សកម្មជនបរិស្ថាន និងជាស្ថាបនិកអង្គការមាតាធម្មជាតិ លោក អាឡិច ហេនដ្រូហ្កាន់សាឡេស ដេវិធសុន (Alejandro Gonzalez Davidson) រិះគន់លោក ហ៊ុន សែន និងរបបរបស់លោកថា កំពុងប្រើប្រាស់រូបភាពនៃបង្កើនការអភិវឌ្ឍការសាងសង់ទំនប់វារីអគ្គិសនី ដើម្បីកេងប្រវ័ញ្ច ពីការប្រព្រឹត្តិអំពើពុករលួយទ្រង់ទ្រាយធំ និងបើកដៃឲ្យមានការប្រព្រឹត្តិអំពើខុសច្បាប់ ដូចជាបទល្មើសកាប់បំផ្លាញព្រៃឈើ ក្នុងចំណោមមន្ត្រី បក្ខពួករបស់របបនេះ។ ការលើកឡើងរបស់សកម្មជនបរិស្ថាននេះ ធ្វើឡើងស្របពេលដែលរបបលោក ហ៊ុន សែន ទើបបានសម្ពោធដាក់ឲ្យប្រើប្រាស់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ កាលពីថ្ងៃទី១៧ ធ្នូ។
លោក អាឡិច ដាក់ជាសំណួរថា ប្រសិនបើរបបលោក ហ៊ុន សែន ពិតជាមានគម្រោងចង់ឲ្យកម្ពុជាមានឯករាជ្យភាព ១០០ភាគរយ លើការផលិត និងផ្គត់ផ្គង់អគ្គិសនី ដោយពុំចាំបាច់នាំចូលពីប្រទេសជិតខាងមែននោះ ហេតុអ្វីបានជារបបនេះ មិនគិតពីរឿងផលិតអគ្គិសនីពីប្រភពដទៃទៀត ដូចជាការប្រើប្រាស់ថាមពលព្រះអាទិត្យ ខ្យល់ ឬពីប្រភពផ្សេងៗ ទៀត ដែលមិនបង្កហានិភ័យដល់បរិស្ថាន ឬធនធានធម្មជាតិនោះ។ លោក រិះគន់លោក ហ៊ុន សែន និងរបបរបស់លោកថា មានចេតនាសង់វារីអគ្គិសនីធំៗ ដោយសារលោក ហ៊ុន សែន ចង់កេងចំណេញពីគម្រោងសាងសង់ទាំងនោះ តាមរយៈការបើកដៃឲ្យមានការប្រព្រឹត្តិអំពើពុករលួយ និងការបំផ្លិចបំផ្លាញធនធានធម្មជាតិរួមមានព្រៃឈើជាដើម៖ « ខ្ញុំជឿថា ដោយសារអំពើពុករលួយ។ វារីអគ្គិសនី ត្រូវចំណាយលុយរាប់រយលានដុល្លារ ឬក៏វារីអគ្គិសនីសម្បូរណ៍ វារីអគ្គិសនីស្ទឹងត្រែង ដែលគេគ្រោងនឹងសាងសង់ ចំណាយលុយរាប់ពាន់លានដុល្លារ។ នៅខ្មែរយើងដឹងហើយ ឲ្យតែគម្រោងណាមួយចំណាយលុយរាប់រយ ឬរាប់ពាន់លានដុល្លារ គឺមានឱកាសរកស៊ីខុសច្បាប់សម្រាប់អ្នកមានអំណាច។ អញ្ចឹងខ្ញុំថា នេះគឺជាមូលហេតុ ដែលគាត់ស្រលាញ់ណាស់រឿងវារីអគ្គិសនីហ្នឹង។ គាត់អត់សូវយល់ គាត់អត់សូវឆ្លាត គាត់ចាញ់បោកទីប្រឹក្សា ឬក៏គ្នាគាត់ចំណេញដោយសារវារីអគ្គិសនីហ្នឹង។ ចំណេញដោយសារលក់ស៊ីម៉ង់ត៍លក់បេតុង ឬក៏បំបោងតម្លៃពិតប្រាកដ តាមរយៈការពុករលួយជាដើម»។
