ក្រុម​យុវជន​បន្ត​យុទ្ធនាការ​សង្គ្រោះ​កោះកុង​ក្រៅ​តាម​ហ្វេសប៊ុក

ក្រុម​យុវជន​បន្ត​យុទ្ធនាការ​សង្គ្រោះ​កោះកុង​ក្រៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook​) បន្ទាប់ពី​សកម្មភាព​របស់​ពួក​គេ ត្រូវ​អាជ្ញាធរ​រារាំង​ជាច្រើន​ដង។ ក្រុម​យុវជន​អះអាង​ថា ពួក​គេ​នឹង​មិន​បញ្ឈប់​យុទ្ធនាការ​សង្គ្រោះ​កោះកុង​ក្រៅ​ឡើយ ដរាបណា​រដ្ឋាភិបាល​មិនទាន់​ដាក់​តំបន់​នោះ​ជា​ឧទ្យានជាតិ និង​ដក​សិទ្ធិ​វិនិយោគ​ពី​ក្រុមហ៊ុន​ឯកជន។

យុទ្ធនាការ​ថ្មី​របស់​ក្រុម​យុវជន​នេះ គឺ​ការ​ដាក់​ស៊ុម​រូបថត (Frame​) ដែល​មាន​ពាក្យ​ថា​ "ខ្ញុំ​ស្រឡាញ់​កោះកុង​ក្រៅ​" លើ​រូបថត​គណនី​ហ្វេសប៊ុក (Profile Picture​)។ យុទ្ធនាការ​នេះ ទទួល​បានការ​ចាប់អារម្មណ៍​ច្រើន​ពី​អ្នកប្រើ​ហ្វេ​ស៊​បុក ដោយ​ពួក​គេ​បាន​ដាក់​ស៊ុម​ដែល​មាន​ពាក្យ​ថា ខ្ញុំ​ស្រឡាញ់​កោះកុង​ក្រៅ លើ​រូបគណ​នី​របស់​ខ្លួន។យុវជន​មាតា​ធម្មជាតិ កញ្ញា ភួន កែវ​រស្មី ឱ្យ​អាស៊ី​សេរី​ដឹង​ថា យុទ្ធនាការ​ថ្មី​លើ​ហ្វេសប៊ុក​នេះ បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃទី២០ កក្កដា ហើយ​រហូតមកដល់​ពេលនេះ មាន​អ្នកប្រើ​ហ្វេសប៊ុក​ជាច្រើន​បាន​ដាក់​ស៊ុម​ខ្ញុំ​ស្រឡាញ់​កោះកុង​ក្រៅ​នេះ​លើ​រូបគណ​នី​របស់​ពួក​គេ។ ទោះជាយ៉ាងណា កញ្ញា​មិនដឹង​អំពី​ចំនួន​ជាក់លាក់​នៃ​អ្នក​ដាក់​ស៊ុម​ខ្ញុំ​ស្រឡាញ់​កោះកុង​ក្រៅ​នេះ​ទេ ដោយសារ​មិន​អាច​គ្រប់គ្រង​ទិន្នន័យ​លើ​ហ្វេសប៊ុក​បាន។

កញ្ញា ភួន កែវ​រស្មី បញ្ជាក់​ថា យុទ្ធនាការ​ថ្មី​លើ​ហ្វេសប៊ុក​នេះ មាន​គោលបំណង​សំខាន់​ពីរ គឺ​ផ្តល់​ឱកាស​ដល់​ពលរដ្ឋ​ទូទៅ​អាច​បង្ហាញ​ក្តី​ស្រឡាញ់​របស់​ខ្លួន​ចំពោះ​កោះកុង​ក្រៅ និង​បង្ហាញ​ពី​ជំហរ​រឹង​មាំ​ចង់​ឃើញ​រដ្ឋាភិបាល​ដាក់​តំបន់​នោះ ជា​ឧទ្យានជាតិ ឬ​តំបន់​ការពារ​ធម្មជាតិ ដូច​អ្វី​ដែល​ក្រសួង​បរិស្ថាន​ធ្លាប់​បាន​ប្រកាស៖ « យើង​បង្កើត​ជា​ Frame ( ស៊ុម​ ) ដើម្បី​ផ្តល់​ឱកាស​មួយ​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​គាត់​មិន​អាច​ចូលរួម​ជា​សាធារណៈ​ជាមួយ​យើង​បាន ហើយ​វា​ក៏​ជា​ការ​រំឭក​មួយ​ថា ពួក​យើង​នៅតែ​តាមដាន​ពី​ស្ថានភាព​កោះកុង​ក្រៅ ហើយ​មាន​ជំហរ​មួយ​ដែល​ចង់​ឱ្យ​គេ​ដក​អាជ្ញាប័ណ្ណ​ចេញពី​កោះកុង​ក្រៅ​ដដែល »

