ក្រុមយុវជនស្រឡាញ់បរិស្ថាន ជិត ២០នាក់ នៅថ្ងៃទី២២ ឧសភា នាំគ្នាដើរដោយថ្មើរជើងពីផ្សាររាត្រី រហូតដល់ខាងមុខក្រសួងបរិស្ថាន ដើម្បីដាក់ញត្តិទៅលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ ការដាក់ញត្តិនេះ ក្នុងគោលបំណងស្នើឱ្យក្រសួងដកហូតដីនៅតំបន់ឧទ្យានជាតិចំនួន៣ ពីវិស័យឯកជនឱ្យមករដ្ឋជាអ្នកគ្រប់គ្រង និងបញ្ឈប់សកម្មភាពកាត់ដីព្រៃធម្មជាតិនៅតំបន់ការពារឱ្យទៅក្រុមហ៊ុនឯកជនទៀត។
ក្រុមស្រឡាញ់បរិស្ថានទាំងជិត ២០នាក់នោះនាំគ្នាចងក្រណាត់ពណ៌សនៅលើក្បាល កាន់បដា ដែលមានខ្លឹមសារថា បញ្ឈប់ការកាត់ឧទ្យានជាតិនៅកម្ពុជា និងអ្នកមួយចំនួនទៀតកាន់រូបដបទឹកវីតាល់ (Vital) និងមីជាតិ ដែលបង្ហាញថា ពួកគេធ្វើពហិការមិនប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុនកាប់បំផ្លាញព្រៃឈើ។
យុវជនចលនាមាតាធម្មជាតិ កញ្ញា ធួន ស្រីពៅ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២២ ឧសភាថា ការដាក់ញត្តិទៅក្រសួងបរិស្ថាននេះ គឺដើម្បីបង្ហាញអំពីការព្រួយបារម្ភ ចំពោះការបាត់បង់ធនធានធម្មជាតិតាមរយៈកាត់ឆ្វៀលដីរដ្ឋឱ្យទៅក្រុមហ៊ុនឯកជន។ កញ្ញាបន្តថា ធនធានធម្មជាតិនឹងរងការកាប់ទន្ទ្រានកាន់តែច្រើន ប្រសិនបើក្រសួងបរិស្ថាននៅតែបន្តកាត់ឆ្វៀលដីឱ្យទៅក្រុមហ៊ុនឯកជន។ កញ្ញាបញ្ជាក់ថា ការសឹករិចរិលនៃគម្របព្រៃឈើ នឹងបង្កឱ្យមានគ្រោះធម្មជាតិកើតឡើង ជាពិសេស ប្រជាពលរដ្ឋ ដែលធ្លាប់អាស្រ័យផលពីអនុផលព្រៃឈើពួកគាត់នឹងបាត់បង់ប្រាក់ចំណូល។
កញ្ញា ធួន ស្រីពៅ៖«ពួកយើងអត់ឈប់ធ្វើសកម្មភាព ពួកយើងនៅតែបញ្ចេញសំឡេង ពួកយើងអាចចូលរួម និយាយតាមហ្វេសប៊ុក និយាយដោយផ្ទាល់ប្រាប់អ្នកជុំវិញខ្លួនយើង អ្នកណាដែលយើងអាចប្រាប់បាន យើងធ្វើសកម្មភាព ដើម្បីដាក់ញត្តិបញ្ចេញក្តីកង្វល់របស់យើងឱ្យថ្នាក់ដឹកនាំបានឃើញខ្ញុំនៅតែនិយាយខ្ញុំនៅតែផ្សព្វផ្សាយទោះបីក្រសួងគ្មានការឆ្លើយតប ឬក៏ឆ្លើយតបអវិជ្ជមានមកលើពួកយើង ក៏ពួកយើងនៅតែបន្តធ្វើសកម្មភាពទាំងអស់នេះ បើទោះបីជារងការគំរាមកំហែង ឬការបំបិទសិទ្ធិសេរីភាពកន្លងមក ក៏យើងនៅតែរឹងមាំពួកយើងនៅតែនិយាយបញ្ហាទាំងអស់ហ្នឹង»។
កញ្ញា ធួន ស្រីពៅ បន្ថែមថា ក្រសួងបានចេញមកទទួលញត្តិពីក្រុមយុវជនរួចរាល់ហើយ នៅព្រឹកថ្ងៃដដែល។ កញ្ញារំពឹងថា ក្រសួងបរិស្ថាននឹងគិតគូរអំពីធនធានធម្មជាតិឡើងវិញ បន្ទាប់ពីទទួលបានញត្តិនេះ។