ការលើកឡើងរបស់សកម្មជនបរិស្ថានរូបនេះ ធ្វើឡើងបន្ទាប់ពីរបបលោក ហ៊ុន សែន បានសម្ពោធ និងដាក់ឲ្យប្រើប្រាស់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ ដែលទើបនឹងសាងសង់រួច ដោយប្រើប្រាស់រយៈពេលសាងសង់អស់ជាង ៤ឆ្នាំ ខណៈដែលលោក ហ៊ុន សែន បានអួតអាង និងការពារថា គម្រោងនេះផ្តល់ការងារ និងមុខរបរច្រើនដល់ពលរដ្ឋខ្មែរ ព្រមទាំងចំណូលពន្ធដាររដ្ឋផង។ លោក ហ៊ុន សែន ក៏បានប្តេជ្ញាបង្កើនកម្រិតឯករាជ្យភាព និងសន្តិសុខលើការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជា ដែលលោកថា នឹងជំរុញដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ។ លោក ហ៊ុន សែន ថ្លែងថា របបរបស់លោកគ្រោងនឹងចរចាសុំខ្ចីបុលចិនបន្ថែមទៀត ដើម្បីតភ្ជាប់បណ្តាញចែកចាយអគ្គិសនីនៅកម្ពុជា។
ដោយមិនខ្ចីខ្វល់ខ្វាយពីផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន ធនធានជលផល និងប្រជាពលរដ្ឋមូលដ្ឋាននៃតំបន់សាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម ២ លោក ហ៊ុន សែន បានឆ្លៀតយកឱកាសនៃពិធីសម្ពោធនេះ វាយប្រហារទៅក្រុមអ្នករិះគន់ គម្រោងនេះជាជនជាតិបរទេស ដែលលោកថា បានញុះញង់ដល់ពលរដ្ឋមូលដ្ឋាន ឲ្យធ្វើការតវ៉ាប្រឆាំងនឹងការសាងសង់វារីអគ្គិសនីនេះ ដោយលោកអះអាងថា ពលរដ្ឋក្នុងមូលដ្ឋានភាគច្រើនគាំទ្រការសាងសង់នេះ៖ « សូមបញ្ជាក់ថា ការកសាងនៅកន្លែងនេះ ប្រជាពលរដ្ឋរបស់យើងភាគច្រើនគាំទ្រនូវគម្រោងអភិវឌ្ឍន៍នេះ ប៉ុន្តែនៅមានមួយចំនួន គឺគេបានបង្កើតឡើងនូវស្ថានភាពដ៏លំបាក ក្រោមការញុះញង់របស់ជនបរទេសខ្លះ។
ផ្ទុយពីការចោទប្រកាន់របស់លោក ហ៊ុន សែន នេះ លោក អាឡិច ថា លោក ហ៊ុន សែន តែងទម្លាក់ការចោទប្រកាន់មកលើជនជាតិបរទេសនោះ គឺដោយសារតែលោក ហ៊ុន សែន ព្យាយាមបង្វែរស្ថានការណ៍ ដោយមិនហ៊ាននិយាយប្រាប់ឲ្យពលរដ្ឋខ្មែរដឹងពីរឿងផលប៉ះពាល់ធ្ងន់ធ្ងរជាអវិជ្ជមានផ្នែកបរិស្ថាន ហើយបែរជាទម្លាក់កំហុសនេះ មកលើក្រុមសកម្មជនបរិស្ថាន ដែលជាបរទេសទៅវិញ៖ « ប៉ុន្តែ គាត់អត់ហ៊ានសារភាព អត់ហ៊ាននិយាយទេ។ អ៊ីចឹងបានជាគាត់ ព្យាយាមបង្វែរពីផលប៉ះពាល់អវិជ្ជមាន ទៅជាចោទប្រកាន់ទៅលើបរទេសថាបានញុះញង់អ៊ីចឹងទៅ។ អាចថា ឆ្លាតបែបល្បិច គាត់បង្វែរដើម្បីកុំឲ្យប្រជាពលរដ្ឋខ្មែរដឹងពីផលប៉ះពាល់យ៉ាងអវិជ្ជមានបំផុតនៃវារីអគ្គិសនីមួយចំនួន ដែលបានសាងសង់ ឬក៏គ្រោងនឹងសាងសង់»។
វារីអគ្គិសនីសេសានក្រោម ២ មានសមត្ថភាពផលិតថាមពលអគ្គិសនីខ្ពស់ជាងគេនៅកម្ពុជា គឺបានក្នុងកម្រិតអនុភាព ៤០០មេហ្កាវ៉ាត់។ វារីអគ្គិសនីនេះ គឺជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនចំនួនបី គឺក្រុមហ៊ុន Hydrolancang International Energy របស់ចិន មានទុនវិនិយោគ ៥១ភាគរយ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់ឧកញ៉ា គិត ម៉េង មានទុន ៣៩ភាគរយ និងក្រុមហ៊ុន EVNI