កញ្ញា ភួន កែវ​រស្មី អះអាង​ថា ស៊ុម​រូបគណ​នី​ហ្វេសប៊ុក ខ្ញុំ​ស្រឡាញ់​កោះកុង​ក្រៅ នេះ អាច​ប្រើប្រាស់​បាន​ដោយ​គ្មាន​កាលកំណត់​ឡើយ ហើយ​ក្រុម​យុវជន​ក៏​មិន​បញ្ឈប់​យុទ្ធនាការ​សង្គ្រោះ​កោះកុង​ក្រៅ​នេះ​ដែរ។

និស្សិត​ផ្នែក​ច្បាប់ យុវជន សុខ សុភ័​ស្ស ថ្លែង​ថា លោក​បាន​ដាក់​ស៊ុម ខ្ញុំ​ស្រឡាញ់​កោះកុង​ក្រៅ​លើ​រូប​គណនី​ហ្វេសប៊ុក ដើម្បី​បង្ហាញ​ការ​គាំទ្រ​ដល់​សកម្មភាព​របស់​ក្រុម​យុវជន​មាតា​ធម្មជាតិ។ យុវជន​រូប​នេះ​បន្ត​ថា លោក​ធ្លាប់​ទៅ​លេង​កោះកុង​ក្រៅកាល​ពី​ឆ្នាំ២០១៩ ហើយ​ឃើញ​ថា កោះ​នេះ​មាន​ធនធាន​ធម្មជាតិ​សម្បូរ​បែប ដែល​គួរតែ​ត្រូវ​បាន​អភិរក្ស៖ « សម្រាប់​ខ្ញុំ គឺ​ខ្ញុំ​ចូលរួម​ពេញទំហឹង ក្នុង​ការ​ការពារ ព្រោះ​វា​ជា​សម្បត្តិ​មួយ​របស់​ជាតិ​យើង ហើយ​ការពារ​ហ្នឹង អត់មាន​ខុស​មាត្រា​ណាមួយ​ទេ អត់មាន​ខុស​ទេ »

កោះកុង​ក្រៅ គឺជា​ឈ្មោះ​ដែល​អ្នកស្រុក​និយម​ហៅ​ ដើម្បី​សម្គាល់​កោះកុង ដែល​ជា​កោះធំ​ជាងគេ​នៅ​កម្ពុជា។ កោះ​នេះ​មាន​ផ្ទៃ ១០៣គីឡូម៉ែត្រ​ការ៉េ មាន​ទីតាំង​ស្ថិតនៅ​ឃុំ​ជ្រោយប្រស់ ស្រុក​កោះកុង ចម្ងាយ​ប្រមាណ ៣០គីឡូម៉ែត្រ ពី​ក្រុង​ខេមរភូមិន្ទ ទីរួម​ខេត្ត​កោះកុង។ កោះ​នេះ​សម្បូរ​ដោយ​សក្ដានុពល​ផ្នែក​ធនធាន​ធម្មជាតិ និង​ជីវៈ​ចម្រុះ រួមមាន​ព្រៃឈើ ឆ្នេរខ្សាច់​សក្បុស ទឹកសមុទ្រ​ថ្លា​ឈ្វេង កូនភ្នំ ទឹកជ្រោះ ព្រមទាំង​សត្វព្រៃ និង​សត្វ​សមុទ្រ​ជាច្រើន​ប្រភេទ។