នៅក្នុងញត្តិនោះ ក្រុមយុវជនបានសំដែងការព្រួយបារម្ភ ចំពោះរដ្ឋាភិបាល ដែលបន្តកាត់ឆ្វៀលដីឱ្យទៅក្រុមហ៊ុនឯកជន ពីព្រោះនៅពេលក្រុមហ៊ុនឯកជនអភិវឌ្ឍ អ្នកដែលទទួលបានផលប្រយោជន៍ មិនមែនប្រជាពលរដ្ឋនោះទេ គឺក្រុមហ៊ុនឯកជនជាអ្នកទទួលទៅវិញ។ ពួកគេស្នើសុំឱ្យរដ្ឋាភិបាលគិតគូរឱ្យបានម៉ត់ចត់ មុនពេលកាត់ឆ្វៀលដីកន្លែងណាមួយឱ្យទៅក្រុមហ៊ុនឯកជន ចៀសវាងការរិះគន់ពីពលរដ្ឋ ដូចករណីការឆ្វៀលដីសួនភ្នំតាម៉ៅ ឱ្យទៅក្រុមហ៊ុន ឡេង ណាវ៉ាត្រា ចំនួនជាង ៤០០ហិកតារ និងបញ្ឈប់ការកាត់ដីឧទ្យានជាតិ ហើយដកហូតសិទ្ធិពីវិស័យឯកជនឱ្យរដ្ឋគ្រប់គ្រងវិញ។
ការដាក់ញាតិទៅក្រសួងបរិស្ថាននេះ គឺបន្ទាប់ពីរដ្ឋាភិបាលបន្តកាត់ឆ្វៀលដី និងចេញអនុក្រឹត្យកាលពីខែមិថុនា ឆ្នាំ២០២២ បានកាត់ដីនៅតំបន់ដីព្រៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ជាង ៦០០ហិកតារ (៦៤១) ដីព្រៃឧទ្យានជាតិគិរីរម្យ ជាង ២០០ហិកតារ (២២១) និងដីនៅដែនជម្រកសត្វព្រៃកែវសីមា ៧០ហិកតារ ឱ្យទៅក្រុមហ៊ុន វ័នម៉រ (One More Group) របស់អ្នកស្រី ជឹង សុគន្ធារី ដើម្បីអភិវឌ្ឍជាតំបន់ទេសចរណ៍។
អ្នកស្រី ជឹង សុគន្ធារី ត្រូវជាកូនស្រីរបស់លោកស្រី ជឹង សុភាព ហៅយាយភូ ដែលជាប្រពន្ធរបស់លោក ឡៅ ម៉េងឃីន សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា ដែលល្បីឈ្មោះខាងយកដីពលរដ្ឋ លុបបឹង លុបឆ្នេរ និងបំផ្លាញធនធានធម្មជាតិ។
លើសពីនេះ អ្នកស្រី ជឹង សុគន្ធារី ក៏ជាម្ចាស់ក្រុមហ៊ុនផលិតផលទឹកសុទ្ធ ឈ្មោះ វីតាល់ (VITAL) មី ជាតិ នៃក្រុមហ៊ុនផលិតចំណីអាហារ និងភេសជ្ជៈ អិន.វី.ស៊ី (N.V.C Corporation Co.,LTD) និងសេវាកម្មក្រុមហ៊ុនលក់ និងទីផ្សារ វ័ន ហ្វ្រេតធើនីធី (One Fraternity Co,.LTD) ផងដែរ។
ទាក់ទិនបញ្ហានេះ វិទ្យុអាស៊ីសេរីពុំអាចទាក់ទងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា និង ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី ផលិតមីជាតិ ដើម្បីសុំការបកស្រាយរឿងនេះបានទេ នៅថ្ងៃទី២២ ឧសភា។
ទោះជាយ៉ាងណាក្ដី អ្នកការពារសិទ្ធិមនុស្ស និងបរិស្ថាន លោក សាន់ ម៉ាឡា កត់សំគាល់ថា ក្រសួងបរិស្ថាន មិនដែលឆ្លើយតបមកក្រុមយុវជនជាវិជ្ជមាននោះទេ ពោលគឺនៅតែបន្តកាត់ឆ្វៀលដី និងផ្ដល់សម្បទានដីសេដ្ឋកិច្ចឱ្យទៅក្រុមហ៊ុនឯកជនកាន់កាប់ជាបន្តបន្ទាប់។ លោកបន្តថា រដ្ឋាភិបាលគួរតែពិចារណាឡើងវិញ ក្នុងការធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍សាធារណៈ ពីព្រោះក្រុមយុវជនគ្រាន់តែចង់ឱ្យក្រសួងបរិស្ថានការពារ និងអភិរក្សធនធានធម្មជាតិតែប៉ុណ្ណោះ។