របស់វៀតណាម មានទុន ១០ភាគរយ ដោយប្រើប្រាស់ទុនវិនិយោគសរុបជិត ៨០០លានដុល្លារអាមេរិក។ គម្រោងនេះ វិនិយោគក្រោមរូបភាពសាងសង់ដំណើរការ និងផ្ទេរ (BOT) មានន័យថា របបក្រុងភ្នំពេញផ្តល់រយៈពេលសម្បទានដល់ក្រុមហ៊ុនសាងសង់រយៈពេល ៤៥ឆ្នាំ ក្នុងនោះ ៥ឆ្នាំសម្រាប់ការសាងសង់ និង ៤០ឆ្នាំសម្រាប់ការធ្វើអាជីវកម្ម។ ចប់រយៈពេលនេះវារីអគ្គិសនីនេះ នឹងត្រូវផ្ទេរមកឲ្យរដ្ឋជាអ្នកគ្រប់គ្រងវិញ។
ក្រសួងរ៉ែ និងថាមពល ឲ្យដឹងថា វារីអគ្គិសនីសេសានក្រោមពីរនេះ នឹងបង្កើនការផលិតអគ្គិសនីនៅកម្ពុជាបាន ២០ភាគរយ បន្ថែមពីលើការផលិតថាមពលអគ្គិសនីបច្ចុប្បន្នដែលមានស្រាប់។ បូករួមនឹងវារីអគ្គិសនីនេះ កម្ពុជាអាចផលិតថាមពលតាមរយៈវារីអគ្គិសនីក្នុងស្រុក បានរហូតដល់ទៅ ១.៣២៨មេហ្កាវ៉ាត់ ហើយថាវារីអគ្គិសនីនេះ នឹងនាំមកនូវចំណូលពន្ធដារដល់រដ្ឋ ក្នុងរង្វង់ទឹកប្រាក់ ៣០លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។
ការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោមពីរនេះ ទទួលរងការរិះគន់ខ្លាំងពីក្រុមអ្នកបរិស្ថានថា បង្កឲ្យមានផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរដល់ប្រព័ន្ធជីវចម្រុះ ជាពិសេសធនធានជលផល នៅតាមផ្ទៃអាងទន្លេមេគង្គ និងប៉ះពាល់ដល់ជីវភាពពលរដ្ឋមូលដ្ឋានរាប់សែននាក់ ភាគច្រើនជាជនជាតិដើមភាគតិច ដែលរស់នៅពឹងផ្អែកលើធនធានត្រី ខណៈពួកគេបានទទួលរងនូវការជម្លៀសដោយបង្ខំ ដោយពុំទទួលបានសំណងសមរម្យ។ តាមរយៈការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម ២ នេះ របបក្រុងភ្នំពេញ ក៏រងការរិះគន់ថា បានបើកដៃឲ្យមានការកាប់បំផ្លាញព្រៃឈើរាប់ពាន់ហិកតារក្រោមរូបភាពជាការសម្អាតផ្ទៃបាតអាង។
រួមទាំងវារីអគ្គិសនីសេសានក្រោម ២ នេះ បច្ចុប្បន្ន កម្ពុជាមានវារីអគ្គិសនីកំពុងដំណើរការសរុប ចំនួន ៧ ដែលតភ្ជាប់គ្នាជាមួយបណ្តាញអគ្គិសនីជាតិ ខណៈនៅមានវារីអគ្គិសនី ២ ផ្សេងទៀតនៅខេត្តរតនគិរី និងមណ្ឌលគិរី។
លោក អាឡិច សម្តែងកង្វល់ថា ប្រសិនបើការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម ២ នេះ ពុំមានយន្តការត្រួតពិនិត្យត្រឹមត្រូវនោះទេ វារីអគ្គិសនីនេះ អាចនឹងទទួលរងនូវការបាក់ទំនប់នាពេលអនាគត ដូចអ្វីដែលបានកើតឡើងនៅខេត្ត អាត់តាពើ (Attapeu) ប្រទេសឡាវ ដែលធ្វើឲ្យពលរដ្ឋយ៉ាងហោចណាស់ ៣៥នាក់ស្លាប់ ជិត ១០០នាក់បាត់ខ្លួន និងជាង ៦ ពាន់នាក់បាត់បង់ទីជម្រក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។