ទោះ​ជា​យ៉ាង​ណា រដ្ឋាភិបាល​បាន​ប្រគល់​សិទ្ធិ​វិនិយោគ​កោះ​នេះ​ទាំងមូល​ដោយ​ស្ងាត់ៗ ទៅ​ឱ្យ​ក្រុមហ៊ុន​កោះកុង អេសអ៊ីហ្សិត (Koh Kong SEZ) របស់​ឧកញ៉ា លី យ៉ុងផាត់ ដែល​ជាសមាជិក​ព្រឹទ្ធសភា និង​ជា​អ្នក​ជំនួញ​ស្និទ្ធ​នឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ការ​ប្រគល់​សិទ្ធិ​វិនិយោគ​នេះ ធ្វើឡើង​តាំងពី​ឆ្នាំ២០១៩ តែ​រដ្ឋាភិបាល​មិនបាន​បង្ហាញ​ព័ត៌មាន​នេះ​ជា​សាធារណៈ​ឡើយ ទាល់តែ​ក្រុម​យុវជន​ចាប់​ផ្តើម​ធ្វើ​យុទ្ធនាការ​កាលពី​ខែ​មិថុនា​ថ្មីៗ នេះ ទើប​រដ្ឋាភិបាល​សម្រេច​ទម្លាយ​ព័ត៌មាន​នេះ។ ការ​ទម្លាយ​ព័ត៌មាន​នេះ​ទៀតសោត រដ្ឋាភិបាល​មិនបាន​បញ្ជាក់​ឱ្យ​លម្អិត​នោះ​ទេ ដោយ​គ្រាន់តែ​រំលេច​នៅ​ក្នុង​លិខិត​បង្កើត​គណៈកម្មការ​ថ្មី​មួយ ដើម្បី​ត្រួតពិនិត្យ​គម្រោង​អភិវឌ្ឍ​កោះកុង​របស់​ក្រុមហ៊ុន​អេសអ៊ីហ្សិត​ប៉ុណ្ណោះ។

រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា អះអាង​ថា ស្ថាប័ន​ពាក់ព័ន្ធ​កំពុង​សិក្សា​ពី​ផល​ប៉ះពាល់ ដើម្បី​កំណត់​តំបន់​ដែល​ត្រូវ​អភិវឌ្ឍ និង​តំបន់​ដែល​ត្រូវ​អភិរក្ស​នៅ​កោះកុង​ក្រៅ។ លោក​រិះគន់​ក្រុម​យុវជន​ដែល​ធ្វើ​យុទ្ធនាការ​សង្គ្រោះ​កោះកុង​ក្រៅ​នេះ​ថា មាន​ជំងឺ​តួឯក​និយម ហើយ​លោក​ចោទ​ពួក​គេ​ថា កំពុង​យក​បញ្ហា​នេះ​ជា​លេស​ដើម្បី​ញុះញង់​បង្ក​ចលាចល​សង្គម៖« រាជរដ្ឋាភិបាល​កម្ពុជា​បាន​គិតគូរ​ខ្ពស់​ពី​ការគ្រប់គ្រង​តំបន់​កោះកុង​ក្រៅ ហើយ​បាន​ឱ្យ​គណៈកម្មការ​ត្រួតពិនិត្យ​ការ​អភិវឌ្ឍ​កោះកុង​ក្រៅ សិក្សា​ពី​ផល​ប៉ះពាល់​ដើម្បី​កំណត់​តំបន់​សម្រាប់​អភិរក្ស និង​តំបន់​សម្រាប់​អភិវឌ្ឍ។ ការ​ធ្វើ​យុទ្ធនាការ​ណាមួយ​ដោយ​យក​បញ្ហា​បរិស្ថាន​មក​ធ្វើជា​លេស​នៅ​ក្នុង​ការ​ញុះញង់​បង្ក​ចលាចល​សង្គម វា​ជា​របៀបវារៈ​នយោបាយ​ទុច្ចរិត ហើយ​ពួក​គេ​មិន​គួរ​មាន​ជំងឺ​តួឯក​ថា មានតែ​ខ្លួន​ទេ ជា​អ្នក​ស្រឡាញ់​បរិស្ថាន និង​ធនធាន​ធម្មជាតិ​នោះ »

