បាប់ជាច្រើនករណីទៀត មានដូចជា ការនាំចេញខ្សាច់ មាស និងឈើហ៊ុបជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។