លោក សាន់ ម៉ាឡា៖«ស្នើម្ដងហើយម្ដងទៀត ឱ្យក្រសួងបរិស្ថានមេត្តាគោរពនូវសិទ្ធិបញ្ចេញមតិ យកចិត្តទុកដាក់ដោះស្រាយ ក៏ដូចជា ស្ដាប់នូវសំឡេងរបស់ប្រជាពលរដ្ឋរបស់អ្នកការពារបរិស្ថានទោះបីជាក្រសួងមានសិទ្ធិអំណាចនៅក្នុងការគ្រប់គ្រងចាត់ចែងព្រៃឈើ និងធនធានធម្មជាតិក៏ដោយ ប៉ុន្តែធនធានធម្មជាតិទាំងអស់នោះ គឺជាសម្បត្តិរួមរបស់ប្រជាជាតិខ្មែររបស់យើង។ ដូច្នេះទាំងអស់គ្នា គឺមិនពេញចិត្តទេ នៅពេលធនធានទាំងអស់នោះត្រូវបានគេបែងចែកសម្រាប់អ្នកមានលុយ និងមានអំណាច»។
កាលពីពេលកន្លងទៅ សកម្មជនបរិស្ថាន និងប្រជាពលរដ្ឋបាននាំគ្នាធ្វើពហិការដោយបង្ហោះសារនៅលើបណ្ដាញសង្គមព្រោងព្រាតមិនប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុនអ្នកស្រី ជឹង សុគន្ធារី បន្ទាប់ពីប្រធានក្រុមហ៊ុនមួយនេះ ទទួលបានសិទ្ធិអភិវឌ្ឍលើដីតំបន់ឧទ្យានជាតិគិរីរម្យ ដើម្បីទាមទាររដ្ឋាភិបាលឱ្យដកសិទ្ធិអភិវឌ្ឍដីឧទ្យានជាតិគិរីរម្យពីអ្នកស្រី ជឹង សុគន្ធារី មកវិញ។
ក្រៅពីរដ្ឋាភិបាលកាត់ឆ្វៀលដីឱ្យ អ្នកស្រី ជឹង សុគន្ធារី នៅមានមន្ត្រីគ្រាក់ៗ ដែលស្និទ្ធនឹងគ្រួសារ លោក ហ៊ុន សែន ដូចជា អភិបាលរងខេត្តព្រះវិហារ លោក អ៊ុក គឹមសាន ម្ចាស់ក្រុមហ៊ុន សាន់ តាណា (SANTANA AGRO PRODUCTS CO., LTD) កាត់ឆ្វៀលដីជាង ៥០០ហិកតារនៅតំបន់ដែនជម្រកសត្វព្រៃបឹងពែរ និងឧកញ៉ា ពុង ឃាវសែ ជាម្ចាស់ក្រុមហ៊ុនសាជីវកម្មវិនិយោគ អូ.ស៊ី.អាយ.ស៊ី (OCIC) ដែលទទួលបានសិទ្ធិអភិវឌ្ឍន៍លើដីរដ្ឋរាប់ពាន់ហិកតារ ក្រោមការរំលោភសិទ្ធិពលរដ្ឋ ការកាប់បំផ្លាញដីព្រៃ និងតំបន់ធម្មជាតិ។ ចំណែកឯក្រុមហ៊ុនឧកញ៉ា ឡេង ណាវ៉ាត្រា ក៏ទទួលបានសិទ្ធិអភិវឌ្ឍនៅតំបន់ព្រៃភ្នំតាម៉ៅ ជាង ៤រយហិកតារ កាលពីឆ្នាំ២០២២ ដែលកាលណោះ ពលរដ្ឋស្ទើរពេញផ្ទៃប្រទេសធ្វើពហិការនៅលើបណ្ដាញសង្គមដោយឈប់ស្ដាប់ចម្រៀង និងឈប់ប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនលោក ឡេង ណាវ៉ាត្រា រហូតដល់រដ្ឋាភិបាលលោក ហ៊ុន សែន ប្រកាសដកសិទ្ធិអភិវឌ្ឍន៍ពីក្រុមហ៊ុននេះ និងដាក់បញ្ចូលព្រៃភ្នំតាម៉ៅជាតំបន់ព្រៃការពារវិញ។
ទោះបីជាបែបនេះក្ដី ក៏ក្រុមយុវជនស្រឡាញ់បរិស្ថាន និងអ្នកឃ្លាំមើលបរិស្ថាន ទទូចដល់ក្រសួងបរិស្ថាន និងក្រសួងពាក់ព័ន្ធ ឱ្យពិចារណាបញ្ឈប់ការអភិវឌ្ឍនៅតំបន់អភិរក្ស និងដកហូតសិទ្ធិពីក្រុមហ៊ុនឯកជនទាំងនោះ ហើយផ្ដល់ឱ្យរដ្ឋគ្រប់គ្រងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។