ទោះ​ជា​យ៉ាង​ណា សកម្មជន​បរិស្ថាន​មាតា​ធម្មជាតិ កញ្ញា ឡុង គន្ធា ច្រានចោល​ការ​លើកឡើង​របស់​មន្ត្រី​ជាន់ខ្ពស់​ក្រសួងបរិស្ថាន​នេះ។ កញ្ញា​អះអាង​ថា ក្រុម​យុវជន​ធ្វើសកម្មភាព​ទាំងឡាយ គឺ​ដើម្បី​តែ​ជួយការ​ពារ​ធនធាន​ធម្មជាតិ និង​បរិស្ថាន ដែល​ជា​ទ្រព្យសម្បត្តិ​របស់​ជាតិ​ប៉ុណ្ណោះ។ កញ្ញា​យល់ថា គឺ​ការ​អភិវឌ្ឍ​គ្មាន​តម្លាភាព និង​ទង្វើ​យាយី​របស់​អាជ្ញាធរ​ទៅវិញ​ទេ ដែល​ជា​អំពើទុច្ចរិត និង​រំលោភច្បាប់។ កញ្ញា​ស្នើ​ឱ្យ​មន្ត្រី​រដ្ឋាភិបាល បញ្ឈប់​ការចោទប្រកាន់​គ្មាន​មូលដ្ឋាន និង​មាន​ចរិត​រើសអើង​បែបនេះ​តទៅទៀត។ ជាពិសេស កញ្ញា​ទទូច​ដល់​អាជ្ញាធរ​បញ្ឈប់​ការគាបសង្កត់ និង​ការ​យាយី​លើ​ក្រុម​យុវជន ដោយ​គ្រាន់តែ​ពួក​គេ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​របស់​ខ្លួន​ស្របតាម​ច្បាប់៖ « នៅ​ពេល​ដែល​ក្រុម​យុវជន​ធ្វើអ្វី​ស្រប​ទៅ​តាម​ច្បាប់ គាត់​ ( អាជ្ញាធរ​ ) ព្យាយាម​មករា​រាំង​ទាំង​ទទឹងទិស ចោទ​ក្រុម​យុវជន​ថា ធ្វើសកម្មភាព​ដោយ​ទុច្ចរិត មួយទៀត​នៅ​ពេល​ដែល​វិនិយោគ​ទៅ​ឱ្យ​ក្រុមហ៊ុន លី យ៉ុង​ផាត់ ដែល​មានរឿង​អាស្រូវ​ជាច្រើន ទាក់ទង​នឹង​ការរំលោភ​សិទ្ធិមនុស្ស រំលោភ​ដីធ្លី​ហ្នឹង សកម្មភាព​បែប​ហ្នឹង​តើ​វា​ជា​រឿង​ត្រឹមត្រូវ​ដែរ​ឬ​អត់ ? ឬក៏​ជា​រឿង​ទុច្ចរិត។ បរិបទ​រាល់ថ្ងៃ​នេះ យើង​ជា​យុវជន គឺ​ទទួលយក​អត់​បានទេ។ អ្នកមាន​លុយ​មានអំណាច​កំពុង​បំផ្លាញ​ធនធាន​ទាំងអស់​ហ្នឹង​ត្រូវ​បានការ​ពារ​ទៅវិញ។ ចំណែក​ក្រុម​យុវជន​មិន​ទទួល​បានការ​លើកទឹកចិត្ត​ហើយ បែរ​ត្រូវ​ទទួលរង​ការ​គំរាមកំហែង​ពី​មន្ត្រី​អាជ្ញាធរ​ទៀត »

ក្រុម​យុវជន​មាតា​ធម្មជាតិ​បាន​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​អំពី​កោះកុង​ក្រៅ​ចំនួន ៣លើក​រួចមក​ហើយ តាម​រយៈ​ការ​ជិះកង់ និង​ការ​តាំង​ពិព័រណ៍​រូបថត។ អាជ្ញាធរ​តែង​ចេញមុខ​រារាំង​សកម្មភាព​ទាំងនេះ​រាល់​លើក ក្រោម​ហេតុផល​ថា ក្រុម​យុវជន​មិន​បាន​សុំច្បាប់​អនុញ្ញាត។ នៅ​ពេល​ក្រុម​យុវជន​តាម​សួរនាំ​ពី​ច្បាប់​អ្វី​ដែល​អាជ្ញាធរ​យក​មក​ប្រើ​ ដើម្បី​រារាំង​សកម្មភាព​របស់​ពួក​គេ អាជ្ញាធរ​បាន​ត្រឹមតែ​ឆ្លើយ​ថា ពួក​គេ​ជា​អាជ្ញាធរ មាន​តួនាទី​រក្សា​សណ្ដាប់ធ្នាប់​នៅ​តាម​តំបន់​គ្រប់គ្រង​របស់​ខ្លួន។

យុវជន​មាតា​ធម្មជាតិ កញ្ញា ភួន កែវ​រស្មី អះអាង​ថា ទោះ​ជា​ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​រារាំង​ជាច្រើនលើក​ក៏ដោយ ក៏​ក្រុម​យុវជន​មិន​បញ្ឈប់​យុទ្ធនាការ​សង្គ្រោះ​កោះកុង​ក្រៅ​នេះ​ដែរ។ កញ្ញា​អះអាង​ថា ក្រុម​យុវជន​នឹង​បញ្ឈប់​សកម្មភាព​ទៅ​បាន លុះត្រាតែ​រដ្ឋាភិបាល​ដាក់​កោះកុង​ក្រៅ​ជា​តំបន់​ការពារ និង​ដកហូត​សិទ្ធិ​វិនិយោគ​កោះ​នេះ​ពី​ក្រុមហ៊ុន​លោក លី យ៉ុង​ផាត់ ដែល​មាន​កេរ្តិ៍ឈ្មោះ​អាក្រក់​ខាង​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។